(ថ្ងៃទី 18 កុម្ភៈ 2013, ម៉ោង 09:39:AM) | ដោយ: ចន្រ្ទា CEN
ភ្នំពេញ:
រយៈពេល ៨ថ្ងៃមកហើយ
ដែលកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង និងមេនហាតធេន
នៅក្រុងបាវិត មិនបានចូលធ្វើការងារ ដោយសារតែជាប់រវល់ធ្វើកូដកម្ម
ទាមទារលក្ខខណ្ឌការងារដំឡើងប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗ។
តែគ្មានដំណោះស្រាយ។ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ
កម្មកររោងចក្រទាំងអស់បាននាំគ្នាចូលធ្វើការវិញហើយ
ប៉ុន្តែក្នុងរយៈពេលប្រមាណជា ១ ម៉ោងក្រោយមក
ស្រាប់តែក្រុមកម្មករគ្រប់រោងចក្រហាក់ដូចមានអារម្មណ៍ផ្អើលៗ
ហើយក៏នាំគ្នាចេញពីរោងចក្រ
ដើរប្រសេចប្រសាចពេញតំបន់សេដ្ឋកិច្ចពិសេសទាំង២
ដោយមិនបានធ្វើកូដកម្មទេ។
ពោលគឺនាំគ្នាឡើងជិះរថយន្តសម្រាប់ដឹកកម្មករនោះ វិលត្រឡប់ទៅផ្ទះ
ធ្វើព្រងើយ។
ទោះជាយ៉ាងណាក៏ដោយ រឿងវិវាទការងាររវាងកម្មករ និងថៅកែរោងចក្រ ត្រូវបានបើកកិច្ចប្រជុំពិភាក្សារកដំណោះស្រាយវិវាទការងារជូនបងប្អូន កម្មកររោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន នៅក្រុងបាវិត។ កិច្ចប្រជុំនោះមានតំណាងកម្មករ សម្ព័ន្ធសហជីពចលនាកម្មករ ជាមួយថៅកែរោងចក្រ ដោយមានការចូលរួមពីលោក រស់ ឆាយ អភិបាលរងខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការ ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម គ្រប់មុខសញ្ញាក្នុងខេត្ត។
កិច្ចប្រជុំនោះ បានធ្វើឡើងដោយមើលមុខគ្នាមិនចំ គឺពុំទាន់ទទួលបានលទ្ធផលទេ។ ជាមួយកិច្ចការនេះ អាជ្ញាធរបានឯកភាពជាមួយគ្រប់សមភាគី ដោយសម្រេចថា នឹងបើកកិច្ចប្រជុំដ៏ធំមួយទៀតនៅថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខ ដែលថ្នាក់ក្រសួងការងារ ថ្នាក់ខេត្តចូលរួមដោះស្រាយផងដែរ ដើម្បីជៀសវាងកុំឲ្យអូសបន្លាយពេលកាន់តែយូរ។
ចំណែក ក្រុមកម្មករនៅតែប្រកាន់គោលជំហររបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ ក្នុងការទាមទារដំឡើងប្រាក់ខែគោលពី ៦១ ដុល្លារ ដល់ ១២០ ដុល្លារ ឬ១៥០ ដុល្លារ។
ជាមួយកូដកម្មទាមទារអត្ថប្រយោជន៍នេះ មានកិច្ចប្រជុំពិភាក្សាយ៉ាងតឹងសរសៃក ក៏បានធ្វើឡើងពេញមួយថ្ងៃ កាលពីថ្ងៃអាទិត្យ ទី១៧ខែកុម្ភៈ ឆ្នាំ២០១៣នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន នៅក្រុងបាវិត ដើម្បីរកដំណោះស្រាយវិវាទការងារជូនបងប្អូនកម្មករ រោងចក្រ ក្រុមហ៊ុនឡុងប្រាយ អេឡិចទ្រិចសេនធើប្រាយ ដោយមានការចូលរួមពីតំណាងកម្មករ សម្ព័ន្ធសហជីពចលនាកម្មករ ជាមួយថៅកែរោងចក្រ។
កិច្ចប្រជុំនោះ សម្រេចតាមការរំពឹងទុក ដោយទទួលបានលទ្ធផលជោគជ័យជាផ្លែផ្កាយ៉ាងត្រចះត្រចង់ រវាងតំណាងកម្មករ សម្ព័ន្ធសហជីពចលនាកម្មករ ជាមួយថៅកែរោងចក្រ ក្រុមហ៊ុនឡុងប្រាយ អេឡិចទ្រិចសេនធើប្រាយ ដោយអនុវត្តការអនុម័តព្រមព្រៀងគ្នាទាំង ៦ចំណុច។
បន្ទាប់ពីត្រូវរ៉ូវគ្នាឡើងវិញនោះ សមភាគីទាំង២ បានឯកភាពថា នៅថ្ងៃពុធ ទី២០ខែកុម្ភៈ ឆ្នាំ២០១៣ ក្រុមកម្មកររោងចក្រ ក្រុមហ៊ុនឡុងប្រាយ អេឡិចទ្រិចសេនធើប្រាយ ដែលធ្វើអំពូលភ្លើងនោះ នឹងចូលធ្វើការងារជាធម្មតាឡើងវិញ។
ប្រភពបានឲ្យដឹងថា ចំណុចដែលបងប្អូនកម្មកររោងចក្រ ឡុងប្រាយ ទាមទារមាន ៦ចំណុចគឺ ទី១-សុំឲ្យក្រុមហ៊ុនបញ្ឈប់លោកដេវីត ជាប្រធានរដ្ឋបាលរបស់ក្រុមហ៊ុន។ ទី២-សូមឲ្យក្រុមហ៊ុនបន្ថយចំនួនដុំនៅផ្នែកខ្សែក្នុង ៨ម៉ោង មកត្រឹម៦០ដុំ ហើយនៅផ្នែកគីបអំពូលមកត្រឹម៤០ដុំ។ ទី៣-សូមឲ្យក្រុមហ៊ុនបញ្ឈប់ការដាក់ទណ្ឌកម្មទៅលើកម្មករ-កម្មការិនី ដែលបានចូលរួមធ្វើកូដកម្ម។ ទី៤-សូមឲ្យក្រុមហ៊ុនបញ្ឈប់ការដកកម្មករកម្មការិនីណាដែលដល់ កិច្ចសន្យា ពីព្រោះក្រុមហ៊ុននៅតែជ្រើសរើសកម្មករ។ ទី៥-បញ្ឈប់ការរើសអើងក្នុងការបង្កើតសហជីពរបស់បងប្អូនកម្មករ និយោជិត និងទី៦- ការថែមម៉ោងត្រូវឈរលើគោលការណ៍ស្ម័គ្រចិត្ត។
សូមបញ្ជាក់ថា កម្មករ កម្មការិនីប្រមាណ ២ម៉ឺននាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង និងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្នុងទីក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើកូដកម្មចាប់តាំងពីថ្ងៃទី១១ ខែកុម្ភៈ ២០១៣។ ពួកគេទាំងនោះ បានធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ ប្រាក់អត្ថប្រយោជន៍ការងារ រួមទាំងការដំឡើងប្រាក់ខែ៕
No comments:
Post a Comment