Monday, February 18, 2013

កម្មករ​រោងចក្រ​យ៉ុងវ៉ា​៧​ពាន់​នាក់​បន្ត​តវ៉ា​បិទ​ផ្លូវ​សាជា​ថ្មី

កម្មករ​រាប់​ពាន់​នាក់​នៅ​រោងចក្រ​យ៉ុងវ៉ា១ និង​២​តវ៉ាបិទ​ផ្លូវ​កាល​ពី​ដើម​សប្តាហ៍​មុន។​រូប​ថត​ផា លីណា

Monday, 18 February 2013 
មុំ គន្ធា  ភ្នំពេញប៉ុស្តិ៍

កណ្តាលៈ កម្មករ​រាប់​ពាន់​នាក់​នៅ​រោងចក្រ​យ៉ុងវ៉ា១ និង​២​បាន​ចាប់​ផ្តើម​បិទ​ផ្លូវ​សារជា​ថ្មី​ម្តង​ទៀត​នៅ​ព្រឹក​មិញ​នេះ​ ក្នុង​ការ​ទាម​ទារ​​ឲ្យ​ថៅកែ​របស់​ពួកគេ​បើក​ប្រាក់​អតីត​ភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៌​ផ្សេងៗ​ទៀត​បន្ទាប់​ពី​ថៅកែ​បាន​រត់​ចោល​ដោយ​មិន​  បាន​ធ្វើ​ការ​ដោះ​ស្រាយ​ជូន​ពួកគេ។​​
កម្មករ​សយ សុខជា បាន​ឲ្យ​ដឹង​ថា​ កម្មករ​បាន​ចាប់​ផ្តើម​បិទ​ផ្លូវ​តាំង​ពី​ម៉ោង​៦ព្រឹក ដោយ​នាំគ្នា​មក​ឈរ​នៅ​ចំងាយ​ប្រមាណ​ជា​៥០០​ម៉ែត្រ​ពី​ផ្ទះ​សម្តេច​នាយក​រដ្ឋ ​មន្រ្តី​ហ៊ុន សែន ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដើម្បី​ឲ្យ លោក​នាយក​រដ្ឋ​មន្រ្តី និង​អាជ្ញាធរ​ពាក់​ព័ន្ធ​បាន​ឃើញ​ពី​ការ​ទាមទារ​របស់​ពួក​គេ។
លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា៖ «មាន​សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​មក​ឈរ​នៅ​ការពារ​សណ្តាប់​ធ្នាប់ និង​សុវត្ថិភាព​នៅ​កន្លែង​បាតុករ​ដោយ​ខ្លាច​ពួក​យើង​មាន​ការ​ប្រទូស្ត​សារាយ ​ណា​មួយ​កើត​ឡើង ប៉ុន្តែ​ពួកយើង​ធ្វើ​ការ​តវ៉ា​នេះ​ដោយ​អហឹង្សា​តែ​ប៉ុណ្ណោះ»។
លោក​សយ សុខ​ជា​ បាន​បន្ត​ទៀត​ថា ក្នុង​នោះ​ក៏​មាន​ឡាន​ទឹក​ពីរ​គ្រឿង​បញ្ឈរ​នៅ​កណ្តាល​ផ្លូវ​ផង​ដែរ​សម្រាប់ បង្រ្កាប​បាតុកម្ម។​
សូម​បញ្ជាក់​ថា​កម្មករ​ជាង​៧០០០​នាក់​នៅ​រោងចក្រ​នេះ​បាន​ធ្វើ​ការ​តវ៉ា​ តាំង​ពី​ដើម​សប្តាហ៌​មុន ទាមទារ​ប្រាក់​ ខែ ខែ​មករា​របស់​ពួកគេ បន្ទាប់​ពី​ថៅកែ​បាន​រត់​បាត់​កាល​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១២មក។ រាជ​រដ្ឋាភិបាល​បាន​ធ្វើ​អន្តរា​គមន៌​បើក​ប្រាក់​ខែ​សម្រាប់​ពួកគេ​កាល​ពី​ ថ្ងៃ​សុក្រ​កន្លង​មក​នេះ​រួច​ហើយ តែ​កម្មករ​នៅតែ​បន្ត​ធ្វើ​ការ​តវ៉ា​ទៀត ដោយ​សារ​ប្រាក់​អត្ថប្រយោជន៌​ និង​ប្រាក់​អតីត​ភាព​ការងារ​របស់​ពួកគេ​មិន​ទាន់​បាន​បើក​នៅ​ឡើយ។

យោង​តាម​ព័ត៌មាន​របស់​សហជីព​ស៊ីខៅឌូ​បាន​ឲ្យ​ដឹង​ថា កម្មករ-​កម្មការិនី​រោងចក្រ​យ៉ុង​វ៉ា ចាប់​ផ្តើម​ដំណើរ​ការ​តំាង​ពី​ឆ្នំាំ​១៩៩៨ ហើយ ​កម្មករ​ភាគ​ច្រើន​សុទ​សឹង​តែ​ធ្វើ​ការ​ចាប់​ពី ៨ ទៅ ១០​ឆ្នំាំ។ ប្រសិន​បើ​គិត​ពី​ប្រាក់​អតីត​ភាព និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ ថៅកែ​រោង​ចក្រ ត្រូវ​ចំណាយ​ថវិការ​ប្រហែល ៧ ទៅ ៨ លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​កម្មករ​និយោ​ជិត​ទំាង​អស់​គ្នា។

No comments: