ដោយ តាំង សារ៉ាដា
RFA Khmer, 2013-03-10
RFA Khmer, 2013-03-10
ក្រុមសង្គមស៊ីវិលជាតិនិងអន្តរជាតិ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា
ចាប់ផ្ដើមកសាងប្រទេសក្នុងទស្សនៈវិស័យវែងឆ្ងាយមួយប្រកបដោយភាព
ស្អាតស្អំ តម្លាភាព បំបាត់អំពើពុករលួយ
និងលើកកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ
ដើម្បីអោយកម្ពុជារីកចំរើនដូចបណ្ដាឲ្យប្រទេសជឿនលឿននៅលើពិភពលោក។
គោលបំណងនេះអាចសម្រេចទៅបានលុះត្រាតែប្រទេសមួយនេះ បង្កើត
និងអនុវត្តឲ្យបាននូវច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន។
អង្គការតម្លាភាពអន្តរជាតិ
ឲ្យដឹងថា
សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទាមទារឲ្យរដ្ឋាភិបាលលាតត្រដាង
ព័ត៌មានចាំបាច់ត្រូវដឹងនានាជាសាធារណៈ
គឺជាយន្តការមួយក្នុងការជំរុញឲ្យកម្ពុជា
ធ្វើដំណើរឆ្ពោះទៅរកភាពជឿនលឿន និងការបំបាត់អំពើពុករលួយ។
លោក ប៉ិច ពិសី
នាយកកម្មវិធីរបស់អង្គការតម្លាភាពអន្តរជាតិសម្រាប់សាខាក្នុងប្រទេស
កម្ពុជា ថ្លែងថា
រហូតមកទល់ពេលនេះព័ត៌មានសំខាន់ៗអំពីការសាងសង់ផ្លូវ ស្ពាន
អាគារខ្ពស់ៗ និងការអភិវឌ្ឍផ្សេងៗ
នៅមិនទាន់ត្រូវបានលាតត្រដាងជាសាធារណៈនៅឡើយ។
ដូច្នេះការបង្កើតឲ្យមានច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន
គឺជាកម្លាំងចលករមួយដ៏ធំធេងក្នុងការបង្កើតនូវតម្លាភាពសង្គម។
ទោះជាយ៉ាងណាក៏ដោយ
ការទទូចអោយបង្កើតច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានកំពុងក្លាយ
ជាឆ្អឹងទទឹងកររបស់រដ្ឋាភិបាលកម្ពុជា។ កាលពីដើមឆ្នាំ២០១៣ នេះ
រដ្ឋសភាកម្ពុជា
បានបដិសេធសេចក្ដីស្នើច្បាប់ពីក្រុមមន្ត្រីបក្សប្រឆាំង
ដោយលើកហេតុផលមកអះអាងថា មានខ្លឹមសារខ្លះផ្ទុយពីរដ្ឋធម្មនុញ្ញ។
វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និង
ក្រុមការងារសិទ្ធិទទួលបានព័ត៌មាន បាន
តាក់តែងច្បាប់គំរូមួយស្ដីពីសិទ្ធិទទួល បានព័ត៌មាននេះ។
រហូតមកទល់ពេលនេះពួកគេកំពុងស្វែងរក
លទ្ធភាពគ្រប់គ្រាន់ក្នុងបញ្ជូនច្បាប់គំរូមួយនេះទៅដល់ដៃរដ្ឋសភា
ក្នុងជំនឿមុតមាំថា រដ្ឋសភានឹងមិនបដិសេធទេ។
លោក មែន វណ្ណផានិត
មន្ត្រីកម្មវិធីសិទ្ធិទទួលបានព័ត៌មានរបស់វិទ្យាស្ថានតស៊ូមតិនិង
គោលនយោបាយ ថ្លែងថា
នៅក្នុងច្បាប់គំរូរបស់សង្គមស៊ីវិលស្ដីពីសិទ្ធិទទួលបានព័ត៌មាន
នេះ
គឺទាមទារឲ្យរដ្ឋាភិបាលចែងឲ្យបានច្បាស់អំពីអ្វីដែលជាព័ត៌មាន
អាថ៌កំបាំងអ្វីដែលប៉ះពាល់សន្តិសុខសង្គម
ហើយអ្វីដែលជាព័ត៌មានត្រូវបើកចំហ ដើម្បីកុំអោយរដ្ឋអំណាច
