Thursday, February 21, 2013

កម្ពុជា​បដិសេធ​បំណង​របស់​មន្ត្រី​អាមេរិក

លោក Michael Posner ឧបការី​រដ្ឋមន្ត្រី​ក្រសួងការបរទេស។​ ជី​វ័ន

Wednesday, 20 February 2013
Abby Seiff - វង្ស សុខេង​
The Phnom Penh Post

ភ្នំពេញៈ មន្រ្តី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក កាល​ពី​ម្សិលមិញ បាន​អំពាវនាវ​ឲ្យ​កម្ពុជា​ចាត់​ «វិធានការ​ច្បាស់​លាស់​» ​លើ​បញ្ហា​មន្ត្រី​សិទិ្ធ​មនុស្ស​និង​អ្នក​នយោបាយ​ល្បីៗ​ដែល​កំពុង​ជាប់​ ចោទ​នៅ​តុលាការ​ ប៉ុន្តែ ពុំ​បាន​លើក​ឡើង​ថា តើ​កម្ពុជា ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ឬ​យ៉ាង​ណា​ឡើយ​ ប្រសិន​បើ​ខ្លួន​មិន​ចាត់​ការ​ដោយ​លើក​ចោល​ការ​ចោទ​ពី​អ្នក​នោះ

ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​តិច​ជាង​មួយ​ថ្ងៃ លោក Michael Posner ឧបការី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​លទិ្ធ​ប្រជាធិបតេយ្យ សិទិ្ធ​មនុស្ស និង​ការ​ងារ បាន​ជួប​ជាមួយ​នឹង​ក្រុម​សិទិ្ធ​មនុស្ស អ្នក​តស៊ូ​មតិ​ផ្នែក​ការងារ តំណាង​រាស្រ្តគណបក្ស​ប្រឆាំង និង​លោក ហោ ណាំហុង រដ្ឋ​មន្រ្តី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា។

ខណៈ​ដែល​លោក Posner បាន​បដិសេធ​មិន​ពិភាក្សា​អំពី​បញ្ហា​ដែល​បាន​លើក​ឡើង​ដោយ​អង្គការ​ក្រៅ រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង លោក​បាន​ថ្លែង​ថា ក្នុង​ជំនួប​រយៈ​ពេល​កន្លះ​ម៉ោង​ជាមួយ​នឹង​លោក ហោ ណាំហុង លោក​បាន​លើក​ឡើង​ពី​ករណី​លោក ម៉ម សូណង់ដូ និង លោក សម រង្ស៊ី ពី​ជម្លោះ​ដី​ធ្លី បរាជ័យ​នៃ​ប្រព័ន្ធ​តុលាការ ​ការ​យាយី​សកម្មជន និង​ការ​ប្រើ​កម្លាំង​ជ្រុល​ហួស​ហេតុ​ពី​សំណាក់​នគរបាល។


បញ្ជី​នេះ មាន​លក្ខណៈ​ស្ទើរ​ដូច​គ្នា​នឹង​ចំណុច​ដែល​បាន​លើក​ឡើង​ដោយ​លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក ដែល​បាន​ពិភាក្សា​ប្រធាន​បទ​នេះ​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​អម​នឹង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាល​ពី​ខែ​វិច្ឆិកា។ ចំណុច​ទាំង​នេះ​ត្រូវ​បាន​បន្ទរ​ក្តី​កង្វល់​ដោយ​លោក​ស្រី ហ៊ីឡារី គ្លីនតុន អតីត​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក ក្នុង​ជំនួប​កាល​ពី​អំឡុង ខែ​មិថុនា​ជាមួយ​នឹង​លោក ហោ ណាំហុង។

នៅ​ពេល​សួរ​ថា តើ​សហរដ្ឋអាមេរិក​នឹង​ពិចារណា ពីការ​ផ្តល់​ជំនួយ​បរទេស​និង​យោធា​លើ​បញ្ហា​ទាំង​នេះ ដែល​បាន​លើក​ឡើង​ដោយ​មន្រ្តី​ជាន់​ខ្ពស់​ទាំង​បី​ឬ​យ៉ាង​ណា? លោក Posner ​បដិសេធ​មិន​ផ្តល់​ចម្លើយ​ឡើយ និង​បាន​តប​ថា​៖«យើង​ពិភាក្សា​ក្នុង រដ្ឋាភិបាល និង​ជាមួយ​សភា​អំពី​វិធី​ល្អ​បំផុត​ដើម្បី​ធ្វើ​ឲ្យ​បញ្ហា​ទាំង​នេះ​កាន់​ តែ​ប្រសើរ​ឡើង យើង​ដឹង​អំពី​សារៈ​សំខាន់​នៃ​ការ​គាំទ្រ​ប្រជាជន​កម្ពុជា ក្នុង​ការ​គាំទ្រ​សិទិ្ធ​មនុស្ស និង​លទិ្ធ​ប្រជាធិបតេយ្យ​របស់​ពួក​គេ»។

