Thursday, June 27, 2013

បទ​វិភាគ៖ លោក ហ៊ុន សែន ធ្វើ​ឲ្យ​លោក កឹម សុខា ល្បី​

[តំរិះជិះ ក ឯង របស់ ហ៊ុន សែន]
ដោយ កែវ និមល
2013-06-26
ស្ដាប់ ឬ ទាញ​យក​សំឡេងស្តាប់សំឡេង ថតសំឡេង
 
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
RFA

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ។ មុន​ថ្ងៃ​កំណត់​ការ​បោះ​ឆ្នោត​មក​ដល់ អ្នក​នយោបាយ​មក​ពី​គណបក្ស​នានា ឆ្លៀត​ប្រើប្រាស់​គ្រប់​មធ្យោបាយ និង​លទ្ធភាព​ដែល​ខ្លួន​មាន ដើម្បី​ទាក់ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​បោះ​ឆ្នោត។ ក្រៅ​ពី​ទាក់ទាញ​ប្រជាពលរដ្ឋ​ឲ្យ​បោះ​ឆ្នោត​ឲ្យ​ខ្លួន អ្នក​នយោបាយ​ខ្លះ​ក៏​បាន​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដើម្បី​បង្អាប់​គូប្រកួត​ របស់​ខ្លួន​កុំ​ឲ្យ​សម្រេច​ជោគជ័យ​បាន​ដែរ។
លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​រង​ការ​វាយ​លុក​ផ្ទួនៗ​ពី​លោក ហ៊ុន សែន ប៉ុន្តែ​លោក កឹម សុខា មិន​បាន​ដក​ថយ​ឡើយ។ ការ​បង្អាប់ ការ​ចោទ​ប្រកាន់​ពី​លោក ហ៊ុន សែន ទៅ​លើ​លោក កឹម សុខា អាច​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ទៅ​លើ​កេរ្តិ៍​ឈ្មោះ​របស់​លោក?
អ្នក ​យុទ្ធសាស្ត្រ​ទាំង​ឡាយ​តែង​មាន​វិធី​របស់​គេ​ដើម្បី​ដណ្ដើម​យក​ជ័យជំនះ ជា​ពិសេស​អ្នក​នយោបាយ។ លោក ហ៊ុន សែន ជា​អ្នក​នយោបាយ ជា​អ្នក​រៀបចំ​យុទ្ធសាស្ត្រ​មួយ​រូប ជា​ជន​បង្គោល​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ហ៊ុន សែន ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​តែ​មួយ​រូប​គត់​គ្មាន​ពីរ​របស់​គណបក្ស។
នៅ ​ក្នុង​ស្ថានភាព​ជា​អ្នក​នយោបាយ​មាន​បទពិសោធន៍​យូរ​មក​ហើយ​លើ​ឆាក​នយោបាយ​ ជាតិ និង អន្តរជាតិ និង​ជា​អ្នក​ផ្ដួល​មិន​ប្រណី​លើ​គូ​ប្រជែង​នយោបាយ​នានា​ជា​ច្រើន​ដំណាក់កាល​ នៅ​ប្រទេស​កម្ពុជា នោះ លោក ហ៊ុន សែន ទំនង​ជា​មើល​ឃើញ​ថា លោក កឹម សុខា អាច​ជា​គូ​ប្រជែង​មួយ​រូប​ដែល​អាច​ប្រកួត​ជាមួយ​លោក​បាន និង​អាច​មាន​ជ័យជំនះ​លើ​រូប​លោក​ទៀត​ផង បើ​សិន​ជា​លោក ហ៊ុន សែន ធ្វេសប្រហែស​ក្នុង​ការ​រៀបចំ​យុទ្ធវិធី​នយោបាយ ក្នុង​គោលបំណង​សម្រេច​គោលដៅ​ជា​យុទ្ធសាស្ត្រ និង​ជ័យជំនះ​នៅ​ទីបំផុត។

ដោយមាន​ប្រព័ន្ធ​តុលាការ​រារាំង​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​ស្រុក​បាន​ទៅ​ហើយ​នោះ លោក ហ៊ុន សែន បាន​កត់​សម្គាល់​ឃើញ​ថា លោក កឹម សុខា ជា​បេក្ខជន​មក​ពី​គណបក្ស​ប្រឆាំង​ដែល​មាន​ថ្វី​មាត់​និង​វោហារសាស្ត្រ មាន​គោលនយោបាយ​សង្គមកិច្ច និង​សេដ្ឋកិច្ច ទាក់ទាញ​ប្រជាពលរដ្ឋ​អ្នក​បោះ​ឆ្នោត​បាន។ ដូច្នេះ​រូប​លោក​ត្រូវ​តែ​ចាត់ការ​បង្អាប់​បន្តុះ​គូប្រកួត​នយោបាយ​របស់​លោក ​តាម​គ្រប់​មធ្យោបាយ​ដែល​អាច​ទៅ​រួច​ជា​មុន​ឲ្យ​ហើយ មុន​ពេល​ការ​បោះ​ឆ្នោត​មក​ដល់។
ការ ​ធ្វើ​បាតុកម្ម​ប្រឆាំង​និង​ទាមទារ​ឲ្យ​លោក កឹម សុខា សុំ​ទោស​របស់​លោក ជុំ ម៉ី អតីត​អ្នក​ទោស​គុក​ទួលស្លែង គឺ​ជា​រឿង​មួយ​ដែល​មហាជន​ទូទៅ​មើល​ឃើញ​ថា បើ​គ្មាន​ការ​យល់​ព្រម និង​គាំទ្រ​របស់​លោក ហ៊ុន សែន ទេ ប្រភេទ​បាតុកម្ម តវ៉ា កម្រិត​ទូទាំង​ប្រទេស និង​ចាក់​ផ្សាយ​សឹងតែ​គ្រប់​ប៉ុស្តិ៍​ទូរទស្សន៍​ល្បីៗ​នៅ​កម្ពុជា នោះ​ប្រហែល​ជា​ទៅ​មិន​រួច​ទេ ហើយ​ច្បាប់​ស្ដីពី​ការ​ផ្ដន្ទាទោស​អ្នក​ណា​បដិសេធ​ថា គ្មាន​ការ​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​របស់​រដ្ឋ​សភា​នោះ ប្រហែល​ជា​មិន​ទាន់​អនុម័ត​បាន​នៅ​ឡើយ​ទេ បើ​លោក ហ៊ុន សែន មិន​លូកដៃ​ចូល​ទេ​នោះ។
បញ្ហា ​ប្រពន្ធ​ទី​២ និង​ម្ដាយ​ក្មេក​របស់​លោក កឹម សុខា នោះ​ទៀត ក៏​ត្រូវ​សាធារណៈ​មតិ​មើល​ឃើញ​ថា ជា​ចេតនា​បង្កើត​ឡើង​ដោយ​អ្នក​មាន​អំណាច​ណា​មួយ ដើម្បី​ធ្វើ​ឲ្យ​លោក កឹម សុខា អាប់ឱន​កេរ្តិ៍ បាត់បង់​ការ​ជឿ​ទុក​ចិត្ត ការ​គាំទ្រ​ក្នុង​ពេល​បោះ​ឆ្នោត​ខាង​មុខ​តែប៉ុណ្ណោះ។
តើ​លោក កឹម សុខា បាន​ដក​ថយ នឹង​បាន​បាត់បង់​ការ​គាំទ្រ​ដោយសារ​បញ្ហា​ជា​ច្រើន​កើត​ឡើង​ប៉ះពាល់​ជាមួយ​កេរ្តិ៍​ឈ្មោះ​របស់​លោក ឬ​ទេ?
ចម្លើយ ​គឺ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​ចោទ​ប្រកាន់ និង​រឿង​អាស្រូវ​ទាំង​នោះ កាន់​តែ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​មើល​ឃើញ​ពី​សមត្ថភាព​ដោះស្រាយ​បញ្ហា សេចក្ដី​ក្លាហាន ការ​ហ៊ាន​ប្រឈម​ជាមួយ​ការពិត និង​ភាព​ស្មោះត្រង់​របស់​លោក កឹម សុខា ទៅ​វិញ​ទេ។
លោក កឹម សុខា មិន​បាន​ដក​ថយ និង​សុំ​ទោស​តាម​ការ​ទាមទារ​របស់​លោក ជុំ ម៉ី ឡើយ។ មិន​តែ​ប៉ុណ្ណោះ លោក ហ៊ាន ប្រឈម ចំពោះ​ការ​ធ្វើ​បាតុកម្ម​ជា​សាធារណៈ និង​ការ​ប្ដឹង​ឡើង​តុលាការ​ទៀត​ផង។ ពី​បាតុកម្ម​មួយ​ទៅ​បាតុកម្ម​មួយ​ទៀត លោក កឹម សុខា ទាក់​ទាញ​បាន​ការ​គាំទ្រ​ជា​ច្រើន គឺ​បាតុកម្ម​ទី​១ ទាក់ទង​ជាមួយ​ការ​ទាមទារ​ឲ្យ​មាន​ការ​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការ​បោះ​ឆ្នោត​នោះ មិន​មាន​ការ​ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ​ឡើយ តែ​ការ​ធ្វើ​បាតុកម្ម​ទី​២ មាន​មនុស្ស​កាន់​តែ​ច្រើន​ជាង​មុន​មក​ចូល​រួម ហើយ​មាន​ការ​ហែ​ក្បួន​តវ៉ា​ជា​ចំហ​ទៀត​ផង។
ការ ​ប្ដឹង​របស់​ស្ត្រី​មួយ​រូប ដែល​អះអាង​ថា ជា​អតីត​ម្ដាយ​ក្មេក​លោក កឹម សុខា នៅ​តុលាការ​ខេត្ត​ព្រៃវែង នោះ ក៏​មាន​មនុស្ស​ប្រមាណ ១​ម៉ឺន​នាក់​បាន​ទៅ​ចូល​រួម​ធ្វើ​សាក្សី បញ្ជាក់​ពី​ភាព​បរិសុទ្ធ​ត្រឹមត្រូវ​របស់​លោក កឹម សុខា នៅ​ទីលាន​បាល់ទាត់​ខេត្ត​ព្រៃវែង​ដែរ។
ឈាន ​ពី​ការ​ចោទ​ប្រកាន់​មួយ​ទៅ​ការ​ចោទ​ប្រកាន់​មួយ​ទៀត ធ្វើ​ឲ្យ​លោក កឹម សុខា កាន់​តែ​ល្បី កាន់​តែ​ទទួល​ការ​គាំទ្រ​កាន់​តែ​ច្រើន។ ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក កឹម សុខា នោះ ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា លោក កឹម សុខា ឈាន​ពី​ការ​រង​គ្រោះ​មួយ​ទៅ​ការ​រង​គ្រោះ​មួយ​ទៀត ហើយ​មនោសញ្ចេតនា​គាំទ្រ​កាន់​តែ​កើន​តាម​នោះ​ដែរ។ ទន្ទឹម​នឹង​ឈ្មោះ​លោក កឹម សុខា ត្រូវ​លោក ហ៊ុន សែន រិះគន់​នោះ ប្រព័ន្ធ​ឃោសនា​នានា បាន​ផ្សាយ​ព័ត៌មាន​ទាក់ទង​ជាមួយ​ឈ្មោះ​លោក កឹម សុខា កាន់​តែ​ច្រើន ដោយ​មិន​ដឹង​ខ្លួន។
ប្រជាពលរដ្ឋ ​ដែល​រស់​នៅ​តាម​បណ្ដា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​ប្រទេស ដូចជា​បាត់ដំបង សៀមរាប បន្ទាយមានជ័យ ប៉ៃលិន ជាដើម កាន់​តែ​ស្គាល់​ឈ្មោះ​លោក កឹម សុខា កាន់​តែ​ច្រើន។
ក្រោយ ​មាន​ការ​ចោទ​ប្រកាន់​ខ្លះៗ​មក​នោះ លោក កឹម សុខា នៅ​តែ​បន្ត​ចុះ​មូលដ្ឋាន ហើយ​ចំនួន​សកម្មជន​ដែល​ចូល​រួម​ស្ដាប់​សេចក្ដី​ថ្លែងការណ៍​នយោបាយ​របស់​គាត់ ​នៅ​តែ​មាន​ចំនួន​ច្រើន មិន​មាន​ការ​ថយ​ចុះ​ឡើយ។
ក្រោយ ​ពី​លេងល្បែង​កកូរកកាយ​ឲ្យ​ស្អុយ ឲ្យ​ស្អប់​មួយ​រយៈ​មក លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​វិល​មក​ភាព​ចាស់​ទុំ​នយោបាយ​ឡើង​វិញ ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ប្រទេស និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រៀបចំ​បោះ​ឆ្នោត។ លោក ហ៊ុន សែន បាន​ប្រកាស​សុំ​ឲ្យ​ផ្អាក​បាតុកម្ម​ប្រឆាំង​ជាមួយ​លោក កឹម សុខា រឿង​សុំ​ទោស​ទាក់ទង​រឿង​គុក​ទួលស្លែង។
លោក ហ៊ុន សែន បាន​ព្រមាន និង​សុំ​ឲ្យ​អ្នក​ណា​បំផ្លាញ​ស្លាក​គណបក្ស​ប្រឆាំង​ចេញ​មក​សារភាព​ទទួល​ខុស​ ត្រូវ​ជាដើម។  ការ​ងាក​មក​ទទួល​ខុស​ត្រូវ គ្រប់គ្រង​ស្ថានការណ៍​បោះ​ឆ្នោត​ឡើង​វិញ​នេះ ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ មាន​តម្លាភាព និង​មាន​ការ​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ហើយ​អ្នក​ចាញ់​ព្រម​ទទួល​យក​ដោយ​ស្ម័គ្រចិត្ត។
មេរៀន ​នយោបាយ​នៅ​កម្ពុជា បាន​ធ្លាប់​បង្ហាញ​ម្ដង​រួច​មក​ហើយ គឺ​អ្នក​នយោបាយ​ត្រូវ​គេ​ធ្វើ​បាប ចោទ​ប្រកាន់ តែងតែ​វិល​មក​វិញ ដោយ​នាំ​យក​នូវ​ជ័យជំនះ ដូច​ករណី​លោក សម រង្ស៊ី ធ្លាប់​ត្រូវ​គេ​បោះ​ឆ្នោត​បណ្ដេញ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​បាន​បង្កើត​គណបក្ស​នយោបាយ​មួយ​ថ្មី និង​បោះ​ឆ្នោត​ទទួល​ការ​គាំទ្រ បាន​អាសនៈ​ចំនួន ២៦ ក្នុង​ចំណោម​អាសនៈ​ចំនួន ១២៣ នៃ​រដ្ឋ​សភា។
ករណី ​លោក កឹម សុខា លើក​នេះ​ប្រហែល​ជា​មិន​ខុស​ករណី​លោក សម រង្ស៊ី ពី​មុន​នោះ​ឡើយ។ បើ​លោក កឹម សុខា ទទួល​ការ​រារាំង ការ​ធ្វើ​បាប ការ​បង្អាប់​កាន់​តែ​ខ្លាំង និង​កាន់​តែ​ខុស​ពី​ការ​ពិត​​កាន់​តែ​ច្រើន​នោះ លោក កឹម សុខា មុខ​ជា​ទទួល​ការ​គាំទ្រ​កាន់​តែ​ច្រើន​ជា​មិន​ខាន ហើយ​បើ​លោក កឹម សុខា កាន់​តែ​ទទួល​ការ​គាំទ្រ​ច្រើន​នោះ គណបក្ស​សង្គ្រោះ​ជាតិ​មុខ​ជា​ទទួល​អាសនៈ​ច្រើន​ក្នុង​ចំណោម​អាសនៈ ១២៣ នៅ​ក្នុង​រដ្ឋ​សភា​ជា​មិន​ខាន។
ក្រៅ ​ពី​កត្តា​លោក កឹម សុខា នោះ គណបក្ស​សង្គ្រោះ​ជាតិ នៅ​មាន​ចំណុច​ខ្លាំង​មួយ​ទៀត ដែល​ ទាក់ទាញ​ប្រជាពលរដ្ឋ​និង​យុវវ័យ គឺ​គោល​នយោបាយ​សង្គមកិច្ច និង​សេដ្ឋកិច្ច ៧​ចំណុច ដែល​ប៉ះពាល់​ផ្ទាល់​ដល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ គ្រប់​ស្រទាប់​វណ្ណៈ​ក្នុង​សង្គម​កម្ពុជា។
សាធារណៈ ​មតិ​បាន​មើល​ឃើញ​ថា លោក កឹម សុខា អាច​ដណ្ដើម​ជ័យជំនះ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន ដោយ​គិត​ចាប់​តាំង​ពី​ការ​បង្កើន​ចំនួន​អាសនៈ​ក្នុង​រដ្ឋ​សភា​ឡើង​ទៅ។ នៅ​ទី​ណា​ក៏​គេ​ឮ​ពាក្យ​ថា​ប្ដូរ​ដែរ ។ ទ្រឹស្ដី​បដិច្ចសមុប្បាទ ឬ​អរិយ​សច្ចៈ​របស់​ព្រះពុទ្ធ បាន​ចែង​អំពី​ភាព​ជា​សកល និង​អមត ៤ ក្នុង​នោះ​មាន​ចំណុច​មួយ​និយាយ​ថា "អ្វីៗ​តែង​មាន​ការ​ប្រែប្រួល ផ្លាស់ប្តូរ"។
យើង​នៅ​ចាំ​មើល​ថា តើ​លោក កឹម សុខា អាច​ប្ដូរ​បាន​អ្វី​ខ្លះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​សភា​អាណត្តិ​ទី​៥ នេះ?
លោក កឹម សុខា បាន​ទទួល​ជ័យជំនះ​មួយ​ទៅ​ហើយ​នៅ​ក្នុង​ការ​ប្រើ​ពាក្យ​ថា ប្ដូរ​ថ្មី​នោះ គឺ​យ៉ាង​ហោច​ណាស់​លោក​បាន​ទាញ​ការ​ចាប់​អារម្មណ៍​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​ប្ដូរ​ការ​គិត​ចំពោះ​រូប​លោក​ពី​អ្នក​នយោបាយ​ធម្មតា​មួយ​រូប ទៅ​ជា​បេក្ខជន​នយោបាយ​មួយ​រូប​ដ៏​មាន​សក្តានុពល ដែល​អាច​ដឹកនាំ​ឲ្យ​មាន​ការ​ប្ដូរ​មួយ​ក្នុង​សង្គម​កម្ពុជា​ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

ចំពោះពួកកាសែតដែលគាំទ្រគណបក្សប្រជាជន
ទាំងអស់ បានជួយផ្សព្វផ្សាយពីករណីលោក
សមរង្ស៊ីឬលោកកឹមសុខាឲ្យគេស្គាល់បានច្រើន។
ពួកអស់លោកគួរយល់ថា ការគាំទ្ររបស់អស់លោក
មិនទាន់មានវិជ្ជាជីវៈជាអ្នកកាសែតនៅឡើយទេ
ការធ្វើគ្រាន់តែដើម្បីរស់ចិញ្ចឹមក្រពះប៉ុណ្ណោះបាន
សេចក្ដីថាម៉ាៗយកតែស៊ង បើស្រុកខ្មែរក្លាយខ្លួន
ជាកម្មសិទ្ធិជាតិសាសន៍ដទៃព្រោះការធ្វេសប្រហែស
របស់មេដឹកនាំ តើពួកអស់លោកចូលរូងក្ដាមជា
មួយពួកអ្នកដឹកនាំដែរឬទេ ? គួរអស់លោកជួយ
គាំទ្រដោយសម្ងាត់ចំពោះអ្នកស្នេហាជាតិ។

Anonymous said...

អ្វីដែលមានន័យថាកាសែត? នាំមកនូវព័ត៌មានសម្រាប់ជាសាធារណៈមិនមែនសម្រាប់បម្រើមនុស្សម្នាក់ឬភាគីមួយ.ប្រសិនបើអ្នកបម្រើរបស់ភាគីមួយឬមនុស្សដែលអ្នកក្បត់ ជំនាញ វិជ្ជាជីវៈនិងសតិសម្បជញ្ញៈរបស់អ្នក.



Baay Kdaing

Anonymous said...

THREE STOOGES SEASON FINALE!!!

To all Cambodian citizens that CTN has had announced "The Three Stooges" show been running for 30 years may come to an end on 08/27/13 due lack of viewing. Therefore, if more suppose on the way for viewing the show will be continue to run as usual. Thus, CTN can't be reached for any comment until further notice.

CTN chauffer