អ្នកស្រីទេព វន្នីអ្នកតំណាងក្រុមស្ត្រីបឹងកក់ដ៏ល្បីឈ្មោះម្នាក់ |
25.03.2013
ដោយ ស៊ុយ ហ៊ាមខេមរា
VOA Khmer
ភ្នំពេញ៖ អ្នកស្រីទេព វន្នីអ្នកតំណាងក្រុមស្ត្រីបឹងកក់ដ៏ល្បីឈ្មោះម្នាក់រំពឹងទុកថាដំណើរទៅកាន់អឺរ៉ុបនិងសហរដ្ឋអាមេរិករបស់អ្នកស្រីនឹងក្លាយជាឱកាសមួយសម្រាប់គាត់អាចស្វែងយល់បន្ថែមក៏ដូចជាចូលរួមចែករំលែកបទពិសោធន៍ដែលគាត់និងក្រុមស្ត្រីនៅតំបន់បឹងកក់ឆ្លងកាត់។
អ្នកស្រីទេព វន្នីនឹងឡើងទទួលពានរង្វាន់ Leadership for Public Life Award នៅថ្ងៃទី២ខែមេសាខាងមុខដែលប្រារព្ធធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។
អ្នកស្រីបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកកាលពីថ្ងៃពុធគឺមួយថ្ងៃមុនការចេញដំណើរថាអ្នកស្រីនឹងចំណាយពេលប្រហែលជិត២អាទិត្យស្នាក់នៅក្នុងសហរដ្ឋអាមេរិកហើយមានគម្រោងស្នើសុំជួបតំណាងភាគីសំខាន់ៗ ដូចជាធនាគារពិភពលោក និងតំណាងអង្គការមួយចំនួនទៀតដើម្បីស្នើសុំឱ្យមានការជួយដល់ប្រជាពលរដ្ឋបឹងកក់និងអ្នកស្រីយ៉ោម បុប្ផា។
អ្នកស្រីបានបញ្ជាក់ថា៖
«ទៅអាមេរិកហ្នឹងបងមានកិច្ចការសំខាន់មួយទៀតគឺស្នើសុំជួបជាមួយប្រធានធនាគារពិភព
លោកដែលមានការជួយរៀបចំពីអង្គការសមធម៍ តែយើងមិនដឹងថាយ៉ាងដូចម្តេចដែរពីព្រោះយើងស្នើសុំជួបគេ...ក្រៅពីនេះយើងមានអង្គការផ្សេងៗទៀត»។
យ៉ាងណាម៉ិញមុននឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីទទួលពានរង្វាន់អ្នកស្រីទេព វន្នីនឹងធ្វើដំណើរទៅកាន់ប្រទេសហុល្លង់ដើម្បីចូលរួមការបញ្ចាំងខ្សែភាពយន្តសំខាន់ៗក្នុងមហោស្រពខ្សែភាពយន្តដែលមានឈ្មោះ ថា «Movies That Matter»។
ជាតួរអង្គសំខាន់នៅក្នុងខ្សែភាពយន្តក្រោមចំណងជើងថា«សូម្បីបក្សីក៏ត្រូវការសំបុក» ឬជាភាសារអង់គ្លេសថា Event a Birth Needs Nest អ្នកស្រីទេព វន្នីនឹងចំណាយពេលមួយសប្តាហ៍ស្នាក់នៅក្នុងទីក្រុងអាមស្ទើដាម រដ្ឋធានីប្រទេសហុល្លង់ហើយគាត់ក៏នឹងត្រូវអញ្ជើញជាវាគ្មិនដើម្បីឡើងបញ្ចេញមតិហើយនឹងឆ្លើយសំណួរមួយចំនួនផងដែរក្រោយការដាក់បញ្ចាំងខ្សែភាពយន្តនៅថ្ងៃទី២៧ខែមិនាខាងមុខនេះ។
អ្នកស្រី ទេព វន្នី អាយុ៣១ឆ្នាំក៏នឹងបន្តដំណើរចេញពីប្រទេសហុល្លង់ទៅប្រទេសបារាំងទៀតក្រោមការអញ្ជើញរបស់ អង្គការ Amnesty International ឱ្យធ្វើជាវាគ្មិនផងដែរក្នុងសន្និសីទមួយដែលនឹងរៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ខែមិនា ក្នុងគោលដៅដើម្បីចែករំលែកនូវ បទពិសោធន៍នៃការតស៊ូរបស់ក្រុមស្ត្រីបឹងកក់។
ផ្តើមចេញពីស្រ្តីដែលលក់របស់របរនិងគ្រឿងឧបភោគបរិភោគតាមផ្ទះទៅជាស្ត្រីមេដឹកនាំម្នាក់ក្នុងតំបន់បឹងកក់ អ្នកស្រីទេព វន្នីចាប់ផ្តើមចេញមុខតវ៉ាក្នុងជម្លោះដីធ្លីតាំងពីឆ្នាំ២០០៨។ គាត់ក៏ធ្លាប់ត្រូវបានរងនូវអំពើហិង្សានានាពេលដែលមានការបង្ក្រាបរបស់មន្ត្រីមានសមត្ថកិច្ចនិងកងសន្តិសុខផងដែរ។
អ្នកស្រី និងស្ត្រីបឹងកក់ជាង១០នាក់ផ្សេងទៀត ក៏ធ្លាប់បានត្រូវចាប់ខ្លួនដាក់ក្នុងពន្ធនាគារព្រៃស មុននឹងត្រូវបានដោះលែងមកវិញក្រោយពេលដែលសាលាឧទ្ធរណ៍សម្រេចដោះលែងអ្នកស្រីនិងក្រុមស្ត្រីបឹងកក់ដទៃទៀត ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ ក៏ប៉ុន្តែករណីរបស់អ្នកស្រីសិ្ថតនៅក្រោមការពិនិត្យរបស់តុលាការដដែល។
អ្នកស្រីទេព វន្នីស្ថិតក្នុងចំណោមមនុស្ស៦ នាក់ដែលត្រូវបានជ្រើសរើសដោយអង្គការ Vital Voices ជារៀងរាល់ឆ្នាំដោយជ្រើសរើសស្រី្តលើជុំវិញពិភពលោកក្នុងចំណោមប្រទេសជាង១៤៤ សម្រាប់ការក្លាហានតស៊ូនិងភាពជាអ្នកដឹកនាំរបស់ស្ត្រី។ ពានរង្វាន់នេះមានអ្នកស្រីហ៊ីល ឡារីគ្លីនតុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកជាអ្នកផ្តួចផ្តើមគំនិតបង្កើតឡើង។
មន្ត្រីផ្នែកទំនាក់ទំនងរបស់អង្គការ Vital Voices គឺអ្នកស្រី វីគី ឡូឡិស (Wiki Loles) បានប្រាប់វីអូអេខេមរភាសាតាមរយៈសារអេឡិកត្រូវនិក ឬ E-mailថាអ្នកស្រីទេព វន្នីត្រូវបានប្រគល់ពានរង្វាន់នេះដោយសារតែគាត់បានបង្ហាញពីសេចក្តីក្លាហាន និងការតាំងចិត្តក្នុងការចេញមុខគាំទ្រសិទ្ធិរបស់ប្រជាជននៅតំបន់បឹងកក់ហើយអង្គការ Vital Voices មានការកោតសរសើរដល់អ្នកស្រីដែលហ៊ានប្រថុយនឹងគ្រោះថ្នាក់ក្នុងការជួយស្វែងរកនូវយុត្តិធម៌ និងការគោរពសិទ្ធិមនុស្ស។
គេសង្កេតឃើញមានក្រុមស្រី្តបឹងកក់ប្រហែលជាង ២០នាក់ផ្សេងទៀតបានរង់ចាំជូនដំណើរអ្នកស្រី នៅត្រង់បរិវេណច្រកចេញដំណើរនៃព្រលានយន្តហោះអន្តរជាតិពោចិនតុង។ ពួកគេភាគច្រើនបានសម្តែងនូវការសប្បាយចិត្ត និងសាមគ្គីភាពនៅពេលដែលអ្នកស្រីទេព វន្នី អ្នកតំណាងរបស់ពួកគេចេញទៅក្រៅប្រទេសដើម្បីទទួលពានរង្វាន់។
អ្នកស្រី ង៉ែត ឃុន អាយុ ៧១ឆ្នាំ ជាអ្នកភូមិបឹងកក់ដែលបានចូលរួមជូនដំណើរអ្នកស្រីទេព វន្នីបានសម្តែងការសប្បាយចិត្តនៅពេលដែលអ្នកតំណាងរបស់គាត់បានទទួលពានរង្វាន់ ហើយរំពឹងទុកថាអ្នកស្រីទេព វន្នីនឹងនាំយកនូវការឈឺចាប់របស់ក្រុមសហគមន៍ក្រីក្ររបស់គាត់ដើម្បីឱ្យអន្តរជាតិបាន ដឹងពីអ្វីដែលបានពួគគាត់បានរងគ្រោះក្នុងជម្លោះដីធ្លីនៃតំបន់បឹងកក់។
លោកស្រី បានបញ្ជាក់ថា៖
«នៅប្រទេសគេហ្នឹងគាត់នឹងបានសម្តែងនូវការលំបាករបស់សហគមន៍តាំង ២០០៨ រហូតមកចឹង។ ពិភពលោកគេនឹងគាំទ្របានជួយដល់សហគមន៍បឹងកក់ហ្នឹងជាស្ត្រីបឹងកក់ហ្នឹងខ្ញុំមានការត្រេកអរខ្លាំង»។
លោក អ៊ូ គង់ជាដែលត្រូវជាប្តីរបស់អ្នកស្រីទេព វន្នីដែលកាលពីមុនតែងតែមិនសូវសប្បាយចិត្តនៅពេលដែលឃើញប្រពន្ធរបស់គាត់ហ៊ានចេញមុខ តំណាងស្ត្រីបឹងកក់ឥឡូវនេះបានបង្ហាញពីការសប្បាយចិត្តនិងការគាំទ្រចំពោះប្រពន្ធរបស់គាត់ផងដែរ។
លោកបន្តថា ប្រពន្ធរបស់គាត់នឹងជួយនាំពាក្យប្រជាជនបឹងកក់ដែលរងគ្រោះទៅដល់សហគមន៍អន្តរជាតិ។
លោកអ៊ូ គង់ជាបន្តថា៖
«ខ្ញុំមានការលើកទឹកចិត្តគាត់ មានការគាំទ្រគាត់។ ពេលដែលគាត់បានចេញក្រៅនិយាយពីទុក្ខលំបាករបស់អ្នកភូមិទៅដល់សហគមន៍ដើម្បីឱ្យគេជួយគាំទ្រ លើកទឹកចិត្ត ដើម្បីមានការដោះស្រាយដល់អ្នកភូមិទាំងអស់ហ្នឹង»។
ប្រធានអង្គការ លីកាដូគឺអ្នកស្រី ពុង ឈីវកេកនិយាយថាការណ៍ដែលអ្នកស្រីទេព វន្នីត្រូវបានជ្រើសរើសហើយប្រគល់រង្វាន់នេះមានសារៈសំខាន់ដោយសារតែ វានឹងក្លាយជាកម្លាំងចិត្ត មួយដល់ប្រជាពលរដ្ឋដទៃទៀតដែលធ្លាប់ចូលរួមក្នុងការតវ៉ានានាជាមួយអ្នកស្រី។
«ធ្វើឱ្យអ្នកឯទៀតដែលធ្លាប់ធ្វើការតស៊ូ ទាមទារជាមួយអ្នកស្រីទេព វន្នីមានកម្លាំងចិត្ត ក្នុងការតស៊ូដោយអហិង្សា ទាមទារអ្វីដែលគួរតែបាន អ្វីដែលប្រជាពលរដ្ឋតំបន់បឹងកក់ហ្នឹងហ៊ានចេញមុខក្លាហានតស៊ូទាមទារការគោរពសិទ្ធិមនុស្ស តស៊ូដោយអហិង្សា ទាមទារលទ្ធិប្រជាធិបតេយ្យ»។
មុនឆ្នាំ ២០០៨ មានប្រជាជនប្រហែល ៤២៥០ គ្រួសារបានរស់នៅតំបន់បឹងកក់ដែលមានផ្ទៃដីសរុប ១៣៣ ហិកតា។ ការតវ៉ារបស់ប្រជាពលរដ្ឋ តំបន់បឹងដ៏ធំស្ថិតកណ្តាលរាជធានីភ្នំពេញមួយនេះចាប់ផ្តើមពេលដែលរដ្ឋាភិបាលបានសម្រេចផ្តល់តំបន់មួយឱ្យទៅក្រុមហ៊ុន ស៊ូកាគូអ៊ីនសម្រាប់អភិវឌ្ឍន៍រយៈពេល ៩៩ឆ្នាំ។
គិតមកត្រឹមឆ្នាំ ២០១៣ មានប្រជាពលរដ្ឋត្រឹមតែ ៧៩៤គ្រួសារប៉ុណ្នោះដែលបន្តរស់នៅក្នុងតំបន់នោះ។ ហើយកន្លងមករដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ ២០១១ យោងតាមអនុក្រិត្យលេខ ១៨៣ បានប្រកាសកាត់ដីទំហំ ១២,៤៤ ហិកតាឱ្យប្រជាពលរដ្ឋតំបន់បឹងកក់សម្រាប់ការអភិវឌ្ឍន៍នៅនឹងកន្លែង។ ក៏ប៉ុន្តែបើតាមសម្តី របស់អ្នកស្រីទេព វន្នី យ៉ាងហោចណាស់មានប្រជាពលរដ្ឋ ៦៤គ្រួសារទៀតដែលមិនទាន់ទទួលបានដីកម្មសិទ្ធ។
អ្នកស្រីបន្តថា៖
«ប្រជាពលរដ្ឋបឹងកក់ហ្នឹងគឺគាត់ចង់ទាមទារយកនូវយុត្តិធម៌មកឱ្យប្រជាពលរដ្ឋបឹងកក់ហ្នឹង។ ពីព្រោះពេលបងទៅហ្នឹងប្រជាពលរដ្ឋនៅបឹងកក់នេះគាត់ផ្ញើសេចក្តីទុក្ខចិត្តធ្វើយ៉ាងមេចដើម្បីឱ្យគេជួយអន្តរគមន៍ជួយដក់ប្រជាពលរដ្ឋបឹងកក់»។
ក្រោយពីឡើងទទួលពានរង្វាន់ បើតាមគម្រោងអ្នកស្រីទេព វន្នីនឹងធ្វើដំណើរចេញពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី ៤ខែមេសា៕
3 comments:
បើខ្មែរនៅតែពុលហើយមិនព្រមយល់ថាការបោះឆ្នោតបច្ចុប្បន្នជាអន្ទាក់របស់យួនទេហើយនៅតែនាំគ្នាត្បុរក្បាលទៅបោះឆ្នោតទៀត...នោះមិត្តភាពខ្មែរនិងយួនប្រាកដជាមិត្តម៉ឺនឆ្នាំមែនហើយ..! ជាមួយពួកកាន់អំណាចផ្តាច់ការមធ្យោបាយដែលអាចឈ្នៈពួកវាបានគឺមានតែច្បាប់ពីរគត់ ទី១-ពលរដ្ឋប្រើច្បាប់ធម្មជាតិ ទី២-ពលរដ្ឋប្រើច្បាប់អន្តរជាតិ។
ទស្សនៈរបស់ 4:43 AM អាចនឹងមានប្រយោជន៍
នៅគ្រាបន្តិចទៀត ព្រោះហេតុការណ៍ដែលបាន
និងកំពុងកើតឡើង ហាក់មានសភាពត្រឹមត្រូវដូច
ដែលលោកបានយល់ដឹង។ដូច្នោះព្រឹត្តិការណ៍ដែល
បាននិងកំពុងត្រូវគេបង្ករឱ្យកើតឡើង សុទ្ធសឹងតែ
ត្រូវបានគេគ្រោងទុកមុនជាស្រេច៕
ល្បិចកល-ឆាកល្ខោនយួនយ៉ាងយូរ....
........ដើម្បីលេបស្រុកខ្មែរទាំងមួល!
___________________________________
អ្នកស្រី ទេពវន្នី និង យោម បុប្ផា
ជាមនុស្សរបស់យួន(សង្គ្រោះជាតិ...យួន)
Post a Comment