ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅបុរីកីឡា ត្រូវបានដឹកយកទៅដាក់កណ្តាលវាលស្រែ នៅស្រុកពញាឮ។ រូបថត ជីវ័ន
Thursday, 21 February 2013
ម៉ៃ ទិត្យថារ៉ា ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ
អាជ្ញាធរជាតិដោះស្រាយជម្លោះដីធ្លីរបស់រដ្ឋាភិបាល បានអះអាងថា
នៅក្នុងឆ្នាំ២០១២ ជាឆ្នាំដែលជម្លោះដីធ្លី មានការកើនឡើង
ដោយខ្លួនបានស្រាយបញ្ហាជម្លោះដីធ្លី បានចំនួន
៣០ករណីក្នុងចំណោមពាក្យបណ្តឹងដែលទទួលបានសរុបចំនួន១០៣ ករណី។
យោង តាមសេចក្តីព្រាងរបាយការណ៍ស្តីពីសកម្មភាពនិងលទ្ធផលការងារ
របស់អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ប្រចាំឆ្នាំ ២០១២
ដែលបានចែកជូនដល់អ្នកសារព័ត៌មាន
នៅក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១២
និងទិសដៅបន្តឆ្នាំ២០១៣ កាលពីម្សិលមិញ បានឲ្យដឹងថា
នៅក្នុងឆ្នាំ ២០១២ អាជ្ញាធរជាតិ បានទទួលបណ្តឹងពីប្រជាពលរដ្ឋ
និងពីស្ថាប័នផ្សេងៗ ចំនួន១០៣ ករណី ក្នុងរាជធានីខេត្តចំនួន១៩។
បើប្រៀបធៀបទៅឆ្នាំ ២០១១ ជម្លោះដីធ្លី
មានការកើនឡើងចំនួន១០ករណី។
របាយការណ៍នេះ បានឲ្យដឹងថា រាជធានីភ្នំពេញ
ទទួលបានពាក្យបណ្តឹង ចំនួន២៥ ករណី គឺច្រើនជាងបណ្តាខេត្តផ្សេងទៀត
បន្ទាប់មក ខេត្តកំពង់ធំចំនួន១១ ករណី និងខេត្តព្រះសីហនុចំនួន
៩ករណី។ ក្នុងពាក្យបណ្តឹងទាំងនោះ គឺមាន ៥៦ សុំអន្តរាគមន៍ដោះស្រាយ
៣១រំលោភយកដី ១២ទាមទារយកដី ២ សុំធ្វើប័ណ្ណកម្មសិទ្ធិ
១សុំអនុវត្តសាលដីកា និង ១ បណ្តឹង
ប្រើអំពើហិង្សាក្នុងជំនាស់ដីធ្លី។ របាយការណ៍បានឲ្យដឹងទៀតថា៖
«ទំនាស់ដីធ្លីចំនួន៤ករណី ត្រូវទទួល និងបានដោះស្រាយបញ្ចប់
ដោយឯកឧត្តម ហ៊ុន ម៉ានិត
អគ្គលេខាធិការរងនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី»។
លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ
ដោះស្រាយទំនាស់ដីធ្លី បានថ្លែងថា
ជម្លោះដីធ្លីកើតឡើងគឺអាជ្ញាធរមូលដ្ឋានព្រងើយកន្តើយពុំព្រម
ដោះស្រាយ ហើយខេត្តមួយចំនួន មិនទទួលដោះស្រាយទេ។
លោកបានឲ្យដឹងទៀតថា៖«មន្ត្រីមួយចំនួន
បានកសាងឯកសារទាំងបំពានច្បាប់»។
លោក អំ សំអាត
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ
បានឲ្យដឹងថា បើតាមការអង្កេតរបស់អង្គការក្រៅរដ្ឋាភិបាល
ករណីជម្លោះដីធ្លី អាចមានច្រើនជាងនេះ តែករណីខ្លះ ប្រជាពលរដ្ឋ
មិនទាន់បានប្តឹងទៅកាន់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីនៅ
ឡើយទេ។ ទោះជាយ៉ាងណា ចំនួនជាង១០០ ករណីនេះក៏ច្រើនដែរ។
លោកបានថ្លែងថា៖ «ការដោះស្រាយជម្លោះដីធ្លី
ពុំទាន់ឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋនៅឡើយទេ។
អាជ្ញាធរជាតិ គួរតែបន្តដោះស្រាយបន្ថែមទៀត
ដើម្បីកុំឲ្យទំនាស់ជាប់គាំង
ក្លាយទៅជារ៉ាំរ៉ៃដែលអាចបង្កឲ្យមានបាតុភាពមិនប្រក្រតី ដូចជា
តវ៉ា ឬក៏ការប្រើហិង្សា»។
លោក សុន ឆ័យ តំណាងរាស្ត្រ គណបក្សសម រង្ស៊ី បានថ្លែងថា
ករណីជម្លោះដីធ្លី មិនមែនមានត្រឹមតែជាង១០០ ករណីនោះទេ
គឺអាចមានរាប់ពាន់រាប់ម៉ឺនករណី ដែលអ្នកមានអំណាច និងអ្នកមានលុយ
បានទៅកាងច្បាមយកដីរបស់ប្រជាពលរដ្ឋ យ៉ាងអយុត្តិធម៌។
លោកបានគូសបញ្ជាក់ថា៖«អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី
មិនអាចដោះស្រាយជម្លោះដីធ្លីបានទេ ពីព្រោះបញ្ហានោះ
វាកើតឡើងជាប្រព័ន្ធ ហើយអ្នកនៅកាងពីក្រោយជម្លោះដីធ្លី
គឺជាអ្នកធំ អ្នកមានអំណាចមានលុយ»។ លោក សុន ឆ័យ បានលើកឡើងថា
ដើម្បីដោះស្រាយ ឬទប់ស្កាត់បញ្ហាជម្លោះដីធ្លីឲ្យមានប្រសិទ្ធភាព
លុះត្រាតែមន្ត្រីមានអំណាច និងឈ្មួញមានប្រាក់
ត្រូវនាំគ្នាគោរពច្បាប់
មិនត្រូវយកអំណាចទៅកាងដីឲ្យឈ្មួញឡើយ។
យោងតាមរបាយការណ៍ របស់សមាគមការពារសិទ្ធិមនុស្សអាដហុក
ដែលបានចេញផ្សាយកាលពីខែកុម្ភៈ ដែលមានកម្រាស់ ៥៦ទំព័រ
មានចំណងជើងថា«ផ្លូវបត់»បានឲ្យដឹងថា ក្នុងឆ្នាំ២០១២
សមាគមអាដហុក កាន់វិវាទដីធ្លីចំនួន ៧០ ករណី ប៉ះពាល់លើផ្ទៃដី
១០១.៤០៨ ហិកតានិងប្រជាពលរដ្ឋចំនួន១០.៦៨៩ គ្រួសារ។ របាយការណ៍នេះ
ឲ្យដឹងថា
ខេត្តដែលទទួលរងផលប៉ះពាល់ដោយសារជម្លោះដីធ្លីខ្លាំងជាង គេ
គឺខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ កោះកុង ក្រចេះ មណ្ឌលគិរី រតនគិរី
និងសៀមរាប៕
No comments:
Post a Comment