Tuesday, 09 April 2013
ABBY SEIFF
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ យោងតាមមន្រ្តីអង្គការសហប្រជាជាតិ បានឲ្យដឹងថា លោក សូរីយ៉ា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទិ្ធមនុស្ស របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នឹងមកបំពេញបេសកកម្មនៅ កម្ពុជារយៈពេល ១ សប្តាហ៍ ចាប់ផ្តើមនៅថ្ងៃ ទី១៩ ខែឧសភាខាងមុខ ។
លោក James Heenan មន្រ្តីទទួលបន្ទុកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទិ្ធមនុស្សបានថ្លែងថា៖ «លោកសាស្រ្តចារ្យ ស៊ូប៊ែរឌី បានចង្អុលបង្ហាញថា គាត់នឹងផ្តោតលើការអនុវត្តតាមអនុសាសន៍ដែលគាត់បានលើក ឡើងក្នុងរបាយការណ៍មុន ព្រមទាំងលើកិច្ចពិភាក្សាជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងស្ថាប័នដទៃទៀត ស្តីពីការលើកកម្ពស់ការគោរពសិទិ្ធមនុស្ស នៅកម្ពុជា »។
ក្នុងរបាយការណ៍លើកមុន អ្នករាយការណ៍ពិសេសរូបនេះ បានជំរុញឲ្យធ្វើកំណែទម្រង់ប្រាកដប្រជា លើកិច្ចដំណើរការបោះឆ្នោត និងការកែប្រែឡើងវិញ នូវកិច្ចដំណើរការផ្តល់ដីសម្បទានដោយលោកព្រមានថា គោលនយោបាយនេះ នៅទីបំផុតនឹងប៉ះពាល់ដល់ស្ថិរភាពរបស់ជាតិ។
ក្នុងរយៈ ពេលតិចជាង ១ ខែ បន្ទាប់ពីលោក បានបង្ហាញរបាយការណ៍ ទៅក្រុមប្រឹក្សាសិទិ្ធមនុស្សអង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់លោកសាស្ត្រាចារ្យសាកលវិទ្យាល័យ Leeds រូបនេះ។
ក្នុងសុន្ទរកថា កាលពីខែតុលា ឆ្នាំមុនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅអនុសាសន៍ទាំងនោះថា គ្មានមូលដ្ឋាន ហើយលើកឡើងថា អនុសាសន៍ទាំងនោះ ពឹងផ្អែកខ្លាំងទៅលើព័ត៌មាន ពីអង្គការក្រៅរដ្ឋាភិបាល និងបក្សប្រឆាំង៕
No comments:
Post a Comment