Thursday, February 21, 2013

សហជីព​តំណាង​កម្មករ ទាមទារ​តម្លើង​ប្រាក់ខែ ១២០ ដុល្លារ​

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ដែល​បាន​ចូលរួម​កិច្ចប្រជុំ បានឲ្យ​ដឹងថា មេដឹកនាំ​សហជីព​តំណាង​កម្មករ ដែល​បាន​ចូលរួម​ប្រជុំ បាន​សម្រេច​បោះ​ឆ្នោត លើ​ជម្រើស ៣ ក្នុងការ​ទាមទារ​តម្លើង​ប្រាក់ខែ​កម្មករ​កាត់ដេរ​។ ជម្រើស​ទី​១ គឺ ៩៥ ដុល្លារ មាន​សំឡេង​គាំទ្រ ៩ នាក់​។ ជម្រើស​ទី​២ គឺ ១២០ ដុល្លារ​អាមេរិក មាន​សំឡេង​គាំទ្រ ១៩ នាក់ និង​ជម្រើស​ទី​៣ ចំនួន ១៤២ ដុល្លារ មាន​សំឡេង​គាំទ្រ ១០ នាក់​។ ដូច្នេះ​ជំហរ​រួម​របស់​សហជីព បានសម្រេច​ដោយ​សំឡេង​ភាគច្រើន យក​ជម្រើស​ទី​២ គឺ​ការទាមទារ​តម្លើង​ប្រាក់ខែ ១២០ ដុល្លារ​។​ 

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា
(ថ្ងៃទី 20 កុម្ភៈ 2013, ម៉ោង 07:08:PM) | ដោយ: លី សិលា CEN
ភ្នំពេញ: បន្ទាប់ពី​បើក​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ ដែល​បាន​បិទ​បញ្ចប់​នៅ​ល្ងាច ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៣ សហជីព​តំណាង​កម្មករ បាន​ព្រមព្រៀង​រួម​គ្នា​ថា ប្រាក់ខែ​កម្មករ​កាត់ដេរ ត្រូវតែ​តម្លើង​ពី ៦១ ដុល្លារ នៅពេល​បច្ចុប្បន្ន រហូតដល់ ១២០ ដុល្លារ​។​
​ជំហរ​រួមគ្នា ក្នុងការ​ទាមទារ​តម្លើង​ប្រាក់ខែ​កម្មករ​កាត់ដេរ ស្ទើរតែ ១០០% នេះ នឹង​ត្រូវ​សហជីព​តំណាង​កម្មករ យកទៅ​ដាក់​លើ​តុ ប្រជុំ​ចរចា​ជាមួយនឹង​ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ និង​តំណាង​រដ្ឋាភិបាល នៅក្នុង​កិច្ចប្រជុំ​រួម នា​ថ្ងៃ​ទី​២៦​កុម្ភៈ ឆ្នាំ​២០១៣​។​
​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ដែល​បាន​ចូលរួម​កិច្ចប្រជុំ បានឲ្យ​ដឹងថា មេដឹកនាំ​សហជីព​តំណាង​កម្មករ ដែល​បាន​ចូលរួម​ប្រជុំ បាន​សម្រេច​បោះ​ឆ្នោត លើ​ជម្រើស ៣ ក្នុងការ​ទាមទារ​តម្លើង​ប្រាក់ខែ​កម្មករ​កាត់ដេរ​។ ជម្រើស​ទី​១ គឺ ៩៥ ដុល្លារ មាន​សំឡេង​គាំទ្រ ៩ នាក់​។ ជម្រើស​ទី​២ គឺ ១២០ ដុល្លារ​អាមេរិក មាន​សំឡេង​គាំទ្រ ១៩ នាក់ និង​ជម្រើស​ទី​៣ ចំនួន ១៤២ ដុល្លារ មាន​សំឡេង​គាំទ្រ ១០ នាក់​។ ដូច្នេះ​ជំហរ​រួម​របស់​សហជីព បានសម្រេច​ដោយ​សំឡេង​ភាគច្រើន យក​ជម្រើស​ទី​២ គឺ​ការទាមទារ​តម្លើង​ប្រាក់ខែ ១២០ ដុល្លារ​។​
​លោក រ៉ុង ឈុន បាន​បន្ថែមថា "​យើង​ត្រូវតែ​គោរព​សំឡេង​ភាគច្រើន ហើយ​សមាគម​រោងចក្រ​កាត់ដេរ នៅ​កម្ពុជា GMAC និង​រាជរដ្ឋាភិបាល ត្រូវតែ​គោរព​សំឡេង​រួម​របស់​សហជីព ហើយ​បើ​មិន​អីចឹង​ទេ អា​នឹង វា​នឹង​មាន​បញ្ហា​កើតឡើង​ហើយ ពីព្រោះ​សហជីព​បាន​សម្រេច​យក​ប៉ុណ្ណឹង​ហើយ ហើយ​ខ្ញុំ​នឹង​បន្ត​យុទ្ធនាការ​បន្តទៀត ទោះបី​ជា​​ យើង​បាន​សម្រេច​ថា ទាមទារ​តម្លើង​ប្រាក់ខែ​កម្មករ ឲ្យ​ឡើងដ​ល់ ១២០ ដុល្លារ​ក៏​ដោយ​"​។​

​យ៉ាងណាក៏ដោយ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៣ តំណាង​ថៅកែ​រោងចក្រ​កាត់ដេរ លោក វ៉ាន់ ស៊ូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ នៅ​កម្ពុជា GMAC បាន​ហៅ​សំណើ​ទាមទារ​តម្លើង​ប្រាក់ខែ​របស់​សហជីព​ក​ម្មករ ពី ៦១ ដុល្លារ រហូតដល់ ១០០% នោះ ថា ជា​សំណើរ​ទាមទារ​ហួសហេតុ និង​មិន​អាច​ទៅរួច​ទេ​។​
​ លោក វ៉ាន់ ស៊ូ​អៀង បាន​គូសបញ្ជាក់ថា "​យើង​ត្រូវតែ​តម្លើង​ប្រាក់ខែ​គោល​របស់​កម្មករ ដែល​សព្វថ្ងៃ ទទួល​បាន​ត្រឹមតែ ៦១ ដុល្លារ​។ តែ​អត់​មាន​កន្លែង​ណា មួយ​ឆ្នាំ​ឡើង​ប្រាក់ខែ ១០០% ទេ​។ យើង​ឡើង ដោយ​មើល​ទៅលើ​អតិផរណា​របស់​យើង ដែល​ក្នុង​មួយឆ្នាំ អតិផរណា ទំនិញ​ឡើងថ្លៃ មាន​តែ​ពី ៥ ទៅ ១០% ទេ​។ មាន​ទៅ ទំនិញ​ឡើងថ្លៃ ឡើង​ដល់​ទៅ ១០០% ឯណា​។ អីចឹង ការឡើង​ប្រាក់ខែ​នោះ ក៏​ត្រូវ​គិត​ទៅ​តាម​ទំនិញ​ឡើងថ្លៃ ឬ​អតិផរណា​នេះ​ផង​ដែរ​"​។​
​អំពី ​ស្ថានភាព​រោងចក្រ​កាត់ដេរ នៅ​កម្ពុជា ក៏​ត្រូវបាន​លោក វ៉ាន់ ស៊ូ​អៀង អះអាងថា "​នៅពេល អ្នកវិនិយោគទុន គេ​ខ្លាច គេ​អត់​ដាក់ទុន​នៅ​ស្រុក​ខ្មែរ​ទេ ដោយសារតែ​មាន​កូដកម្ម​បាតុកម្ម​ច្រើនពេក​។ គេ​ចាំ​មើល​សិន ហើយ​មួយចំនួន គេ​ងាក​ទៅ​កន្លែង​ផ្សេងទៀត ដូចជា ទៅ​ភូមា​។ នៅ​ដើមឆ្នាំ​នេះ មាន ៣ រោងចក្រ បាន​បិទទ្វារ​ផងដែរ​"​។​
​លោក​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ ក៏​បានឲ្យដឹងថា មកដល់ពេលនេះ មាន​រោងចក្រ​កាត់ដេរ សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង​ប្រហែលជា ៤០០ រោងចក្រ និង​មាន​កម្មករ​ប្រហែលជា ៦ សែន​នាក់​។ រីឯ​ការនាំចេញ​ផលិតផល​កាត់ដេរ ទៅ​ក្រៅប្រទេស នៅ​ឆ្នាំ​២០១២ មាន​ជាង ៤.០០០ លាន​ដុល្លារ​អាមេរិក​។​
​យ៉ាងណាក៏ដោយ ការកំណត់​តម្លើង​ប្រាក់ខែ​ដល់​កម្មករ​កាត់ដេរ សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង នៅ​ទូទាំង​ប្រទេស​កម្ពុជា នឹង​ត្រូវ​សម្រេច នៅក្នុង​កិច្ចប្រជុំ​រួម ក្នុង​នាម​ក្រុមការងារ​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​មាន​តំណាង​ភាគី​ថៅកែ​រោងចក្រ ភាគី​សហជីព​តំណាង​កម្មករ​ចំនួន ៦ និង​ភាគី​រាជរដ្ឋាភិបាល ដែល​មាន​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ ដែល​គ្រោង​នឹង​ធ្វើឡើង នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៣៕​

No comments: