20.06.2013
លោកកឹម សុខា៖ គ.ជ.ប.មិនមានលទ្ធភាពធានាការបោះឆ្នោតយុត្តិធម៌
ដោយ គង់ សុឋានរិទ្ធ VOA Khmer
សូមអញ្ជើញស្តាប់សម្លេង https://soundcloud.com/cheatkhmer/2013-6-20-voa-report-kem-sokha
លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់អ្នកយកព័ត៌មាន។
លោក កឹម សុខា ប្រធានស្តីទីគណបក្សនេះបានថ្លែងក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃនេះ ក្នុងទីក្រុងភ្នំពេញថា មានភាពមិនប្រក្រតីជាច្រើនដែលកំពុងកើតឡើងក្នុងអំឡុងពេលឆ្ពោះ ទៅរកការបោះឆ្នោតនេះ។
បញ្ហាទាំងនោះរួមមានការ រៀបចំមន្ត្រីបោះឆ្នោតថ្នាក់ខេត្ត និងជាតិ ដែលមិនមានសមត្ថ ភាព បញ្ជីឈ្មោះអ្នកបោះឆ្នោតគ្មានគុណភាពដោយសារមានឈ្មោះស្ទួន និងបាត់ឈ្មោះអ្នកបោះឆ្នោតចំនួនជាងមួយលាននាក់ ការបោះពុម្ពសន្លឹកឆ្នោតលើសច្រើនជ្រុលរហូត ដល់ជាងពីរលានសន្លឹក ខណៈដែលអ្នកបោះឆ្នោតសរុបមានចំនួនត្រឹមតែជាង៩,៦លាននាក់តែប៉ុណ្ណោះ។
លោក កឹម សុខារៀបរាប់បន្ថែមថា ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋមិនមានសមធម៌ ហើយគ្រប់គ្រងដោយគណបក្សកាន់អំណាចទាំងស្រុង។
លោក រៀបរាប់ថា រោងពុម្ពដែលបោះសន្លឹកឆ្នោតស្និទ្ធជាមួយមន្ត្រីគណបក្សកាន់អំណាចដែល គួរឲ្យមានការសង្ស័យ។ បន្ថែមពីនោះទៀត លោកកឹម សុខាលើកឡើងថា មានការរំខានការធ្វើវេទិកានានារបស់គណបក្សសង្គ្រោះជាតិចំនួន៤៥ ករណីនិងការបំផ្លាញស្លាកសញ្ញាគណបក្សចំនួន៩៦ករណីយ៉ាងហោចណាស់នៅ ក្នុងខេត្តចំនួនដប់។
លោកកឹម សុខាមានប្រសាសន៍ថា បញ្ហាទាំងនេះបង្ហាញពីគុណភាពរបស់គ.ជ.ប.។
លោកនិយាយថា៖ «ដូច្នេះ កត្តាទាំងអស់ខាងលើនេះធ្វើឲ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ និតិកាលទី៥ នាពេលខាងមុខនេះបង្ហាញឲ្យឃើញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់បានធានារៀបចំយន្តការ ការបោះឆ្នោតឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌បានឡើយ»។
លោក កឹម សុខាគូសបញ្ជាក់ថា ប្រសិនបើបញ្ហាដូចខាងលើនៅតែអូសបន្លាយនោះ វានឹងនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ។
ការលើកឡើងរបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិធ្វើឡើងមួយសប្តាហ៍ប៉ុណ្ណោះ មុននឹងការឃោសនាបោះឆ្នោតចាប់ផ្តើម។
លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប.ឆ្លើយតបទៅវិញថា ការបោះពុម្ពសន្លឹកឆ្នោតលើសនេះជាលក្ខណៈបច្ចេកទេសដែលត្រូវបាន អនុវត្តន៍ចាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។
រីឯការទម្លាក់ស្លាកគណបក្សនយោបាយមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះមានការថយចុះជាច្រើន។
លោកនិយាយថា៖ «អញ្ចឹង គឺសភាពការណ៍នេះមិនធ្ងន់ធ្ងរដែលហួសពីការគ្រប់គ្រងទេ ហើយមិនអាចវាយតម្លៃលឿនពេកថា សភាពការណ៍នេះមិនល្អទេ។ ទីពីរគឺខ្ញុំអាចនិយាយថា ដំណើរការបានល្អប្រសើរជាង បើប្រៀបធៀបនឹងការបោះឆ្នោតមុន»។
ទោះជា យ៉ាងនេះក្តី លោកបណ្ឌិតហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រិត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតនៅកម្ពុជាលើកឡើងថា ភាពមិនប្រក្រតីជារឿងសំខាន់ក្នុងអំឡុងពេលនេះគឺការរំខានការ ជួបប្រជុំរបស់គណបក្សជំទាស់ និងការទម្លាក់ស្លាកគណបក្សគណបក្សនេះ។
លោក បណ្ឌិតហង្ស ពុទ្ធាមានប្រសាសន៍បន្ថែមថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានតួនាទីសំខាន់ក្នុងការ គ្រប់គ្រងបញ្ហាទាំងនេះ នៅពេលដែលការឃោសនាបោះឆ្នោតមកដល់៕
3 comments:
ah tep nitha mok chor srap sanlek chnot banlom pilean sanlek samrap louch
គេធ្វើអ្វីក៍មានត្រៀមម្រុងដែរ សូម្បីតែម្អូបការ បើគេហៅភ្ញៀវ៥០តុ គេធ្វរហូតដល់៦០ក្នុងករណីមានភ្ញៀវថែមគេមានស្រាប។ ចំណែកសន្លឹកឆ្នោតវិញ បើសន្លឹកឆ្នោតគេគូសខុសគេសុំដូរ ធ្វើម៉េចបើគ្មានសន្លឹកឆ្នោតដូរ? ឬករណីធម្មជាតិណាមួយ ត្រូវភ្ញៀងសើម ទឹកលិច ឬភ្លើងឆេះ ឬករណីណាមួយទៀតគេក៍ត្រៀមដែរ។ លោកថាខ្លាចគេលួយចបន្លំ លួយចយ៉ាងម៉េចគ្រាន់បក្សមួយៗមានអ្នកសង្កេតការណ៍តាំងពីពេលបោះឆ្នោតរហូតពេលរាប់ រហូតដឹកសន្លឹកឆ្នោតទៅថ្នាក់ស្រុក ថ្នាក់ខេត្ត។ តើគេបន្លំយ៉ាងម៉េច បើបន្លំលុះត្រាតែអ្នកសង្កេតការណ៍បក្សរបស់អសល់លោកគ្មានភ្នែក។
បោះឆ្នោតឲ្យពួកអាវាដំស្រី្តភេទបានប្រយោជន៍អី។ប្រជាធិបតេយ្យកក្តាន់ស្អីហ៎ា!
Post a Comment