Tuesday, May 07, 2013

ការ​ផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​វៀតណាម​៣​មិន​ស្រប​ច្បាប់

Monday, 06 May 2013
ផាក់ សៀងលី និង Shane Worrell
ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/images/stories/news/national_pk/2013/130506/130506_06b.jpg

130506_06a
ឈើ​ជាច្រើន​ដុំ​ត្រូវ​បាន​កាប់​បំផ្លាញ​ដោយ​ក្រុម​ហ៊ុនវៀត​ណាម​នៅ​ខេត្ត​រតនគិរី​​​។ រូបថត អង្គការ​អាដហុក
រតនគិរីៈ អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​វៀតណាម​ចំនួន​បី ដែល​បាន​កាប់​ឈើ​ខុស​ច្បាប់ ក្នុង​ខេត្ត​រតនគិរី កំពុង​តែ​កាន់​កាប់​ដី​សម្បទាន​រួម ទំហំ ៣ ម៉ឺន​ហិកតា ដែល​អាច​ខុស​ច្បាប់ ដោយ​សារ​តែ​ដី​សម្បទាន​ទំហំ​ធំ​នេះ​ជា​របស់​ក្រុមហ៊ុន​តែ​មួយ។

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​២០១២​របស់​ក្រុមហ៊ុន Hoang Anh Gia Li (HAGL) ដែល​ទទួល​បាន​កាល​ពី​សប្តាហ៍​មុន​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Hoang Anh Andong Meas ក្រុមហ៊ុន Hoang Anh Lumphat និង​ក្រុមហ៊ុន Hoang Anh Ouyadav គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន HAGL តែ​មួយ​។

ក្រុម​អង្គការ​សិទិ្ធ​មនុស្ស បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Hoang Anh Andong Meas ក្រុមហ៊ុន Hoang Anh Lumphat ស្ថិត​ក្នុង​ទីជម្រក​សត្វ​ព្រៃ​លំផាត់ កំពុង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ខុស​ច្បាប់​នៅ​ក្នុង​តំបន់​នោះ។


តាម​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ចែង​ថា បុគ្គល ឬ​នីតិ​បុគ្គល​ដែល​គ្រប់​គ្រង​ដោយ​បុគ្គល​តែ​ម្នាក់ មិន​អាច​កាន់​កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ជាង ១០០០០ ហិកតា​ឡើយ បើ​ទោះ​បី​ជា​វា​កាន់​កាប់​ដី​សម្បទាន​ច្រើន​កន្លែង​ក៏​ដោយ។

អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​និយាយ​ពី​វប្បធម៌​ដែល​ពាណិជ្ជករ​បាន ចុះ​ឈ្មោះ​ក្រុមហ៊ុន​របស់​ខ្លួន ដោយ​ប្រើ​ឈ្មោះ​អ្នក​ដទៃ​ទៀត ជា​វិធី​រំលោភ​ច្បាប់។

លោក Nicolas Agostini ជំនួយ​ការ​បច្ចេកទេស​នៅ​អង្គការ​សិទិ្ធ​មនុស្ស​អាដហុក បាន​ថ្លែង​កាល​ពី​សប្តាហ៍​មុន​ថា៖«នេះ​ដាក់​ដូចជា​ក្រុមហ៊ុន​តែ​មួយ​ដែល​ត្រូវ​ហាម​ឃាត់​។ យើង​សន្មត​ថា នីតិបុគ្គល​ផ្សេង​គ្នា​គឺ​ពិត​ជា​ដឹក​នាំ​ដោយ​បុគ្គល​តែ​មួយ ហើយ​បង្កើត​ក្រុមហ៊ុន​មួយ​»«ប្រសិន​បើ​រូបវន្ត​បុគ្គល​ម្នាក់​មាន​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន ដែល​កាន់​កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ជាង ១០០០០​ហិកតា​នោះ​គឺ​ខុស​ច្បាប់ ព្រោះ​បុគ្គល​ម្នាក់​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ក្រុមហ៊ុន​នីមួយៗ»
ក្រុមហ៊ុន HAGL ដែល​ធ្វើ​ពាណិជ្ជកម្ម​លើ​ចម្ការ​កៅស៊ូ ចលន​ទ្រព្យ រ៉ែ និង​ថាមពល​វារី​អគ្គិសនី បាន​សរសេរ​ពាក្យ​ស្លោក​ក្រុមហ៊ុន​ថា «ការ​រួប​រួមប្រមូលផ្តុំ​ជា​អំណាច» ហើយ​ត្រូវ​បាន​ដឹក​នាំ​ដោយ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល Doan Nguyen Duc ការ​ហៅ​ទូរស័ព្ទ​ជា​ច្រើន​លើក​ទៅ​កាន់​ទីស្នាក់​ការ​នៅ​វៀតណាម ពុំ​ទទួល​បាន​ការ​អត្ថា​ធិប្បាយ​ទេ​ខណៈ​ភ្នំពេញ​ប៉ុស្តិ៍​ក៏​ពុំ​ទទួល​បាន​ការ​ឆ្លើយ​តប​តាម​អ៊ីមែល​នូវ​សំណួរ​ដែល​បាន​ដាក់​សួរ​ទៅ​នោះ​។

លោក សេង មុនី តំណាង​ក្រុមហ៊ុន Hoang Anh Andong Meas បាន​ថ្លែង​ថា ក្រុមហ៊ុន​លោក ព្រម​ទាំង​ក្រុមហ៊ុន Hoang Anh Lumphat និង​ក្រុមហ៊ុន​ទី៤ គឺ Hoang Anh Daun Penh មាន​ម្ចាស់​តែ​មួយ។ លោក​បន្ត​ថា​៖​«ក្រុមហ៊ុន​ស្ថិត​ក្រោម​ក្រុមហ៊ុន​ធំ​មួយ​ប៉ុន្តែ​ខ្ញុំ មិន​អាច​ប្រាប់​អ្នក​បន្ថែម​ទៀត​អំពី​ចំណុច​នេះ​ទេ ព្រោះ​វា​មិន​មែន​ជា​ការងារ​របស់​ខ្ញុំ​»

ដី​សម្បទាន​រួម​គ្នា​របស់​ក្រុមហ៊ុន Hoang Anh Andong Meas និង​ក្រុមហ៊ុន Hoang Anh Lumphat គឺ​មាន​ទំហំ​ប្រហែល ១៨០០០ ហិកតា​។

ក្រុមហ៊ុន​មាន​ឈ្មោះ​ប្រហាក់​ប្រហែល​គ្នា ក្នុង​នោះ​មាន​ក្រុមហ៊ុន​ហៅ​ថា Hoang Anh Andong Meas ប្រតិបតិ្ត​ការ​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ខេត្ត​នេះ។

លោក ឆាយ ធី អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្តង​ទៀត កាល​ពី​សប្តាហ៍​មុន​ថា ដើម​ឈើ​ប្រហែល ១៦០០០ ដើម ត្រូវ​បាន​កាប់​ដោយ​ខុស​ច្បាប់​ក្នុង​ទី​ជម្រក​សត្វ​ព្រៃ​លំផាត់។

កាល​ពី​សប្តាហ៍​មុន មេ​ឃុំ​ក្នុង​តំបន់​នេះ​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន Hoang Anh Andong Meas ថា​នៅ​ពី​ក្រោយ​ការ​កាប់​ឈើ។ មន្រ្តី​ក្រុមហ៊ុន បាន​ច្រាន​ចោល​ការ​អះអាង​នេះ ដោយ​បន្ទោស​ការ​កាប់​បំផ្លាញ​ឈើ​នេះ​លើ​ក្រុមហ៊ុន Hoang Anh Lumphat។ ឈើ​ប្រណីត​ត្រូវ​បាន​រក​ឃើញ​នៅ​ខាង​ក្នុង​ក្រុមហ៊ុន Hoang Anh Ouyadav កាល​ពី​ខែ​មុន។

