Thursday, February 07, 2013

អាតូចបានតិចល្បិចមិនដល់ អាធំមានកលបានស៊ីកប់ក្តោង

អតីត​ក្រ​ឡា​បញ្ជី​ជាប់​ចោទ គ្រូច បូ​រ័ត្ន ពេល​នាំឡើង​តុលាការ។ រូបថត ផា លី​ណា
រឿង​ក្រឡា​បញ្ជី​ស៊ីដាច់​ប្រាក់​សម្រេច​ឲ្យ​ស៊ើប​ឡើង​វិញ 
Thursday, 07 February 2013 
គឹម​ សា​រុំ​  ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សំណុំ​រឿង​អតីត​ក្រឡា​បញ្ជី​សាលា​ដំបូង​រាជធានី លោក គ្រួច បូរ័ត្ន ដែល​ជាប់​ចោទ​ស៊ី​ដាច់​ប្រាក់ ២៥ ម៉ឺន​ដុល្លារ​ ត្រូវ​ចៅ​ក្រម​ជម្រះ​ប្រកាស​សាល​ក្រម​ចាត់​របៀប​កំបាំង​មុខ ដោយ​បង្គាប់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​និង​ធ្វើ​កោសល្យ​វិច័យ​លើ​ដីកា សម្រេច​ដែល​ចុះ​ហត្ថលេ​ខា​ដោយ​លោក កែ សាខន ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​តាកែវ​ឡើង​វិញ និង​ឲ្យ​បន្ត​ឃុំ​ខ្លួន​អតីត​ក្រឡា​បញ្ជី​ជាប់​ចោទ។ លោក គ្រួច បូរ័ត្ន អាយុ​៤៥​ឆ្នាំ អតីត​ក្រឡា​បញ្ជី​សាលា​ដំបូង​រាជធានី​បាន​ជាប់​ចោទ​ពី​បទ​ស៊ី​ដាច់​ប្រាក់​ តម្កល់​ពី​គូ​ក្តី​ចំនួន​២៥ម៉ឺន​ដុល្លារ ក្នុង​សំណុំ​រឿង​រដ្ឋប្បវេណី តាំង​ពី​ឆ្នាំ២០១១។


សាលាដំបូង ភ្នំពេញ​បើក​ជំនុំ​ជម្រះ​រឿង​ក្តី​នេះ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ​២០១៣ ហើយ​បាន​កំណត់​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី៦ កុម្ភៈ​ម្សិលមិញ។

ប៉ុន្តែ ​ក្នុង​សវនាការ​ប្រកាស​សាលក្រម​ពី​ម្សិល​មិញ ​ពុំ​មាន​វត្តមាន​លោក គ្រួច បូរ័ត្ន ចូល​រួម​ទេ ប៉ុន្តែ លោក​ស៊ិន វិសាល ចៅ​ក្រម​ជំនុំ​ជម្រះ បាន​ប្រកាស​សម្រេច​ចាត់​របៀប​លើ​សំណុំ​រឿង​នេះ និង​លើក​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ ព្រោះ​សំណុំ​រឿង​នេះ​មាន​ភាព​មិន​ច្បាស់​លាស់។

លោកចៅក្រម ស៊ិន វិសាល បាន​ប្រកាស​ថា ៖ «តុលាការ​សម្រេច​ចាត់​របៀប​ស៊ើប​អង្កេត​បន្ថែម​លើ​ចំណុច​មួយ ចំនួន ដោយ​ឲ្យ​អង្កេត​លើ​កំណត់​ហេតុ​ទទួល​ប្រាក់​ចំនួន ៥លើក ធ្វើ​កោសល្យ​វិច័យ​លើ​ដីកា​សម្រេច​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក កែ សាខន កោះ​ហៅ​សាក្សី​មួយ​ចំនួន​មក​សាក​សួរ និង​បន្ត​ឃុំ​ខ្លួន​អតីត​ក្រឡា​បញ្ជី​នោះ​ទៀត»។

អតីតក្រឡា​បញ្ជី លោក គ្រួច បូរ័ត្ន ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន ក្នុង​ក្លិប​កម្សាន្ត​មួយ នៅ​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី​២៩ ​ខែតុលា​ ឆ្នាំ​២០១២ តាម​ពាក្យ​បណ្តឹង​លោក​កែ សាខន ចៅក្រម​សាលា​ដំបូង​ខេត្ត​តាកែវ​និង​ត្រូវ​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​ សំណុំ​រឿង​ក្តី​នេះ នៅ​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ​២០១៣​។

