Thursday, February 14, 2013

ពលរដ្ឋ​គ្រោង​ដាក់​ញត្តិ​​តវ៉ា​ជំទាស់​នឹង​​គម្រោង​​សាងសង់​ទំនប់​វារីអគ្គិសនី

ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ ៣ ទាមទារ​ឲ្យ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ វិញ បើ​ទោះ​បី​ជា​រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​ចិន បន្ត​ផែនការ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ​នៅ​ពេល​ឆាប់ៗ​យ៉ាង​ណា​ក្ដី។
តំណាង​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​ចំនួន ៣ គឺ​ទន្លេ​សេកុង ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ជាង ១០​នាក់ នឹង​នាំ​យក​ញត្តិ​ទាមទារ​របស់​ពលរដ្ឋ​ដាក់​ជូន​ស្ថានទូត​ប្រទេស​ចិន ប្រចាំ​កម្ពុជា និង​រដ្ឋ​សភា​នៅ​ថ្ងៃ​ពុធ ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
អ្នក​ភូមិ​រស់​នៅ​តាម​ដង​ទន្លេ​សេសាន ក្នុង​ឃុំ​ស្រែគរ លោក សុត ខឿន មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​ថ្ងៃ​អង្គារ ទី​១៣ ខែ​កុម្ភៈ តំណាង​អ្នក​ភូមិ​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ត្រៀម​ដាក់​ញត្តិ​ជូន​មន្ត្រី​ស្ថានទូត​ប្រទេស​ចិន និង​មន្ត្រី​រដ្ឋ​សភា​ជាតិ។
លោក​បន្ត​ថា មូលហេតុ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ស្នើ​សុំ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​ វារីអគ្គិសនី​នេះ គឺ​ដោយសារ​ផល​ប៉ះពាល់​ពិត​ជា​កើត​មាន​ច្រើន​មក​លើ​ប្រជាពលរដ្ឋ ហើយ​ដំណោះស្រាយ​ផល​ប៉ះពាល់​រហូត​មក​ទល់​នឹង​ពេល​នេះ ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ឆ្លើយ​តប​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ ច្បាស់លាស់ ហេតុ​នេះ​ទើប​ប្រជាពលរដ្ឋ​សម្រេច​ចិត្ត​ដាក់​ញត្តិ​ទាមទារ​នេះ៖ «គាត់ ​ថា មិន​ចង់​ឲ្យ​មាន ព្រោះ​ថា ប្រជាពលរដ្ឋ​រង​គ្រោះ​ខ្លាំង​ណាស់ គិត​យូរ​ទៅ​រង​គ្រោះ​រុះរើ​ភូមិ​ឋាន ធ្វើ​ផ្ទះ​សម្បែង​ថ្មី ដំណាំ​ដាំដុះ​យូរ​ឆ្នាំ ព្រៃ​កប់​ខ្មោច​ស្អីៗ​ទាំង​អស់»

រដ្ឋ​សភា​គ្រោង​នឹង​ប្រជុំ​អនុម័ត​ច្បាប់​ស្ដីពី​សំណង​ផល​ប៉ះពាល់​ ប្រជាពលរដ្ឋ​ដែល​ត្រូវ​ប្ដូរ​ទៅ​តាំង​ទីលំនៅ​ថ្មី​នៃ​គម្រោង​វិនិយោគ​សាងសង់ ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ខាង​មុខ​នេះ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​ចម្រុះ គឺ​ក្រុមហ៊ុន​ក្នុង​ស្រុក​ជា​មួយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​វៀតណាម និង​ក្រុមហ៊ុន​អគ្គិសនី​ដ៏​ធំ​មក​ពី​ប្រទេស​ចិន ឈ្មោះ ឡាង ចាង ហាយដ្រូ ផៅវ័រ (Lan Canc Hydro Power) សាងសង់​ក្នុង​គម្រោង​ទឹក​ប្រាក់​ជាង ៧៨១​លាន​ដុល្លារ។
មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ មាន​ប្រសាសន៍​បញ្ជាក់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង និង​ប្រជាពលរដ្ឋ​អ្នក​រង​ផល​ប៉ះពាល់​បាន​ជួប​ពិភាក្សា​គ្នា​ស្ដីពី​ ដំណោះស្រាយ​ផ្ដល់​ទីតាំង​ដី​សង់​លំនៅឋាន​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ជម្លៀស​ ចេញ​ពី​ភូមិ ក៏​ប៉ុន្តែ​រហូត​មក​ទល់​ថ្ងៃ​នេះ មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​បែប​ណា​នៅ​ឡើយ។
លោក​បន្ត​ថា ប្រជាពលរដ្ឋ​បាន​តវ៉ា​ជា​ច្រើន​លើក មិន​ចង់​ចាក​ចេញ​ពី​ភូមិ​របស់​ពួក​គាត់​ទេ ពីព្រោះ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ដំណោះស្រាយ​សំណង​ផល​ ប៉ះពាល់​ទាក់​ទិន​ផ្ទះ​សម្បែង ផល​ដំណាំ និង​ទ្រព្យសម្បត្តិ​ពលរដ្ឋ​បាន​ជាក់​លាក់៖ «ឯកឧត្តម ឡូយ សូផាត គាត់​ជជែក​ជាមួយ​ក្រុមហ៊ុន​ចិន តែ​ពី​សំណង​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ធារាសាស្ត្រ គាត់​ជជែក​តែ​រឿង​ហ្នឹង តែ​រឿង​សំណង​ដំណាំ​ដាំដុះ​ដើម​ស្វាយ ដើម​ខ្នុរ ដែល​ដាំ​អាយុ​វែង។ល។ និង ។ល។នេះ អត់​មាន​និយាយ​ពី​សំណង»
រាជរដ្ឋាភិបាល​រំពឹង​ថា ការ​អភិវឌ្ឍន៍​ស្ថានីយ​វារីអគ្គិសនី​សេសាន​ក្រោម​២ នឹង​ទទួល​បាន​ចំណូល​ពន្ធ​សរុប​ជា​មធ្យម​ប្រមាណ​ជាង ២៩​លាន​ដុល្លារ​អាមេរិក (២៩.៥៩) ក្នុង​១​ឆ្នាំ ដោយ​មិន​គិត​ដល់​ពន្ធ​ដទៃ​ទៀត​នៃ​ការ​ការ​ចែកចាយ​ថាមពល​អគ្គិសនី​លក់​បន្ត​ ឲ្យ​អ្នក​ប្រើប្រាស់។
អ្នក​សម្របសម្រួល​អង្គការ​កណ្ដាល​ការពារ​ទន្លេ​បី លោក មៀច មាន មាន​ប្រសាសន៍​ថា រដ្ឋ​សភា​ជាតិ​គួរ​តែ​ពន្យារ​ពេល​អនុម័ត​ច្បាប់​នេះ​ជា​បណ្ដោះអាសន្ន​ហើយ​ តម្រូវ​ឲ្យ​សិក្សា​ផល​ប៉ះពាល់ និង​ដំណោះស្រាយ​សំណង​បាន​ជាក់​លាក់៖ «សិក្សា ​ប្រឹក្សា​យោបល់​ជាមួយ​សហគមន៍​សា​ដើម​ឡើង​វិញ​ទៅ​នឹង​ទិន្នន័យ​ដើម​ដែល​ធ្វើ ​ការ​សិក្សា​ពី​មុន​មក​ឲ្យ​មាន​លក្ខណៈ​ច្បាស់លាស់​ជាមួយ​ពួក​គាត់​សិន»
វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​កុម្ភៈ មិន​អាច​ទាក់​ទង​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ឡូយ សូផាត សុំ​អធិប្បាយ​បញ្ហា​នេះ​បាន​ទេ។ យ៉ាង​នេះ​ក្ដី កន្លង​ទៅ​នេះ​លោក​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ថា រដ្ឋាភិបាល​និង​ក្រសួង​ពាក់ព័ន្ធ​បាន​សិក្សា​ហ្មត់ចត់ និង​មាន​គម្រោង​ដោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ត្រឹមត្រូវ ពីព្រោះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​តាំង​ទី​លំនៅ​ ថ្មី​របស់​ប្រជាពលរដ្ឋ​មាន​លក្ខណៈ​ប្រសើរ​ជាង​ទីតាំង​ចាស់ រួម​ទាំង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ សាលារៀន មន្ទីរពេទ្យ​ ប្រព័ន្ធ​ធារាសាស្ត្រ​សម្រាប់​បម្រើ​វិស័យ​កសិកម្ម​ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: