|
ម៉ាស៊ីនអារឈើនិងឈើទើបកាប់ច្រៀកថ្មីៗនៅក្នុងព្រៃឡង់។ រូបថត សហការី |
Monday, 06 May 2013
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញប៉ុស្តិ៍
កំពង់ធំៈ បន្ទាប់ពីការដើរល្បាតព្រៃអស់រយៈពេល៣ថ្ងៃ បណ្តាញសហគមន៍ព្រៃឡង់ ប្រមាណ ៥០ នាក់ បានធ្វើការបំផ្លាញម៉ាស៊ីនត្រង់សឺន័រអារឈើចំនួន៥គ្រឿងដែលពួកគេរឹបអូសបានពីអ្នកកាប់ឈើ និងបានរកឃើញបទល្មើសព្រៃឈើ យ៉ាងហោចណាស់ក៏មានរថយន្តដឹកឈើហ៊ុប ដឹកឈើមូលប្រមាណពី១០ ទៅ១៥ គ្រឿងក្នុងមួយថ្ងៃៗចេញពីក្រុមហ៊ុនដីសម្បទានវៀតណាម CRCK ជាឈើដែលត្រូវបានគេកាប់នៅខាងក្រៅតំបន់ដីសម្បទានរបស់ក្រុមហ៊ុននេះ។
លោក ហឿន សុភាព តំណាងបណ្តាញសហគមន៍ព្រៃឡង់ មកពីខេត្តកំពង់ធំ បានឲ្យដឹងថា ពលរដ្ឋបណ្តាញសហគមន៍ព្រៃឡង់បាននាំគ្នាដើរល្បាតព្រៃចំនួន៣ថ្ងៃគឺចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣ ខែឧសភា នៅចំណុចមួយចំនួនហើយបានប្រទះឃើញបទល្មើសព្រៃឈើនៅក្នុងព្រៃឡង់យ៉ាងច្រើនមានការកាប់ឆ្ការព្រៃធ្វើចម្ការនិងការកាប់ព្រៃយកឈើលក់ឲ្យឈ្មួញ រីឯក្រុមហ៊ុនវិញបានដឹកជញ្ជូនឈើយ៉ាងសស្រាក់សស្រាំទៅដាក់ក្នុងក្រុមហ៊ុនដីសម្បទានវៀតណាមCRCK ដើម្បីប្រែកា្លយឈើដែលត្រូវបានកាប់ដោយខុសច្បាប់នៅក្រៅតំបន់ដីសម្បទានឲ្យទៅជាឈើស្របច្បាប់ដែលកាប់នៅក្នុងតំបន់ដីសម្បទានវិញ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំស្តាយណាស់ពីព្រោះក្នុងមួយថ្ងៃរថយន្តដឹកឈើចេញប្រមាណពី១០ទៅ១៥ គ្រឿង ហើយនៅក្នុងមួយឡានផ្ទុកឈើប្រមាណពី៤០ទៅ៥០ម៉ែត្រគុបដូច្នេះតើព្រៃឡង់នឹងត្រូវកាប់អស់ក្នុងពេលឆាប់ៗនេះ»។
នៅក្នុងរយៈពេលបីថ្ងៃ ដែលក្រុមសហគមន៍នាំគ្នាដើរល្បាតព្រៃរឹបអូសបានម៉ាស៊ីនត្រង់សឺន័រចំនួន ៥គ្រឿងឈើដែលអារទុកចោលប្រមាណ៣០ ម៉ែត្រគុប និងបានរាប់ឃើញរថយន្តដឹកឈើមូលចេញពីក្រុមហ៊ុន CRCK ប្រមាណពី ១០ ទៅ១៥ គ្រឿងក្នុងមួយថ្ងៃ។ លោកបានចោទសួរថា៖«អ្វីដែលយើងឆ្ងល់នោះគឺនៅពេលដែលយើងចាប់បានម៉ាស៊ីនអារឈើស្រាប់តែរដ្ឋបាលព្រៃឈើស្រុកសណ្តាន់បានទូរស័ព្ទមកពួកយើងថាឲ្យសម្រួលគ្នាហើយប្រគល់ម៉ាស៊ីននោះ ឲ្យទៅម្ចាស់គេវិញដូច្នេះបានន័យថា បទល្មើសព្រៃឈើនៅព្រៃឡង់មានជាប់ពាក់ព័ន្ធទៅនឹងអាជ្ញាធរទាំងអស់នោះ»។
លោក ឈាង វុទ្ធី តំណាងពលរដ្ឋម្នាក់ទៀតបានឲ្យដឹងថា ម្ចាស់ម៉ាស៊ីនអារឈើ បានគំរាមកាប់ក្បាលប្រជាសហគមន៍។ លោកនិយាយថា៖ «ខ្ញុំនឹងដាក់បណ្តឹងការពារចំពោះអ្នកដែលបានមកគំរាមពួកខ្ញុំនៅផ្ទះពីព្រោះយើងបារម្ភថា បើថ្ងៃណាមួយ មានបញ្ហាយើងដឹងថាអ្នកណាជាអ្នកប្រព្រឹត្ត។ យើងជាអ្នកការពារព្រៃឈើតែងតែរងគ្រោះបែបនេះដូចឃើញគំរូលោកឈុត វុទ្ធី ស្រាប់ ស្រឡាញ់ព្រៃឈើស្លាប់នៅក្នុងកន្លែងព្រៃឈើតែម្តង»។
ប្រជាសហគមន៍បានព្រមានថា ប្រសិនបើអាជ្ញាធរ នៅតែមិនចាត់វិធានការទប់ស្កាត់ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលតែបែរជាធ្វើការកាប់ឈើនៅខាងក្រៅតំបន់ដីសម្បទានរបស់ខ្លួនទេ នោះព្រៃឡង់ នឹងមិនអាចនៅស្ថិតស្ថេរបានយូរនោះទេពីព្រោះក្នុងមួយថ្ងៃៗឈើប្រមាណពី ៤០០ ទៅ ៥០០ ម៉ែត្រគុបត្រូវបានគេកាប់។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានបដិសេធពុំធ្វើការអត្ថាធិប្បាយទេ កាលពីថ្ងៃម្សិលមិញដោយលោកមានប្រសាសន៍ថា កំពុងជាប់រវល់។
លោក ស៊ឹម វណ្ណា អភិបាលស្រុកសណ្តាន់បានទទួលស្គាល់ថា ពិតជាមានជនអនាធិបតេយ្យ ធ្វើការឈូស ឆាយ ដីព្រៃ និងកាប់ឈើលក់ខុសច្បាប់មែន ហើយសមត្ថកិច្ចកំពុងសហការជាមួយអាជ្ញាធរភូមិ-ឃុំ ដើម្បីធ្វើការទប់ស្កាត់។ លោកថ្លែងថា៖«ចំពោះក្រុមហ៊ុន CRCK គឺគេកាប់ព្រៃតែនៅក្នុងតំបន់ព្រៃគុបរបស់គេដែលទទួលបានពីរដ្ឋាភិបាលប៉ុណ្ណោះគេពុំបានប៉ះពាល់ដីព្រៃឡង់នោះទេ។ ខ្ញុំពុំបានទទួលព័ត៌មានទេទាក់ទិនទៅនឹងក្រុមហ៊ុនដែលបានដឹកឈើចេញទាំងឡានៗដោយពុំទាន់កែច្នៃនោះ»។
សហគមន៍ព្រៃឡង់តែងតែទទូចនិងជំរុញម្តងហើយម្តងទៀត ឲ្យរាជរដ្ឋាភិបាលអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតតំបន់ព្រៃការពារ និងអភិរក្សជីវចម្រុះ«ព្រៃឡង់».ឲ្យបានឆាប់ ដើម្បីទប់ស្កាត់បទល្មើសទាន់ពេលវេលានិងអំពាវនាវឲ្យរដ្ឋាភិបាលសហការក្នុងការការពារ ព្រៃឡង់រួមគ្នា។
លោក ឈឹម សាវុធ អ្នកសម្របសម្រួល សម្រាប់វេទិកាសាធារណៈ នៅមជ្ឈមណ្ឌល សិទិ្ធមនុស្សកម្ពុជា បានថ្លែងថា ព្រៃឡង់កំពុងតែទទួលរងនូវការវិនាសកម្មយ៉ាងធ្ងន់ធ្ងរនៅក្នុងអំឡុង១ឆ្នាំចុងក្រោយនេះដោយសារតែអាជ្ញាធរមូលដ្ឋានមានជាប់ពាក់ព័ន្ធនៅក្នុងការបំផ្លាញព្រៃឈើទាំងអស់នោះ។ លោកនិយាយថា ៖ «សព្វថ្ងៃនេះគេនាំគ្នាកាប់ឈើក្នុងព្រៃឡង់ ទិញពីប្រជាពលរដ្ឋហើយដឹកឈើទាំងអស់នោះទៅដាក់ក្នុងក្រុមហ៊ុន CRCK របស់វៀតណាមដើម្បីឲ្យវាស្របច្បាប់តាមពិតក្រុមហ៊ុននោះបានឈូសឆាយដីព្រៃដែលទទួលពីរដ្ឋាភិបាលនោះរួចរាល់អស់ហើយគ្មាននៅសល់ទៀតនោះទេ»។
យោងតាមរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានចេញផ្សាយកាលពីឆ្នាំ ២០១២បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានក្រុមហ៊ុនចំនួន ៣៣ ដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលដើម្បីធ្វើការវិនិយោគនៅក្នុងតំបន់ព្រៃឡង់ដែលមានផ្ទៃដីសរុបចំនួន១០៤៥៨៥៧ ហិកតា ក្នុងនោះដីសម្បទានព្រៃឈើមានចំនួន៧៤៤៧២០ ហិកតា ដែលមានក្រុមហ៊ុនចំនួន៥ ដីសម្បទានសេដ្ឋកិច្ចមានចំនួន ១២០៦៩៥ហិកតា ដែលមានក្រុមហ៊ុនចំនួន១៤ និងដីសម្បទានរ៉ែមានចំនួន ១៨០៤៤២ ហិកតា ដែលមានក្រុមហ៊ុនចំនួន១៤៕
No comments:
Post a Comment