ឬតុលាការបកស្រាយតាមទំនើងចិត្ត
ដែលជាការប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានរបស់សាធារណជន។
ច្បាប់ស្ដីពីការទទួលបានព័ត៌មានកំពុងស្ថិតនៅលើចំណុចទាល់ច្រក
មួយ ខណៈភាគីរដ្ឋាភិបាល
និងសង្គមស៊ីវិលកំពុងមានភាពចម្រូងចម្រាសទៅលើពាក្យថា
"សន្តិសុខសង្គម"។ រដ្ឋាភិបាលប្រកាន់ជំហររបស់ខ្លួនថា
ព័ត៌មានអាថ៌កំបាំងជាព័ត៌មានដែលអាចនាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់
សាធារណៈ និងសន្តិសុខសង្គម។
ប៉ុន្តែខាងសង្គមស៊ីវិលចង់ឲ្យរដ្ឋាភិបាលកំណត់ឲ្យច្បាស់ថា
តើចំណុចជាក់លាក់ណាមួយដែលជាការប៉ះទង្គិចដល់សន្តិសុខសង្គមនោះ។
លោក មែន វណ្ណផានិត មានប្រសាសន៍បន្តថា សង្គមស៊ីវិលចង់ឲ្យរដ្ឋាភិបាលឈរលើប្រយោជន៍ពលរដ្ឋធំជាងប្រយោជន៍ស្ថាប័ន ឬបុគ្គល។
ក្រុមមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ
និងសមាជិករដ្ឋសភានៃបក្សកាន់អំណាច
នៅមិនទាន់អាចបកស្រាយបាននៅឡើយទេ
អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតច្បាប់ស្ដីពីសិទ្ធិទទួល
បានព័ត៌មាននេះ។
ទោះជាយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រីថ្លែងថា
ការបង្កើតច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ
គឺស្របទៅនឹងឆន្ទៈរបស់រដ្ឋាភិបាល។ លោកបន្តថា
រដ្ឋាភិបាលកំពុងរៀបចំតាក់តែងច្បាប់ស្ដីពីការថែរក្សាភាពឯកជនជា
មុនសិន ដើម្បីកំណត់ឲ្យច្បាស់ថា តើអ្វីជាភាពឯកជន ជាសាធារណៈ
ឬជារបស់រដ្ឋនោះ?
មាត្រា ៣៥ និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា
ពលរដ្ឋខ្មែរទាំងពីរភេទមានសេរីភាពក្នុងការបញ្ចេញមតិ
មានសិទ្ធិចូលរួមឆាកនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ មាត្រា
១៩ នៃសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិដែលកម្ពុជា
ជាសមាជិកនោះ ចែងថា ពលរដ្ឋគ្រប់រូបមានសិទ្ធិបញ្ចេញមតិដោយសេរី
មានសិទ្ធិស្វែងរក និងទទួលបានព័ត៌មានគ្រប់ប្រភេទដោយផ្ទាល់មាត់
ដោយសំណេរ ឬដោយការបោះពុម្ពទៅតាមសេចក្ដីត្រូវការ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា
រហូតមកទល់ពេលនេះ ក្រសួង មន្ទីរ ឬស្ថាប័នរបស់រដ្ឋទាំងអស់
ខ្វះការរៀបចំចាត់ចែងខាងព័ត៌មានជាលក្ខណៈប្រព័ន្ធ
ដូច្នេះវាអាចនាំឲ្យមានភាពវឹកវរមួយ
ប្រសិនបើរដ្ឋមិនមានបច្ចេកទេសក្នុងការចាត់ចែងនោះ។
ព័ត៌មានគឺជាឱសថដ៏ស័ក្ដិសិទ្ធិមួយក្នុងការកម្ចាត់ជំងឺពុករលួយ
សង្គម និងនាំមកវិញនូវគណនេយ្យភាព ឬការទទួលខុសត្រូវ តម្លាភាព
ដែលនឹងនាំឲ្យប្រទេសខិតចូលក្នុងលំដាប់ប្រទេសស្អាតស្អំ។
