Tuesday, March 26, 2013

ប្រ​ជា​សហ​គមន៍​ឃ្សឹម​ចាប់​បាន​រណារ​​​យន្តនិង​គ្រឿង​ចក្រ​ក្រុម​ហ៊ុន​ប៊ិញ​ភឿក​២​

​ព្រៃ​ឈើ​សហគមន៍​ក្នុង​តំបន់​ព្រៃឡង់​​ បាន​និង​កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញធ្ងន់​ធ្ងរ​ពី​សំណាក់​ក្រុម​​ឧ​ក្រិដ្ឋ​កម្ម​ព្រៃ​ឈើ​នៅ​​កម្ពុជា​។ រូបថត សហ​ការី
Tuesday, 26 March 2013
ឆាយ ច័ន្ទនីដា
The Phnom Penh Post

ក្រចេះ: សហគមន៍ព្រៃឈើ​នៅឃុំ​ឃ្សឹម ស្រុក​ស្នួល បានចុះ​ល្បាតព្រៃ​កាលពីថ្ងៃ​ទី​២៥ មីនា ម្សិលមិញ​នេះ ​ចាប់បាន​ម៉ាស៊ីន​អារឈើចំនួន​៦គ្រឿងនៅចំណុច​ច្រា​ យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​រដ្ឋ​បាល​ព្រៃឈើ​ ដោយពួកគេ​អះអាង​ថា​ក្រុមហ៊ុន​ព្រៃ​សម្បទាន​ប៊ិញ​ភឿក​២ ជាអ្នក​កាប់​​រាន​យក​​ព្រៃ​​បម្រុង​ទុករបស់​សហគមន៍​

អ្នក​ស្រី មុំ សុខគីន ប្រជាសហគមន៍​ការពារ​ព្រៃឈើ​​ឃុំ​ឃ្សឹម ឲ្យ​ដឹង​ពីម្សិលមិញ​ថា ពល​រ​ដ្ឋ​​ក្នុងសហគមន៍​ប្រមាណ​២០​នាក់ បាន​ដើរ​ល្បាត​ព្រៃ ក៏​ប្រទះឃើញ​រណារ​យន្ត៦គ្រឿង​និង​ម៉ាស៊ីន​ឈូស​ឆាយ​មួយគ្រឿង​ និង​បាន​ហៅ​កម្មករ​ទាំងនោះ​មក​អប់រំ​កុំ​ឲ្យ​កាប់​បំផ្លាញព្រៃឈើ​តទៅ​ទៀត។ ម៉ាស៊ីន​ទាំងនោះ​ក៏​បាន​ប្រគល់​ឲ្យ​រដ្ឋ​បាល​ព្រៃ​ឈើ។

អ្នក​ស្រី​​ប្រាប់​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ប៊ិញ​ភឿក​២ បាន​ឈូស​ឆាយលើ​ព្រៃ​សម្បទាន ប៉ុន្តែ​បាន​រាល​​ដល់​ដី​បម្រុង​សហគមន៍​ ​ធ្វើ​ឲ្យ​ឃើញ​មាន​​ការ​​រានដីព្រៃ​កាន់តែ​ធ្ងន់​ធ្ងរ​ទៅៗ និង​បាន​បំផ្លាញ​ជម្រក​សត្វ​ព្រៃ​ ដែល​ឃើញ​មានការ​បាញ់​​សត្វស្វា ពី​សំណាក់​កង​ការពារ​​ក្រុមហ៊ុន​ សឹងរាល់​ថ្ងៃដើម្បី​យក​​មកធ្វើ​ជាចំណី​អាហារ​

