Saturday, February 02, 2013

ពលរដ្ឋ​បារម្ភ​ពី​អនាគត​កម្ពុជា​បន្ទាប់​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ

http://www.youtube.com/watch?v=9VcYIfGYCp4&feature=youtu.be
ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដែល​មក​ចូល​រួម​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម ​សព នៅ​ថ្ងៃ​ទី​១ កុម្ភៈ បាន​បញ្ចេញ​ទស្សនៈ​ប្រហាក់​ប្រហែល​គ្នា​ថា ការ​​ចូល​រួម​ក្នុង​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព​នេះ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ខ្មែរ​ចេះ​សាមគ្គី និង​រួបរួម​គ្នា​ជា​ធ្លុង​មួយ។
ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចូល​រួម​ក្នុង​ព្រះរាជ​ពិធី​ដង្ហែ​ព្រះបរមសព ព្រះ​បរម​រតន​កោដ្ឋ ឬ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ចេញ​ពី​ព្រះរាជវាំង​នោះ បាន​ប្រាថ្នា​ចង់​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ទៅ​ជា​ប្រទេស​មាន​សុខ​សន្តិភាព និង​មាន​ការ​រួប​រួម​គ្នា​រវាង​អ្នក​នយោបាយ​ខ្មែរ​ទាំង​អស់ ដែល​ជា​ក្ដី​ប្រាថ្នា​របស់​អតីត​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ។

គ្រប់​អ្នក​ចូល​រួម​ទាំង​អស់ ក្នុង​នោះ​មាន​សិស្សានុសិស្ស ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន បាន​លាន់​មាត់​ថា ព្រះ​បិតា​ឯករាជ្យ​ជាតិ សម្ដេច​ព្រះ នរោត្តម សីហនុ ទោះ​បី​ជា​ព្រះអង្គ​បាន​សោយ​ទិវង្គត​ហើយ​ក្ដី ប៉ុន្តែ​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ទទួល​បាន​ឯករាជ្យ ធ្វើ​ឲ្យ​រួច​ផុត​ពី​នឹម​ត្រួតត្រា​បរទេស​នោះ គឺ​ស្ថិត​នៅ​ក្នុង​អារម្មណ៍​របស់​ពួក​គាត់​ជានិច្ច។ ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ព្រួយ​បារម្ភ គឺ​ការ​បែក​បាក់​គ្នា​រវាង​មេ​ដឹកនាំ​ខ្មែរ​នា​សម័យ​បច្ចុប្បន្ន។
នៅ​ក្នុង​ពេល​ដង្ហែ​ព្រះបរមសព អតីត​ព្រះមហាក្សត្រ នៅ​ព្រឹក​ថ្ងៃ​ទី១ កុម្ភៈ នេះ មាន​ក្រុមហ៊ុន ស្ថាប័ន​មួយ​ចំនួន និង​សប្បុរសជន បាន​ទិញ​ម្ហូប​អាហារ និង​ភេសជ្ជៈ​ចែក​ជូន​ប្រជាពលរដ្ឋ​ចូល​រួម​ដង្ហែ​នោះ។
ម្ចាស់​ផ្ទះ​សំណាក់​មួយ​នៅ​ក្បែរ​ព្រះ​វាល​បរម​មេរុ អ្នកស្រី​បាន​ទិញ​ទឹក​សុទ្ធ​ចែក​ជូន​អ្នក​ចូល​រួម​នេះ ដើម្បី​ចង់​បាន​ផល​បុណ្យ និង​ជា​ការ​តប​ស្នង​នូវ​គុណូបការៈ​របស់​ព្រះអង្គ ដែល​ព្រះអង្គ​ជា​ព្រះ​មហា​វីរក្សត្រ គួរ​ឲ្យ​គោរព​របស់​ប្រជាពលរដ្ឋ​ខ្មែរ។
ប្រជាពលរដ្ឋ​មួយ​រូប​មក​ពី​ខេត្ត​រតនគិរី លោក យ៉ាន នឿន បាន​ឲ្យ​ដឹង​ថា លោក​បាន​មក​ទីក្រុង​ភ្នំពេញ នេះ​ជិត​មួយ​ខែ​ហើយ។ លោក​បញ្ជាក់​ថា ការ​មក​ទីក្រុង​ភ្នំពេញ​នេះ ក្នុង​គោល​បំណង​តែ​មួយ​គត់ គឺ​លោក​ចង់​មក​ចូល​រួម​ការ​ដង្ហែ​ព្រះបរមសព និង​ការ​ថ្វាយ​ព្រះ​ភ្លើង អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ។ យ៉ាង​នេះ​ក្ដី លោក យ៉ាន នឿន អះអាង​ថា អតីត​ព្រះ​មហា​វីរក្សត្រ សោយ​ទិវង្គត​នេះ ជា​ការ​បាត់​បង់​អ្នក​ផ្សះផ្សា​ជាតិ​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា។ លោក​ព្រួយ​បារម្ភ​ខ្លាច​មេ​ដឹកនាំ​ខ្មែរ​កាន់​តែ​បែក​បាក់​នៅ​ពេល​អនាគត ក្រោយ​ពេល​គ្មាន​វត្តមាន​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ នេះ។
បន្ថែម​ពី​លើ​បញ្ហា​នេះ អ្នក​នយោបាយ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​នៅ​គណបក្ស​ផ្សេង​ពី​គ្នា​នោះ ពួក​គេ​មិន​ហ៊ាន​ទាក់​ទង​គ្នា​ទាំង​បើក​ចំហ​ក្ដី ទាំង​មិន​ចំហ​ក្ដី ពីព្រោះ​ពួក​គាត់​មាន​សម្ពាធ​ពី​មេ​បក្ស​រៀងៗ​ខ្លួន ដោយ​គេ​ខ្លាច​មេ​បក្ស ឬ​សមាជិក​បក្ស​ចោទ​ថា ក្បត់​នឹង​គណបក្ស​ជាដើម។ ម្យ៉ាង​វិញ​ទៀត អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច តែង​តែ​ប្រឆាំង​គ្នា ឬ​វាយ​ប្រហារ​គ្នា​តាម​ពាក្យ​សម្ដី​ទៅ​វិញ​ទៅ​មក ទាំង​នៅ​មុន​ពេល​បោះ​ឆ្នោត ទាំង​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត។
តួ​យ៉ាង មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​ក្រុម​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា រដ្ឋាភិបាល​បាន​ប្រើ​ប្រាស់​តុលាការ ដើម្បី​ចាត់​ការ​លោក សម រង្ស៊ី នៅ​ក្រោយ​ពេល​លោក សម រង្ស៊ី បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​ខ្មែរ-វៀតណាម នោះ។ រហូត​មក​ទល់​ពេល​នេះ លោក សម រង្ស៊ី និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នៅ​ឡើយ។
នៅ​ក្នុង​អំឡុង​ពេល​បី​ខែ​កន្លង​មក​នេះ នៅ​ខណៈ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ តម្កល់​ទុក​នៅ​ក្នុង​ព្រះបរមរាជវាំង​នោះ លោក សម រង្ស៊ី បាន​ព្យាយាម​ចង់​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ និង​ចង់​មក​ចូល​រួម​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង អតីត​ព្រះមហាក្សត្រ​ដែរ ដោយ​លោក​បាន​ផ្ញើ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ ប្រធាន​រដ្ឋសភា និង​ប្រមុខ​រដ្ឋាភិបាល តែ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី មក​ចូល​រួម​នោះ​ឡើយ លុះ​ត្រា​ណា​លោក សម រង្ស៊ី មក​ទទួល​ទោស​សិន។
បញ្ហា​នេះ ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ការ​សោយ​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ​នេះ ជា​ការ​បាត់​បង់​អ្នក​ផ្សះផ្សា​ជាតិ​ដ៏​សំខាន់​មួយ​នៅ​សង្គម​កម្ពុជា។ ដោយ​ហេតុ​ថា អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះអង្គ​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការ​ដោះស្រាយ​ភាព​ទាល់ច្រក​ផ្នែក​ នយោបាយ តួ​យ៉ាង​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស ហ៊្វុនស៊ិនប៉ិច បង្កើត​រដ្ឋាភិបាល​ចម្រុះ​កាល​ពី​ឆ្នាំ​១៩៩៣ បន្ទាប់​ពី​ជាប់​គាំង​ផ្នែក​នយោបាយ​ក្រោយ​ពេល​បោះ​ឆ្នោត និង​បញ្ហា​ផ្សេងៗ​ទៀត។
សិស្ស​សាលា​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ឈ្មោះ ចិត្រថេត កត្យាមុន្នី បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​នាង​ជា​ក្មេង​ជំនាន់​ក្រោយ​ក្ដី ប៉ុន្តែ​យុវតី​រូប​នេះ អះអាង​ថា នាង​បាន​យល់​ដឹង​ច្រើន​អំពី​របប​សង្គម​រាស្ត្រ​និយម តាម​រយៈ​អាន​ឯកសារ​ប្រវត្តិសាស្ត្រ និង​ដឹង​តាម​រយៈ​គ្រូ​បន្ទុក​ថ្នាក់​បាន​និយាយ​ប្រាប់។ កញ្ញា កិត្យាមុន្នី បាន​សង្កត់​ធ្ងន់​ថា យុវជន​ជាច្រើន​មិន​សូវ​គិត​អំពី​ស្នេហា​ជាតិ ឬ​ស្រឡាញ់​ទឹក​ដី​របស់​ខ្លួន​នោះ​ទេ ពីព្រោះ​ថា យុវជន​ខ្លះ​ឈ្លក់​វង្វេង​នឹង​សង្គម។ បញ្ហា​នេះ អាច​មក​ពី​អ្នក​នយោបាយ​មិន​ទាន់​ធ្វើ​គំរូ​ដល់​យុវជន​អំពី​ឆន្ទៈ​ស្នេហា​ ជាតិ​ក៏​ថា​បាន ដោយ​សារ​តែ​អ្នក​នយោបាយ​នៅ​មិន​ទាន់​ចុះ​សម្រុង​នឹង​គ្នា​នៅ​ឡើយ​នោះ។
អតីត​លេខា​ផ្ទាល់​ព្រះ​មហា​វីរក្សត្រ និង​ជា​ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ ព្រះមហាក្សត្រ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​ព្រះរាជ​បន្ទូល​ថា នៅ​ពេល​ព្រះរាជវង្សានុវង្ស​ទៅ​ថ្វាយ​បង្គំ​គាល់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ កាល​ពី​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​នោះ សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​មាន​ព្រះរាជ​ឱង្កា​ផ្ដាំ​ថា ព្រះរាជវង្សានុវង្ស​ឲ្យ​ធ្វើ​អំពើ​ល្អ​នៅ​ក្នុង​សង្គម និង​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ ពិសេស​ត្រូវ​មាន​ការ​បង្រួបបង្រួម និង​ឯកភាព​ជាតិ។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ មាន​ទឡ្ហីករណ៍​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កោត​សរសើរ និង​គោរព​ព្រះអង្គ​ជា​បិតា​ឯកភាព​ជាតិ ដូច​ជា​នៅ​ក្នុង​ឆ្នាំ​១៩៤៧ ព្រះអង្គ​បាន​ទទួល​បាន​ជោគជ័យ​លើ​ការ​ទាម​ទារ​ខេត្ត​ខ្មែរ​មួយ​ចំនួន​ពី​ថៃ មក​វិញ ក្នុង​នោះ​មាន​ខេត្ត​បាត់ដំបង សៀមរាប កំពង់ធំ និង​ខេត្ត​ស្ទឹងត្រែង។
នៅ​ឆ្នាំ​១៩៤៩ ព្រះអង្គ​បាន​ឡាយព្រះហស្ត​លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង ព្រម​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជាណាចក្រ​ កម្ពុជា។ ដល់​ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ឯករាជ្យ​ពេញ​លេញ​ពី​សាធារណរដ្ឋ​បារាំង ដោយ​សារ​ស្នាព្រះហស្ត​ដ៏​ឧត្ដុង្គឧត្ដម​ពី​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: