ដោយ ស៊ុន ណារិន
ថ្ងៃព្រហស្បតិ៍ ទី18 មេសា ឆ្នាំ2013 ម៉ោង18:06 VOD
តំណាងសហភាពអ៊ឺរ៉ុប ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សហភាពអ៊ឺរ៉ុប
នឹងមិនបញ្ជូនអ្នកសង្កេតការណ៍ ដើម្បីចូលរួមត្រូតពិនិត្យការបោះឆ្នោត
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះទេ។
តំណាងគណៈប្រតិភូរបស់សហភាពអ៊ឺរ៉ុប លោក Jean Francois Cautain
ប្រាប់VODតាមរយៈអ៊ីម៉េលនៅថ្ងៃព្រហស្បតិ៍នេះថា សហភាពអ៊ឺរ៉ុប
នឹងមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជាទេ។ លោកបន្តថា
កាលពីការបោះឆ្នោតឆ្នាំ១៩៩៣ សហភាពអ៊ឺរ៉ុប
បានផ្តល់អនុសាសន៍កែប្រែការបោះឆ្នោត តែអនុសាសន៍ទាំងនោះ
មិនត្រូវបានយកពិចារណានៅឡើយទេ។
កាលពីថ្ងៃទី១២ខែមេសា អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា
លោក សៀន ម៉ាកគិនតូស (SeanMcIntosh) ប្រាប់VODតាមរយៈអ៊ីម៉េលថា
រដ្ឋាភិបាលសហរដ្ឋអាមេរិក គាំទ្រគោលដៅនៃការបោះឆ្នោតដោយសេរី
និងយុត្តិធម៌នៅកម្ពុជា។ លោកបញ្ជាក់ថា
៖«ទាក់ទងនឹងការបញ្ជូនអ្នកសង្កេតការណ៍
យើងនៅតែកំពុងស៊ើបអង្កេតជម្រើសរបស់យើង»។
ការស្ទាក់ស្ទើរនេះ
ស្របពេលដែលអ្នកឃ្លាំមើលការបោះឆ្នោតក្នុងស្រុក
ដាក់ការព្រួយបារម្ភថា ការបោះឆ្នោតនៅខែកក្កដា ខាងមុខ
អាចនឹងមិនមានអ្នកសង្កេតការណ៍អន្តរជាតិ
ដោយសារកម្ពុជាមិនទទួលយកអនុសាសន៍របស់ពួកគេ
កាលពីការបោះឆ្នោតឆ្នាំ២០០៨
និងអនុសាសន៍របស់អង្គការសហប្រជាជាតិ។
កន្លងទៅ សហរដ្ឋអាមេរិក ធ្លាប់បញ្ជាក់ថា អវត្តមានរបស់លោក សម
រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ក្នុងការបោះឆ្នោតនៅថ្ងៃទី២៨
ខែកក្កដា
ខាងមុខនឹងក្លាយជាសំណួរសម្រាប់ភាពស្របច្បាប់នៃដំណើរការ
លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នាយកអង្គការនិចហ្វិច ដែលឃ្លាំមើលការបោះឆ្នោត លោក ហង្ស ពុទ្ធា
សង្កេតឃើញថា ការបោះឆ្នោតក្នុងឆ្នាំ២០០៨ អន្តរជាតិ
បានយកចិត្តទុកដាក់ជាងក្នុងឆ្នាំ២០១៣នេះ ដោយសាររហូតមកដល់ពេលនេះ
មិនទាន់មានអ្នកសង្កេតការណ៍អន្តរជាតិ បានដាក់ពាក្យមក គ.ជ.ប
ដើម្បីត្រួតពិនិត្យការបោះឆ្នោតនោះទេ។ លោកថា ហេតុផលពីរយ៉ាង
ដែលនាំឲ្យសហគមន៍អន្តរជាតិ
មិនមកសង្កេតការណ៍លើការបោះឆ្នោតឆ្នាំ២០១៣ ៖ "ខាងបរទេសហ្នឹងឯង
គាត់គិតថាអនុសាសន៍
ដែលបានផ្ដល់ទៅហើយមិនបានយកចិត្ដទុកដាក់ដោយប្រទេសកម្ពុជា
ឫពីក៏អាចមានមូលហេតុថាកម្ពុជាចេះរៀបចំដោយខ្លួនឯងហើយ"។
នាយិកាជាន់ខ្ពស់វិទ្យាស្ថានជាតិ NDI លោកស្រី ឡូរ៉ា ថនថុន
មានប្រសាសន៍ថា
លោកស្រីព្រួយបារម្ភពីអវត្តមានអ្នកសង្កេតការណ៍អន្តរជាតិ
នៅក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣នេះ
ដោយសារកម្ពុជាមិនទទួលយកអនុសាសន៍របស់ពួកគេ
កាលពីការបោះឆ្នោតកន្លងទៅ ៖ "ខ្ញុំទស្សន៍ទាយថា
សហគមន៍អន្តរជាតិមិនមកកម្ពុជា ដោយសារធ្លាប់មានបទពិសោធន៍
កាលពីការបោះឆ្នោតឆ្នាំ២០០៨ ពួកគេបានផ្តល់អនុសាសន៍មកកម្ពុជា
តែអនុសាសន៍ទាំងនោះ មិនត្រូវបានពិចារណា ដូច្នេះមានសារសំខាន់អ្វី
ដែលពួកគេមកសង្កេតការណ៍"។
កាលពីថ្ងៃទី១០ខែមេសា
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព
នីថា ប្រាប់VODថា គ.ជ.ប
នៅមិនទាន់មានសហគមន៍អន្តរជាតិណាមួយចុះឈ្មោះសង្កេតការណ៍បោះឆ្នោត
ថ្នាក់ជាតិនៅឡើយទេ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ
ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានដាក់អនុសាសន៍មួយចំនួន
ឲ្យរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យលទ្ធផលនៃការបោះឆ្នោត
អាចទទួលយកបានពីគ្រប់គណបក្ស និងមានភាពសេរី និងយុត្តិធម៌។
អនុសាសន៍ទាំងនោះ មានដូចជា កំណែទម្រង់ គ.ជ.ប នៅថ្នាក់ជាតិ និងខេត្ត
និងវត្តមានរបស់លោក សម រង្ស៊ី ចូលរួមការបោះឆ្នោតជាដើម៕
No comments:
Post a Comment