Monday, March 25, 2013

អ្នកស្រី​ទេពវន្នី​ចេញ​មក​អឺរ៉ុប​និង​អាមេរិក​ទាមទារ​សិទ្ធិ​ឱ្យ​អ្នករងគ្រោះ​ដីធ្លី

អ្នកស្រី​ទេព វន្នី​អ្នកតំណាង​ក្រុម​ស្ត្រី​បឹងកក់​ដ៏​ល្បីឈ្មោះ​ម្នាក់​

25.03.2013
ដោយ ស៊ុយ ហ៊ាមខេមរា
VOA Khmer

ភ្នំពេញ៖ អ្នកស្រី​ទេព វន្នី​អ្នកតំណាង​ក្រុម​ស្ត្រី​បឹងកក់​ដ៏​ល្បីឈ្មោះ​ម្នាក់​រំពឹងទុក​ថា​ដំណើរ​ទៅកាន់​អឺរ៉ុប​និង​សហរដ្ឋ​អា​មេ​រិក​របស់​អ្នកស្រី​នឹង​ក្លាយជា​ឱកាស​មួយ​សម្រាប់​គាត់​អាច​ស្វែងយល់​បន្ថែម​ក៏​ដូចជា​ចូលរួម​ចែករំលែក​បទពិសោធន៍​ដែល​គាត់​និង​ក្រុម​ស្ត្រី​នៅ​តំបន់​បឹងកក់​ឆ្លងកាត់

អ្នកស្រី​ទេព វ​ន្នី​នឹង​ឡើង​ទទួល​ពានរង្វាន់ Leadership for Public Life Award ​នៅ​ថ្ងៃទី២​ខែមេសា​ខាង​មុខ​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​វ៉ាស៊ីនតោន​សហរដ្ឋ​អា​មេ​រិក។

អ្នកស្រី​បាន​ប្រាប់​វី​អូ​អេ​សំឡេង​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ពុធ​គឺ​មួយ​ថ្ងៃមុន​ការចេញ​ដំណើរ​ថា​អ្នកស្រី​នឹង​ចំណាយពេល​ប្រហែល​ជិត២​អាទិត្យ​ស្នាក់​នៅក្នុង​សហរដ្ឋ​អា​មេ​រិក​ហើយ​មាន​គម្រោង​ស្នើ​សុំ​ជួប​តំណាង​ភាគី​សំខាន់ៗ ​ដូចជា​ធនាគារ​ពិភពលោក ​និង​តំណាង​អង្គការ​មួយ​ចំនួន​ទៀត​ដើម្បី​ស្នើ​សុំឱ្យ​មានការ​ជួយ​ដល់​ប្រជា​ពលរដ្ឋ​បឹងកក់​និង​អ្នកស្រី​យ៉ោ​ម បុ​ប្ផា


អ្នកស្រី​បាន​បញ្ជាក់​ថា៖

«ទៅ​អា​មេ​រិក​ហ្នឹង​បង​មាន​កិច្ចការ​សំខាន់​មួយទៀត​គឺ​ស្នើ​សុំ​ជួប​ជាមួយ​ប្រធាន​ធនាគារ​ពិភព

លោក​ដែល​មាន​ការជួយ​រៀបចំ​ពី​អង្គការ​សមធម៍ ​តែ​យើង​មិនដឹងថា​យ៉ាងដូចម្តេច​ដែរ​ពីព្រោះ​យើង​ស្នើ​សុំ​ជួប​គេ...ក្រៅពីនេះ​យើង​មាន​អង្គការ​ផ្សេងៗ​ទៀត»។

យ៉ាងណា​ម៉ិ​ញ​មុន​នឹង​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋ​អា​មេ​រិក​ដើម្បី​ទទួល​ពានរង្វាន់​អ្នកស្រី​ទេព វន្នី​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ហុល្លង់​ដើម្បី​ចូលរួម​ការប​ញ្ចាំ​ង​ខ្សែ​ភាពយន្ត​សំខាន់ៗ​ក្នុង​មហោស្រព​ខ្សែភាពយន្ត​ដែលមាន​ឈ្មោះ ថា «Movies That Matter»។

ជា​តួរ​អង្គ​សំខាន់​នៅក្នុង​ខ្សែ​ភាពយន្ត​ក្រោម​ចំណងជើង​ថា«សូម្បី​បក្សី​ក៏ត្រូវ​ការ​សំបុក» ឬ​ជា​ភាសារ​អង់គ្លេស​ថា Event a Birth Needs Nest អ្នកស្រី​ទេព វ​ន្នី​នឹង​ចំណាយពេល​មួយ​សប្តាហ៍​ស្នាក់​នៅក្នុង​ទីក្រុង​អាម​ស្ទើ​ដាម ​រដ្ឋធានី​ប្រទេស​ហុល្លង់​ហើយ​គាត់​ក៏​នឹងត្រូវ​អញ្ជើញ​ជា​វា​គ្មិ​ន​ដើម្បី​ឡើង​បញ្ចេញ​មតិ​ហើយនឹង​ឆ្លើយ​សំណួរ​មួយ​ចំនួន​ផង​ដែរ​ក្រោយ​ការដាក់​ប​ញ្ចាំង​ខ្សែ​ភាពយន្ត​នៅ​ថ្ងៃ​ទី​២៧​ខែ​មិនា​ខាងមុខ​នេះ។

អ្នកស្រី ទេព វន្នី ​អាយុ៣១ឆ្នាំ​ក៏​នឹង​បន្ត​ដំណើរ​ចេញពី​ប្រទេស​ហុល្លង់​ទៅ​ប្រទេស​បារាំង​ទៀត​ក្រោម​ការអញ្ជើញ​របស់ ​អង្គការ​ Amnesty International​ ឱ្យ​ធ្វើជា​វាគ្មិន​ផង​ដែរ​ក្នុង​ស​ន្និសីទ​មួយ​ដែល​នឹង​រៀបចំ​ឡើង​រយៈពេល​ ២ថ្ងៃ ​ចាប់ពី​ថ្ងៃទី២៨​ដល់​ថ្ងៃទី២៩​ខែ​មិនា ​ក្នុង​គោលដៅ​ដើម្បី​ចែករំលែក​នូវ បទពិសោធន៍​នៃ​ការតស៊ូ​របស់​ក្រុម​ស្ត្រី​បឹងកក់។

ផ្តើម​ចេញពី​ស្រ្តី​ដែល​លក់​របស់​របរ​និង​គ្រឿង​ឧបភោគ​បរិភោគ​តាម​ផ្ទះ​ទៅជា​ស្ត្រី​មេ​ដឹក​នាំ​ម្នាក់​ក្នុង​តំបន់​បឹងកក់​ អ្នកស្រី​ទេព វ​ន្នី​ចាប់​ផ្តើម​ចេញមុខ​តវ៉ា​ក្នុង​ជម្លោះដីធ្លី​តាំងពី​ឆ្នាំ២០០៨។ គាត់​ក៏​ធ្លាប់​ត្រូវ​បាន​រង​នូវ​អំពើ​ហិ​ង្សា​នានា​ពេលដែល​មាន​ការ​បង្ក្រាប​របស់​មន្ត្រី​មាន​សមត្ថកិច្ច​និង​កងសន្តិសុខ​ផង​ដែរ។

អ្នកស្រី ​និង​ស្ត្រី​បឹងកក់​ជាង១០នាក់​ផ្សេងទៀត​ ក៏​ធ្លាប់បាន​ត្រូវ​ចាប់ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​ព្រៃ​ស មុននឹង​ត្រូវបាន​ដោះលែង​មកវិញ​ក្រោយ​ពេលដែល​សាលា​ឧ​ទ្ធរណ៍​សម្រេច​ដោះលែង​អ្នកស្រី​និង​ក្រុម​ស្ត្រី​បឹងកក់​ដទៃទៀត​ ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន។ ក៏ប៉ុន្តែ​ករណី​របស់​អ្នកស្រី​សិ្ថ​ត​នៅ​ក្រោម​ការពិនិត្យ​របស់​តុលាការ​ដដែល។

អ្នកស្រី​ទេព វ​ន្នី​ស្ថិតក្នុង​ចំណោម​មនុស្ស៦ នាក់​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​អង្គការ​ Vital Voices ជា​រៀងរាល់​ឆ្នាំ​ដោយ​ជ្រើសរើស​ស្រី្ត​លើ​ជុំវិញ​ពិភពលោក​ក្នុងចំណោម​ប្រទេស​ជាង​១៤៤ ​សម្រាប់​ការ​ក្លាហាន​តស៊ូ​និង​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី។ ពានរង្វាន់​នេះ​មាន​អ្នកស្រី​ហ៊ីល ឡា​រី​គ្លី​ន​តុ​ន អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អា​មេ​រិក​ជា​អ្នក​ផ្តួ​ច​ផ្តើមគំនិត​បង្កើត​ឡើង។

មន្ត្រី​ផ្នែក​ទំនាក់​ទំនង​របស់​អង្គការ ​Vital Voices ​គឺ​អ្នកស្រី វី​គី ឡូ​ឡិ​ស (Wiki Loles) បាន​ប្រាប់​វី​អូ​អេ​ខេមរភាសា​តាមរយៈ​សារ​អេ​ឡិក​ត្រូវ​និក ​ឬ ​E-mail​ថា​អ្នកស្រី​ទេព វន្នី​ត្រូវ​បានប្រគល់​ពានរង្វាន់​នេះ​ដោយសារតែ​គាត់​បានបង្ហាញ​ពី​សេចក្តី​ក្លាហាន ​និង​ការតាំង​ចិត្ត​ក្នុងការ​ចេញមុខ​គាំទ្រ​សិទ្ធិ​របស់​ប្រជាជន​នៅ​តំបន់​បឹងកក់​ហើយ​អង្គការ​ Vital Voices ​មានការ​កោត​សរសើរ​ដល់​អ្នកស្រី​ដែល​ហ៊ាន​ប្រថុយ​នឹង​គ្រោះថ្នាក់​ក្នុង​ការជួយ​ស្វែងរក​នូវ​យុ​ត្តិ​ធម៌​ និង​ការគោរព​សិទ្ធិមនុស្ស។

គេ​សង្កេតឃើញ​មាន​ក្រុម​ស្រី្ត​បឹងកក់​ប្រហែល​ជាង ២០នាក់​ផ្សេងទៀត​បាន​រង់ចាំ​ជូន​ដំណើរ​អ្នកស្រី នៅត្រង់​បរិ​វេណ​ច្រកចេញ​ដំណើរ​នៃ​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោ​ចិន​តុង។ ពួកគេ​ភាគច្រើន​បាន​សម្តែង​នូវ​ការសប្បាយ​ចិត្ត និង​សាមគ្គីភាព​នៅពេលដែល​អ្ន​ក​ស្រី​ទេព វន្នី​ អ្នកតំណាង​របស់​ពួកគេ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ទទួល​ពានរង្វាន់។

អ្នកស្រី ង៉ែត ឃុន​ អាយុ ៧១ឆ្នាំ ​ជា​អ្នកភូមិ​បឹងកក់​ដែល​បាន​ចូលរួម​ជូន​ដំណើរ​អ្នកស្រី​ទេព វន្នី​បាន​សម្តែង​ការសប្បាយ​ចិត្ត​នៅពេលដែល​អ្នកតំណាងរ​បស់​គាត់​បានទទួល​ពាន​រង្វាន់ ​ហើយ​រំពឹងទុក​ថា​អ្នកស្រី​ទេព វន្នី​នឹង​នាំយក​នូវ​ការឈឺចាប់​របស់​ក្រុម​សហគមន៍​ក្រីក្រ​របស់គាត់​ដើម្បីឱ្យ​អន្តរជាតិ​បាន ដឹង​ពីអ្វី​ដែល​បាន​ពួគគាត់​បាន​រងគ្រោះ​ក្នុង​ជម្លោះ​ដី​ធ្លី​នៃ​តំបន់​បឹងកក់។

លោក​ស្រី បាន​បញ្ជាក់​ថា៖

«នៅ​ប្រទេស​គេ​ហ្នឹង​គាត់​នឹង​បាន​សម្តែង​នូវ​ការលំបាក​របស់​សហគមន៍​តាំង ២០០៨ រ​ហូ​ត​មក​ចឹ​ង។ ពិភពលោក​គេ​នឹង​គាំទ្រ​បាន​ជួយ​ដល់​សហគមន៍​បឹងកក់​ហ្នឹង​ជា​ស្ត្រី​បឹងកក់​ហ្នឹង​ខ្ញុំ​មានការ​ត្រេកអរ​ខ្លាំង»។

លោក អ៊ូ គង់​ជា​ដែល​ត្រូវជា​ប្តី​របស់​អ្នកស្រី​ទេព វន្នី​ដែល​កាលពីមុន​តែងតែ​មិនសូវ​សប្បាយចិត្ត​នៅពេល​ដែល​ឃើញ​ប្រពន្ធ​របស់​គាត់​ហ៊ាន​ចេញមុខ ​តំណាង​ស្ត្រី​បឹងកក់​ឥឡូវនេះ​បានបង្ហាញ​ពី​ការសប្បាយ​ចិត្ត​និង​ការគាំទ្រ​ចំពោះ​ប្រពន្ធ​របស់គាត់​ផងដែរ។

លោក​បន្តថា ​ប្រពន្ធ​របស់​គាត់​នឹង​ជួយ​នាំពាក្យ​ប្រជាជន​បឹងកក់​ដែល​រងគ្រោះ​ទៅដល់​សហគមន៍​អន្តរជាតិ។

លោក​អ៊ូ គង់​ជា​បន្ត​ថា៖

«ខ្ញុំ​មានការ​លើកទឹកចិត្ត​គាត់ មានការ​គាំទ្រ​គាត់។ ពេលដែល​គាត់​បានចេញ​ក្រៅ​និយាយ​ពី​ទុក្ខ​លំបាក​របស់​អ្នក​ភូ​មិ​ទៅដល់​សហគមន៍​ដើម្បីឱ្យ​គេ​ជួយ​គាំទ្រ​ លើកទឹកចិត្ត ​ដើម្បី​មានការ​ដោះស្រាយ​ដល់​អ្នកភូមិ​ទាំងអស់​ហ្នឹង»។

ប្រធាន​អង្គការ ​លីកាដូ​គឺ​អ្នកស្រី ពុង ឈី​វ​កេក​និយាយ​ថា​ការណ៍​ដែល​អ្នកស្រី​ទេព វន្នី​ត្រូវបាន​ជ្រើសរើស​ហើយ​ប្រគល់​រង្វាន់​នេះ​មាន​សារៈ​សំខាន់​ដោយសារតែ ​វា​នឹង​ក្លាយជា​កម្លាំងចិត្ត​ មួយ​ដល់​ប្រជាពលរដ្ឋ​ដទៃទៀត​ដែល​ធ្លាប់​ចូលរួម​ក្នុង​ការតវ៉ា​នានា​ជាមួយ​អ្នកស្រី។

«ធ្វើឱ្យ​អ្នក​ឯទៀត​ដែល​ធ្លាប់ធ្វើ​ការតស៊ូ ​ទាមទារ​ជាមួយ​អ្នកស្រី​ទេព វន្នី​មាន​កម្លាំង​ចិត្ត ​ក្នុង​ការតស៊ូ​ដោយ​អហិ​ង្សា ​ទាមទារ​អ្វីដែល​គួរតែ​បាន អ្វីដែល​ប្រជាពលរដ្ឋ​តំបន់​បឹងកក់​ហ្នឹង​ហ៊ាន​ចេញមុខ​ក្លាហាន​តស៊ូ​ទាមទារ​ការគោរព​សិទ្ធិមនុស្ស ​តស៊ូ​ដោយ​អហិង្សា ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ»។

មុន​ឆ្នាំ ២០០៨ ​មាន​ប្រជាជន​ប្រហែល ​៤២៥០ ​គ្រួសារ​បានរស់នៅ​តំបន់​បឹងកក់​ដែលមាន​ផ្ទៃដី​សរុប ១៣៣ ​ហិក​តា។ ការតវ៉ា​របស់​ប្រជាពលរ​ដ្ឋ ​តំបន់​បឹង​ដ៏​ធំ​ស្ថិត​កណ្តាល​រាជធានី​ភ្នំពេញ​មួយ​នេះ​ចាប់​ផ្តើម​ពេល​ដែល​រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​តំបន់​មួយ​​ឱ្យទៅ​ក្រុមហ៊ុន ស៊ូ​កា​គូ​អ៊ី​ន​សម្រាប់​អភិ​វ​ឌ្ឍ​ន៍​រយៈពេល ​៩៩​ឆ្នាំ។

គិត​មក​ត្រឹម​ឆ្នាំ ​២០១៣ ​មាន​ប្រជាពលរដ្ឋ​ត្រឹមតែ​ ៧៩៤គ្រួសារ​ប៉ុ​ណ្នោះ​ដែល​បន្ត​រស់នៅក្នុង​តំបន់​នោះ។ ហើយ​កន្លងមក​រដ្ឋាភិបាល​កម្ពុជា​កាលពី​ឆ្នាំ ២០១១ ​យោងតាម​អនុ​ក្រិត្យ​លេខ ១៨៣ បាន​ប្រកាស​កាត់​ដី​ទំហំ ​១២,៤៤ ហិកតា​ឱ្យ​ប្រជា​ពលរដ្ឋ​តំបន់​បឹងកក់​សម្រាប់​ការអភិវឌ្ឍន៍​នៅនឹង​កន្លែង។ ​ក៏ប៉ុន្តែ​បើតាម​សម្តី ​របស់​អ្នកស្រី​ទេព វន្នី ​យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ​ ៦៤​គ្រួសារ​ទៀត​ដែល​មិនទាន់​ទទួលបាន​ដី​កម្ម​សិទ្ធ។

អ្នកស្រី​បន្ត​ថា៖

«ប្រជាពលរដ្ឋ​បឹងកក់​ហ្នឹង​គឺ​គាត់​ចង់​ទាមទារ​យក​នូវ​យុ​ត្តិ​ធម៌​មកឱ្យ​ប្រជាពលរដ្ឋ​បឹងកក់​ហ្នឹង។ ពីព្រោះ​ពេល​បង​ទៅ​ហ្នឹង​ប្រជាពលរដ្ឋ​នៅ​បឹងកក់​នេះ​គាត់​ផ្ញើ​សេចក្តី​ទុក្ខ​ចិត្ត​ធ្វើ​យ៉ាង​មេច​ដើម្បី​ឱ្យគេ​ជួយ​អន្តរ​គម​ន៍​ជួយ​ដក់​ប្រជាពលរដ្ឋ​បឹងកក់»។

ក្រោយពី​ឡើង​ទទួល​ពានរង្វាន់ ​បើតាម​គម្រោង​អ្នកស្រី​ទេព វន្នី​នឹងធ្វើ​ដំណើរ​ចេញពី​សហរដ្ឋ​អា​មេ​រិក​មកកាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី ៤​ខែមេសា៕

3 comments:

Anonymous said...

បើខ្មែរនៅតែពុលហើយមិនព្រមយល់ថាការបោះឆ្នោតបច្ចុប្បន្នជាអន្ទាក់របស់យួនទេហើយនៅតែនាំគ្នាត្បុរក្បាលទៅបោះឆ្នោតទៀត...នោះមិត្តភាពខ្មែរនិងយួនប្រាកដជាមិត្តម៉ឺនឆ្នាំមែនហើយ..! ជាមួយពួកកាន់អំណាចផ្តាច់ការមធ្យោបាយដែលអាចឈ្នៈពួកវាបានគឺមានតែច្បាប់ពីរគត់ ទី១-ពលរដ្ឋប្រើច្បាប់ធម្មជាតិ ទី២-ពលរដ្ឋប្រើច្បាប់អន្តរជាតិ។

Anonymous said...

ទស្សនៈរបស់ 4:43 AM អាចនឹងមានប្រយោជន៍
នៅគ្រាបន្តិចទៀត ព្រោះហេតុការណ៍ដែលបាន
និងកំពុងកើតឡើង ហាក់មានសភាពត្រឹមត្រូវដូច
ដែលលោកបានយល់ដឹង។ដូច្នោះព្រឹត្តិការណ៍ដែល
បាននិងកំពុងត្រូវគេបង្ករឱ្យកើតឡើង សុទ្ធសឹងតែ
ត្រូវបានគេគ្រោងទុកមុនជាស្រេច៕

Anonymous said...

ល្បិចកល-ឆាកល្ខោនយួនយ៉ាងយូរ....
........ដើម្បីលេបស្រុកខ្មែរទាំងមួល!
___________________________________

អ្នកស្រី ទេព​វន្នី និង យោម បុប្ផា
ជាមនុស្សរបស់យួន(សង្គ្រោះជាតិ...យួន)