បើ​ទោះ​ជា​តួនាទី​របស់​សហ រដ្ឋ​អាមេរិក ជា​ម្ចាស់​ជំនួយ បាន​ថយ​ចុះ​ក្នុង​មួយ​ទសវត្សរ៍​កន្លង​មក នៅ​ក្រោយ​ប្រទេស​អូស្រ្តាលី ចិន និង​ជប៉ុន​ ក៏​ដោយ ប៉ុន្តែ អាមេរិក​នៅ​តែ​ជា​ម្ចាស់​ជំនួយ​ធំ​មួយ។ ក្នុង​ឆ្នាំ ២០១២ អាមេរិក​បាន​ផ្តល់​ជំនួយ​ជាង​៨២​លាន​ដុល្លារ​អាមេរិក ខណៈ​ប្រទេស​មហា​អំណាច​នេះ​កំពុង​សម្លឹង​ទៅ​លើ​ការ​ទប់ទល់​នឹង​អំណាច​យោធា ​របស់​ចិន​ក្នុង​តំបន់ ជំនួយ​យោធា​សម្រាប់​កម្ពុជា​បាន​កើន​ឡើង​ពី ៣,៧ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១០​ដល់​១៨,២​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​មុន។

ចំពោះ​ការ​សួរ​ថា​ តើ​នឹង​មាន​ផល​វិបាក​អ្វី​ខ្លះ​ បើ​រដ្ឋាភិបាល​មិន​អនុវត្ត​តាម​អនុសាសន៍​របស់​សហរដ្ឋ​អាមេរិក​នោះ លោក Posner ​ថ្លែង​ថា ពួក​គេ​នឹង​ពិភាក្សា​លើ​ជម្រើស​គោលនយោបាយ​ជា​ច្រើន ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា ​គោលដៅ​របស់​យើង​នៅ​ទីនេះ​គឺ​ដើម្បី​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ធ្វើ​អ្វី​ដែល​ត្រូវ មិន​មែន​ ដោយ​សារ​យើង​លើក​នោះ​ទេ ប៉ុន្តែ​ដោយ​វា​ជា​វិធី​ដែល​អ្នក​កសាង​លទិ្ធ​ប្រជាធិបតេយ្យ​ឲ្យ​មាន ស្ថិរភាព និង​មាន​សេដ្ឋកិច្ច​យ៉ាង​រឹងមាំ»។

ថ្លែង​ទៅ​កាន់​អ្នក​យក​ ព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​ លោក អ៊ុច បូររិទ្ធ រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ហោ ណាំហុង ​បដិសេធ​សំណើ​របស់​សហរដ្ឋ​អាមេរិក ឲ្យ​កម្ពុជា​ដោះ​លែង​លោក ម៉ម សូណង់ដូ និង​លើក​លែង​ការ​ចោទ​ប្រកាន់​ចំពោះ លោក សម រង្ស៊ី ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ជាតិ​។

លោក អ៊ុច បូររិទ្ធ បាន​បន្ត​ថា៖​ «ម្យ៉ាង ពួក​គេ​ទាមទារ​ឲ្យ​យើង​គោរព​ច្បាប់ និង​ឯករាជភាព​របស់​តុលាការ។ ម្យ៉ាង​វិញ​ទៀត គេ​ទទូច​ថា យើង​រំលោភ​ច្បាប់។ ​តើ​ពួក​គេ​ចង់​បាន​អ្វី​?»៕

2 comments:

Anonymous said...

តើ ចិនសម្លឹងឃើញអ្វីពីកម្ពុជាទើបសម្រេចជួយ
កម្ពុជា រាប់ពាន់លានកោតយ៉ាងនេះ?ប្រហែល
ចិនសម្លឹងថា ហ៊ុនសែន និងសងប្រទេសកម្ពុជា
ទៅចិន ប្រសេនបើ ហ៊ុនសែន គ្មានលទ្ធភាព
សងបំណុលរាប់កោតនោះ!!

Anonymous said...

TIME TO REBORN ONE MOVEMENT TO DESTROY H SEN regime????
KOH TRALL MOVEMENT