Sunday, February 10, 2013

គប់​គ្រាប់បែក​ដៃ​របួស​មនុស្ស​១៤​នាក់​នៅ​បាត់ដំបង

RFA/Soun Sophalmony

អ្នក​រង​របួស​ដោយសារ​ការ​វាយ​ប្រហារ​ដោយ​ គ្រាប់​បែក នៅ​ខេត្ត​បាត់ដំបង ត្រូវ​គេ​លើក​ដាក់​លើ​រថយន្ត យក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ កាល​ពី​ព្រឹក​ថ្ងៃ​១០ កុម្ភៈ ឆ្នាំ​២០១៣។
មនុស្ស ១៤​នាក់​បាន​រង​របួស​ដោយសារ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​មួយ​ចូល​ទៅ​ ក្នុង​ពិធី​ចាក់​ធុងបាស​រាំ​លេង​កម្សាន្ត​មួយ នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង។

កងកម្លាំង​មានសមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​ជនសង្ស័យ​ដែល​  បាន​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​ មួយ​គ្រាប់​ចូល​ទៅ​លើ​ហ្វូង​មនុស្ស​ជា​ច្រើន​នាក់ នៅ​ក្នុង​ពិធី​ចាក់​ធុង​បាស​រាំ​លេង​កម្សាន្ត​មួយ​នៅ​ភូមិ​តាក្រៃ ឃុំ​តាក្រៃ ស្រុក​កំរៀង ខេត្ត​បាត់ដំបង។ ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែកដៃ​នេះ កើត​មាន​ឡើង​កាល​ពី​ម៉ោង​ជាង ៩​យប់ ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៣​ ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន។
លោក​ឧត្ដម​សេនីយ៍ ស ថេត ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ថា មនុស្ស​ដែល​រង​របួស​ដោយសារ​ការ​វាយ​ប្រហារ​គ្រាប់បែកដៃ​នោះ មាន​ចំនួន ១៤​នាក់។ ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។
លោក​បញ្ជាក់​ថា មូល​ហេតុ​នៃ​ការវាយប្រហារ​ដោយ​គ្រាប់បែកដៃ​នេះ នៅ​ពុំ​ទាន់​បាន​ដឹង​ច្បាស់​លាស់​ ប៉ុន្តែ​មាន​ការ​សន្និដ្ឋាន​ថា អាច​បណ្ដាល​មក​ពី​រឿង​គំនុំ៖ «អ្នក​របួស​​មាន ១៤​នាក់ របួស​ធ្ងន់ មាន ៣​នាក់។ ទាំង​អស់ ១៤ កំពុង​ឲ្យ​កម្លាំង​ធ្វើការ​កំណត់​មុខ​សញ្ញា​ស្រាវជ្រាវ​បណ្ដាល​មក​ពី​ទំនាស់ ​រឿង​អី។ ការ​សន្និដ្ឋាន​របស់​យើង​ដំបូង​ប្រហែល​ជា​មាន​ទំនាស់​រឿង​អី​មួយ ហើយ​កម្លាំង​សមត្ថកិច្ច​យើង​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​សិន»

