Tuesday, March 12, 2013

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

ដោយ តាំង សារ៉ាដា
RFA Khmer, 2013-03-10
ក្រុម​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាប់​ផ្ដើម​កសាង​ប្រទេស​ក្នុង​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ​មួយ​ប្រកប​ដោយ​ភាព​ ស្អាត​ស្អំ តម្លា​ភាព បំបាត់​អំពើ​ពុក​រលួយ និង​លើក​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ ដើម្បី​អោយ​កម្ពុជា​រីក​ចំរើន​ដូច​បណ្ដា​ឲ្យ​ប្រទេស​ជឿន​លឿន​នៅ​លើ​ពិភពលោក។ គោល​បំណង​នេះ​អាច​សម្រេច​ទៅ​បាន​លុះត្រាតែ​ប្រទេស​មួយ​នេះ បង្កើត និង​អនុវត្ត​ឲ្យ​បាន​នូវ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។

អង្គការ​តម្លាភាព​អន្តរជាតិ​ ឲ្យ​ដឹង​ថា សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លាត​ត្រដាង​ ព័ត៌មាន​ចាំបាច់​ត្រូវ​ដឹង​នានា​ជា​សាធារណៈ គឺ​ជា​យន្តការ​មួយ​ក្នុង​ការ​ជំរុញ​ឲ្យ​កម្ពុជា ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជឿនលឿន និង​ការ​បំបាត់​អំពើ​ពុក​រលួយ។

លោក ប៉ិច ពិសី នាយក​កម្មវិធី​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​សម្រាប់​សាខា​ក្នុង​ប្រទេស​ កម្ពុជា ថ្លែង​ថា រហូត​មក​ទល់​ពេល​នេះ​ព័ត៌មាន​សំខាន់ៗ​អំពី​ការ​សាង​សង់​ផ្លូវ ស្ពាន អាគារ​ខ្ពស់ៗ និង​ការ​អភិវឌ្ឍ​ផ្សេងៗ នៅ​មិន​ទាន់​ត្រូវ​បាន​លាត​ត្រដាង​ជា​សាធារណៈ​នៅ​ឡើយ។ ដូច្នេះ​ការ​បង្កើត​ឲ្យ​មាន​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន គឺ​ជា​កម្លាំង​ចលករ​មួយ​ដ៏​ធំធេង​ក្នុង​ការ​បង្កើត​នូវ​តម្លាភាព​សង្គម។


ទោះ​ជា​យ៉ាងណា​ក៏​ដោយ ការ​ទទូច​អោយ​បង្កើត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​កំពុង​ក្លាយ​ ជា​ឆ្អឹង​ទទឹង​ករ​របស់​រដ្ឋាភិបាល​កម្ពុជា។ កាល​ពី​ដើម​ឆ្នាំ​២០១៣ នេះ រដ្ឋសភា​កម្ពុជា បាន​បដិសេធ​សេចក្ដី​ស្នើ​ច្បាប់​ពី​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង ដោយ​លើក​ហេតុផល​មក​អះអាង​ថា មាន​ខ្លឹមសារ​ខ្លះ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។

វិទ្យាស្ថាន​តស៊ូ​មតិ និង​គោល​នយោបាយ (API) និង ក្រុម​ការងារ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន បាន តាក់​តែង​ច្បាប់​គំរូ​មួយ​ស្ដី​ពី​សិទ្ធិ​ទទួល បាន​ព័ត៌មាន​នេះ។ រហូត​មក​ទល់​ពេល​នេះ​ពួកគេ​កំពុង​ស្វែង​រក លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​បញ្ជូន​ច្បាប់​គំរូ​មួយ​នេះ​ទៅ​ដល់​ដៃ​រដ្ឋ​សភា ក្នុង​ជំនឿ​មុតមាំ​ថា រដ្ឋ​សភា​នឹង​មិន​បដិសេធ​ទេ។

លោក មែន វណ្ណផានិត មន្ត្រី​កម្ម​វិធី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​វិទ្យាស្ថាន​តស៊ូ​មតិ​និង​ គោល​នយោបាយ ថ្លែង​ថា នៅ​ក្នុង​ច្បាប់​គំរូ​របស់​សង្គម​ស៊ីវិល​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ នេះ គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចែង​ឲ្យ​បាន​ច្បាស់​អំពី​អ្វី​ដែល​ជា​ព័ត៌មាន​ អាថ៌កំបាំង​អ្វី​ដែល​ប៉ះពាល់​សន្តិសុខ​សង្គម ហើយ​អ្វី​ដែល​ជា​ព័ត៌មាន​ត្រូវ​បើក​ចំហ ដើម្បី​កុំ​អោយ​រដ្ឋ​អំណាច ឬ​តុលាការ​បក​ស្រាយ​តាម​ទំនើង​ចិត្ត ដែល​ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​សាធារណជន។

