Friday, March 15, 2013

លោកម៉ម សូណង់ដូ ជិះលើគ្រែស្នែង ចេញពីពន្ធនាគារព្រៃសហើយ


លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម អ្នក​ប្រជាធិប​តេយ្យ​
ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃស នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ

ថ្ងៃទី 15 មីនា 2013 | ដោយ: លី​សិលា​
Cambodia Express News

ភ្នំពេញ: ​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៥ ​ខែមីនា​នេះ លោក​ម៉ម សូណង់ដូ ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​ព្រៃ​ស ដោយ​គេ​ដាក់​គ្រែស្នែងនិងមានបាំងក្លស់ ​សែង​គាត់​ចេញពី​ពន្ធនាគារ ដោយមាន​សមាជិកសមាគម​អ្នកប្រជាធិបតេយ្យ​ប្រហែលជា​១០០០​នាក់​នៅ​អម​សងខាង​ផ្លូវ ទះដៃ​សា​ទរ​នូវ​វត្តមាន​លោក​ម៉ម សូណង់ដូ ដែល​ត្រូវបាន​គេ​ដោះលែង​នោះ​។
ក្នុងនោះដែរគេឃើញមានវត្តមានមន្ត្រីអង្គការសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និងតំណាងរាស្រ្តគណបក្សប្រឆាំងជាច្រើនរូបបានចូលរួមដង្ហែលោកម៉ម សូណង់ដូ។
បើតាម​គម្រោង​គេ​នឹង​ដង្ហែ​លោក​ម៉ម សូណង់ដូ តាម​គ្រែស្នែង​ពី​ពន្ធនាគារ​ព្រៃស ទៅផ្ទះ​របស់គាត់​នៅ​កៀនស្វាយ ខេត្តកណ្តាល ដែលជា​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ ដោយ​ថ្មើរជើង​។​
តាម​គម្រោង​បន្ទាប់ពី​ការដោះលែង លោក​ម៉ម សូណង់ដូ នឹងធ្វើ​សន្និសីទកាសែត​នៅផ្ទះ​របស់លោកនៅឯ​កៀនស្វាយ ខេត្តកណ្តាល ដើម្បី​រៀបរាប់​ពី​ស្ថានភាព​ដែល​លោក​ជាប់ពន្ធនាគារ រួមទាំង​ការចោទប្រកាន់​មកលើ​រូបលោក និង​ការបដិសេធ​ទៅនឹង​រឿង​ទំនាស់​ដីធ្លី​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ស្នួល ខេត្តក្រចេះ​។​


​សូម​រម្លឹកថា លោក ម៉ម សូណង់ដូ មាន​អាយុ ៧២ ឆ្នាំ ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ត្រូវបាន​លោក​ចៅក្រម ឃុន លាង​ម៉េង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​របស់​តុលាការ​សាលាឧទ្ធរណ៍ បានប្រកាស​សាលដីកា ដោយ​សម្រេច​បន្ធូរបន្ថយ​ទោសជាប់ពន្ធនាគារ ២០ ឆ្នាំ កាលពី​នៅ​តុលាការក្រុង​ភ្នំពេញ មក​នៅត្រឹម​ទោសជាប់ពន្ធនាគារ ៥ ឆ្នាំ លើ​លោក ម៉ម សូណង់ដូ​។​
​ក៏ប៉ុន្តែ​ចៅក្រម បានសម្រេច​ថា លោក ម៉ម សូណង់ដូ ត្រូវ​អនុវត្តន៍​ទោសនៅក្នុង​ពន្ធនាគារ​តែ ៨ ខែ​ប៉ុណ្ណោះ​។ ដូច្នេះ​បើ​គិតពី​ថ្ងៃ​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២ គឺ​លោក ម៉ម សូណង់ដូ បាន​ជាប់ពន្ធនាគា​រគ​ម្រ​ប់ ៨ ខែ គិតដល់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៣​។​
តាម​សេចក្តីសម្រេច​របស់​ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ លោក ម៉ម សូណង់ដូ នឹងត្រូវ​ដោះលែង​ចេញពី​ពន្ធនាគារ​ព្រៃ​ស នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៣​។​
​បទចោទប្រកាន់​លោក ម៉ម សូណង់ដូ ត្រូវបាន​ចៅក្រម​ភ្ជាប់​នឹង​ព្រឹត្តិការណ៍​ជម្លោះ​ដី​នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ កាលពី​ខែមេសា និង​ខែឧសភា ឆ្នាំ​២០១២​។ ក្នុង​សាលដីកាកាត់​តម្រឹម​ទោស​នោះ គឺ​ចៅក្រម​សាលាឧទ្ធរណ៍ មិនបាន​ពិន័យ​ជា​ប្រាក់​ឡើយ​។​
​ដោយឡែក​ប្រជាពលរដ្ឋ​ពីរ​នាក់​ទៀត ដែល​ត្រូវបាន​នាំមក​កាត់ទោស​ជាមួយ​លោក ម៉ម សូណង់ដូ ក៏ត្រូវ​ចៅក្រមសម្រេច​បន្ធូរ​បន្ថយទោស​ពី ៥ ឆ្នាំ មក​នៅត្រឹម​ជាប់ពន្ធនាគារ ១០ ខែ​។ បើ​គិត​តាំង​ពីថ្ងៃ​ចាប់ខ្លួន គឺ​បុរស​អ្នកភូមិ​ប្រ​ម៉ា​ទាំងពីរ​នាក់ នឹងត្រូវ​រួចខ្លួននៅ​ថ្ងៃទី​១៥ ឬក៏​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៣៕

1 comment:

Anonymous said...

La Liberté est précieuse !
Tu peut crier encore plus fort mais aussi avec la tête et le coeur sans la colère ni la haine !