នៅក្នុង​សវនា​ការ ​លោក​ គ្រួច​ បូ​រ័ត្ន​ ​ប្រាប់​តុលាការ​ថា​ គាត់​បាន​ទទួល​លុយ​ទាំង​​អស់​ចំនួន​៦​លើក​ ​សរុបចំនួន​២៥​ម៉ឺន​ដុល្លារ​ តែ​លុយ​នៅ​នឹង​គាត់​មាន​តែ ៧​ម៉ឺន​៥ពា​ន់​ដុល្លារ​ទេ ​​ហើយ​គាត់​បាន​យក​ទៅ​ចង​ការ​ដើម្បី​យក​ចំណេញ​។

ចំ​ណែកលុ​យ១​៧ម៉ឺ​ន៥​ ពាន់​ដុល្លារ​ទៀត​ គាត់​បាន​ប្រគល់​ឲ្យ​លោក​ចៅក្រម កែ សាខន ដែល​លោក​បាន​ទាំង​ចារ​លើ​ដីកា​សម្រេច​ដាក់​លុយ​នោះ​ក្នុង​គណនី តុលាការ​ តែ​លោក​មិន​ធ្វើ​តាម​ហើយ​យក​ទៅ​ចង​ការ។

កាល​នោះ​លោក​ គ្រួ​ច បូ​រ័ត្ន​ ប្រាប់​តុលាការ​ថា ​ក្រោយ​ទទួល​លុយ​ចាប់​ពី​លើក​ទី២​រួច គាត់​បាន​ប្រគល់​ឲ្យ​លោក ​កែ សាខន ហើយ​រាល់​កំណត់​ហេតុ​ទៅ​បើក​លុយ​ គឺ​មាន​ហត្ថលេខា​របស់​លោក​ចៅ​ក្រម​ កែ​ សាខន។

ករណី​នេះ លោក​ កែ ​សា​ខន​ មិន​អាច​សុំ​ការ​អធិ​ប្បាយ​បាន​ទេ​កាល​ពី​ម្សិល​មិញ ទាក់​ទិន​​នឹង​សាល​ក្រម​ប្រកាស​ចាត់​របៀប​នេះ​ ​ប៉ុន្តែ​ ក្នុង​សវនាការ​លោក​បាន​ថ្លែង​ប្រាប់​តុលាការ​ថា​ លោក​​មិន​បាន​ទទួល​លុយ​ទាំង​នោះ​ពី​ជន​ជាប់​ចោទ​រូបនេះទេ​ គឺ​ជន​ជាប់​ចោទ​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​ផ្ទាល់​ខ្លួន​ មាន​យក​ទៅ​ទិញ​ផ្ទះ​នៅ​កំពង់​សោម​ និង​ទិញ​ដី​ចម្ការ​ខ្លះ​ផង។

លោក​ សា​ខន ថ្លែង​អះអាង​ថា​ លោក​មិន​បាន​ឃើញ​លុយ​នោះ​ទេ ​ហើយ​លោក​ក៏អ​ត់ដឹ​ង​ពីកំ​​ណត់ហេតុ​៦​សន្លឹ​ក​អី​ដែរ ឯ​ត្រា​នោះ​លោក​ឈប់​ប្រើ​ហើយ ​ហើយ​លោក​សុំ​បដិ​សេធ​រាល់​កំណត់​ត្រា​ទាំង​នោះ ​ដោយ​លោក​សូម​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​សរុប​ពី​លោក​ គ្រួ​ច បូ​រ័ត្ន​ ចំនួន ៥០ ម៉ឺន​ដុល្លារ។

លោក​ ជុង​ លីង​ហេង មេធាវី​តំណាង​អាណត្តិ​ក្នុង​សំណុំ​រឿង​រដ្ឋប្បវេណី​ក្នុង​ឆ្នាំ ២០១០​-២០១១​ និង​ជា​សាក្សី​ក្នុង​រឿង​ក្តី​នេះ​ ធ្លាប់​បាន​ឆ្លើយ​ក្នុង​សវនាការ​ថា រាល់​កំណត់​ហេតុ​និង​ការ​ ប្រគល់​លុយ​ទាំងអស់​ គឺ​គាត់​ធ្វើ​តែ​ជា​មួយ​លោក​ គ្រួច បូរ័ត្ន ដោយ​មាន​ការ​ចុះ​ហត្ថ​លេខា​ពី​លោក​ កែ សាខន៕




No comments: