ដោយ រដ្ឋា វីសាល 2013-02-10 RFA
មនុស្សប្រមាណ ២០នាក់
រងរបួសដោយសារផ្អើលវាយគ្នាក្នុងពេលកម្សាន្តនៅតំបន់ទេសចរណ៍ទឹក
ជ្រោះនៅខេត្តរតនគិរី ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខេត្តរតនគិរី ឲ្យដឹងថា
មានការរំលោភសិទ្ធិពលរដ្ឋពីសំណាក់មន្ត្រីមានសមត្ថកិច្ចមូលដ្ឋាននៅ
ក្នុងករណីនេះ។ ក្នុងនោះ មន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំកាឡែង
ស្រុកលំផាត់ ខេត្តរតនគិរី រងការចោទប្រកាន់ថា បានរំលោភសិទ្ធិមនុស្ស
ដោយបានឃុំខ្លួនជនជាប់ចោទម្នាក់ទាំងមានរបួសធ្ងន់
មិនយកទៅមន្ទីរពេទ្យ
និងមិនអនុញ្ញាតឲ្យក្រុមគ្រួសារធានាយកទៅព្យាបាលរបួសសិន។
មន្ត្រីផ្នែកអង្កេតសមាគមអាដហុក(ADHOC) ខេត្តរតនគិរី លោក ឆាយ ធី
នៅថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៣ មានប្រសាសន៍បញ្ជាក់ថា
លោកបានអន្តរាគមន៍ករណីនេះទៅមន្ត្រីប៉ូលិសរួចហើយ
ដើម្បីឲ្យជនជាប់ចោទទទួលបានសិទ្ធិព្យាបាលរបួសជាបណ្ដោះអាសន្ន។
លោកបន្តថា ជនជាប់សង្ស័យដែលប៉ូលិសឃាត់ខ្លួន ទោះជាករណីបែបណាក្តី
ត្រូវទទួលបានសិទ្ធិព្យាបាលរបួសកាលណាគេមានរបួសត្រូវការសង្គ្រោះ
នៅមន្ទីរពេទ្យ។
លោក ឆាយ ធី៖ «បើសិនជាយើងចាប់បានជនសង្ស័យ ហើយមានរបួសស្នាម
ហើយយើងឃុំទុកហ្នឹង កិច្ចការមួយដែលយើងខ្វះមនុស្សធម៌ហើយ
សមត្ថកិច្ចហ្នឹងណា!
ដែលយើងមិនបានបំពេញកាតព្វកិច្ចក្នុងការគោរពសិទ្ធិមនុស្ស។
បើសិនជាយើងគិតថា ជនហ្នឹងជាជនត្រូវចោទ ឬសង្ស័យ
យើងសមត្ថកិច្ចត្រូវធ្វើដំណើរតាមឃ្លាំមើលកុំឲ្យរត់»។
ជនជាប់សង្ស័យដែលប៉ូលិសឃុំខ្លួន មានឈ្មោះ សុង សេងហ័ន អាយុ
២២ឆ្នាំ
ត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងហេតុការណ៍ជ្រួលច្របល់វាយគ្នារវាង
អ្នកមកកម្សាន្តពីក្រុមមួយទៅក្រុមមួយនៅក្នុងតំបន់ទឹកជ្រោះ៧
ជាន់ ឬរមណីយដ្ឋានទឹកជ្រោះអូរសៀនឡែ ក្នុងឃុំកាឡែង
ដែលធ្វើឲ្យមនុស្ស ២នាក់រងរបួសធ្ងន់ និងជាង ១០នាក់ទៀត
រងរបួសស្រាល។
ឪពុកជនជាប់សង្ស័យដែលប៉ូលិសចាប់ឃុំខ្លួន លោក សុង អ៊ីម
មានប្រសាសន៍បញ្ជាក់ថា
លោកបានសុំធានាយកកូនទៅមន្ទីរពេទ្យបន្ទាប់ពីកើតហេតុ
ប៉ុន្តែប៉ូលិសមិនយល់ព្រម។ លោកបន្តថា
ប៉ូលិសបានសម្រេចដោះលែងកូនប្រុសគាត់នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ
វិញ បន្ទាប់ពីរកឃើញថា កូនគាត់មិនមែនជាអ្នកបង្កហេតុនោះទេ។
លោក សុង អ៊ីម៖ «របួសធ្ងន់ តែកូនខ្ញុំហ្នឹងម្នាក់។
យកទៅសម្រាកពេទ្យទេ បាទ! យកទៅកំពង់ចាម មិនដឹងទាន់ ឬមិនទាន់ទេ។
ត្រូវធ្ងន់ដែរ ហើមមុខហើមមាត់ ជាំខ្លួន ក្បាលព្រោកដែរ។
យប់មិញហ្នឹងអត់មានអាវមានស្អីទេ មានតែខោលីអូ (ខោខ្លី) មួយ។
បាទ!សុំតាំងពីយប់់ គេអត់ឲ្យយើងធានា ហើយសុំតាំងពីម៉ោង ៩»។
នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកាឡែង លោក ជា ណែល
មានប្រសាសន៍បញ្ជាក់ថា ប៉ូលិសមិនបាននៅកន្លែងកើតហេតុទេ។
ចំណែកអ្នកបង្កហេតុ
និងអ្នករងរបួសបានចាកចេញអស់មុនប៉ូលិសមកដល់ទីកើតហេតុ។
លោកបន្តថា
ក្រុមសហគមន៍ការពាររមណីយដ្ឋានបានឃាត់ខ្លួនជនសង្ស័យមានរបួសធ្ងន់
ម្នាក់បញ្ជូនមកប៉ូលិស ទើបប៉ូលិសឃាត់ខ្លួនគេដើម្បីសាកសួរព័ត៌មាន
និងបានសម្របសម្រួលដោះលែងវិញ ដើម្បីទៅមន្ទីរពេទ្យព្យាបាលរបួស៖ «គាត់
គ្រោះថ្នាក់មែន ធ្វើម៉េចខ្ញុំទៅសែនដែរ
ខាងសហគមន៍គេចាប់បានៗខ្ញុំទៅយកក្រោយ។
ខ្ញុំនឹងធ្វើការសម្រុះសម្រួលគ្នាទៅ»។
សាក្សីក្នុងហេតុការណ៍សុំមិនឲ្យបញ្ចេញឈ្មោះមានប្រសាសន៍បញ្ជាក់
ថា ដោយសារជម្លោះពាក្យសំដីរវាងយុវជន ២ក្រុមបានវាយគ្នាហើយ
ការវាយគ្នានេះធ្វើឲ្យប៉ះទង្គិចទៅលើអ្នកទេសចរផ្សេងទៀត
ទើបបង្កឲ្យមានការវាយគ្នាពីក្រុមមួយទៅក្រុមមួយច្របូកច្របល់
ឡើង។
សាក្សីបន្តថា ក្រុមអ្នកការពាររមណីយដ្ឋាន ៣នាក់ ក៏ត្រូវរបួសក្នុងការផ្អើលវាយគ្នានេះដែរ៖
«សាក្សីឃើញផ្ទាល់ៗ គេថាមិនដឹងជារឿងអ្វីវាយគ្នាដូចសត្វធាតុ។
ស៊ើបសួរតាមលក្ខណៈទៅវាច្រើនហួស
គ្នាបួនប្រាំឡានហើយសុទ្ធតែអាគោយន្ត។
របួសច្រើនណាស់ឃើញតែបែកក្បាល ឃើញតែស្អីប្រហែលខ្ទង់ ២០នាក់នោះ»។
ស្នងការរងប៉ូលិសខេត្តរតនគិរី លោក ផែន ឌីណា មានប្រសាសន៍បញ្ជាក់ថា
ប៉ូលិសនឹងបន្តស្រាវជ្រាវពីមូលហេតុនាំឲ្យកើតចលាចលផ្អើលវាយគ្នា
នោះក្នុងទ្រង់ទ្រាយធំបែបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
មិនមែនចូលឆ្នាំចិនេចៀតណាមទេ។គឺចូលឆ្នាំចិនយួន។
Post a Comment