ច្បាប់​ស្ដីពី​ការ​ទទួល​បាន​ព័ត៌មាន​កំពុង​ស្ថិត​នៅ​លើ​ចំណុច​ទាល់ច្រក​ មួយ ខណៈ​ភាគី​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​កំពុង​មាន​ភាព​ចម្រូងចម្រាស​ទៅ​លើ​ពាក្យ​ថា "សន្តិសុខ​សង្គម"។ រដ្ឋាភិបាល​ប្រកាន់​ជំហរ​របស់​ខ្លួន​ថា ព័ត៌មាន​អាថ៌កំបាំង​ជា​ព័ត៌មាន​ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ សាធារណៈ និង​សន្តិសុខ​សង្គម។ ប៉ុន្តែ​ខាង​សង្គម​ស៊ីវិល​ចង់​ឲ្យ​រដ្ឋាភិបាល​កំណត់​ឲ្យ​ច្បាស់​ថា តើ​ចំណុច​ជាក់លាក់​ណា​មួយ​ដែល​ជា​ការ​ប៉ះ​ទង្គិច​ដល់​សន្តិសុខ​សង្គម​នោះ។

លោក មែន វណ្ណផានិត មាន​ប្រសាសន៍​បន្ត​ថា សង្គម​ស៊ីវិល​ចង់​ឲ្យ​រដ្ឋាភិបាល​ឈរ​លើ​ប្រយោជន៍​ពលរដ្ឋ​ធំ​ជាង​ប្រយោជន៍​ស្ថាប័ន ឬ​បុគ្គល។

ក្រុម​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​សមាជិក​រដ្ឋ​សភា​នៃ​បក្ស​កាន់​អំណាច នៅ​មិន​ទាន់​អាច​បកស្រាយ​បាន​នៅ​ឡើយ​ទេ អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ បាន​ព័ត៌មាន​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថ្លែង​ថា ការ​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ គឺ​ស្រប​ទៅ​នឹង​ឆន្ទៈ​របស់​រដ្ឋាភិបាល។ លោក​បន្ត​ថា រដ្ឋាភិបាល​កំពុង​រៀបចំ​តាក់​តែង​ច្បាប់​ស្ដីពី​ការ​ថែ​រក្សា​ភាព​ឯកជន​ជា​ មុន​សិន ដើម្បី​កំណត់​ឲ្យ​ច្បាស់​ថា តើ​អ្វី​ជា​ភាព​ឯកជន ជា​សាធារណៈ ឬ​ជា​របស់​រដ្ឋ​នោះ?

មាត្រា ៣៥ និង​មាត្រា ៤១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ មាន​សិទ្ធិ​ចូល​រួម​ឆាក​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌។ មាត្រា ១៩ នៃ​សេចក្ដី​ប្រកាស​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ​ដែល​កម្ពុជា ជា​សមាជិក​នោះ ចែង​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​បញ្ចេញ​មតិ​ដោយ​សេរី មាន​សិទ្ធិ​ស្វែង​រក និង​ទទួល​បាន​ព័ត៌មាន​គ្រប់​ប្រភេទ​ដោយ​ផ្ទាល់​មាត់ ដោយ​សំណេរ ឬ​ដោយ​ការ​បោះពុម្ព​ទៅ​តាម​សេចក្ដី​ត្រូវការ។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា រហូត​មក​ទល់​ពេល​នេះ ក្រសួង មន្ទីរ ឬ​ស្ថាប័ន​របស់​រដ្ឋ​ទាំង​អស់ ខ្វះ​ការ​រៀប​ចំ​ចាត់​ចែង​ខាង​ព័ត៌មាន​ជា​លក្ខណៈ​ប្រព័ន្ធ ដូច្នេះ​វា​អាច​នាំ​ឲ្យ​មាន​ភាព​វឹកវរ​មួយ ប្រសិន​បើ​រដ្ឋ​មិន​មាន​បច្ចេកទេស​ក្នុង​ការ​ចាត់​ចែង​នោះ។

ព័ត៌មាន​គឺ​ជា​ឱសថ​ដ៏​ស័ក្ដិសិទ្ធិ​មួយ​ក្នុង​ការ​កម្ចាត់​ជំងឺ​ពុករលួយ​ សង្គម និង​នាំ​មក​វិញ​នូវ​គណនេយ្យភាព ឬ​ការ​ទទួល​ខុស​ត្រូវ តម្លាភាព ដែល​នឹង​នាំ​ឲ្យ​ប្រទេស​ខិត​ចូល​ក្នុង​លំដាប់​ប្រទេស​ស្អាត​ស្អំ។

