Thursday, June 20, 2013

សហរដ្ឋ​អាមេរិក ព្រមាន​​ដាក់​​កម្ពុជា​​ក្នុង​​បញ្ជី​ខ្មៅ​​នៃ​​ការ​ជួញ​ដូរ​​មនុស្ស​

ដោយ ស៊ុន ណារិន ថ្ងៃព្រហស្បតិ៍ ទី20 មិថុនា ឆ្នាំ2013 ម៉ោង17:57  VOD
ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ពុធ ព្រមាន​ក្នុង​របាយការណ៍​​ជួញដូរ​​មនុស្ស​​របស់​​ខ្លួន​​ថា នឹង​​ដាក់​​កម្ពុជា​​​ក្នុង​បញ្ជី​ខ្មៅ​​នៃ​​ការ​ជួញ​ដូរ​​មនុស្ស ប្រសិន​បើ​​ការ​ប្រយុទ្ធ​ប្រឆាំង​​នៃ​ការជួញដូរ​មនុស្ស បន្ត​ធ្លាក់ចុះ​តទៅទៀត​។​
​របាយការណ៍​សម្រាប់​ឆ្នាំ​២០១៣ ចេញផ្សាយ​នៅ​ខែ​មិថុនា​នេះ បង្ហាញថា ប្រទេស​កម្ពុជា នៅ​​ចំណាត់​ថ្នាក់​លេខ​រៀង​ទី​ពីរ ដែល​មាន​ន័យ​ថា កម្ពុជា ជា​​កន្លែង​ឆ្លង​កាត់ និង​​គោលដៅ​នៃ​ការជួញដូរ​​មនុស្ស និង​ការ​បង្ខំ​​ពលកម្ម​។ របាយ​ការណ៍​បន្តថា ប្រសិនបើ​មាន​​​ការ​ធ្លាក់​ចុះ​​ជាង​នេះ​ទៀត កម្ពុជា​នឹង​​ត្រូវ​បាន​​ដាក់​បញ្ចូល​ក្នុង​​បញ្ជី​ខ្មៅ​​សម្រាប់​​ប្រទេស ដែល​​មិន​​បាន​​បំពេញ​​ស្តង់​ដារ​អប្បបរមា និង​មិន​បាន​បំពេញ​កិច្ច​ប្រឹងប្រែង​​សំខាន់​ ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​មនុស្ស​។
​របាយ​ការណ៍​របស់​អា​មេរិក ឲ្យដឹងទៀតថា បញ្ហា​អំពើ​ពុករលួយ ក្នុង​ចំណោម​មន្ត្រី​ពង្រឹង​ច្បាប់ និង​​កង្វះ​​ការ​ការ​ពារ​គ្រប់គ្រាន់​សម្រាប់​​​ស្ត្រី បុរស និង​ក្មេង ដែល​ត្រូវបាន​ជួញដូរ​ផ្លូវភេទ និង​ការបង្ខំ​ពលកម្ម នាំឲ្យ​មាន​វប្បធម៌​និទណ្ឌ​ភាព សម្រាប់​អ្នក​ជួញដូរ​មនុស្ស និង​ការបដិសេធ​ទៅ​នឹង​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​។
​របាយការណ៍​បន្តថា ពលរដ្ឋ​កម្ពុជា បាន​​ស្វែងរក​ការងារ​​ធ្វើ​នៅ​ប្រទេស​ក្នុង​តំបន់​មួយចំនួន ដូចជា​ ​ម៉ាឡេស៊ី ថៃ វៀតណាម និង​សិង្ហ​​បុរី តាម​រោងចក្រ និង​​ឧស្សាហកម្ម​ផ្សេងៗ ហើយ​ពួកគេ​បាន​ក្លាយជា​ជនរងគ្រោះ​នៃ​ការជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ។​ របាយការណ៍​លើកឡើង​ទៀតថា ការជួញដូរ​ផ្លូវភេទ ពិសេស​ការ​លក់ដូរ​ក្រមុំ​ព្រហ្មចារីយ៍រប​ស់​ស្ត្រី និង​កុមារី កំពុង​ក្លាយជា​បញ្ហា​​នៅ​ប្រទេស​កម្ពុជា ដោយ​អ្នក​ទទួល​សេវា ជា​បុរស​រស់​នៅ​តាម​ប្រទេស​​មួយ​ចំនួន នៅ​តំបន់​អាស៊ី សហរដ្ឋអាមេរិក និង​អឺរ៉ុប ដែល​​ធ្វើដំណើរ​មក​កម្ពុជា ដើម្បី​ស្វែងរក​ទេសចរណ៍​ផ្លូវភេទ​លើ​កុមារ​។​

​ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​​កម្ពុជា លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា រដ្ឋាភិបាល​​មិន​នៅ​ពីក្រោយ​ខ្នង នៃ​អំពើ​ជួញដូរ​មនុស្ស​ទេ​។
បន្ទាប់ពី​ពិធី​បើកសម្ពោធ​ស្ថានីយ​វិទ្យុ​បារាំង RFI នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​​កម្ពុជា បាន​ធ្វើ​រាល់​ថ្ងៃ ហើយ​រដ្ឋាភិបាល មិន​ឈរ​ពីក្រោយ​ខ្នង​នៃ​ការជួញដូរ​នុស្ស​នោះទេ​៕​

1 comment:

Anonymous said...

ចម្លើយរបស់លោកខៀវ កាញារិទ្ធពិតជាត្រឹមត្រូវណាស់ដែលថា«រដ្ឋាភិបាលមិនឈរពីក្រោយខ្នងនៃការជួញដូរមនុស្សនោះ គឺឈរ ដើរនិងដឹកនាំមុខតែម្ដង!!!»