Friday, February 15, 2013

កម្មករ​​នៅតំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង និង​មេនហាធេន នៅបាវិត ផ្ទុះ​កូដកម្ម ដោយ​គ្មាន​ដំណោះស្រាយ

បាតុកម្ម​របស់​កម្មករ ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល នៅថ្ងៃ​អាទិត្យ ៣០ ធ្នូ ២០១២ (រូបថត​ឯកសារ)
RFI/Channa Siv
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 13 កុម្ភៈ 2013
ក្រុម ​កម្មករជិត ២ ម៉ឺននាក់ នៅ​រោងចក្រជាង ៣០ ផ្នែក​កាត់ដេរ រោងចក្រ​ផលិត​កង់ ធ្វើពូក និង​ផលិតគ្រឿងអគ្គិសនី នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស តា​យសេង និង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហា​តធេន ក្នុងទីក្រុងបាវិត ខេត្តស្វាយរៀង បានផ្ទុះកូដកម្មព្រមៗគ្នា នៅថ្ងៃពុធនេះ។ ក្រុមកម្មករ នៅរោងចក្រជាប់ព្រំដែនវៀតណាម​ បានទាមទារដំឡើង​ប្រាក់ខែ រហូតដល់ ១៥០ ដុល្លារ និងទាមទារលក្ខខណ្ឌការងារ មួយចំនួនទៀត។ កិច្ចប្រជុំដោះស្រាយសំណើរបស់​កម្មករ​ទាំង​នោះ នឹងធ្វើឡើង នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ស្អែក។ កូដកម្ម​របស់​ក្រុម​កម្មករនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង និងមេនហាតធេន ក្នុងទីក្រុង​បាវិត ខេត្តស្វាយរៀង បាន​ផ្តើមចេញពី​រោងចក្រ Best Way ដែល ​ជា​រោងចក្រ​តម្លើង​កង់ ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស មេន​ហាត​ធេន។ ​ក្រុមកម្មករ​ទាមទារ​តម្លើង​ប្រាក់ខែ​ពី ១២០ ទៅ ១៥០ ដុល្លារ ព្រមទាំង​លក្ខខណ្ឌ​ការងារ​មួយចំនួនទៀត។ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ ក៏​មាន​កម្មករ​​រោងចក្រ ឡុង​ប្រាយ ដែល​ផលិត​អំពូល​ភ្លើង ក៏​បាន​តវ៉ា​ផងដែរ​។​
រហូតដល់ព្រឹកថ្ងៃពុធនេះ កូដកម្មបានផ្ទុះឡើងក្នុង រោង ចក្រជាង ៣០ ដែលមានកម្មករសរុប​ជិត ២ ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស នៅទីក្រុងបាវិត។
​ លោក ហាស់ ប៊ុនធី ​ប្រធាន​មន្ទីរ​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្វាយរៀង ​បាន​ប្រាប់​វិទ្យុបារាំងថា នៅ​ព្រឹក​ថ្ងៃពុធ ទី​១៣​កុម្ភៈ ឆ្នាំ​២០១៣ ក្រុមកម្មករតវ៉ាទាំងនោះ បាន​អុក​ឡុក ដល់​រោងចក្រ​ផ្សេងទៀត នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេន និង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង ដោយ​រារាំង​មិន​ឲ្យ​កម្មករ ចូលធ្វើការ រហូត​ដល់​ថៅកែ​រោងចក្រ​ចិន និង​ជប៉ុន​​​​​​​ទាំងនោះ ហួសចិត្ត និង​អនុញ្ញាត​ឲ្យ​កម្មករ ឈប់សម្រាក ពេញ​មួយ​ថ្ងៃនេះ​។
