Sunday, April 28, 2013

អ្នក​ភូមិ​នៅ​រតនគិរី​ចោទ​ក្រុមហ៊ុន​ម៉ែនសារុន​បន្ត​បំពាន​ឈូស​ឆាយ​ដី

 
ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​មួយ​ក្រុម​ថ្មី​ទៀត អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ម៉ែន សារុន ឬ​ក្រុមហ៊ុន ៧២ បាន​ឈូស​ឆាយ​តំបន់​ព្រៃ​ការពារ​របស់​សហគមន៍។ អ្នក​ភូមិ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​នៅ​តែ​បំពាន​ឈូស​ឆាយ​ព្រៃ បើ​ទោះ​ជា​សហគមន៍ និង​មន្ត្រី​មូលដ្ឋាន​ភូមិ​ឃុំ ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការ​ឈូស​ឆាយ​យ៉ាង​ណា​ក្ដី។
ដោយ រដ្ឋា វីសាល 2013-04-28 RFA
ក្រុម​សហគមន៍​អ្នក​អភិរក្ស​ព្រៃឈើ​ភូមិ​តេន ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​មេសា ឆ្នាំ​២០១៣ អះអាង​ថា ព្រៃឈើ​ដែល​អ្នក​ភូមិ​ការពារ និង​អាស្រ័យផល​តាម​លក្ខណៈ​ប្រពៃណី​ជន​ជាតិ​ដើម​ភាគ​តិច ត្រូវ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ គ្លបល ធិច រ៉ាម៉ាខ្មែរ អន្តរជាតិ​និង​មិត្តភាព ម៉ែន សារុន (Global Tech Sd., Bhd. Rama Khmer International and Men Sarun Friendship) ឈូស​ឆាយ​ពង្រីក​យក​ដី។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ក្រុម​សហគមន៍ និង​កង​សេនាជន​ការពារ​ភូមិ​ប្រមាណ ១០​នាក់ បាន​នាំ​គ្នា​ទៅ​តវ៉ា​សុំ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​២៧ ក្រុមហ៊ុន​នៅ​តែ​បន្ត​ឈូស​ឆាយ​មិន​យល់​ព្រម​តាម​សំណើ​ប្រជាពលរដ្ឋ​ឡើយ។
ប្រធាន​សហគមន៍ លោក សេវ ហេម មាន​ប្រសាសន៍​បញ្ជាក់​ថា ព្រៃ​ឈើ​ដែល​ក្រុមហ៊ុន​កំពុង​ឈូស​ឆាយ គឺ​ជា​ព្រៃ​ដែល​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ចារ៉ាយ នៅ​តំបន់​នោះ​ថែរក្សា​គ្រប់គ្រង អាស្រ័យ​ផល​ច្រើន​ជំនាន់​មក​ហើយ។ បច្ចុប្បន្ន​ព្រៃ​ឈើ​នោះ​ត្រូវ​គេ​កាប់​រាន​យក​ដី​អស់​នៅ​សល់​ព្រៃ​ប្រមាណ ៦០០​ហិកតារ ដែល​អ្នក​ភូមិ​ការពារ​រហូត​បច្ចុប្បន្ន ដើម្បី​ត្រៀម​បម្រុង​ចុះ​បញ្ជី​ជា​ព្រៃ​ការពារ​សហគមន៍​ផ្លូវការ។
លោក​បន្ត​ថា លោក​បាន​អន្តរាគមន៍​ទៅ​មន្ត្រី​ថ្នាក់​ឃុំ និង​ស្រុក រួម​ទាំង​មន្ត្រី​ជំនាញ​ឲ្យ​ជួយ​ទប់​ស្កាត់​ករណី​នេះ៖ «ថ្ងៃ ​២៦ គ្រឿងចក្រ​វា​ដក ម៉ោង​មួយ​ពីរ​វា​ចូល​ធ្វើ​ទៀត។ ថ្ងៃ​២៧ គេ​កំពុង​ឈូស​ខ្ញុំ​ទៅ​ទប់ ប៉ុន្តែ​ល្ងាច​គេ​ទៅ​ឈូស​បន្ត​ទៀត។ កាល​មុន​ព្រៃ​ហ្នឹង​ធំ​ណាស់ មាន​ដំរី មាន​ទន្សោង មាន​ខ្ទីង ឥឡូវ​វា​រត់​ទៅ​ណា​ទៅ​ណី​អស់​ហើយ ព្រោះ​គេ​ធ្វើ​ព័ទ្ធ​ជុំវិញ​អស់​ហើយ»
វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អាទិត្យ ទី​២៨ មេសា មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ម៉ែន សារុន សុំ​បំភ្លឺ​ករណី​នេះ​បា​នទេ។ ចំណែក​មេ​ឃុំ​យ៉ាទុង លោក រចំ ហ្វីន ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ពិត​ជា​បាន​ឈូស​ឆាយ​ទៅ​លើ​ព្រៃ​ការពារ​របស់​អ្នក​ភូមិ។
លោក​បន្ត​ថា មន្ត្រី​ជំនាញ​ព្រៃ​ឈើ​បាន​ចុះ​ទៅ​ពិនិត្យ​ករណី​នេះ​ហើយ​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ មេសា មិន​ឃើញ​គ្រឿងចក្រ​បន្ត​ឈូស​ឆាយ​ទៀត​ទេ ប៉ុន្តែ​ព្រៃ​ឈើ​ប្រមាណ ១​ហិកតារ ត្រូវ​បាន​គេ​ឈូស​ឆាយ​រួច​ហើយ៖ «ឈូស​ចំ​ដី​គេ​ការពារ សហគមន៍​ហ្នឹង សហគមន៍​គេ​ទៅ​ទប់ទល់​ហ្នឹង គេ​ឈូស​តែម្ដង ពីរ​ថ្ងៃ។ ខ្ញុំ​ថា​អត់​ឲ្យ​គេ​ឈូស​ទៀត។ ថ្ងៃ​នេះ​ទៅ​ដែរ ពួក​ខ្ញុំ​ទៅ​ដែរ​ហ្នឹង»
មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​ស្ថាប័ន​ព្រៃ​ឈើ និង​អាជ្ញាធរ​មូលដ្ឋាន។ លោក​បន្ត​ថា  រាជ​រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​សកម្មភាព​រំលោភ​ នេះ៖ «ឃើញ​ថា ច្រើន​តែ​ធ្វើ​ការ​សម្របសម្រួល ណែនាំ​អប់រំ​ទៅ​លើ​ក្រុមហ៊ុន ក្រុមហ៊ុន​ហ្នឹង​មិន​មាន​ការ​ខ្លាច​ញញើត​ទេ។ ក្រុមហ៊ុន​ណា​ដែល​ធ្វើ​ខុស​លក្ខខណ្ឌ​សម្បទាន​សេដ្ឋកិច្ច​ត្រូវ​តែ​លប់​ចោល អា​ហ្នឹង​បាន​អនុវត្ត​ច្បាប់​បាន ក្រុមហ៊ុន​អនុវត្ត​ច្បាប់»
នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក ផាន់ ភិន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​ទាន់​បាន​ទទួល​សេចក្ដី​រាយការណ៍​ពី​ករណី​នេះ​ទេ។ យ៉ាង​នេះ​ក្តី ប្រធាន​សហគមន៍ លោក សេវ ហេម មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ត្រី​ព្រៃ​ឈើ​នឹង​ចុះ​អង្កេត​ករណី​នេះ​នៅ​ថ្ងៃ​ស្អែក​បន្ត​ទៀត។
របាយការណ៍​អង្កេត​របស់​មន្ត្រី​សមាគម​អាដហុក ខេត្ត​រតនគិរី នៅ​ក្នុង​ខែ​មេសា ឆ្នាំ​២០១៣ ប្រជាពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចំនួន​បី​ក្រុម នៅ​ស្រុក​អូរយ៉ាដាវ បាន​រាយការណ៍​ថា ក្រុមហ៊ុន ម៉ែន សារុន បាន​ឈូស​ឆាយ​ព្រៃ​ឈើ​ការពារ​សហគមន៍​ភូមិឡំ ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ភូមិ​តេន និង​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ​ប្រជាពលរដ្ឋ​ភូមិ​ពាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

Men Sarun was dead long ago.
But he is still commending his team from the grave to get more land while he needs only 2m X 2m for his body.
He owns a lot of land.
Now the land owns him.