|
អ្នកភូមិនៅបុរីកីឡា ជួបជុំគ្នាធ្វើសន្និសីទកាសែតតវ៉ាឲ្យក្រុមហ៊ុននិងអាជ្ញាធរដោះស្រាយដីផ្ទះ។ រូបថត សុភចរិយា |
Tuesday, 26 March 2013
ឃុត សុភចរិយា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ពលរដ្ឋក្រីក្រនៃសហគមន៍បុរីកីឡា បាននាំគ្នាចូលទៅបោះតង់កាន់តែច្រើនឡើងនៅលើទីតាំងដី ដែលម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិចអះអាងថា បានលក់ទៅឲ្យអ្នកផ្សេង បើទោះជាកងសន្តិសុខក្រុមហ៊ុនបានធ្វើការរុះរើ និងរឹបអូសយកតង់ និងគំរាមចាប់ខ្លួនពួកគេឲ្យនគរបាលក្តី។
កាលពីថ្ងៃទី១០ ខែមីនាមុននេះ មានសេចក្ដីរាយការណ៍ថាមានតែពលរដ្ឋបួនគ្រួសារប៉ុណ្ណោះ បានព្យាយាមចូលទៅបោះតង់ស្នាក់នៅជាបណ្ដោះអាសន្ននៅលើទីតាំងដី ដែលអ្នកស្រី ស៊ុយ សុផាន អះអាងប្រាប់ភ្នំពេញប៉ុស្តិ៍ថា បានលក់ទៅឲ្យឧកញ៉ា ស៊ី គង់ទ្រីវ ដើម្បីរង់ចាំដំណោះស្រាយពីក្រុមហ៊ុននិងអាជ្ញាធររាជធានី។
ប៉ុន្តែ១ថ្ងៃក្រោយពីកងសន្តិសុខក្រុមហ៊ុនផានអ៊ីម៉ិច រឹបអូសយកដំបូលតង់ស្បៀងនិងទ្រព្យសម្បត្តិមួយចំនួនពីពួកគេ ក្រុមអ្នកភូមិបាននាំគ្នាចូលទៅបោះតង់ស្នាក់នៅបន្ថែមទៀត បច្ចុប្បន្ន បានកើនឡើងរហូតដល់៤៥ គ្រួសារ។ក្នុងកម្មវិធីសន្និសីទកាសែតកាលពីព្រឹកម្សិលមិញ អ្នកស្រី ស ស៊ន ដែលទៅបោះតង់មុនគេបង្អស់ នៅលើទីតាំងដីនោះ បានច្រានចោលនូវការចោទរបស់អ្នកស្រី ស៊ុយ សុផាន ដែលថាពួកគាត់ទន្ទ្រានចូលកាន់កាប់«រំលោភលើសិទ្ធិរបស់ម្ចាស់ កម្មសិទ្ធិករថ្មី» ហើយគំរាមពួកគាត់ថា អាចនឹងប្រឈមនឹងការប្ដឹងឡើងតុលាការពីម្ចាស់កម្មសិទ្ធិករថ្មីនោះ។
អ្នកស្រីថ្លែងថា៖«យើងនឹងមិនចាកចេញពីទីនេះ រហូតដល់មានដំណោះស្រាយ។ ទីនេះជាទីតាំងដីចាស់របស់ខ្ញុំ ដែលក្រុមហ៊ុនឈូសកម្ទេចផ្ទះខ្ញុំកាលពីដើមឆ្នាំមុន ដោយគ្មានសំណង»។
ជាមួយគ្នានោះ អ្នកស្រី ស៊ូ អ៊ីម បន្ទរថា៖«យើងមិនខ្វល់ថាគាត់ [អ្នកស្រី ស៊ុយ សុផាន] លក់ ឬ ផ្ទេរកម្មសិទ្ធិទីតាំងដីមួយកន្លែងនេះទៅឲ្យអ្នកណាទេ យើងគ្រាន់តែចាំថា គាត់ឈូសឆាយកម្ទេចផ្ទះនិងរឹបអូសយកដីរបស់ពួកយើង ដោយគ្មានសំណង»។
