កម្មករ កម្មការិនីមកតវ៉ាមុខរោងចក្រ តាំងពីពេលព្រឹកមិញនេះ។រូបថតផា លីណា |
Tuesday, 12 February 2013
មុំ គន្ធា
The Phnom Penh Post
កណ្តាលៈ កម្មកររាប់ពាន់នាក់នៅរោងចក្រយ៉ុងវ៉ា ស្ថិតនៅក្រុងតាខ្មៅខេត្តកណ្តាល នៅតែបន្តអង្គុយមុខរោងចក្រ ដោយគ្មានដំណោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធ ខណៈពេលដែលមន្ទីរការងារខេត្តគ្រោងនឹងបង្កើតគណកម្មាការមួយដើម្បីចុះទៅពិនិត្យមើលសំភារៈរោងចក្រ។
តាំងពីវេលាម៉ោង៦.៣០នាទីព្រឹក បន្ទាប់ពីថៅកែបានរត់គេចខ្លួនដោយមិនបានបើកប្រាក់ខែជូនកម្មករតាំងពីខែមករា កម្មករប្រមាណជា៧០០០នាក់មកពីរោងចក្រចំនួនពីរ គឺរោងចក្រយ៉ុងវ៉ា១ និងយ៉ុងវ៉ា២ ស្ថិតនៅក្រុងតាខ្មៅខេត្តកណ្តាល បានធ្វើការតវ៉ានៅខាងមុខរោងចក្រដោយបានបិទផ្លូវជាតិលេខ២១
តំណាងកម្មករបានឲ្យដឹងថា កម្មករមិនបានរួញរាក្នុងការបន្តធ្វើការតវ៉ានេះទេ ដោយសារតែពួកគេគ្មានដំណោះស្រាយ។
អ្នកនាង សុខ ផល្លា បានឲ្យដឹងថា សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ ដេរកម្ពុជាបានដាក់ពាក្យស្នើសុំដីការរក្សាការពារហាមថៅកែក្រុមហ៊ុនយកឥវ៉ាន់ចេញមុនពេលពួកគេទទួលបានប្រាក់ខែ និងប្រាក់អត្ថប្រយោជន៌ផ្សេងៗទៅតាមច្បាប់ការងារ។
អ្នកនាង សុខ ផល្លា បានបន្តទៀតថា កម្មករនឹងត្រលប់មកតវ៉ានៅកន្លែងដដែលនៅថ្ងៃស្អែករហូតទាល់តែពួកគេទទួលបាននូវអី្វដែលគេបានទាមទារ។
លោកធុក វិន អនុប្រធានមន្ទីរការងារខេត្តកណ្តាលទទួលបន្ទុកដោះស្រាយបាតុកម្ម កូដកម្មបានមានប្រសាសន៌ថា គណកម្មការដោះស្រាយវិវាទការងារខេត្តបានធ្វើការប្រជុំដើម្បីរកដំណោះស្រាយលើករណីនេះ តែមិនទាន់មានចំលើយនៅឡើយទេ។
លោកបានបន្ថែមថា៖ «យើងបានធ្វើសេចក្តីព្រាងមួយក្នុងការបង្កើតគណកម្មការមួយថ្មីទៀតសំរាប់ចុះទៅពិនិត្យសំភារៈក្នុងរោងចក្រ រួចពិភាក្សាក្នុងការ ដាក់លក់ ឡៃឡុងដើម្បីយកប្រាក់មកបើកជូនកម្មករ»។
លោកបន្តថា លោករង់ចាំការសំរេចពីលោកអភិបាលខេត្តលើសេចក្តីព្រាងនេះសិន ទើបចាប់ផ្តើមធ្វើការអនុវត្ត។
ជាមួយគ្នានេះដែរ លោកជា មុន្នី ប្រធានសហជីពសេរីកម្មករ បានសរសេរលិខិតមួយច្បាប់ទៅលោកប្រធានសមាគមកាត់ដេរកម្ពុជា វ៉ាន់ ស៊ូអៀង ឲ្យដោះស្រាយជូនកម្មកររាប់ពាន់នាក់នេះខណៈដែលថៅកែរបស់គេបានរត់គេច ខ្លួនបាត់។
No comments:
Post a Comment