តាមលោកប្រធានមន្ទីរ ក្រុម​កម្មករ តវ៉ា ​បាន​គប់​ដុំ​ថ្ម លើ​អគារ​រោងចក្រ​​។ តែ​អាជ្ញាធរ មិន​បាន​បង្ក្រាប ឬ​ចាប់ខ្លួន​កម្មករ​ទេ គ្រាន់តែ​ការពារ​សន្តិសុខ​រោងចក្រ​ប៉ុណ្ណោះ​។​
​ លោក ហាស់ ប៊ុន​ធី ក៏​បាន​បន្ថែមថា នៅ​ថ្ងៃស្អែក ( ថ្ងៃព្រហស្បតិ៍ ទី​១៤​កុម្ភៈ ) នឹង​មាន​ការជួប​ប្រជុំ​​ដោះស្រាយ ដោយ​មាន​មន្ត្រី​ក្រសួង​ការងារ ​សមាគម​រោងចក្រ​កាត់ដេរ តំណាង​អភិបាល​ខេត្ត ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​ទៀត ដើម្បី​​ជួប​​ប្រជុំ​​ដោះស្រាយ​​​បញ្ហា​​​កូដកម្ម​​​តវ៉ា​​​របស់​​កម្ម​ករ​​ ​នៅ​​តំបន់​​សេដ្ឋកិច្ច​​ពិសេស តា​យ សេង និង​មេន​ហាត​ធេន នៅ​ទីក្រុង​បាវិត​។
កូដកម្មនៅបាវិតនោះ ត្រូវបាន​លោក​ប្រធាន​មន្ទីរ អះអាងថា ជា​បញ្ហា​ក្តៅគគុក រយៈពេល ៤ ទៅ ៥ ថ្ងៃ​ហើយ ដែល​មន្ត្រី​មន្ទីរ​ការងារ ក៏ដូចជា​អាជ្ញាធរដែនដី បាន​ព្យាយាម​សម្របសម្រួល តែ​​មិនត្រូវរ៉ូវគ្នា ដោយសារ​តែ​ក្រុម​កម្មករ ទាមទារ​ហួសហេតុ លើស​ច្បាប់​ការងារ ដូចជា ប្រាក់​ថែម​​ម៉ោង រួម​ទាំង​ការ​តម្លើង​ប្រាក់ខែ​។ រីឯ​ថៅកែ​រោងចក្រ ក៏មាន​ជំហរ​រឹងផ្អឹង​ផងដែរ​។​
ដោយឡែក កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៣ កម្មករ​​ជាង ៦០០ នាក់ នៅរោងចក្រ ឡុង​​ប្រាយ ដែល​ផលិត​អំពូល​​អគ្គិសនី នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក៏បាន​លើកគ្នា​ ទៅ​កាន់​ទី​រួម​ខេត្ត​ស្វាយរៀង ដើម្បី​ស្នើសុំ​អភិបាលខេត្ត​ស្វាយរៀង ឲ្យជួយ​អន្តរាគមន៍ រក​​ដំណោះស្រាយ ចំពោះ​ការតវ៉ា​ យូរថ្ងៃ​មកហើយ​ ។​
​ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បានឲ្យដឹងថា បន្ទាប់​ពី​តំណាង​សហជីព​​កម្មករ បាន​ចូលជួប​អភិបាលរង​ខេត្ត​ស្វាយរៀង និង​អាជ្ញាធរ​ពាក់ព័ន្ធ កាលពី​ព្រឹក​ថ្ងៃទី​១៣​កុម្ភៈ​នេះ ក៏​មាន​ការសម្រេច​ថា នឹង​រៀបចំ​កិច្ចប្រជុំ​ដោះស្រាយ​ដោយឡែក​មួយ នៅ​សាលាក្រុង​​បាវិត នា​ព្រឹក​ថ្ងៃទី​១៤​កុម្ភៈ ឆ្នាំ​២០១៣ ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរខេត្ត មន្ទីរ​ពាក់ព័ន្ធ តំណាង​សហជីព​កម្មករ និង​ភាគី​ថៅកែ​រោងចក្រ ជុំវិញ​ការទាមទារ​របស់​កម្ម​ក​រទាំង ៦ ចំណុច ដែល​រួម​មាន​ការស្នើសុំ​ឲ្យ​ក្រុមហ៊ុន ដក​ប្រធាន​រដ្ឋបាល​ឈ្មោះ ដេវីដ និងលក្ខខណ្ឌ​ការងារមួយចំនួនទៀត។
ងាកមកមើលកូដកម្មបិទផ្លូវ នៅរោងចក្រយ៉ុងវ៉ា១  និង យ៉ុងវ៉ា២នៅតាខ្មៅខេត្តកណ្តាលវិញគឺនៅថ្ងៃពុធនេះចូលដល់ថ្ងៃទី២ហើយ កម្មករបន្តបិទផ្លូវ ដោយគ្មានដំណោះស្រាយ៕
 

1 comment:

Anonymous said...

កម្មករក្ដាន់!