តំណាងគណបក្សចំនួន៦ រិះគន់សេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ដែលមិនអនុញ្ញាតឲ្យវិទ្យុអែហ្វអឹម (FM) ក្នុងស្រុកផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុបរទេសផ្សាយជា ខេមរភាសា ក្នុងអំឡុងពេលឃោសនាបោះឆ្នោត និងពេលបោះឆ្នោត។ តំណាងគណបក្សទាំងនោះចាត់ទុកថា បំរាមរបស់ក្រសួងព័ត៌មានជាទង្វើផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
ដោយ វណ្ណ វិចារ 2013-06-28 RFA
តំណាងគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតរើស
សមាជិកសភាអាណត្តិទី៥ ចាត់ទុកថា
សេចក្តីណែនាំរបស់ក្រសួងព័ត៌មានជាទង្វើមួយដើរផ្ទុយពីច្បាប់
និងជាដំណើរដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ប្រធានគណបក្សសញ្ជាតិកម្ពុជា លោក សេង សុខេង មានប្រសាសន៍ថា
លោកមិនហ៊ានប្រឆាំងនឹងការសម្រេចរបស់ក្រសួងព័ត៌មានឡើយ។ ប៉ុន្តែ
លោកចាត់ទុកថាសេចក្តីណែនាំនេះជាទង្វើប្រាសចាករដ្ឋធម្មនុញ្ញនៃ
ប្រទេសកម្ពុជា ដែលចែងថា ពលរដ្ឋកម្ពុជា មានសិទ្ធិទទួលបានព័ត៌មាន។
លោកបញ្ជាក់ថា បើសិនជាគណបក្សរបស់លោកឈ្នះឆ្នោត
លោកមិនលះបង់ប្រយោជន៍ចោលបែបនេះឡើយ។
រីឯមន្ត្រីអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ទុំ សម្បុរ
មានប្រសាសន៍ថា គណបក្សហ៊្វុនស៊ិនប៉ិច
មិនឯកភាពចំពោះសេចក្តីណែនាំរបស់ក្រសួងព័ត៌មានឡើយ។ លោកបន្តថា
សព្វថ្ងៃប្រជាពលរដ្ឋជាច្រើនលើសលប់ពេញចិត្តនឹងកម្មវិធីផ្សាយរបស់
វិទ្យុអន្តរជាតិមួយចំនួន ដូចជា វិទ្យុអាស៊ីសេរី
វិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុបារាំងអន្តរជាតិ
ដែលផ្សាយព័ត៌មានឯករាជ្យ និងតុល្យភាព។
ហើយពលរដ្ឋស្តាប់វិទ្យុទាំងនេះតាមរលកសំឡេងរបស់វិទ្យុអែហ្វអឹម
នៅក្នុងស្រុក។
ទន្ទឹមនឹងនេះ អនុប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ លោក ចាន់
យ៉េតហាក់ ថ្លែងទាំងហួសចិត្តថា ហេតុអ្វីបានជាមានការផ្អាកបែបនេះ។
លោកបន្តថា
ប្រជាពលរដ្ឋភាគច្រើនមិនសូវចូលចិត្តចង់ស្តាប់ព័ត៌មានរបស់វិទ្យុ
ក្នុងស្រុកនោះឡើយ
ព្រោះវិទ្យុក្នុងស្រុកភាគច្រើនផ្សាយព័ត៌មានមិនឯករាជ្យ
និងមិនមានតុល្យភាព ព្រមទាំងសម្បូរទៅដោយការឃោសនាពាណិជ្ជកម្ម
ដូចជាស្រាបៀ និងឃោសនាពីបក្សកាន់អំណាចជាដើម។ លោកបញ្ជាក់ថា
វិទ្យុអន្តរជាតិមានសារៈសំខាន់ណាស់ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។
ទោះយ៉ាងណាក្តី ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លោក ហួន
រាជចំរើន ថ្លែងគាំទ្រចំណាត់ការរបស់ក្រសួងព័ត៌មាន។ លោកពន្យល់ថា
ការសម្រេចរបស់ក្រសួង ទោះបីបែបណាក៏លោកគាំទ្រដែរ
