Monday, July 22, 2013

គ.ជ.ប​នឹង​ប្រជុំ​បន្ទាន់​លើ​សំណើ​សុំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​លោក សម រង្ស៊ី

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក្នុង​កម្មវិធី​កិច្ចពិភាក្សា​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១៣។ RFA
 លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​លិខិត​មួយ​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ទៅ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ស្នើ​សុំ​ឲ្យ​ចុះ​ឈ្មោះ​រូប​លោក​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​ក្នុង​បញ្ជី​ផ្លូវការ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​ តំណាងរាស្ត្រ​នីតិកាល​ទី​៥ ថ្ងៃ​ទី​២៨ ខែ​កក្កដា ខាង​មុខ។
ដោយ ទេព សុរ៉ាវី 2013-07-21 RFA
ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប លោក អ៊ឹម សួស្ដី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ថា គ.ជ.ប នឹង​បើក​កិច្ច​ប្រជុំ​មួយ​ជា​បន្ទាន់ នៅ​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​កក្កដា ដើម្បី​ពិភាក្សា​លើ​សំណើ​សុំ​របស់​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​សុំ​ឲ្យ គ.ជ.ប ចុះ​ឈ្មោះ​រូប​លោក​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត៖ «ចាំ​ប្រជុំ​ស្អែកៗ រឿង​ច្រើន​ណាស់! ជជែក​គ្នា​សិន មិន​មែន​រឿង​តែ​មួយ​ទេ បាទ! ខ្ញុំ​ទើប​បាន​ទទួល​លិខិត​មិញ​ដែរ ខ្ញុំ​ប្រជុំ​ស្អែក»
លោក អ៊ឹម សួស្ដី មិន​បាន​អត្ថាធិប្បាយ​ទេ​ពី​នីតិវិធី​យ៉ាង​ណា​របស់ គ.ជ.ប ចំពោះ​សំណើ​សុំ​របស់​លោក សម រង្ស៊ី បន្ទាប់​ពី​នីតិវិធី​ចុះ​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​បាន​ផុត​ទៅ​ហើយ​ នោះ។ រី​ឯ​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បញ្ជាក់​ថា សំណើ​របស់​លោក សម រង្ស៊ី គ.ជ.ប នឹង​ពិនិត្យ​សម្រេច​ទៅ​តាម​ភារកិច្ច និង​សិទ្ធិ​អំណាច​របស់ គ.ជ.ប ដែល​ផ្នែក​លើ​ច្បាប់​បោះ​ឆ្នោត។

លោក​ប្រកាន់​ជំហរ​ថា ការ​សម្រេច​ចុះ​ឈ្មោះ​លោក សម រង្ស៊ី ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ឬ​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​ច្បាប់​បោះ​ឆ្នោត​ទាំង​ស្រុង ហើយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​នោះ​ឡើយ។
នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌​ដើម្បី​ការ​ បោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក (NICFEC) លោក​ ហង្ស ពុទ្ធា យល់​ថា សំណើ​សុំ​របស់​លោក សម រង្ស៊ី ពិបាក​ក្នុង​ការ​រក​ស្ថានភាព​ផ្លូវ​ច្បាប់ ដើម្បី​បញ្ចូល​រូប​លោក​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត។ ប៉ុន្តែ​មាន​ច្រក ២​សំខាន់ អាច​ជួយ​លោក សម រង្ស៊ី បាន គឺ​ទី​១ ការ​បក​ស្រាយ​ច្បាប់ និង​ការ​អនុវត្ត និង​មួយ​ទៀត ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត។
លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ត្បិត​មាន​ពេល​ខ្លី​កៀក​ថ្ងៃ​បោះ​ឆ្នោត​ក្ដី តែ​ឋិត​ក្នុង​ឆន្ទៈ​នយោបាយ​វិសោធនកម្ម​ច្បាប់​នោះ​អាច​នឹង​ធ្វើ​ទៅ​កើត ហើយ​លោក សម រង្ស៊ី នឹង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​បាន។
លោក ហង្ស ពុទ្ធ៖ «ជា​នីតិវិធី​ចុះ​ឈ្មោះ​នោះ គឺ​ហួស​ទៅ​ហើយ។ ច្រក​ពីរ​ដែល​ខ្ញុំ​គិត​ថា អាច​នឹង​ទៅ​រួច ទី​មួយ​គឺ​ការ​បក​ស្រាយ​ច្បាប់ និង​ការ​អនុវត្ត។ បាន​ន័យ​ថា បើ​សិន​ជា​ច្បាប់​កំណត់​ថា គាត់​ជាប់​ទោស អ៊ីចឹង​មាន​ការ​លើកលែង​ទោស។ ប្រហែល​ជា​មាន​ករណី​ពិសេស អាច​នឹង​បញ្ចូល​គាត់​ជា​បេក្ខជន​បាន ហើយ​មួយ​ទៀត មាន​តែ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់។ ជា​ការ​ពិត​នៅ​សល់​ពេល​តែ​មួយ​សប្ដាហ៍​ទៀត​ទេ ប៉ុន្តែ​វិសោធនកម្ម​ច្បាប់ ប្រសិនជា​មាន​ឆន្ទៈ​ទាំង​អស់​គ្នា គឺ​អាច​ធ្វើ​ទៅ​បាន​ហើយ»
លោក សម រង្ស៊ី បាន​ផ្ញើ​លិខិត​មួយ​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ទៅ​លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប សុំ​ឲ្យ​ចុះ​ឈ្មោះ​រូប​លោក​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​ក្នុង​បញ្ជី​ផ្លូវការ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​មណ្ឌល​ខេត្ត​ កណ្ដាល សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ថ្ងៃ​ទី​២៨ ខែ​កក្កដា។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​មក​ដល់​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កក្កដា បន្ទាប់​ពី​លោក​​បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ជាង ៤​ឆ្នាំ។ ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី លើក​នេះ គឺ​ក្រោយ​ពី​មាន​ការ​ព្រះរាជទាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

yim pisal said...

   ​ ​ នេះជាល្បិចបន្លាយពេលដ៍សមហេតុសមផលក្នុងន័យនយោបាយសុទ្ធសាទ្ធ។ព្រោះអ្វីៗមានតែបុគ្គល
   ម្នាក់ប៉ុណ្ណោះដែលជាអ្នកសម្រេច ចុះហេតុអ្វីបានជាមានលេសពុំចេះចប់?
     ក៍ប៉ុន្តែអត់ធ្មត់បន្តិចទៅ តម្លៃក្រមុំព្រហ្មចារីយ៍ស្ថិតនៅលើមេបាអាចារ្យឱយ
            យឹម ពិសាល

Anonymous said...


មិនពិបាកយល់ទេ បុគ្គលម្នាក់នោះ គឺ គ្មានអ្វីក្រៅ
ពីអង្គុយរង់ចាំ សេចក្ដីសម្រេចពីចៅហ្វាយយួន
របស់ខ្លួនទេ ព្រោះជាច្បាប់របស់អាយ៉ងត្រូវគោរព
បដិបត្តិ។