Friday, April 12, 2013

បទ​វិភាគ៖ តើ​កម្ពុជា​អាច​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព​បាន​ឬ​ទេ?

ដោយ ជី វិតា
2013-04-11 RFA

ក្នុង​រយៈកាល​ជាង ២​ទសវត្សរ៍​កន្លង​មក​នេះ វប្បធម៌​និទ្ទណ្ឌភាព​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​សង្គម​កម្ពុជា។ ជន​ប្រព្រឹត្ត​ល្មើស​ច្បាប់​មួយ​ចំនួន​តែង​ទទួល​បាន​ការ​ការពារ​ពី​អ្នក​មាន ​អំណាច នាំ​ឲ្យ​គេច​ផុត​ពី​សំណាញ​ច្បាប់។ រី​ឯ​ជន​រង​គ្រោះ​នៃ​អំពើ​និទ្ទណ្ឌភាព ក្រៅ​តែ​ពី​ជន​សាមញ្ញ​ដែល​គ្មាន​ឈ្មោះ​បោះ​សំឡេង ក៏​មាន​អ្នក​នយោបាយ អ្នក​សារព័ត៌មាន តារាភាពយន្ត តារា​ចម្រៀង សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ការពារ​ព្រៃ​ឈើ​ជាដើម ដែល​ត្រូវ​បាន​ធ្វើ​ឃាត តុលាការ​មិន​អាច​រក​យុត្តិធម៌​ជូន​ពួក​គេ​បាន។
លោក ជី វិតា មាន​បទវិភាគ​មួយ​ផ្តោត​ទៅ​លើ​សំណួរ​ថា តើ​កម្ពុជា​អាច​លុប​បំបាត់​វប្បធម៌​និទណ្ឌភាព​បាន​ឬ​ទេ?
«និទណ្ឌភាព» ដែល​ភាសា​អង់គ្លេស​ហៅ​ថា «IMPUNITY» មាន​ន័យ​ថា «ការ​មិន​អាច​នាំ​ខ្លួន​ជនល្មើស​ច្បាប់ ឬ​ជន​ប្រព្រឹត្ត​រំលោភ​សិទ្ធិ​មនុស្ស​មក​ជំនុំជម្រះ ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ដោយសារ​តែ​ជន​ល្មើស​មាន​អ្នក​មាន​ ឥទ្ធិពល ឬ​មាន​ច្បាប់​ការពារ​ពី​ក្រោយ។
និទ្ទណ្ឌភាព​ដែល​កំពុង​ញាំញី​ក្នុង​សង្គម​កម្ពុជា  បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ជន​រង​គ្រោះ​ទទួល​អារម្មណ៍​ថា ពួកគេ​កំពុង​រស់​នៅ​ក្នុង​សង្គម​មួយ​ដែល​មាន​ការ​បែង​ចែក​វណ្ណៈ ពោល​គឺ​ច្បាប់​ត្រូវ​បាន​អនុវត្ត និង​ដាក់​ទោស​ទណ្ឌ​តែ​លើ​អ្នក​តូចតាច អ្នក​គ្មាន​អំណាច និង​ជន​ក្រីក្រ។ អារម្មណ៍​បែប​នេះ​អាច​នាំ​ឲ្យ​សង្គម​បាត់​បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌។  ដូច​នេះ​ហើយ​បាន​ជា​ប្រជាពលរដ្ឋ​នាំ​គ្នា​ចេញ​សំដែង​មតិ​តវ៉ា​តាម​ផ្លូវ​ ថ្នល់ ជំនួស​ការ​ទៅ​រក​យុត្តិធម៌​នៅ​តុលាការ ឬ​ទៅ​តុលាការ​ផង តវ៉ា​ក្រៅ​តុលាការ​ផង។ ប្រសិន​បើ​ការ​សំដែង​មតិ​ដោយ​សន្តិវិធី​បែប​នេះ នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ​ទៀត អំពើ​ហិង្សា​ដើម្បី​រក​ដំណោះស្រាយ​អាច​កើត​មាន។

យោង​តាម​បរិបទ ឬ​ស្ថានភាព​នយោបាយ​កម្ពុជា បច្ចុប្បន្ន​វប្បធម៌​និទ្ទណ្ឌភាព​ទំនង​ជា​មិន​ងាយ​លុប​បំបាត់​បាន​ទេ ហើយ​ហេតុផល​គឺ​ងាយ​យល់​ទេ។ ដើម្បី​អាច​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព​បាន​ចាំបាច់​ត្រូវ​មាន​ប្រព័ន្ធ ​តុលាការ​មួយ​ដែល​រឹង​មាំ ឯករាជ្យ និង​ដាច់​ខាត​មិន​ចំណុះ​ក្រោម​ឥទ្ធិពល​នយោបាយ​ណា​មួយ​ឡើយ។
តើ​តុលាការ​កម្ពុជា មាន​គុណភាព​បែប​នេះ​ឬ​ទេ?
របាយការណ៍​នានា រួម​ទាំង​របស់​អង្គការ​សហប្រជាជាតិ​ផង​បញ្ជាក់​ថា តុលាការ​កម្ពុជា មិន​ត្រឹម​តែ​ពុករលួយ​ទេ ប៉ុន្តែ​កំពុង​ស្ថិត​ក្រោម​គំនាប​នយោបាយ​របស់​បក្ស​កាន់​អំណាច​ដែល​ជា​ ឧបសគ្គ​រារាំង​ការ​បំពេញ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ និង​មិន​លំអៀង។
ជាក់ស្ដែង​ថ្នាក់ដឹកនាំ​តុលាការ ចាប់​ពី​សាលាដំបូង​រហូត​ដល់​តុលាការ​កំពូល សុទ្ធសឹងតែ​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ ឧទាហរណ៍៖ លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល គឺ​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល និង​ជា​សមាជិក​គណៈ​ប្រចាំការ​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​នៃ​ គណបក្ស​ប្រជាជន​កម្ពុជា។ ចំណែក​លោក ជីវ កេង ដែល​កាន់​មុខ​តំណែង​បួន​ប្រាំ​នោះ ជា​ប្រធាន​សាលាដំបូង​រាជធានី​ផង និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ផង។ បញ្ហា​នេះ​ហើយ​ដែល​នាំ​ឲ្យ​សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ ព្រម​ទាំង​គណបក្ស​ប្រឆាំង​ផង តែង​រិះគន់​ថា តុលាការ​កម្ពុជា មិន​មែន​ជា​តុលាការ​របស់​មហាជន​ទេ ប៉ុន្តែ​ជា​តុលាការ​របស់​គណបក្ស​កាន់​អំណាច។
មាន​ករណី​ជាក់ស្ដែង​ជា​ច្រើន​ដែល​សាធារណជន​មើល​ឃើញ​ថា តុលាការ​លំអៀង​ទៅ​មន្ត្រី ឬ​អ្នក​មាន​អំណាច​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ សំណុំ​រឿង​ឧក្រិដ្ឋ​ខ្លះ បើ​ជនសង្ស័យ​ជា​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា តុលាការ​មិន​អើ​ពើ​ធ្វើ​ការ​ស៊ើប​អង្កេត​ទេ។ សំណុំ​រឿង​ខ្លះ​តុលាការ​ដាក់​បទ​ចោទ​ប្រកាន់​ស្រាល ដែល​មិន​ស៊ី​សង្វាក់​ទៅ​នឹង​ទម្ងន់​នៃ​បទល្មើស ហើយ​ចេញ​សាលក្រម​ដាក់​ទោស​ក្នុង​ស្ថាន​សម្រាល ឬ​ព្យួរ​ទោស​ជាដើម ប្រសិន​បើ​ជន​ជាប់​ចោទ​ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា។ សំណុំ​រឿង​ខ្លះ​ទៀត តុលាការ​បើក​សវនាការ​កាត់​ទោស​យ៉ាង​ប្រញាប់ប្រញាល់ ប្រើ​រយៈពេល​យ៉ាង​ខ្លី ប៉ុន្តែ​កាត់​ទោស​ឲ្យ​ជាប់​គុក​រាប់​សិប​ឆ្នាំ ហើយ​ពេល​ខ្លះ សូម្បី​តែ​ថ្ងៃ​អាទិត្យ ឬ​ថ្ងៃ​ឈប់​សម្រាក ក៏​តុលាការ​បើក​សវនាការ​ដែរ បើ​ជនសង្ស័យ​ជា​អ្នក​រិះគន់​រដ្ឋាភិបាល។
ឧទារហណ៍៖ សំណុំ​រឿង​ឧក្រិដ្ឋ​របស់​អតីត​ចៅហ្វាយ​ក្រុង​បាវិត គឺ​លោក ឈូក បណ្ឌិត ដែល​បាន​បាញ់​កម្មការិនី​រោងចក្រ​កាត់​ដេរ ៣​នាក់​ឲ្យ​រង​របួស។ បើ​ទោះ​ជា​មាន​សាក្សី និង​ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក ឈូក បណ្ឌិត ជា​ជន​ដៃ​ដល់​ក៏ដោយ ក៏​សាលាដំបូង​ខេត្ត​ស្វាយរៀង ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង ហើយ​បើ​ទោះ​ជា​សាលាឧទ្ធរណ៍​បង្គាប់​ឲ្យ​សាលាដំបូង​ខេត្ត​ស្វាយរៀង សើរើ​រឿង​ក្ដី​នេះ​ឡើង​វិញ​ក៏ដោយ ក៏​រហូត​មក​ដល់​ម៉ោង​នេះ ជន​ជាប់​ចោទ ឈូក បណ្ឌិត ដែល​បាន​សារភាព​ថា ខ្លួន​ជា​អ្នក​បាញ់​ផង​នោះ មិន​ត្រូវ​បាន​ឃុំ​ខ្លួន​ឡើយ។ នេះ​ក៏​ដោយសារ​តែ​លោក ឈូក បណ្ឌិត ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​មន្ត្រី​ថ្នាក់​កំពូល​នៃ​រាជរដ្ឋាភិបាល​ការពារ​ពី​ក្រោយ​ខ្នង។ នេះ​ហើយ​ជា​និទ្ទណ្ឌភាព។
ករណី​ជាក់ស្ដែង​នៃ​វប្បធម៌​និទ្ទណ្ឌភាព​ដែល​តុលាការ​លំអៀង​ទៅ​រក​ជន​ ល្មើស​មួយ​ទៀត គឺ​សំណុំ​រឿង​ឧក្រិដ្ឋ​ជះ​ទឹក​អាស៊ីដ​លើ​កញ្ញា តាត ម៉ារីណា តារា​ចម្រៀង​ខារ៉ាអូខេ កាល​ពី​ឆ្នាំ​១៩៩៩។ ជនល្មើស​ឈ្មោះ ឃួន សុផល ភរិយា​របស់​លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​បក្ស​ពួក បាន​ចាក់​ស្រោច​ទឹក​អាស៊ីដ​បំផ្លាញ​សម្រស់​មុខ​មាត់ និង​រាង​កាយ​របស់​កញ្ញា តាត ម៉ារីណា ដែល​កាល​ណោះ​មាន​វ័យ ១៦​ឆ្នាំ បណ្ដាល​ឲ្យ​នាង​រស់​ទាំង​ត្រដរ ស្ទើរ​ក្លាយ​មិន​មែន​ជា​មនុស្ស។ បើ​ទោះ​ជា​ឧក្រិដ្ឋកម្ម​នេះ​ប្រព្រឹត្ត​ឡើង​ដោយ​ចំហ គេ​ឯង​ដឹង​ឮ​គ្រប់ៗ​គ្នា​ក៏ដោយ ក៏​តុលាការ​មិន​ហ៊ាន​ប៉ះពាល់​ដល់​ជនល្មើស​ឡើយ។ មួយ​ឆ្នាំ​ក្រោយ​មក តុលាការ​ក្រុង​ភ្នំពេញ ស្ងាត់ៗ​បាន​ចេញ​សាលក្រម​កំបាំង​មុខ​សម្រេច​ព្យួរ​ទោស​ជនល្មើស ឃួន សុផល។ នេះ​មាន​ន័យ​ថា បើ​ទោះ​ជា​តុលាការ​បាន​រក​ឃើញ​ថា អ្នកស្រី ឃួន សុផល បាន​ប្រព្រឹត្ត​បទល្មើស​ពិត​មែន ប៉ុន្តែ​ក៏​មិន​បាន​សម្រេច​ដាក់​ទោស​ទណ្ឌ​ដែរ សូម្បី​តែ​មួយ​ថ្ងៃ​នៅ​ក្នុង​គុក។ នេះ​ហើយ​ជា​វប្បធម៌​និទ្ទណ្ឌភាព។
សំណុំ​រឿង​ក្ដី​នៃ​ឥទ្ធិពល​អ្នក​ធំ​មក​លើ​ប្រព័ន្ធ​យុត្តិធម៌​មួយ​ទៀត គឺ​ករណី​ក្មួយ​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ នឹម សុភា។ កាល​ពី​ខែ​តុលា ឆ្នាំ​២០០៣ នគរបាល​បាន​ចាប់​ខ្លួន​លោក នឹម សុភា ជាប់​សង្ស័យ​ពី​បទ​បាញ់​សម្លាប់​មនុស្ស ២​នាក់ និង​របួស ៤​នាក់ បន្ទាប់​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ បើ​ទោះ​ជា​មាន​សាក្សី និង​នគរបាល​បញ្ជាក់​ថា លោក នឹម សុភា ជា​អ្នក​លើក​កាំភ្លើង​បាញ់​រះ​ទៅ​លើ​ហ្វូង​មនុស្ស​ដែល​កំពុង​ចោមរោម​មើល​លោក និង​គូកន ដែល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ក៏​តុលាការ​ក្រុង​ភ្នំពេញ នៅ​ខែ​មីនា ឆ្នាំ​២០០៤ បើក​សវនាការ​ស្ងាត់ៗ ចោទ​ត្រឹម​បទ​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​ដោយ​អចេតនា និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៨​ខែ។ ប៉ុន្តែ ៥​ខែ​ក្រោយ​មក រឿង​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល និង​ស្មាន​មិន​ដល់​មួយ​ទៀត​នោះ គឺ​សាលាឧទ្ធរណ៍​ប្រកាស​ថា អ្នក​ដែល​បាន​បាញ់​នៅ​ពេល​នោះ មិន​មែន នឹម សុភា ទេ តែ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត ឈ្មោះ សំ ឌឿន ហើយ​បាន​កាត់​ទោស​កំបាំង​មុខ​ឲ្យ សំ ឌឿន ជាប់​ពន្ធនាគារ ១០​ឆ្នាំ។ ចំណែក នឹម សុភា ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​រួច​ទោស​ទាំង​ស្រុង។ ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នោះ គ្មាន​នរណា​ដឹង​ថា ឈ្មោះ សំ ឌឿន ជា​នរណា និង​នៅ​ទី​ណា​ទេ? ប្រការ​នេះ​នាំ​ឲ្យ​គេ​ឯង​សង្ស័យ​ថា សំ ឌឿន មួយ​នេះ ទំនង​ជា​មិន​មាន​នៅ​លើ​លោក​នេះ​ផង។
វប្បធម៌​និទ្ទណ្ឌភាព​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត គឺ​ការ​គប់​គ្រាប់​បែក​ទៅ​លើ​ក្រុម​បាតុករ​អហិង្សា​រាប់​រយ​នាក់​ដែល​កំពុង​ ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​អគារ​រដ្ឋ​សភា​ចាស់ កាល​ពី​ឆ្នាំ​១៩៩៧ បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​តិច ១៦​នាក់ និង​របួស​ជាង ១០០​នាក់។ សំណុំ​រឿង​ឧក្រិដ្ឋ​ដ៏​ធំ​ផ្អើល​ពិភពលោក​មួយ​នេះ រហូត​មក​ដល់​ពេល​នេះ​មាន​អាយុកាល​ជាង ១៦​ឆ្នាំ​ហើយ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ឬ​តុលាការ នៅ​តែ​មិន​អាច​វែក​មុខ​ឃាតក និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​បាន​ទៀត។
ជា​រៀង​រាល់​ឆ្នាំ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ តែង​តែ​ឆ្លើយ​ប្រាប់​អ្នក​កាសែត​ដដែលៗ​ថា សំណុំ​រឿង​នេះ​នៅ​មិន​ទាន់​បិទ​បញ្ចប់​ទេ។ ចំណែក​ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​វិញ​ឆ្លើយ​តប​ថា គេ​ជឿ​ថា​សំណុំ​រឿង​នេះ​នៅ​មិន​ទាន់​បិទ​បញ្ចប់​មែន ប៉ុន្តែ​អាជ្ញាធរ​ក៏​មិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ដែរ ហើយ​ក៏​គ្មាន​បំណង​ស៊ើប​អង្កេត​ដែរ ទើប ១៦​ឆ្នាំ​កន្លង​មក​នេះ គ្មាន​លទ្ធផល​អ្វី​ទាំង​អស់។ លើស​ពី​នេះ​ទៀត មូលហេតុ​សំខាន់​ដែល​មិន​ហ៊ាន​បើក​ការ​ស៊ើប​អង្កេត​នោះ ទំនង​ជា​មក​ពី​ជនសង្ស័យ​ដែល​នៅ​ពី​ក្រោយ​ខ្នង​ការ​គប់​គ្រាប់បែក​ពេល​នោះ គឺ​ជា​មនុស្ស​ជំនិត​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង។
របាយការណ៍​របស់​ភ្នាក់ងារ​ស៊ើប​ការណ៍​អាមេរិក អេហ្វ.ប៊ី.អាយ (FBI) និង​របស់​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹង​ថា អនុ​ប្រធាន​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង គឺ​ជា​អ្នក​រៀបចំ និង​បញ្ជា​ឲ្យ​មាន​ការ​គប់​គ្រាប់​បែក​នៅ​ពេល​នោះ។ ប៉ុន្តែ​រយៈកាល ១៦​ឆ្នាំ​ក្រោយ​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​នេះ លោក ហ៊ីង ប៊ុនហៀង មិន​ត្រឹមតែ​មិន​ជាប់​ឈ្មោះ​ជា​ជន​សង្ស័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ត្រូវ​បាន​ដំឡើង​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍​ឯក និង​ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ ថែម​ទៀត​ផង។
វប្បធម៌​និទ្ទណ្ឌភាព​នៅ​មាន​ច្រើន​ទៀត។ គិត​ត្រឹម​តែ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ រហូត​មក​ដល់​បច្ចុប្បន្ន​មាន​ជន​រងគ្រោះ​ច្រើន​ណាស់​ដែល​ត្រូវ​បាន​សម្លាប់ ឬ​ក្លាយ​ជា​ជន​ពិការ ហើយ​ជនល្មើស​មិន​ត្រូវ​បាន​វែក​មុខ។ ដោយ​ត្រួសៗ ជន​រងគ្រោះ​ទាំង​នោះ រួម​មាន អតីត​តំណាងរាស្ត្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ឱម រដ្ឋសាឌី តារាភាយន្ត ពិសិដ្ឋ ពីលិកា ម្ដាយ​តារា​ចម្រៀង ទូច ស្រីនិច មេដឹកនាំ​សហជីព លោក ជា វិជ្ជា លោក រស់ សុវណ្ណារ៉ា លោក ហ៊ី វុទ្ធី ព្រះសង្ឃ សំ ប៊ុនធឿន សកម្មជន​នយោបាយ សកម្មជន​សិទ្ធិ​មនុស្ស​ជា​ច្រើន​នាក់ ព្រម​ទាំង​ទាហាន និង​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជិត ១០០​នាក់ ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧។
ចំណែក​ឃាតកម្ម និង​និទ្ទណ្ឌភាព​មក​លើ​អ្នក​សារព័ត៌មាន​វិញ ក៏​មិន​ណយ​ដែរ។ គិត​ចាប់​ពី​ឆ្នាំ​១៩៩៤ រហូត​មក​ដល់​បច្ចុប្បន្ន អ្នក​សារព័ត៌មាន​ចំនួន ១០​នាក់​ហើយ ត្រូវ​បាន​ធ្វើ​ឃាត បន្ទាប់​ពី​ផ្សាយ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល ឬ​រាយការណ៍​អំពើ​ពុករលួយ​របស់​មន្ត្រី​អ្នក​មាន​អំណាច។ ជន​រង​គ្រោះ​ទាំង ១០​នាក់​នោះ មាន៖ លោក នន់ ចាន់ និពន្ធ​នាយក​កាសែត «សំឡេង​យុវជន​ខ្មែរ» លោក ឆោម មង្គល កាសែត «អន្តរាគមន៍» លោក ចាន់ ដារា កាសែត «កោះ​សន្តិភាព» លោក ធុន ប៊ុនលី កាសែត «ឧត្ដម​គតិ​ខ្មែរ» លោក ចិត្តដួង ដារាវុធ កាសែត «អ្នក​ប្រយុទ្ធ» លោក មៃឃល សេន័រ (Michael Senior) កាសែត ហ្វ្រីលេន (Freelance) លោក ជួ ជេដ្ឋារិទ្ធ វិទ្យុ «តាព្រហ្ម» លោក ឃឹម សំបូរ កាសែត «មនសិការ​ខ្មែរ» ហើយ​អ្នក​កាសែត​ដែល​ត្រូវ​គេ​ធ្វើ​ឃាត​ចុង​ក្រោយ​គេ គឺ​លោក ហង្ស សិរីឧត្តម កាសែត «វរជន​ខ្មែរ» នៅ​ខេត្ត​រតនគិរី ដែល​មាន​ជន​សង្ស័យ ២​នាក់​កំពុង​ជាប់​ឃុំ។
តើ​កម្ពុជា អាច​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព​បាន ឬ​ទេ?
វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា ទំនង​ជា​មិន​អាច​លុប​បំបាត់​បាន​ទេ ដរាប​ណា​ប្រទេស​កម្ពុជា នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របៀប​ដូច​សព្វថ្ងៃ​នេះ។ ការ​លុប​បំបាត់​និទ្ទណ្ឌភាព​ទាមទារ​ឲ្យ​កម្ពុជា មាន​តុលាការ​រឹងមាំ ស្អាតស្អំ និង​ឯករាជ្យ។ ប៉ុន្តែ​បើ​យើង​ពិនិត្យ​មើល​ស្ថានភាព​កម្ពុជា បច្ចុប្បន្ន ទំនង​ទៅ​មិន​រួច​ទេ។
មូលហេតុ៖
-ទី​១ មិន​មាន​សញ្ញា​ណា​មួយ​បង្ហាញ​ថា មេដឹកនាំ​កម្ពុជា មាន​បំណង​ស៊ើប​អង្កេត​សំណុំ​រឿង​ឃាតកម្ម​ទាំង​ឡាយ​ដែល​កើត​ឡើង​កន្លង​មក ដើម្បី​វែក​មុខ​ឃាតក រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ និង​លើក​កម្ពស់​នីតិរដ្ឋ​ឡើយ។
-ទី​២ គណបក្ស​ប្រជាជន​ដែល​ជា​បក្ស​កាន់​អំណាច គ្រប់គ្រង​គ្រប់​ស្ថាប័ន​រដ្ឋ​ធំៗ​ទាំង​អស់ ទំនង​ជា​មិន​ចង់​ឲ្យ​តុលាការ​រឹង​មាំ និង​ឯករាជ្យ​នោះ​ទេ។ ស្ថាប័ន​រដ្ឋ​កំពូលៗ​ដែល​គប្បី​ត្រូវ​ឯករាជ្យ និង​អព្យាក្រឹត ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា បញ្ចូល​សមាសភាព​របស់​ខ្លួន​ទៅ​គ្រប់គ្រង​យ៉ាង​មាន​ប្រសិទ្ធភាព។ ស្ថាប័ន​ទាំង​នោះ​រួម​មាន ស្ថាប័ន​នគរបាល យោធា ក្រុមប្រឹក្សា​ធម្មនុញ្ញ ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម តុលាការ​ទាំង​បី​ជាន់​ថ្នាក់ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។
-ទី​៣ រូបភាព​ខាង​ក្រៅ​គេ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ហាក់​ដូច​ជា​កំពុង​យក​ចិត្ត​ទុក​ដាក់​ចង់​ឲ្យ​តុលាការ​ឯករាជ្យ រឹង​មាំ និង​មិន​ពុករលួយ។ ប៉ុន្តែ​បើ​គេ​ពិនិត្យ​ស៊ី​ជម្រៅ គេ​នឹង​ឃើញ​ថា រដ្ឋាភិបាល​កំពុង​ឆ្លៀត​ឱកាស​នៅ​ពេល​ដែល​តុលាការ​កំពុង​ទន់​ខ្សោយ និង​ពុករលួយ បញ្ជ្រាប​ឥទ្ធិពល​របស់​ខ្លួន​ទៅ​ក្នុង​ស្ថាប័ន​តុលាការ ដែល​ជា​ការ​ផ្ទុយ​នឹង​គោលការណ៍​បែង​ចែក​អំណាច​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ។
ឧទាហរណ៍៖ យុទ្ធនាការ​កណ្ដាប់ដៃ​ដែក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០០៦ លូក​ដៃ​ចូល​កិច្ចការ​តុលាការ ដក​ហូត ផ្លាស់ប្តូរ និង​ព្យួរ​ចៅក្រម និង​ព្រះរាជអាជ្ញា​ជិត ១០​នាក់ ធ្វើ​ឲ្យ​មន្ត្រី​តុលាការ​រអ៊ូរទាំ​ផង និង​ភ័យ​បាក់​ស្បាត​ផង។ បន្ទាប់​មក​ទៀត ដើម្បី​មាន​ឥទ្ធិពល​ទៅ​លើ​តុលាការ​កាន់​តែ​ច្រើន ហើយ​មើល​ទៅ​ស្រប​ច្បាប់​ទៀត​នោះ រដ្ឋាភិបាល​បាន​បង្កើត «ក្រុមប្រឹក្សា​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌» ដោយ​បាន​តែងតាំង​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែល​កាន់​មុខ​តំណែង​ធំៗ​ជា​ច្រើន ហើយ​មាន​ឥទ្ធិពល​លើ​តុលាការ​ស្រាប់​នោះ ជា​សហ​ប្រធាន​ជាមួយ​លោក ឌិត មុន្ទី ដែល​ជា​ប្រធាន​តុលាការ​កំពូល និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា។ យោង​តាម​រដ្ឋធម្មនុញ្ញ មាន​តែ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ដែល​មាន​ព្រះមហាក្សត្រ​ជា​ ប្រធាន មាន​ភារកិច្ច​កែ​លម្អ និង​ពង្រឹង​ប្រព័ន្ធ​តុលាការ។
-ទី​៤ ដើម្បី​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព ចាំបាច់​ណាស់​ត្រូវ​មាន​ប្រព័ន្ធ​យុត្តិធម៌ ក្នុង​នោះ​មាន​ចៅក្រម ព្រះរាជអាជ្ញា នគរបាល​យុត្តិធម៌​ជាដើម ដែល​ស្អាតស្អំ រឹងមាំ និង​ឯករាជ្យ។ សម្រាប់​មន្ត្រី​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ចំនួន ការ​អនុញ្ញាត​ឲ្យ​តុលាការ​រឹងមាំ និង​ឯករាជ្យ គឺ​ស្មើ​នឹង​ការ​នាំ​គ្រោះ​កាច​មក​ដាក់​ខ្លួន។ ប្រសិន​បើ​តុលាការ​ឯករាជ្យ រឹងមាំ និង​មិន​លំអៀង សំណុំ​រឿង​ឧក្រិដ្ឋកម្ម​ធំៗ​ដែល​កើត​ឡើង​កន្លង​មក ដែល​តុលាការ​បច្ចុប្បន្ន​មិន​ហ៊ាន​ហើប​មាត់ បើក​ការ​ស៊ើប​អង្កេត​នោះ អាច​នឹង​ត្រូវ​សើរើ​យក​មក​ជម្រះ​បញ្ជី។
សំណុំ​រឿង​ក្ដី​កប់​ចោល​ទាំង​នោះ រួម​មាន៖ ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន ឃាតកម្ម​លើ​សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​នយោបាយ ឧក្រិដ្ឋកម្ម​ស្លាប់​រង្គាល​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​មុខ​រដ្ឋ​ សភា​ចាស់ ឧក្រិដ្ឋកម្ម​សម្លាប់​ឈ្លើយ​សឹក​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ឆ្នាំ​ ១៩៩៧ ឃាតកម្ម​លើ​ប្រធាន​សហជីព​លោក ជា វិជ្ជា ឃាតកម្ម​លើ​តារា​ភាពយន្ត ពិសិដ្ឋ ពីលិកា ឃាតកម្ម​លើ​ម្ដាយ​តារា​ចម្រៀង ទូច ស្រីនិច និង​ឃាតកម្ម​លើ​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ ឈុត វុទ្ធី ជាដើម។
មូលហេតុ​មួយ​ទៀត​ដែល​វប្បធម៌​និទ្ទណ្ឌភាព​ទំនង​ជា​មិន​អាច​លុបបំបាត់​បាន ​នោះ គឺ​ថា អ្នក​នយោបាយ​ណា​ដែល​មិន​ចង់​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​យុត្តិធម៌ ដូច្នេះ​ហើយ​ទើប​ប្រទេស​នីមួយៗ រួម​ទាំង​កម្ពុជា​ផង ធ្វើ​ច្បាប់​មិន​ឲ្យ​មន្ត្រី​ខាង​រដ្ឋាភិបាល និង​រដ្ឋ​សភា​ជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ។
កម្រ​មាន​គណបក្ស​ណា​មួយ នាយករដ្ឋមន្ត្រី​ណា​មួយ ឬ​ប្រធានាធិបតី​ណា​មួយ​ដែល​មិន​ចង់​អត់​មាន​ឥទ្ធិពល​ទៅ​លើ​ប្រព័ន្ធ​តុលាការ ​នោះ​ទេ ជា​ពិសេស​ពេល​បាន​ក្ដាប់​ណែន​នៅ​ក្នុង​ដៃ​ហើយ​នោះ ពិត​ជា​មិន​ចង់​ឲ្យ​របូត​ចេញ​ទៅ​វិញ​ទេ ពីព្រោះ​ពេល​បាន​ក្ដោបក្ដាប់​តុលាការ គឺ​ស្មើ​នឹង​មាន​បាន​ប័ណ្ណ​ធានា​រ៉ាប់រង​ជីវិត។ តុលាការ​អាច​ជា​ឧបករណ៍​នយោបាយ​ដ៏​មុត​ស្រួច​សម្រាប់​រក្សា​អំណាច និង​សម្រាប់​បំបាក់​ស្មារតី​គូប្រឆាំង​របស់​ខ្លួន។
មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា រួម​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង រហូត​មក​ដល់​ពេល​នេះ​បាន​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍ ទាំង​បើក​ចំហ​ផង និង​ទាំង​លាក់លៀម​ផង​យ៉ាង​មាន​ប្រសិទ្ធភាព ដើម្បី​យក​ឈ្នះ​គូប្រជែង​នយោបាយ និង​ក្រុម​អ្នក​រិះគន់។ ដូច្នេះ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បញ្ជ្រាប​សមាជិក​ខ្លួន​ទៅ​គ្រប់​ជាន់​ថ្នាក់​នៃ​តុលាការ​កម្ពុជា​ ហើយ​នោះ ការ​ជួយ​ពង្រឹង​ដោយ​ចិត្ត​ស្មោះ​ស ដើម្បី​ឲ្យ​តុលាការ​រឹងមាំ និង​ឯករាជ្យ​នោះ មិន​ត្រឹម​តែ​នាំ​ឲ្យ​ខាត​បង់​ប្រយោជន៍​បក្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​នាំ​គ្រោះ​កាច​ចង្រៃ​ដល់​មន្ត្រី​បក្ស​ដែល​ជាប់​សង្ស័យ​ ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​នានា​ថែម​ទៀត​ផង។  ដូច្នេះ​ការ​លុបបំបាត់​វប្បធម៌​និទ្ទណ្ឌភាព​ទំនង​ជា​មិន​ងាយ​ទេ​នៅ​ពេល​ ឆាប់ៗ​ខាង​មុខ​នេះ។
ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា មិន​មែន​ថា មិន​អាច​ធ្វើ​ទៅ​មិន​បាន​សោះ​នោះ​ទេ។ បញ្ហា​សំខាន់​វា​ស្ថិត​លើ​ឆន្ទៈ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន ថា​តើ​សុខ​ចិត្ត​លះបង់​ប្រយោជន៍​បក្ស​ដោយ​កាត់​សាច់​ដែល​ស្អុយៗ​ចោល​ខ្លះ ហើយ​ងាក​មក​ជួយ​ជ្រោមជ្រែង​ដោយ​ចិត្ត​ស្មោះ​ស​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​ នៅ​កម្ពុជា រឹង​មាំ ឯករាជ្យ និង​មិន​លំអៀង ដើម្បី​អនាគត​ល្អ​របស់​សង្គម​កម្ពុជា ទាំង​មូល ឬ​យ៉ាង​ណា?
ផ្ទុយ​ទៅ​វិញ ដរាប​ណា​តុលាការ​កម្ពុជា នៅ​តែ​ស្ថិត​ក្រោម​គំនាប​នយោបាយ​ងើប​មុខ​មិន​រួច​ដូច​ពេល​បច្ចុប្បន្ន​នេះ វប្បធម៌​និទ្ទណ្ឌភាព ឬ​ការ​មិន​អាច​នាំ​ខ្លួន​ជនល្មើស​ច្បាប់​មក​វិនិច្ឆ័យ​ទោស នឹង​នៅ​តែ​បន្ត​ញាំញី​នៅ​ក្នុង​សង្គម​កម្ពុជា ត​ទៅ​មុខ​ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

Ah Choy Maray Ah Kwak hun sen Youn'sdog mfucker Onn Cheang Ah Youn Chhouk Bandit Phong!!!!ah kwak dare Not arrest Ah Youn Chhuk Bandit hahahahahah

Anonymous said...

As I review the khmer history from the refugee camp and until now i seem to be khmer top on khmer but not to the other country.just like example the neightbor country like THAILAND and VIETNAM. Tell me why?Was it nice to kill your own rather other country. Corruption goverment only look after there own family but not to people.