ដោយ ណាត សុភាព និង អ៊ឹង ប៊ុនថន
ថ្ងៃព្រហស្បតិ៍ ទី20 មិថុនា ឆ្នាំ2013 ម៉ោង17:18 VOD
ភាពក្រីក្រ ភាពអត់ការងារធ្វើ ការជំពាក់បំណុលគេ
និងការពុំទាន់មានកម្មសិទ្ធិដីធ្លីច្បាស់លាស់
ដែលនៅជាបញ្ហាចោទរបស់អតីតអ្នកភូមិសំបុកចាប
ក្រោយពីត្រូវបានអាជ្ញាធរជម្លៀសចេញកាលពីជាង៧ឆ្នាំមុន។ តែពេលនេះ
ប្រជាជនក្រីក្រជាង១២០គ្រួសារនេះ កំពុងរងការចោទថា
រស់នៅតំបន់មិនរៀបរយ ឬហៅថា សំណង់អណាធិបតេយ្យ
ហើយពេលនេះកំពុងប្រឈមនឹងការបណ្តេញចេញជាលើកទី២។
អង្គុយនៅជ្រុងម្ខាងនៃច្រកចេញចូលផ្ទះ ក្រោមដំបូង
និងជញ្ជាំងធ្លុះធ្លាយ ស្ថិតនៅភូមិអណ្តូងថ្មី ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ អ្នកស្រី ប្រាក់ សាវ៉េត
ប្រាប់អ្នកយកព័ត៌មានVODនៅព្រឹកថ្ងៃទី២០ខែមិថុនាថា
ផ្ទះទ្រុឌទ្រោមដែលគាត់កំពុងរស់នៅសព្វថ្ងៃមាននេះ
នៅពេលមេឃភ្លៀងម្តងៗ គាត់ព្រួយបារម្ភពីសុវត្ថិភាពណាស់ ៖ “
ម្សិលមិញ ម្សិលម្ង៉ៃនេះ ភ្លៀងមកខ្ញុំរត់ទៅក្រៅផ្ទះ
ខ្ញុំអត់ហ៊ាននៅក្នុងផ្ទះទេ ខ្លាចសង្កត់
ខ្លាចវារលំមកសង្កត់លើអ៊ីចឹងណា នាំកូនម៉ាក់អីហ្នឹង
ឈរហាលភ្លៀងទៅ”។
ក្នុងវ័យ៣៥ឆ្នាំ ដែលស្វាមីទើបតែស្លាប់បាន៣ខែនោះ អ្នកស្រី
ប្រាក់ សាវ៉េត ប្រាប់ថា សព្វថ្ងៃនេះ គាត់រកបានព្រឹកនៅខ្វះល្ងាច
ដោយសាររកស៊ីចិញ្ចឹមកូនប្រុសកំព្រាឪពុក អាយុ៦ឆ្នាំ។
គាត់គឺជាស្ត្រីម្នាក់ក្នុងចំណោមអ្នកភូមិក្រីក្រជាង១២០គ្រួសារ
ផ្សេងទៀត ដែលត្រូវបានអាជ្ញាធរដឹកឲ្យទៅរស់នៅតំបន់នោះ
ក្រោយពីការបណ្តេញពីសហគមន៏សំបុកចាប ជិតវិមានរដ្ឋសភា។
ស្តាប់សំឡេង៖
អ្នកស្រី មិត នាង នៅភូមិអណ្តូងថ្មីដែរ ឲ្យដឹងថា
ពួកគាត់ជាង១២០គ្រួសារ ដែលត្រូវក្រុមហ៊ុនស៊ូស្រុន
និងអាជ្ញាធររាជធានីភ្នំពេញ ជម្លៀសឲ្យមករស់នៅទីតាំងថ្មីនេះ
មិនទាន់បានប្លង់កម្មសិទ្ធិដីនៅឡើយទេ។ អ្នកស្រីបន្តថា
ដោយសាររដូវនេះជារដូវភ្លៀង
គាត់មានស្នើទៅប្រធានអង្គការអភិវឌ្ឍន៍ប្រជាជនសម្រាប់ប្រទេសកម្ពុជា
(យេស៊ូគ្រឹស្ត) លោក អា ប្រហាំង ជួយឧត្ថមសម្ភារៈខ្លះ
ដើម្បីសង់ផ្ទះថ្ម។ ប៉ុន្តែអ្នកស្រីថា នៅពេលគាត់សុំបានហើយ
ស្រាប់តែចៅសង្កាត់គោករការ លោក ភី ណុប មិនអនុញ្ញាតឲ្យសាងសង់ទេ
ដោយចោទពួកគាត់ថា រស់នៅអនាធិបតេយ្យ ៖ “ពួកខ្ញុំសុំគាត់
ខ្ញុំអត់ពេកសុំគាត់ មានកូនរៀននៅនោះ ហូបបាយហូបអីនៅនោះ
ទៅសុំគាត់ថា លោកគ្រូអើយ ផ្ទះខ្ញុំបាក់បែកអស់ហើយ
ខ្ញុំចង់សុំលោកគ្រូ ជួយសម្ភារៈ ជួយពួកខ្ញុំផង ផ្ទះខ្ញុំរលំហើយ
ដល់ពេលហើយចឹងគាត់ក៏ឲ្យមក ឥឡូវពួកអាជ្ញាធរគេ សហគមន៍គេ
គេអត់ឲ្យពួកខ្ញុំសង់ទេ គេថាពួកខ្ញុំនៅសំណង់អនាធិបតេយ្យ
អត់ស្របច្បាប់”។
នេះជាលើកទី២ ដែលអាជ្ញាធរចោទអតីតអ្នកភូមិសំបុកចាបថា
ជាអ្នករស់នៅតំបន់អាណាធិបតេយ្យ។ អ្នកភូមិម្នាក់ទៀត លោក ផុល កុសល
បង្ហាញពីការងឿងឆ្ងល់ថា នៅពេលសាលារាជធានីភ្នំពេញ
និងក្រុមហ៊ុនស៊ូស្រុន ជម្លៀសពួកគាត់ឲ្យមករស់នៅភូមិអណ្តូងនេះ
គឺអាជ្ញាធរបានប្រាប់ថា បើរស់នៅបាន៥ឆ្នាំ
និងទទួលបានកម្មសិទ្ធិដីស្របច្បាប់
ប៉ុន្តែរហូតមកដល់ពេលមានរយៈពេលជិត៨ឆ្នាំហើយនៅតែមិនស្របច្បាប់
ដដែល ៖ “ពិតប្រាកដត្រង់ថា ពេលគាត់ប្រកាសមកថា
ឲ្យយើងបានប្រាំឆ្នាំ បាននៅផ្ទាល់ខ្លួន តែឥឡូវប្រាំពីរ
ប្រាំបីឆ្នាំហើយ អត់មានទេ
ហើយមានអ្នកថាយើងអ្នកចាប់ដីនៅទៀត”។
ប្រធានសហគមន៏ភូមិអណ្តូងថ្មីលោក ទេព ណាន់ ថ្លែងថា
ការសាងសង់ឬជួសជុលផ្ទះបានត្រឹមតែផ្ទះប៉ុណ្ណោះ តែផ្ទះថ្មមិនឲ្យសង់ទេ
ព្រោះខុសគោលការណ៏សាលារាជធានី។ តែលោកអះអាងថា នៅឆ្នាំ២០១៥
អាជ្ញាធរសន្យានឹងសង់ផ្ទះឲ្យពលរដ្ឋក្នុងមួយគ្រួសារទំហំ៤គុណ
នឹង៦ម៉ែត្រ ៖ “ប្លង់អាជ្ញាធរនោះ ចែកឲ្យ ៤x6 ម៉ែត្រ
ធ្វើផ្ទះហ្នឹង គេឲ្យទាំងផ្ទះគេឲ្យទាំងដីតែម្តង កាលណាគាត់ធ្វើ
គាត់ចាប់ខ្លួនឯងចឹង កាលណាគាត់ធ្វើចឹង វាខុសពីគោលការណ៍
របស់សាលារាជធានីភ្នំពេញ”។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់
មិនអាចបញ្ជាក់ពីមូលហេតុនេះបានទេនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ
ដោយប្រាប់ថា រងចាំលោកទាក់ទងទៅអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ
ឬសង្កាត់ជាមុនសិន។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី ស៊ុម និយាយថា ពួកគាត់ជាង១២០គ្រួសារទៀត
មិនទាន់បានប័ណ្ណកម្មសិទ្ធិដីទេ ដោយចោទថា អាជ្ញាធរប្រកាន់បក្សពួក
និងពុករលួយ។ អ្នកស្រីស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងស្ថាប័នពាក់ព័ន្ធ គួរពិនិត្យបញ្ហាឡើងវិញ
ដើម្បីឲ្យពួកគាត់បានសាងសង់ផ្ទះស្របតាមច្បាប់ ៖ ”តែចំនែកពួក
ខ្ញុំនេះ អ្នកក្រៅក្រដើរអូសអេតចាយ ដូចដើរក្រអៅឈូកដូចខ្ញុំ
បេះត្រកួនដូចខ្ញុំ អ៊ីចឹងខ្ញុំមានលុយឯណា ទៅសូកលោកសហគមន៍ហ្នឹង
លោកសាលាក្រុងហ្នឹង បើចឹងខ្ញុំសូមសំនូមពរថា លោកអភិបាលក្រុងក៏ដោយ
និងសម្តេចតេជោក៏ដោយ សុំលោកបើកផ្លូវឲ្យអ្នកក្ររស់ផង
កុំយល់តែអ្នកមានឲ្យរស់ តែអ្នកក្រនោះ
លោកប្រុងរុញពួកខ្ញុំទៅណាទៀត
បានជាមិនឲ្យខ្ញុំសាងសង់ផ្ទះនៅ”។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក លោក នី ចរិយា
មានប្រសាសន៏ថា
បើអាជ្ញាធរបន្តចោទអ្នកភូមិក្រីក្រដែលខ្លួនដឹកឲ្យទៅនៅតំបន់នោះ
ថា ជាតំបន់អាណាធិបតេយ្យទៀត បង្ហាញថា
អាជ្ញាធរមិនមានការទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួន ៖ “
ប្រសិនជាយើងចោទប្រជាជន ទាំងអស់នោះថា ទៅរស់នៅកន្លែងអនាធិបតេយ្យ
មានន័យថា សាលាក្រុងយកគាត់ ទៅឲ្យរស់ជាលក្ខណៈអនាធិបតេយ្យ
មិនមែនប្រជាជនទៅរស់នៅដោយខ្លួនឯង តាមអនាធិបតេយ្យទេ
អ៊ីចឹងគួរតែសាលាក្រុង ពិនិត្យឡើងវិញ អំពីអាជ្ញាធរដែលមិនព្រមអនុញ្ញាត
ឲ្យគាត់ធ្វើការសាងសង់ ត្រឹមត្រូវទៅតាមក្បួនច្បាប់ត្រឹមត្រូវ
ដែលគាត់ត្រូវរស់នៅដោយមានជំរកសមរម្យនោះ”។
អតីតពលរដ្ឋសំបុក្រចាប ឲ្យដឹងថា ពួកគេសរុបជាង២៤០គ្រួសារ
ដែលរងគ្រោះ ដោយសារការបណ្តេញចេញ កាលពីឆ្នាំ២០០៦
គឺមានតែ១១០គ្រួសារទេដែលទទួលបានប័ណ្ណកម្មសិទ្ធិដី
ពោលនៅសល់ជាង១២០គ្រួសារទៀត មិនទាន់មានប្លង់កម្មសិទិ្ធនៅឡើយ។
បច្ចុប្បន្ននេះ ពួកគេកំពុងប្រឈមនឹងការបណ្តេញចេញម្តងទៀត
ខណៈអាជ្ញាធរមិនឲ្យសាងសង់លំនៅដ្ឋានថ្មី ដោយអះអាងថា តំបន់នោះ
ជាតំបន់អាណាធិបតេយ្យ៕
No comments:
Post a Comment