បើទោះជាប្រទេសកម្ពុជា មានច្បាប់ប្រឆាំងអំពើពុករលួយ
មានអង្គភាពប្រឆាំងអំពើពុករលួយ
និងមានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយក៏ដោយ
ក៏ត្រូវបានគេមើលឃើញថា
មិនអាចបំបាត់អំពើពុករលួយលំដាប់ខ្ពស់បានឡើយ។
នោះក៏ដោយសារតែច្បាប់ សមាសភាព
និងយន្តការសម្រាប់ដោះស្រាយអំពើពុករលួយ ធ្វើឡើងដោយនៅខ្វះតម្លាភាព
និងខ្វះឆន្ទៈពិតប្រាកដ។ ឧទាហរណ៍ ការប្រកាសទ្រព្យសម្បត្តិ
និងប្រាក់ចំណូលប្រចាំឆ្នាំរបស់មន្ត្រីរាជការ
អាចធ្វើឡើងដោយស្ងាត់ៗ
ដូច្នេះសាធារណជនក៏នៅតែមិនអាចដឹងអំពីអំពើពុករលួយរបស់ក្រុមអ្នក
ដឹកនាំប្រទេសរបស់ ខ្លួន។
សន្ទស្សន៍នៃការយល់ឃើញអំពើពុករលួយរបស់អង្គការតម្លាភាព
អន្តរជាតិសម្រាប់ឆ្នាំ២០១២ បង្ហាញថា កម្ពុជាស្ថិតក្នុងលេខរៀងទី
១៥៧ ក្នុងចំណោមប្រទេស ១៧៦ លើពិភពលោក។ ក្រុមសង្គមស៊ីវិលនិយាយថា
ការបង្កើតច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានដ៏ល្អមួយនឹងជួយអោយ
កម្ពុជា ទទួលបាននូវប្រាក់ចំណូលខ្ពស់
តាមរយៈប្រឆាំងនឹងអំពើពុករលួយ។ នេះក៏ដោយសារថា
អ្នកដែលទទួលបានអត្ថប្រយោជន៍ពី
«ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន» នេះ មិនមែនតែសង្គមស៊ីវិល
ឬប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋាភិបាល រដ្ឋសភា
អ្នកសារព័ត៌មាន និងតុលាការ ក៏នឹងទទួលបានផលពីច្បាប់នេះដែរ។
ដោយហេតុផលនេះហើយ ក្រុមសង្គមស៊ីវិលទទូចថា
ស្ថាប័នពាក់ព័ន្ធទាំងអស់គួរតែនាំគ្នាជំរុញ
និងលើកទឹកចិត្តអោយមានការតាក់តែង និងអនុម័ត
«ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន» ដ៏ល្អមួយ
ដើម្បីឲ្យកម្ពុជាអាចបោះជំហានទៅមុខឲ្យបានឆ្ងាយ
និងល្អប្រសើរជាជាងការបន្ទោសច្រំដែលៗដល់របបខ្មែរក្រហម
ដែលកើតឡើងតាំងពីជាង ៣៤ឆ្នាំ មុនម្ល៉េះ។
លោក សុន ឆ័យ និយាយពីការដែលសភាច្រានចោលសេចក្ដីព្រាងច្បាប់នេះ
មន្ត្រីបក្សជំទាស់សំដែងការសោកស្ដាយ ក្រោយពីរដ្ឋសភាកម្ពុជា
បានច្រានចោលសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានរបស់
ខ្លួនចំនួនពីរដងមកហើយ ដោយហេតុផលថា
កម្ពុជាមិនត្រូវការច្បាប់បែបនេះ។ តំណាងរាស្ត្របក្សជំទាស់និយាយថា
ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន
ជាអាវុធដ៏សំខាន់មួយក្នុងការបំបាត់អំពើពុករលួយជាលក្ខណៈប្រព័ន្ធ
និងអំពើពុករលួយកម្រិតខ្ពស់នៅកម្ពុជា។
2 comments:
សង្គមស៊ីតែប្រាក់ខែនឹងជួយធ្វើអីបានខ្លះនៅស្រុកសម៉ែ?
សង្គមស្វាCPP និង សង្គមស្វាសង្រ្គោះយួន
ស៊ីតែប្រាក់ខែនឹងជួយបានយួន
រហូតជាង៨លាននាក់ នៅក្នុងស្រុកសម៉ែ។
Post a Comment