លោក Michael Posner ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស។ ជីវ័ន |
Wednesday, 20 February 2013
Abby Seiff - វង្ស សុខេង
The Phnom Penh Post
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីម្សិលមិញ បានអំពាវនាវឲ្យកម្ពុជាចាត់ «វិធានការច្បាស់លាស់» លើបញ្ហាមន្ត្រីសិទិ្ធមនុស្សនិងអ្នកនយោបាយល្បីៗដែលកំពុងជាប់ ចោទនៅតុលាការ ប៉ុន្តែ ពុំបានលើកឡើងថា តើកម្ពុជា នឹងត្រូវទទួលខុសត្រូវឬយ៉ាងណាឡើយ ប្រសិនបើខ្លួនមិនចាត់ការដោយលើកចោលការចោទពីអ្នកនោះ។
ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលតិចជាងមួយថ្ងៃ លោក Michael Posner ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិកទទួលបន្ទុកលទិ្ធប្រជាធិបតេយ្យ សិទិ្ធមនុស្ស និងការងារ បានជួបជាមួយនឹងក្រុមសិទិ្ធមនុស្ស អ្នកតស៊ូមតិផ្នែកការងារ តំណាងរាស្រ្តគណបក្សប្រឆាំង និងលោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ខណៈដែលលោក Posner បានបដិសេធមិនពិភាក្សាអំពីបញ្ហាដែលបានលើកឡើងដោយអង្គការក្រៅ រដ្ឋាភិបាល និងគណបក្សប្រឆាំង លោកបានថ្លែងថា ក្នុងជំនួបរយៈពេលកន្លះម៉ោងជាមួយនឹងលោក ហោ ណាំហុង លោកបានលើកឡើងពីករណីលោក ម៉ម សូណង់ដូ និង លោក សម រង្ស៊ី ពីជម្លោះដីធ្លី បរាជ័យនៃប្រព័ន្ធតុលាការ ការយាយីសកម្មជន និងការប្រើកម្លាំងជ្រុលហួសហេតុពីសំណាក់នគរបាល។
បញ្ជីនេះ មានលក្ខណៈស្ទើរដូចគ្នានឹងចំណុចដែលបានលើកឡើងដោយលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក ដែលបានពិភាក្សាប្រធានបទនេះជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅអមនឹងកិច្ចប្រជុំកំពូលអាស៊ានកាលពីខែវិច្ឆិកា។ ចំណុចទាំងនេះត្រូវបានបន្ទរក្តីកង្វល់ដោយលោកស្រី ហ៊ីឡារី គ្លីនតុន អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ក្នុងជំនួបកាលពីអំឡុង ខែមិថុនាជាមួយនឹងលោក ហោ ណាំហុង។
នៅពេលសួរថា តើសហរដ្ឋអាមេរិកនឹងពិចារណា ពីការផ្តល់ជំនួយបរទេសនិងយោធាលើបញ្ហាទាំងនេះ ដែលបានលើកឡើងដោយមន្រ្តីជាន់ខ្ពស់ទាំងបីឬយ៉ាងណា? លោក Posner បដិសេធមិនផ្តល់ចម្លើយឡើយ និងបានតបថា៖«យើងពិភាក្សាក្នុង រដ្ឋាភិបាល និងជាមួយសភាអំពីវិធីល្អបំផុតដើម្បីធ្វើឲ្យបញ្ហាទាំងនេះកាន់ តែប្រសើរឡើង យើងដឹងអំពីសារៈសំខាន់នៃការគាំទ្រប្រជាជនកម្ពុជា ក្នុងការគាំទ្រសិទិ្ធមនុស្ស និងលទិ្ធប្រជាធិបតេយ្យរបស់ពួកគេ»។
បើទោះជាតួនាទីរបស់សហ រដ្ឋអាមេរិក ជាម្ចាស់ជំនួយ បានថយចុះក្នុងមួយទសវត្សរ៍កន្លងមក នៅក្រោយប្រទេសអូស្រ្តាលី ចិន និងជប៉ុន ក៏ដោយ ប៉ុន្តែ អាមេរិកនៅតែជាម្ចាស់ជំនួយធំមួយ។ ក្នុងឆ្នាំ ២០១២ អាមេរិកបានផ្តល់ជំនួយជាង៨២លានដុល្លារអាមេរិក ខណៈប្រទេសមហាអំណាចនេះកំពុងសម្លឹងទៅលើការទប់ទល់នឹងអំណាចយោធា របស់ចិនក្នុងតំបន់ ជំនួយយោធាសម្រាប់កម្ពុជាបានកើនឡើងពី ៣,៧ លានដុល្លារក្នុងឆ្នាំ ២០១០ដល់១៨,២លានដុល្លារអាមេរិកនៅឆ្នាំមុន។
ចំពោះការសួរថា តើនឹងមានផលវិបាកអ្វីខ្លះ បើរដ្ឋាភិបាលមិនអនុវត្តតាមអនុសាសន៍របស់សហរដ្ឋអាមេរិកនោះ លោក Posner ថ្លែងថា ពួកគេនឹងពិភាក្សាលើជម្រើសគោលនយោបាយជាច្រើន ប៉ុន្តែលោកសង្កត់ធ្ងន់ថា គោលដៅរបស់យើងនៅទីនេះគឺដើម្បីលើកទឹកចិត្តរដ្ឋាភិបាលកម្ពុជា ឲ្យធ្វើអ្វីដែលត្រូវ មិនមែន ដោយសារយើងលើកនោះទេ ប៉ុន្តែដោយវាជាវិធីដែលអ្នកកសាងលទិ្ធប្រជាធិបតេយ្យឲ្យមាន ស្ថិរភាព និងមានសេដ្ឋកិច្ចយ៉ាងរឹងមាំ»។
ថ្លែងទៅកាន់អ្នកយក ព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បដិសេធសំណើរបស់សហរដ្ឋអាមេរិក ឲ្យកម្ពុជាដោះលែងលោក ម៉ម សូណង់ដូ និងលើកលែងការចោទប្រកាន់ចំពោះ លោក សម រង្ស៊ី ដែលគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាតិ។
លោក អ៊ុច បូររិទ្ធ បានបន្តថា៖ «ម្យ៉ាង ពួកគេទាមទារឲ្យយើងគោរពច្បាប់ និងឯករាជភាពរបស់តុលាការ។ ម្យ៉ាងវិញទៀត គេទទូចថា យើងរំលោភច្បាប់។ តើពួកគេចង់បានអ្វី?»៕
2 comments:
តើ ចិនសម្លឹងឃើញអ្វីពីកម្ពុជាទើបសម្រេចជួយ
កម្ពុជា រាប់ពាន់លានកោតយ៉ាងនេះ?ប្រហែល
ចិនសម្លឹងថា ហ៊ុនសែន និងសងប្រទេសកម្ពុជា
ទៅចិន ប្រសេនបើ ហ៊ុនសែន គ្មានលទ្ធភាព
សងបំណុលរាប់កោតនោះ!!
TIME TO REBORN ONE MOVEMENT TO DESTROY H SEN regime????
KOH TRALL MOVEMENT
Post a Comment