លោក Agostini នៃ​អង្គការ​អាដហុក បាន​ថ្លែង​ថា៖ «ខេត្ត​រតនគិរី​ជា​ខេត្ត​រង​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ ជា​ពិសេស តំបន់​អភិរក្ស​ដូច​ជា លំផាត់។ វា​ជា​តំបន់​ដែល​កើត​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​ខ្លាំង ដូច្នេះ តំណាង​សហគមន៍ និង​បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ថិត​ក្នុង​ហានិភ័យ និង​ទទួល​រង​ការ​គំរាម​កំហែង»
មេធាវី​ដែល​មាន​បទ​ពិសោធ​ក្នុង​ច្បាប់​ពាណិជ្ជកម្ម​នៅ​កម្ពុជា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ចុង​សប្តាហ៍​មុន​ថា ច្បាប់​ទាក់​ទង​ដី​សម្បទាន​សេដ្ឋកិច្ច​ពិបាក​នឹង​អនុវត្ត។ លោក​បន្ត​ថា វា​ពិបាក​ក្នុង​ការ​កំណត់​ថា​តើ បុគ្គល​គ្រប់​គ្រង​ដី​សម្បទាន​ក្នុង​កម្រិត​ណា​ណាស់​?ឬ​ថា​តើ ក្រុមហ៊ុន​មេ​អាច​គ្រប់​គ្រង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្នុង​កម្រិត​ណា?

មេធាវី​ដែល​មិន​ចង់​បញ្ចេញ​ឈ្មោះ​រូប​នេះ​បាន​ថ្លែង​ថា ម្យ៉ាង​ទៀត បុគ្គល​អាច​ចុះ​ហត្ថលេខា​ផ្ទេរ​ដី​សម្បទាន​ប្រគល់​ទៅ​ឲ្យ​អ្នក​ដទៃ​ទៀត​ឬ​ផ្ទេរ​ភាគ​ហ៊ុន។

លោក Matthew Rendall ជា​ដៃ​គូ​នៅ Sciaroni & Associates បាន​ថ្លែង​ថា ដើម្បី​ឲ្យ​ក្រុមហ៊ុន​មេ​កាន់​កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ១០០០០ ហិកតា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នីមួយៗ​ត្រូវ​តែ​រៀប​ចំ​រចនា​សម្ព័ន្ធ​ខុស​គ្នា។ លោក​បាន​បន្ត​ថា៖«ដើម្បី​ឲ្យ​វា​ស្រប​ច្បាប់ គេ​ត្រូវ​មាន​រចនា​សម្ព័ន្ធ​ម្ចាស់​ភាគ​ហ៊ុន និង​អភិបាល​ខុស​គ្នា»

លោក Rendall បន្ត​ថា ច្បាប់​នឹង​ជា​ឧបសគ្គ​ចំពោះ​ការ​វិនិយោគ​ដោយ​សារ​តែ​ដី​សម្បទាន​សេដ្ឋកិច្ច​មាន​ទំហំ​តូច​។ លោក​បន្ថែម​ថា​៖ «វា​មិន​មែន​ជា​ច្បាប់​ល្អ​ចំពោះ​ពាណិជ្ជកម្ម​ទេ។ ដី​ទំហំ ១០០០០ ហិកតា​ធ្វើ​ឲ្យ​វា​ពិបាក​ធ្វើ​ពាណិជ្ជកម្ម»។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ច្បាប់​បង្កើត​ឡើង​ដើម្បី​ការពារ​គ្រួសារ ប៉ុន្តែ «ប្រសិន​បើ​ពួកគេ​បាន​កាន់​កាប់ វា​មិន​គួរ​ផ្តល់​ឲ្យ​ពួកគេ​ទេ​»

រដ្ឋាភិបាល​ពុំ​មាន​ឆន្ទៈ​បំភ្លឺ​បញ្ហា​ថា​តើ​ដី​សម្បទាន​ដែល​ផ្តល់​ឲ្យ​ក្រុមហ៊ុន HAGL ផ្ទុយ​នឹង​ច្បាប់ ឬ​យ៉ាង​ណា​ឡើយ។

លោក បេង ហុងសុជាតិខេមរ៉ូ អ្នក​នាំ​ពាក្យ​ក្រសួង​រៀប​ចំ​ដែន​ដី បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ទេ​ហើយ​បាន​បង្វែរ​សំណួរ​ឲ្យ​ទៅ​ក្រសួង​កសិកម្ម​វិញ​។

លោក ចន្ទ តុងអ៊ីវ រដ្ឋ​លេខា​ក្រសួង​កសិកម្ម​និង​លោក អ៊ិត នូឌី អនុ​រដ្ឋ​លេខាធិការ​បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ឡើយ។ មន្រ្តី​ក្រសួង​កសិកម្ម​ម្នាក់​ទៀត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ថា អាជ្ញាធរ​មិន​ខ្វល់​ទេ​ថា​តើ ក្រុមហ៊ុន​ជា​ច្រើន​ជា​របស់​ក្រុមហ៊ុន​មេ​តែ​មួយ​នោះ។ លោក​បាន​បន្ត​ថា៖ «នោះ​មិន​អី​ទេ ដរាប​ណា ក្រុមហ៊ុន​តូច​នីមួយៗ​មិន​មាន​ដី​សម្បទាន​សេដ្ឋកិច្ច​លើស​ពី ១០០០០ ហិកតា​»

លោក អៀង វុទ្ធី នាយក​អង្គការ​សមភាព​កម្ពុជា បាន​ថ្លែង​ថា មាន​ឧទាហរណ៍​ជា​ច្រើន​នៅ​ទូទាំង​កម្ពុជា ដែល​ក្រុមហ៊ុន​បាន​បង្កើត​ក្រុមហ៊ុន​តូចៗ ដើម្បី​កេង​ចំណេញ​ពី​ច្បាប់​។ លោក​បន្ត​ថា​៖​«ក្រុមហ៊ុន​ជា​ច្រើន​មាន​ដី​សម្បទាន ៣-៤ ឬ ៥ ដង​លើស​ពី​ចំនួន​ក្នុង​ច្បាប់​កំណត់​។ វិធី​ដែល​ពួកគេ​ធ្វើ​បាន​បែប​នេះ គឺ​គេ​បង្កើត​ក្រុមហ៊ុន​តូចៗ​ដែល​មាន​ម្ចាស់​តែ​ម្នាក់​»

លោក វុទ្ធី បាន​បន្ត​ថា លោក​មិន​ដឹង​អំពី​ស្ថានការណ៍​ជុំវិញ​ក្រុមហ៊ុន HAGL ទេ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​ចាំ​បាច់​ត្រូវ​ពិនិត្យ​លើ​ដី​សម្បទាន​ទាំង​អស់​។​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ក៏​អ៊ីចឹង​ដែរ គឺ​ក្រុមហ៊ុន​ថៃ​មាន​ក្រុមហ៊ុន ៣។ ក្រុមហ៊ុន​នីមួយៗ​មាន ៧០០០ ឬ​ច្រើន​ជាង ៧០០០ ហិកតា។ ដី​សម្បទាន​មួយ​ជា​របស់​អភិបាល មួយ ជា​របស់​អ្នក​គ្រប់​គ្រង។ល។ តាម​ខ្លឹមសារ​មូលដ្ឋាន វា​ជា​ក្រុមហ៊ុន​តែ​មួយ»

លោក Agostini បាន​ថ្លែង​ថា អង្គការ​អាដហុក នឹង​បន្ត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​ស្រាប់​នៅ​ទូទាំង​ប្រទេស។ លោក​បាន​ថ្លែង​ទៀត​ថា​៖​«ចំពោះ​ក្រុមហ៊ុន​ដែល​មិន​គោរព​តាម​លក្ខខណ្ឌ​កិច្ចការ ឬ​ច្បាប់​ជា​មូលដ្ឋាន​ដី​សម្បទាន​សេដ្ឋកិច្ច​គួរ​លុប​ចោល​»

3 comments:

Anonymous said...

These so-called Viet co. names are fake.

In reality, they are Viet government in disguise. Hun Sen gave this land concession to these three Co. (Viet Gov.) so they can cut down the trees and take them to Vietnam to sell as way of pay back for the Viet for toppling Pol Pot's and installing Hun Sen as prime minister for life.

Also, money from tourists' admissions to Ankor Wat, probably flows to Viet nam as a way to back to as well.


Baay Kdaing

Anonymous said...

ពេលណាទើបព្រៃឈើត្រូវបានបំផ្លាញអស់?

Anonymous said...

9:17 AM

ពេលគណបក្ស(ស៊ីឈ្នួលCPPសង្រ្កោះយួនយៀកកុង)
..............ចាញ់បង្រ្គប់កិច្ច...
ទើបអស់ព្រៃឈើ!
អស់ទាំងពូជសាសន៍ខ្មែរ!
រលាយ រលត់អស់ ដូចប្រទេសចំប៉ា!