អ្នកស្រី សេង គន្ធា អាយុ៣៦ ឆ្នាំ ដែលអះអាងថា បានរស់នៅក្នុងតំបន់បុរីកីឡា ពីឆ្នាំ១៩៩៥ បានលើកបង្ហាញឯកសារជាច្រើន រួមមាន ប័ណ្ណស្នាក់នៅ អង្កេត ប័ណ្ណសមាជិកសហគមន៍ ប័ណ្ណបោះឆ្នោត និងឯកសារមួយចំនួនទៀត។ អ្នកស្រីនិយាយទាំងទឹកភ្នែកថា៖ «ខ្ញុំមិនចង់រស់នៅក្នុងស្ថានភាពដ៏អាក្រក់បែបនេះទេ ខ្ញុំចង់ឲ្យក្រុមហ៊ុន និងអាជ្ញាធរដោះស្រាយផ្ដល់ទីជម្រកស្នាក់នៅឲ្យសមរម្យ ដើម្បីងាយស្រួលក្នុងការចេញប្រកបមុខរបរផ្គត់ផ្គង់ការរៀនសូត្រ កូនៗរបស់យើងខ្ញុំ»។
អ្នកស្រីប្រាប់ទៀតថា មេក្រុមសន្តិសុខម្នាក់ ដែលមានឈ្មោះ សារី តែងតែដើរកាត់ជំរំបោះតង់ថ្មីលើដីចាស់ពួកគាត់ បានគំរាមពួកគាត់ថា បើពួកគាត់មិនព្រមរុះរើ និងដើរចេញពីទីតាំងនេះទេ ថ្ងៃណាមួយ បើមានអ្នកណាមកពីខាងក្រៅ«ចូលអារកសម្លាប់ ឬ ជះទឹកអាស៊ីតលើ កុំបន្ទោសក្រុមហ៊ុន។ ដែលនេះជាសម្តីគំរាមយ៉ាងធ្ងន់ធ្ងរមកលើយើងខ្ញុំ»។
កាលពីម្សិល មិញ គេមិនឃើញវត្តមានរបស់ក្រុមសន្តិសុខ ក្រុមហ៊ុនរារាំង សកម្មភាពអ្នកភូមិទាំងនេះឡើយ ហើយក៏មិនអាចទំនាក់ទំនងសុំការបំភ្លឺពីមេក្រុមសន្តិសុខ ដែលអ្នកភូមិលើកឡើងនោះទេ។ ចំណែកឯអ្នកស្រី ស៊ុយ សុផាន ក៏មិនអាចទំនាក់ទំនងសុំការអធិប្បាយបន្ថែមពីករណីនេះបានដែរកាល ពីម្សិលមិញ ដោយអ្នកស្រី ជាប់រវល់ចុះតាមខេត្ត។
លោក ណើប លី ប្រធានកម្មវិធីពង្រឹងអំណាចសហគមន៍ នៃលេខាធិការដ្ឋាននៃក្រុមបេសកកម្មពិសេសសិទ្ធិលំនៅដ្ឋានបានប្រាប់ថា នេះជាពេលមួយ ដែលភាគីក្រុមហ៊ុន និងអាជ្ញាធររាជធានីត្រូវដោះស្រាយជូនពលរដ្ឋ។
លោកបន្តថា៖«ការ ចូលបោះតង់ស្នាក់នៅសាជាថ្មីលើដីចាស់នេះ គឺបង្ហាញថា ពួកគាត់មិនចង់ឲ្យមានការអូសបន្លាយដំណោះស្រាយតទៅទៀតទេ ដូច្នេះទាំងក្រុមហ៊ុននិងអាជ្ញាធរចាំបាច់ត្រូវតែដោះស្រាយជូនពួកគាត់ឲ្យបានឆាប់»៕
No comments:
Post a Comment