អ្នក​ស្រី​បន្ថែម​ថា៖ «យើង​សោកស្តាយ​ព្រោះ​ នេះ​ជា​ព្រៃ​ការពារ​ ឯសត្វ​ក៏​កំព្រា គ្មានជម្រក ត្រូវគេបាញ់​ប្រហារ​ឬក៏ពេល​គេ​កាប់​ដើមឈើ​ផ្តួល​ សត្វស្វាអត់​កន្លែង​ជ្រក ក៏រត់​គេច​ឬធ្លាក់​ស្លាប់»
ពលរដ្ឋ​បន្ត​ឲ្យ​ដឹង​ថា ទោះព្រៃ​តំបន់​នោះ​មិន​ទាន់​ទទួល​ស្គាល់ជា​ផ្លូវការ​ដោយ​រដ្ឋា​ភិបាលថា​ ជា​ព្រៃ​តំបន់​ការ​ពារ​សហគមន៍ ក៏​ពលរដ្ឋ​ត្រូវ​ការពារ ដើម្បី​ទុក​ស្នើ​ទៅ​រដ្ឋាភិបាល​នា​ពេល​ក្រោយ​ទៀត។
លោក ទៀប សុគន្ធ​ពិដោរ នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ឃ្សឹម ឲ្យ​ដឹង​ថា​ កន្លែង​ពលរដ្ឋ​និង​ក្រុម​លោក​ចុះ​ទៅ​ឃាត់​ការ​កាប់​បំផ្លាញ​ព្រៃ​នោះ មិនមែន​ជា​តំបន់​ព្រៃ​សម្បទាន​របស់​ក្រុមហ៊ុន​ទេ​ តែ​ជា​តំបន់ «ព្រៃ​ទុក​បម្រុង​អចិន្រៃ្ត​យ៍​​របស់​រដ្ឋ​» នៅ​ក្បែរ​ដី​ព្រៃ​សម្បទាន​​ក្រុមហ៊ុន​ប៊ិញ​ភឿក ២។
លោក​ថ្លែង​ថា៖ «ក្រុមនោះជា​អ្នក​ស៊ី​ឈ្នួល​កាប់​ព្រៃ​ឲ្យអ្នក​ឆ្លៀត​​ឱកាស​មួយ​ចំនួន​ ​មក​ពី​ខេត្ត​ផ្សេង​។ ឯក្រុមហ៊ុន​មាន​ដី​៤​ពាន់ហិកតាជុំ​វិញ​ព្រៃ​ការពារ​របស់​រដ្ឋ​​ហើយ​ក៏​មិនមែន​កន្លែង​ពលរដ្ឋ​ឃាត់​ម៉ា​ស៊ីន ជាដី​ក្រុមហ៊ុនទេ»។ ទាក់ទិននឹង​ការ​បាញ់​សត្វ​ព្រៃ​ដើម្បី​ធ្វើ​ជា​ចំណី​ លោក​ថា មាន​ការ​រាយការណ៍​ពី​ពលរដ្ឋ​ តែមិន​ដែល​​បាន​ទទួល​របាយការណ៍​ផ្លូវការ​ឡើយ។

លោក គង់ គឹមនី អភិបាល​ស្រុក​ស្នួល ថ្លែង​ថា ​ក្រុម​មន្ត្រី​ព្រៃ​ឈើ​ចុះ​ទៅពិនិត្យ​កន្លែង​កាប់​រាន​ព្រៃរដ្ឋ​ខុសច្បាប់​ តែ​ក៏​បដិសេធ​ថា​មិនមែន​ជាដី​ក្រុម​ហ៊ុន​ដែល​ពល​រដ្ឋ​ចោទ​ឡើយ តែ​ជា​ការ​កាប់រាន​ដីព្រៃ​ពីក្រុម​ពលរដ្ឋ​ជា​អ្នក​ចំណាក​ស្រុក៕

1 comment:

Anonymous said...

Look at this picture,
perfect example of ill treatment of natural resouce by Cee PeePee government. The people use the tree to extract sap for their livelihood, they can do this for yeras to come and earn meager wage to support the family. In the name of development, the tree was cut and for an instant benefit the rich who claimed the land and at the same time deprive poor people for years. May I ask, development for who??????????????????????