លោក​ឧត្ដមសេនីយ៍ ស ថេត បាន​បញ្ជាក់​ថា ការ​ចុះ​ស្រាវជ្រាវ​ទៅ​ដល់​កន្លែង​កើតហេតុ​ កងកម្លាំង​សមត្ថកិច្ច​ពិនិត្យ​ឃើញ​ថា ជន​មិន​ស្គាល់​បាន​គប់​គ្រាប់​បែក​ដៃ​សំដៅ​ទៅ​រក​ម្ចាស់​ផ្ទះ​ដែល​កំពុង​ អង្គុយ​ នៅ​គ្រែ​ជាប់​នឹង​កន្លែង​រាំ​លេង​កម្សាន្ត​ ប៉ុន្តែ​គ្រាប់​បែក​នោះ​បាន​ផ្ទុះ​ឡើង​ជះ​អំបែង​ទៅ​ត្រូវ​មនុស្ស​ជា​ច្រើន​ នាក់​នៅ​ក្នុង​វង់​រាំ​កម្សាន្ត​នោះ។
ម្ចាស់​ផ្ទះ​ឈ្មោះ ឈិន ឌី មាន​មុខ​របរ​ជា​អ្នក​ធ្វើ​ស្រែចម្ការ​ បាន​រៀបរាប់​ប្រាប់​ក្រុម​អ្នក​កាសែត​ថា នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ នៅ​ផ្ទះ​របស់​គាត់​មាន​រៀបចំ​ពិធី​សែន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​ ដោយ​មាន​ការ​ចាក់​ធុង​បាស ឲ្យ​អ្នក​ភូមិ​ក្មេង​ចាស់​ប្រុស​ស្រី​រាំ​លេង​កម្សាន្ត។ លោក​បន្ត​ថា កាល​ពី​ក្បាល​ព្រលប់​មាន​អ្នក​ភូមិ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ចូល​ទៅ​រាំ​ កម្សាន្ត លុះ​ដល់​ម៉ោង​ជាង ៩​យប់ ចំនួន​អ្នក​រាំ​លែង​កម្សាន្ត​នោះ​មាន​ការ​ថយ​ចុះ​ស្រាប់​តែ​មាន​ជន​មិន​ ស្គាល់​មុខ​យក​គ្រាប់​បែក​ដៃ​គប់​តែ​ម្ដង។
លោក ឈិន ឌី បាន​បញ្ជាក់​ថា​ កន្លង​មក​រូប​គាត់​មិន​ធ្លាប់​មាន​ទំនាស់​ជាមួយ​អ្នក​ណា​នោះ​ទេ ​គឺ​គាត់​គ្រាន់​តែ​ធ្លាប់​មាន​ទំនាស់​រឿង​ព្រំ​ដី​ជាមួយ​អ្នក​ភូមិ​ជិត​ខាង ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ទំនាស់​នោះ​បាន​ដោះស្រាយ​បញ្ចប់​នៅ​សាលា​ឃុំ​រួចរាល់​ហើយ៖ «រាំ​ រហូត​ដល់​យើង​ម៉ោង ៩​ក្រោយ មក​ក៏​មាន​គ្រាប់​បែក​ផ្ទុះ។ មុន​ដំបូង​យើង​ចាក់​ពី​ច្រើន​ថ្ងៃ​ច្រើន​នាក់​ដែរ ប្រហែល ២០ ទៅ ៣០​នាក់​ដែរ។ លុះ​ដល់​យប់​នៅ​ប្រហែល​ជា ១៥ ទៅ ១៦​នាក់​ទេ។ ប្រហែល​ជា​គំនុំ​ហើយ​បាន​គេ​មក​ធ្វើ​អ៊ីចឹង សន្និដ្ឋាន​មិន​ត្រូវ ធ្លាប់​មាន​ទំនាស់​ព្រំ​ប្រទល់​ដីធ្លី​ពីរ​ដង​ដែរ តែ​ដោះស្រាយ​នៅ​ភូមិ​ឃុំ​ចប់​ហើយ»
នៅ​ក្បែរ​កន្លែង​កើតហេតុ​ សមត្ថកិច្ច​បាន​ពិនិត្យ​រក​ឃើញ​ស្លាប​ព្រា​គ្រាប់​បែក​ដៃ​ផលិត​នៅ​ប្រទេស​ រុស្សី ដែល​ជន​មិន​ស្គាល់​ប្រើ​ប្រាស់​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​ហ្វូង​មនុស្ស។ យ៉ាង​ណា​ក៏​ដោយ​ សមត្ថកិច្ច​​នៅ​បាន​កំណត់​មុខ​សញ្ញា​ជន​ប្រព្រឹត្តិ​ច្បាស់លាស់​នៅ​ឡើយ។ ពួកគេ​បាន​សន្និដ្ឋាន​ថា ករណី​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​នេះ អាច​បណ្ដាល​មក​ពី​រឿង​គំនុំ។ ជន​រងគ្រោះ​ភាគ​ច្រើន​ជា​ក្មេង​ដែល​មាន​របួស​ធ្ងន់ និង​ស្រាល​ទាំង ១៤​នាក់​ មាន​ប្រុស ៦​នាក់ និង​ស្រី ៨​នាក់​ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ក្នុង​ខេត្ត​បាត់ដំបង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: