ដោយ ជី វិតា
2013-04-11 RFA
2013-04-11 RFA
ក្នុងរយៈកាលជាង ២ទសវត្សរ៍កន្លងមកនេះ
វប្បធម៌និទ្ទណ្ឌភាពចាក់ឫសយ៉ាងជ្រៅទៅក្នុងសង្គមកម្ពុជា។
ជនប្រព្រឹត្តល្មើសច្បាប់មួយចំនួនតែងទទួលបានការការពារពីអ្នកមាន
អំណាច នាំឲ្យគេចផុតពីសំណាញច្បាប់។
រីឯជនរងគ្រោះនៃអំពើនិទ្ទណ្ឌភាព
ក្រៅតែពីជនសាមញ្ញដែលគ្មានឈ្មោះបោះសំឡេង ក៏មានអ្នកនយោបាយ
អ្នកសារព័ត៌មាន តារាភាពយន្ត តារាចម្រៀង សកម្មជនការពារសិទ្ធិមនុស្ស
និងសកម្មជនការពារព្រៃឈើជាដើម ដែលត្រូវបានធ្វើឃាត
តុលាការមិនអាចរកយុត្តិធម៌ជូនពួកគេបាន។
លោក ជី វិតា មានបទវិភាគមួយផ្តោតទៅលើសំណួរថា តើកម្ពុជាអាចលុបបំបាត់វប្បធម៌និទណ្ឌភាពបានឬទេ?
«និទណ្ឌភាព» ដែលភាសាអង់គ្លេសហៅថា «IMPUNITY» មានន័យថា
«ការមិនអាចនាំខ្លួនជនល្មើសច្បាប់
ឬជនប្រព្រឹត្តរំលោភសិទ្ធិមនុស្សមកជំនុំជម្រះ
ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះដោយសារតែជនល្មើសមានអ្នកមាន
ឥទ្ធិពល ឬមានច្បាប់ការពារពីក្រោយ។
និទ្ទណ្ឌភាពដែលកំពុងញាំញីក្នុងសង្គមកម្ពុជា
បានបណ្ដាលឲ្យពលរដ្ឋខ្មែរដែលជាជនរងគ្រោះទទួលអារម្មណ៍ថា
ពួកគេកំពុងរស់នៅក្នុងសង្គមមួយដែលមានការបែងចែកវណ្ណៈ
ពោលគឺច្បាប់ត្រូវបានអនុវត្ត និងដាក់ទោសទណ្ឌតែលើអ្នកតូចតាច
អ្នកគ្មានអំណាច និងជនក្រីក្រ។
អារម្មណ៍បែបនេះអាចនាំឲ្យសង្គមបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌។
ដូចនេះហើយបានជាប្រជាពលរដ្ឋនាំគ្នាចេញសំដែងមតិតវ៉ាតាមផ្លូវ
ថ្នល់ ជំនួសការទៅរកយុត្តិធម៌នៅតុលាការ ឬទៅតុលាការផង
តវ៉ាក្រៅតុលាការផង។ ប្រសិនបើការសំដែងមតិដោយសន្តិវិធីបែបនេះ
នៅតែមិនមានដំណោះស្រាយទៀត
អំពើហិង្សាដើម្បីរកដំណោះស្រាយអាចកើតមាន។
យោងតាមបរិបទ ឬស្ថានភាពនយោបាយកម្ពុជា
បច្ចុប្បន្នវប្បធម៌និទ្ទណ្ឌភាពទំនងជាមិនងាយលុបបំបាត់បានទេ
ហើយហេតុផលគឺងាយយល់ទេ។
ដើម្បីអាចលុបបំបាត់វប្បធម៌និទ្ទណ្ឌភាពបានចាំបាច់ត្រូវមានប្រព័ន្ធ
តុលាការមួយដែលរឹងមាំ ឯករាជ្យ
និងដាច់ខាតមិនចំណុះក្រោមឥទ្ធិពលនយោបាយណាមួយឡើយ។
តើតុលាការកម្ពុជា មានគុណភាពបែបនេះឬទេ?
របាយការណ៍នានា រួមទាំងរបស់អង្គការសហប្រជាជាតិផងបញ្ជាក់ថា
តុលាការកម្ពុជា មិនត្រឹមតែពុករលួយទេ
ប៉ុន្តែកំពុងស្ថិតក្រោមគំនាបនយោបាយរបស់បក្សកាន់អំណាចដែលជា
ឧបសគ្គរារាំងការបំពេញការងារឲ្យបានត្រឹមត្រូវ និងមិនលំអៀង។
ជាក់ស្ដែងថ្នាក់ដឹកនាំតុលាការ
ចាប់ពីសាលាដំបូងរហូតដល់តុលាការកំពូល
សុទ្ធសឹងតែជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា។ ឧទាហរណ៍៖ លោក
ឌិត មុន្ទី ប្រធានតុលាការកំពូល
គឺជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល
និងជាសមាជិកគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលនៃ
គណបក្សប្រជាជនកម្ពុជា។ ចំណែកលោក ជីវ កេង
ដែលកាន់មុខតំណែងបួនប្រាំនោះ ជាប្រធានសាលាដំបូងរាជធានីផង
និងជាទីប្រឹក្សាជាន់ខ្ពស់របស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ផង។
បញ្ហានេះហើយដែលនាំឲ្យសង្គមស៊ីវិល និងសហគមន៍អន្តរជាតិ
ព្រមទាំងគណបក្សប្រឆាំងផង តែងរិះគន់ថា តុលាការកម្ពុជា
មិនមែនជាតុលាការរបស់មហាជនទេ
ប៉ុន្តែជាតុលាការរបស់គណបក្សកាន់អំណាច។
មានករណីជាក់ស្ដែងជាច្រើនដែលសាធារណជនមើលឃើញថា
តុលាការលំអៀងទៅមន្ត្រី ឬអ្នកមានអំណាចនៃគណបក្សប្រជាជនកម្ពុជា។
សំណុំរឿងឧក្រិដ្ឋខ្លះ បើជនសង្ស័យជាមន្ត្រីបក្សប្រជាជនកម្ពុជា
តុលាការមិនអើពើធ្វើការស៊ើបអង្កេតទេ។
សំណុំរឿងខ្លះតុលាការដាក់បទចោទប្រកាន់ស្រាល
ដែលមិនស៊ីសង្វាក់ទៅនឹងទម្ងន់នៃបទល្មើស
ហើយចេញសាលក្រមដាក់ទោសក្នុងស្ថានសម្រាល ឬព្យួរទោសជាដើម
ប្រសិនបើជនជាប់ចោទជាមន្ត្រីគណបក្សប្រជាជនកម្ពុជា។
សំណុំរឿងខ្លះទៀត តុលាការបើកសវនាការកាត់ទោសយ៉ាងប្រញាប់ប្រញាល់
ប្រើរយៈពេលយ៉ាងខ្លី ប៉ុន្តែកាត់ទោសឲ្យជាប់គុករាប់សិបឆ្នាំ
ហើយពេលខ្លះ សូម្បីតែថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាក
ក៏តុលាការបើកសវនាការដែរ បើជនសង្ស័យជាអ្នករិះគន់រដ្ឋាភិបាល។
ឧទារហណ៍៖ សំណុំរឿងឧក្រិដ្ឋរបស់អតីតចៅហ្វាយក្រុងបាវិត
គឺលោក ឈូក បណ្ឌិត ដែលបានបាញ់កម្មការិនីរោងចក្រកាត់ដេរ
៣នាក់ឲ្យរងរបួស។ បើទោះជាមានសាក្សី
និងភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា លោក ឈូក បណ្ឌិត ជាជនដៃដល់ក៏ដោយ
ក៏សាលាដំបូងខេត្តស្វាយរៀង ទម្លាក់ការចោទប្រកាន់ទាំងស្រុង
ហើយបើទោះជាសាលាឧទ្ធរណ៍បង្គាប់ឲ្យសាលាដំបូងខេត្តស្វាយរៀង
សើរើរឿងក្ដីនេះឡើងវិញក៏ដោយ ក៏រហូតមកដល់ម៉ោងនេះ ជនជាប់ចោទ ឈូក
បណ្ឌិត ដែលបានសារភាពថា ខ្លួនជាអ្នកបាញ់ផងនោះ
មិនត្រូវបានឃុំខ្លួនឡើយ។ នេះក៏ដោយសារតែលោក ឈូក បណ្ឌិត
ជាសមាជិកគណបក្សប្រជាជនកម្ពុជា
និងមានមន្ត្រីថ្នាក់កំពូលនៃរាជរដ្ឋាភិបាលការពារពីក្រោយខ្នង។
នេះហើយជានិទ្ទណ្ឌភាព។
ករណីជាក់ស្ដែងនៃវប្បធម៌និទ្ទណ្ឌភាពដែលតុលាការលំអៀងទៅរកជន
ល្មើសមួយទៀត គឺសំណុំរឿងឧក្រិដ្ឋជះទឹកអាស៊ីដលើកញ្ញា តាត ម៉ារីណា
តារាចម្រៀងខារ៉ាអូខេ កាលពីឆ្នាំ១៩៩៩។ ជនល្មើសឈ្មោះ ឃួន សុផល
ភរិយារបស់លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី
និងបក្សពួក បានចាក់ស្រោចទឹកអាស៊ីដបំផ្លាញសម្រស់មុខមាត់
និងរាងកាយរបស់កញ្ញា តាត ម៉ារីណា ដែលកាលណោះមានវ័យ ១៦ឆ្នាំ
បណ្ដាលឲ្យនាងរស់ទាំងត្រដរ ស្ទើរក្លាយមិនមែនជាមនុស្ស។
បើទោះជាឧក្រិដ្ឋកម្មនេះប្រព្រឹត្តឡើងដោយចំហ
គេឯងដឹងឮគ្រប់ៗគ្នាក៏ដោយ
ក៏តុលាការមិនហ៊ានប៉ះពាល់ដល់ជនល្មើសឡើយ។ មួយឆ្នាំក្រោយមក
តុលាការក្រុងភ្នំពេញ
ស្ងាត់ៗបានចេញសាលក្រមកំបាំងមុខសម្រេចព្យួរទោសជនល្មើស ឃួន សុផល។
នេះមានន័យថា បើទោះជាតុលាការបានរកឃើញថា អ្នកស្រី ឃួន សុផល
បានប្រព្រឹត្តបទល្មើសពិតមែន
ប៉ុន្តែក៏មិនបានសម្រេចដាក់ទោសទណ្ឌដែរ
សូម្បីតែមួយថ្ងៃនៅក្នុងគុក។ នេះហើយជាវប្បធម៌និទ្ទណ្ឌភាព។
សំណុំរឿងក្ដីនៃឥទ្ធិពលអ្នកធំមកលើប្រព័ន្ធយុត្តិធម៌មួយទៀត
គឺករណីក្មួយប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ នឹម សុភា។
កាលពីខែតុលា ឆ្នាំ២០០៣ នគរបាលបានចាប់ខ្លួនលោក នឹម សុភា
ជាប់សង្ស័យពីបទបាញ់សម្លាប់មនុស្ស ២នាក់ និងរបួស ៤នាក់
បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងទីក្រុងភ្នំពេញ។
បើទោះជាមានសាក្សី និងនគរបាលបញ្ជាក់ថា លោក នឹម សុភា
ជាអ្នកលើកកាំភ្លើងបាញ់រះទៅលើហ្វូងមនុស្សដែលកំពុងចោមរោមមើលលោក
និងគូកន ដែលមានគ្រោះថ្នាក់ចរាចរណ៍ ក៏តុលាការក្រុងភ្នំពេញ
នៅខែមីនា ឆ្នាំ២០០៤ បើកសវនាការស្ងាត់ៗ
ចោទត្រឹមបទប្រព្រឹត្តអំពើមនុស្សឃាតដោយអចេតនា
និងកាត់ទោសឲ្យជាប់ពន្ធនាគារ ១៨ខែ។ ប៉ុន្តែ ៥ខែក្រោយមក
រឿងដែលកាន់តែភ្ញាក់ផ្អើល និងស្មានមិនដល់មួយទៀតនោះ
គឺសាលាឧទ្ធរណ៍ប្រកាសថា អ្នកដែលបានបាញ់នៅពេលនោះ មិនមែន នឹម សុភា
ទេ តែជាមនុស្សម្នាក់ផ្សេងទៀត ឈ្មោះ សំ ឌឿន
ហើយបានកាត់ទោសកំបាំងមុខឲ្យ សំ ឌឿន ជាប់ពន្ធនាគារ ១០ឆ្នាំ។ ចំណែក
នឹម សុភា ត្រូវបានសាលាឧទ្ធរណ៍សម្រេចឲ្យរួចទោសទាំងស្រុង។
ប៉ុន្តែអ្វីដែលចម្លែកនោះ គ្មាននរណាដឹងថា ឈ្មោះ សំ ឌឿន ជានរណា
និងនៅទីណាទេ? ប្រការនេះនាំឲ្យគេឯងសង្ស័យថា សំ ឌឿន មួយនេះ
ទំនងជាមិនមាននៅលើលោកនេះផង។
វប្បធម៌និទ្ទណ្ឌភាពជាប្រវត្តិសាស្ត្រមួយទៀត
គឺការគប់គ្រាប់បែកទៅលើក្រុមបាតុករអហិង្សារាប់រយនាក់ដែលកំពុង
ប្រមូលផ្ដុំគ្នានៅមុខអគាររដ្ឋសភាចាស់ កាលពីឆ្នាំ១៩៩៧
បណ្ដាលឲ្យស្លាប់យ៉ាងតិច ១៦នាក់ និងរបួសជាង ១០០នាក់។
សំណុំរឿងឧក្រិដ្ឋដ៏ធំផ្អើលពិភពលោកមួយនេះ
រហូតមកដល់ពេលនេះមានអាយុកាលជាង ១៦ឆ្នាំហើយ
ប៉ុន្តែអាជ្ញាធរក្រុងភ្នំពេញ ឬតុលាការ នៅតែមិនអាចវែកមុខឃាតក
និងអ្នកនៅពីក្រោយខ្នងបានទៀត។
ជារៀងរាល់ឆ្នាំ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ
តែងតែឆ្លើយប្រាប់អ្នកកាសែតដដែលៗថា
សំណុំរឿងនេះនៅមិនទាន់បិទបញ្ចប់ទេ។
ចំណែកក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សវិញឆ្លើយតបថា
គេជឿថាសំណុំរឿងនេះនៅមិនទាន់បិទបញ្ចប់មែន
ប៉ុន្តែអាជ្ញាធរក៏មិនបានធ្វើការស៊ើបអង្កេតដែរ
ហើយក៏គ្មានបំណងស៊ើបអង្កេតដែរ ទើប ១៦ឆ្នាំកន្លងមកនេះ
គ្មានលទ្ធផលអ្វីទាំងអស់។ លើសពីនេះទៀត
មូលហេតុសំខាន់ដែលមិនហ៊ានបើកការស៊ើបអង្កេតនោះ
ទំនងជាមកពីជនសង្ស័យដែលនៅពីក្រោយខ្នងការគប់គ្រាប់បែកពេលនោះ
គឺជាមនុស្សជំនិតផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង។
របាយការណ៍របស់ភ្នាក់ងារស៊ើបការណ៍អាមេរិក អេហ្វ.ប៊ី.អាយ (FBI)
និងរបស់អង្គការសហប្រជាជាតិឲ្យដឹងថា
អនុប្រធានកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ីង
ប៊ុនហៀង គឺជាអ្នករៀបចំ
និងបញ្ជាឲ្យមានការគប់គ្រាប់បែកនៅពេលនោះ។ ប៉ុន្តែរយៈកាល
១៦ឆ្នាំក្រោយព្រឹត្តិការណ៍បង្ហូរឈាមនេះ លោក ហ៊ីង ប៊ុនហៀង
មិនត្រឹមតែមិនជាប់ឈ្មោះជាជនសង្ស័យប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងត្រូវបានដំឡើងឋានន្តរសក្ដិជាឧត្ដមសេនីយ៍ឯក
និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ថែមទៀតផង។
វប្បធម៌និទ្ទណ្ឌភាពនៅមានច្រើនទៀត។
គិតត្រឹមតែដើមទសវត្សរ៍ឆ្នាំ១៩៩០
រហូតមកដល់បច្ចុប្បន្នមានជនរងគ្រោះច្រើនណាស់ដែលត្រូវបានសម្លាប់
ឬក្លាយជាជនពិការ ហើយជនល្មើសមិនត្រូវបានវែកមុខ។ ដោយត្រួសៗ
ជនរងគ្រោះទាំងនោះ រួមមាន អតីតតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិច លោក
ឱម រដ្ឋសាឌី តារាភាយន្ត ពិសិដ្ឋ ពីលិកា ម្ដាយតារាចម្រៀង ទូច ស្រីនិច
មេដឹកនាំសហជីព លោក ជា វិជ្ជា លោក រស់ សុវណ្ណារ៉ា លោក ហ៊ី វុទ្ធី ព្រះសង្ឃ
សំ ប៊ុនធឿន សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្សជាច្រើននាក់
ព្រមទាំងទាហាន និងមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច ជិត ១០០នាក់
ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៩៧។
ចំណែកឃាតកម្ម និងនិទ្ទណ្ឌភាពមកលើអ្នកសារព័ត៌មានវិញ
ក៏មិនណយដែរ។ គិតចាប់ពីឆ្នាំ១៩៩៤ រហូតមកដល់បច្ចុប្បន្ន
អ្នកសារព័ត៌មានចំនួន ១០នាក់ហើយ ត្រូវបានធ្វើឃាត
បន្ទាប់ពីផ្សាយព័ត៌មានរិះគន់រដ្ឋាភិបាល
ឬរាយការណ៍អំពើពុករលួយរបស់មន្ត្រីអ្នកមានអំណាច។ ជនរងគ្រោះទាំង
១០នាក់នោះ មាន៖ លោក នន់ ចាន់ និពន្ធនាយកកាសែត «សំឡេងយុវជនខ្មែរ» លោក
ឆោម មង្គល កាសែត «អន្តរាគមន៍» លោក ចាន់ ដារា កាសែត «កោះសន្តិភាព» លោក ធុន
ប៊ុនលី កាសែត «ឧត្ដមគតិខ្មែរ» លោក ចិត្តដួង ដារាវុធ កាសែត
«អ្នកប្រយុទ្ធ» លោក មៃឃល សេន័រ (Michael Senior) កាសែត ហ្វ្រីលេន
(Freelance) លោក ជួ ជេដ្ឋារិទ្ធ វិទ្យុ «តាព្រហ្ម» លោក ឃឹម សំបូរ កាសែត
«មនសិការខ្មែរ» ហើយអ្នកកាសែតដែលត្រូវគេធ្វើឃាតចុងក្រោយគេ គឺលោក
ហង្ស សិរីឧត្តម កាសែត «វរជនខ្មែរ» នៅខេត្តរតនគិរី ដែលមានជនសង្ស័យ
២នាក់កំពុងជាប់ឃុំ។
តើកម្ពុជា អាចលុបបំបាត់វប្បធម៌និទ្ទណ្ឌភាពបាន ឬទេ?
វប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា ទំនងជាមិនអាចលុបបំបាត់បានទេ
ដរាបណាប្រទេសកម្ពុជា
នៅតែស្ថិតក្រោមការគ្រប់គ្រងរបៀបដូចសព្វថ្ងៃនេះ។
ការលុបបំបាត់និទ្ទណ្ឌភាពទាមទារឲ្យកម្ពុជា មានតុលាការរឹងមាំ
ស្អាតស្អំ និងឯករាជ្យ។ ប៉ុន្តែបើយើងពិនិត្យមើលស្ថានភាពកម្ពុជា
បច្ចុប្បន្ន ទំនងទៅមិនរួចទេ។
មូលហេតុ៖
-ទី១ មិនមានសញ្ញាណាមួយបង្ហាញថា មេដឹកនាំកម្ពុជា
មានបំណងស៊ើបអង្កេតសំណុំរឿងឃាតកម្មទាំងឡាយដែលកើតឡើងកន្លងមក
ដើម្បីវែកមុខឃាតក រកយុត្តិធម៌ជូនជនរងគ្រោះ
និងលើកកម្ពស់នីតិរដ្ឋឡើយ។
-ទី២ គណបក្សប្រជាជនដែលជាបក្សកាន់អំណាច
គ្រប់គ្រងគ្រប់ស្ថាប័នរដ្ឋធំៗទាំងអស់
ទំនងជាមិនចង់ឲ្យតុលាការរឹងមាំ និងឯករាជ្យនោះទេ។
ស្ថាប័នរដ្ឋកំពូលៗដែលគប្បីត្រូវឯករាជ្យ និងអព្យាក្រឹត
ត្រូវបានគណបក្សប្រជាជនកម្ពុជា
បញ្ចូលសមាសភាពរបស់ខ្លួនទៅគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព។
ស្ថាប័នទាំងនោះរួមមាន ស្ថាប័ននគរបាល យោធា ក្រុមប្រឹក្សាធម្មនុញ្ញ
ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម តុលាការទាំងបីជាន់ថ្នាក់
និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
-ទី៣ រូបភាពខាងក្រៅគេឃើញថា រដ្ឋាភិបាលកម្ពុជា
ហាក់ដូចជាកំពុងយកចិត្តទុកដាក់ចង់ឲ្យតុលាការឯករាជ្យ រឹងមាំ
និងមិនពុករលួយ។ ប៉ុន្តែបើគេពិនិត្យស៊ីជម្រៅ គេនឹងឃើញថា
រដ្ឋាភិបាលកំពុងឆ្លៀតឱកាសនៅពេលដែលតុលាការកំពុងទន់ខ្សោយ
និងពុករលួយ បញ្ជ្រាបឥទ្ធិពលរបស់ខ្លួនទៅក្នុងស្ថាប័នតុលាការ
ដែលជាការផ្ទុយនឹងគោលការណ៍បែងចែកអំណាចកំណត់ដោយរដ្ឋធម្មនុញ្ញ។
ឧទាហរណ៍៖ យុទ្ធនាការកណ្ដាប់ដៃដែករបស់លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន កាលពីឆ្នាំ២០០៦ លូកដៃចូលកិច្ចការតុលាការ ដកហូត
ផ្លាស់ប្តូរ និងព្យួរចៅក្រម និងព្រះរាជអាជ្ញាជិត ១០នាក់
ធ្វើឲ្យមន្ត្រីតុលាការរអ៊ូរទាំផង និងភ័យបាក់ស្បាតផង។
បន្ទាប់មកទៀត ដើម្បីមានឥទ្ធិពលទៅលើតុលាការកាន់តែច្រើន
ហើយមើលទៅស្របច្បាប់ទៀតនោះ រដ្ឋាភិបាលបានបង្កើត
«ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌»
ដោយបានតែងតាំងលោកឧបនាយករដ្ឋមន្ត្រី សុខ អាន
ដែលកាន់មុខតំណែងធំៗជាច្រើន ហើយមានឥទ្ធិពលលើតុលាការស្រាប់នោះ
ជាសហប្រធានជាមួយលោក ឌិត មុន្ទី ដែលជាប្រធានតុលាការកំពូល
និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។ យោងតាមរដ្ឋធម្មនុញ្ញ
មានតែឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមដែលមានព្រះមហាក្សត្រជា
ប្រធាន មានភារកិច្ចកែលម្អ និងពង្រឹងប្រព័ន្ធតុលាការ។
-ទី៤ ដើម្បីលុបបំបាត់វប្បធម៌និទ្ទណ្ឌភាព
ចាំបាច់ណាស់ត្រូវមានប្រព័ន្ធយុត្តិធម៌ ក្នុងនោះមានចៅក្រម
ព្រះរាជអាជ្ញា នគរបាលយុត្តិធម៌ជាដើម ដែលស្អាតស្អំ រឹងមាំ និងឯករាជ្យ។
សម្រាប់មន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា
មួយចំនួន ការអនុញ្ញាតឲ្យតុលាការរឹងមាំ និងឯករាជ្យ
គឺស្មើនឹងការនាំគ្រោះកាចមកដាក់ខ្លួន។ ប្រសិនបើតុលាការឯករាជ្យ
រឹងមាំ និងមិនលំអៀង សំណុំរឿងឧក្រិដ្ឋកម្មធំៗដែលកើតឡើងកន្លងមក
ដែលតុលាការបច្ចុប្បន្នមិនហ៊ានហើបមាត់ បើកការស៊ើបអង្កេតនោះ
អាចនឹងត្រូវសើរើយកមកជម្រះបញ្ជី។
សំណុំរឿងក្ដីកប់ចោលទាំងនោះ រួមមាន៖ ឃាតកម្មលើអ្នកសារព័ត៌មាន
ឃាតកម្មលើសកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយ
ឧក្រិដ្ឋកម្មស្លាប់រង្គាលក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកមុខរដ្ឋ
សភាចាស់
ឧក្រិដ្ឋកម្មសម្លាប់ឈ្លើយសឹកក្នុងព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ
១៩៩៧ ឃាតកម្មលើប្រធានសហជីពលោក ជា វិជ្ជា ឃាតកម្មលើតារាភាពយន្ត
ពិសិដ្ឋ ពីលិកា ឃាតកម្មលើម្ដាយតារាចម្រៀង ទូច ស្រីនិច
និងឃាតកម្មលើសកម្មជនការពារធនធានធម្មជាតិ ឈុត វុទ្ធី ជាដើម។
មូលហេតុមួយទៀតដែលវប្បធម៌និទ្ទណ្ឌភាពទំនងជាមិនអាចលុបបំបាត់បាន
នោះ គឺថា អ្នកនយោបាយណាដែលមិនចង់មានឥទ្ធិពលលើប្រព័ន្ធយុត្តិធម៌
ដូច្នេះហើយទើបប្រទេសនីមួយៗ រួមទាំងកម្ពុជាផង
ធ្វើច្បាប់មិនឲ្យមន្ត្រីខាងរដ្ឋាភិបាល
និងរដ្ឋសភាជ្រៀតជ្រែកកិច្ចការរបស់តុលាការ។
កម្រមានគណបក្សណាមួយ នាយករដ្ឋមន្ត្រីណាមួយ
ឬប្រធានាធិបតីណាមួយដែលមិនចង់អត់មានឥទ្ធិពលទៅលើប្រព័ន្ធតុលាការ
នោះទេ ជាពិសេសពេលបានក្ដាប់ណែននៅក្នុងដៃហើយនោះ
ពិតជាមិនចង់ឲ្យរបូតចេញទៅវិញទេ
ពីព្រោះពេលបានក្ដោបក្ដាប់តុលាការ
គឺស្មើនឹងមានបានប័ណ្ណធានារ៉ាប់រងជីវិត។
តុលាការអាចជាឧបករណ៍នយោបាយដ៏មុតស្រួចសម្រាប់រក្សាអំណាច
និងសម្រាប់បំបាក់ស្មារតីគូប្រឆាំងរបស់ខ្លួន។
មន្ត្រីគណបក្សប្រជាជនកម្ពុជា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ផង រហូតមកដល់ពេលនេះបានប្រើប្រាស់តុលាការជាឧបករណ៍ ទាំងបើកចំហផង
និងទាំងលាក់លៀមផងយ៉ាងមានប្រសិទ្ធភាព ដើម្បីយកឈ្នះគូប្រជែងនយោបាយ
និងក្រុមអ្នករិះគន់។ ដូច្នេះសម្រាប់គណបក្សប្រជាជនកម្ពុជា
ដែលបានបញ្ជ្រាបសមាជិកខ្លួនទៅគ្រប់ជាន់ថ្នាក់នៃតុលាការកម្ពុជា
ហើយនោះ ការជួយពង្រឹងដោយចិត្តស្មោះស ដើម្បីឲ្យតុលាការរឹងមាំ
និងឯករាជ្យនោះ មិនត្រឹមតែនាំឲ្យខាតបង់ប្រយោជន៍បក្សប៉ុណ្ណោះទេ
ប៉ុន្តែនឹងនាំគ្រោះកាចចង្រៃដល់មន្ត្រីបក្សដែលជាប់សង្ស័យ
ពាក់ព័ន្ធនឹងបទឧក្រិដ្ឋនានាថែមទៀតផង។
ដូច្នេះការលុបបំបាត់វប្បធម៌និទ្ទណ្ឌភាពទំនងជាមិនងាយទេនៅពេល
ឆាប់ៗខាងមុខនេះ។
ទោះជាយ៉ាងណាក្ដី ការលុបបំបាត់វប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា
មិនមែនថា មិនអាចធ្វើទៅមិនបានសោះនោះទេ។
បញ្ហាសំខាន់វាស្ថិតលើឆន្ទៈរបស់ថ្នាក់ដឹកនាំកម្ពុជា
និងគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ន
ថាតើសុខចិត្តលះបង់ប្រយោជន៍បក្សដោយកាត់សាច់ដែលស្អុយៗចោលខ្លះ
ហើយងាកមកជួយជ្រោមជ្រែងដោយចិត្តស្មោះសធ្វើឲ្យប្រព័ន្ធយុត្តិធម៌
នៅកម្ពុជា រឹងមាំ ឯករាជ្យ និងមិនលំអៀង
ដើម្បីអនាគតល្អរបស់សង្គមកម្ពុជា ទាំងមូល ឬយ៉ាងណា?
ផ្ទុយទៅវិញ ដរាបណាតុលាការកម្ពុជា
នៅតែស្ថិតក្រោមគំនាបនយោបាយងើបមុខមិនរួចដូចពេលបច្ចុប្បន្ននេះ
វប្បធម៌និទ្ទណ្ឌភាព
ឬការមិនអាចនាំខ្លួនជនល្មើសច្បាប់មកវិនិច្ឆ័យទោស
នឹងនៅតែបន្តញាំញីនៅក្នុងសង្គមកម្ពុជា តទៅមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
2 comments:
Ah Choy Maray Ah Kwak hun sen Youn'sdog mfucker Onn Cheang Ah Youn Chhouk Bandit Phong!!!!ah kwak dare Not arrest Ah Youn Chhuk Bandit hahahahahah
As I review the khmer history from the refugee camp and until now i seem to be khmer top on khmer but not to the other country.just like example the neightbor country like THAILAND and VIETNAM. Tell me why?Was it nice to kill your own rather other country. Corruption goverment only look after there own family but not to people.
Post a Comment