ដោយសារស្ថាប័នផ្សព្វផ្សាយមួយចំនួនមិនផ្តល់ផលប្រយោជន៍សម្រាប់ជាតិ
ខ្មែរទេ។ ប៉ុន្តែ លោក ហួន រាជចំរើន បញ្ជាក់ថា បើគណបក្សលោកឈ្នះឆ្នោត
លោកនឹងមិនធ្វើដូចបក្សកាន់អំណាចសព្វថ្ងៃ
ដែលហាមឃាត់ការបញ្ចេញមតិនោះទេ។
ឆ្លើយតបនឹងការលើកឡើងបែបនេះ អនុប្រធានគណបក្សខ្មែរឈប់ក្រ
អ្នកស្រី ឌុក ថាច រិះគន់ចំៗថា
ការដាក់កំហិតឲ្យវិទ្យុក្នុងស្រុកផ្អាកការផ្សាយបន្តនូវកម្មវិធី
ផ្សាយរបស់វិទ្យុបរទេសជាខេមរភាសា
ជាការបំបិទត្រចៀកប្រជាជននៅតាមជនបទឲ្យថ្លង់ស្តាប់អ្វីលែងឮ។
អ្នកស្រីបន្តថា
រូបអ្នកស្រីប្រឆាំងដាច់ខាតនឹងចំណាត់ការបែបផ្តាច់ការបែបនេះ។
ចំណែកឯប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា
ហាក់សម្ដែងការងឿងឆ្ងល់ ដោយដាក់សំណួរថា ហេតុអ្វីបានផ្អាក?
បើវិទ្យុហ្នឹងធ្វើខុសអី ម៉េចមិនបិទតាំងពីដំបូងទៅ។
លោកបញ្ជាក់ថា
គណបក្សរបស់លោកព្យាយាមជួលម៉ោងផ្សាយសំឡេងនៅតាមបណ្ដាខេត្តជាច្រើន
តែមិនត្រូវបានអនុញ្ញាតទេ។ ហើយដំណើរការឃោសនាមកដល់
ពលរដ្ឋត្រូវទទួលព័ត៌មានសម្បូរបែបមិនគួរមានការហាមឃាត់ណាមួយ
ឡើយ។
ទាក់ទិននឹងបញ្ហានេះ
អគ្គនាយករងនាយកដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈគណបក្សសង្គ្រោះជាតិ
លោក អ៊ូ ច័ន្ទឫទ្ធិ ចាត់ទុកថា សេចក្តីណែនាំរបស់ក្រសួងព័ត៌មាន នេះ
ជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ
និងសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។ លោកបន្តថា
រឿងនេះជាបញ្ហាធ្ងន់ធ្ងរជាទីបំផុតដែលមិនអាចទទួលយកបានក្នុង
សង្គមប្រជាធិបតេយ្យ។
រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជា
កំពុងកាន់អំណាច
បានចេញលិខិតផ្អាកមិនឲ្យវិទ្យុក្នុងស្រុកផ្សាយបន្តនៅកម្មវិធី
ព័ត៌មានរបស់វិទ្យុអន្តរជាតិ ម្តងរួចមកហើយ
កាលពីបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣
ឆ្នាំ២០១២។ ដែលកាលនោះ សង្គមស៊ីវិលជាតិ អន្តរជាតិ
និងតំណាងវិទ្យុអន្តរជាតិទាំងនោះ
ចេញសេចក្តីថ្លែងការណ៍រិះគន់យ៉ាងខ្លាំងពីចំណាត់ការរបស់
រដ្ឋាភិបាល។
ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៥ ខែមិថុនា
បានចេញសេចក្តីណែនាំមួយដែលនិយាយពីសារៈសំខាន់នៃប្រព័ន្ធ
ផ្សព្វផ្សាយក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា។
ប៉ុន្តែនៅកថាខណ្ឌចុងក្រោយ នៃលិខិតណែនាំនោះ
បែរជាបញ្ជាវិទ្យុក្នុងស្រុកឲ្យផ្អាកការផ្សាយបន្តពីវិទ្យុបរទេស
ផ្សាយជាខេមរភាសាទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
អូ ហូទើបតែនិងដឹងទេ?
តែប្រហែលជានៅមានវិទ្យុភាសារយួនដែរតើ
Post a Comment