បើ​ទោះ​ជា​ប្រទេស​កម្ពុជា មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​មាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ក៏​ដោយ ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​អាច​បំបាត់​អំពើ​ពុករលួយ​លំដាប់​ខ្ពស់​បាន​ឡើយ។ នោះ​ក៏​ដោយសារ​តែ​ច្បាប់ សមាសភាព និង​យន្តការ​សម្រាប់​ដោះស្រាយ​អំពើ​ពុករលួយ ធ្វើ​ឡើង​ដោយ​នៅ​ខ្វះ​តម្លាភាព និង​ខ្វះ​ឆន្ទៈ​ពិតប្រាកដ។ ឧទាហរណ៍ ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​មន្ត្រី​រាជការ អាច​ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ ដូច្នេះ​សាធារណជន​ក៏​នៅ​តែ​មិន​អាច​ដឹង​អំពី​អំពើ​ពុក​រលួយ​របស់​ក្រុម​អ្នក ​ដឹក​នាំ​ប្រទេស​របស់ ខ្លួន។

សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​អំពើ​ពុក​រលួយ​របស់​អង្គការ​តម្លាភាព​ អន្តរជាតិ​សម្រាប់​ឆ្នាំ​២០១២ បង្ហាញ​ថា កម្ពុជា​ស្ថិត​ក្នុង​លេខ​រៀង​ទី ១៥៧ ក្នុង​ចំណោម​ប្រទេស ១៧៦ លើ​ពិភពលោក។ ក្រុម​សង្គម​ស៊ីវិល​និយាយ​ថា ការ​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដ៏​ល្អ​មួយ​នឹង​ជួយ​អោយ​ កម្ពុជា ទទួល​បាន​នូវ​ប្រាក់​ចំណូល​ខ្ពស់ តាម​រយៈ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។ នេះ​ក៏​ដោយសារ​ថា អ្នក​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី «ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន» នេះ មិន​មែន​តែ​សង្គម​ស៊ីវិល ឬ​ប្រជាពលរដ្ឋ​ទូទៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល រដ្ឋ​សភា អ្នក​សារព័ត៌មាន និង​តុលាការ ក៏​នឹង​ទទួល​បាន​ផល​ពី​ច្បាប់​នេះ​ដែរ។

ដោយ​ហេតុផល​នេះ​ហើយ ក្រុម​សង្គម​ស៊ីវិល​ទទូច​ថា ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​គួរ​តែ​នាំ​គ្នា​ជំរុញ និង​លើក​ទឹក​ចិត្ត​អោយ​មាន​ការ​តាក់តែង និង​អនុម័ត «ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន» ដ៏​ល្អ​មួយ ដើម្បី​ឲ្យ​កម្ពុជា​អាច​បោះ​ជំហាន​ទៅ​មុខ​ឲ្យ​បាន​ឆ្ងាយ និង​ល្អ​ប្រសើរ​ជា​ជាង​ការ​បន្ទោស​ច្រំដែលៗ​ដល់​របប​ខ្មែរ​ក្រហម ដែល​កើត​ឡើង​តាំង​ពី​ជាង ៣៤​ឆ្នាំ មុន​ម្ល៉េះ។

លោក សុន ឆ័យ និយាយ​ពី​ការ​ដែល​សភា​ច្រាន​ចោល​សេចក្ដី​ព្រាង​ច្បាប់​នេះ
មន្ត្រី​បក្ស​ជំទាស់​សំដែង​ការ​សោកស្ដាយ ក្រោយ​ពី​រដ្ឋ​សភា​កម្ពុជា បាន​ច្រាន​ចោល​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ ខ្លួន​ចំនួន​ពីរ​ដង​មក​ហើយ ដោយ​ហេតុផល​ថា កម្ពុជា​មិន​ត្រូវ​ការ​ច្បាប់​បែប​នេះ។ តំណាងរាស្ត្រ​បក្ស​ជំទាស់​និយាយ​ថា ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ជា​អាវុធ​ដ៏​សំខាន់​មួយ​ក្នុង​ការ​បំបាត់​អំពើ​ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ និង​អំពើ​ពុករលួយ​កម្រិត​ខ្ពស់​នៅ​កម្ពុជា។

2 comments:

Anonymous said...

សង្គមស៊ីតែប្រាក់ខែនឹងជួយធ្វើអីបានខ្លះនៅស្រុកសម៉ែ?

Anonymous said...

សង្គមស្វាCPP និង សង្គមស្វាសង្រ្គោះយួន
ស៊ីតែប្រាក់ខែនឹងជួយបានយួន
រហូតជាង៨លាននាក់ នៅក្នុងស្រុកសម៉ែ។