Sunday, August 04, 2013

គណបក្ស​សង្គ្រោះ​ជាតិ៖ រយៈពេល​៤​ថ្ងៃ​ទទួល​បាន​បណ្តឹង​ជាង ២ពាន់​ករណី



ប្រជា​ពល​រដ្ឋ ដែល​​អះ​​អាង​​ថា​​ទទួល​ភាព​​អយុត្តិ​ធម៌ក្នុង​ការ​បោះ​ឆ្នោត បានមកប្តឹងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៣១​ខែកក្កដា ឆ្នា២០១៣។ rfi/siv channa


អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 03 សីហា 2013
ដោយ ស៊ុន មេសា

បន្ទាប់ពី​ការបោះឆ្នោត​បាន​បញ្ចប់ ភាព​មិន​ប្រក្រតី​ស្តីពី​ការបោះឆ្នោត​តំណាងរាស្ត្រ​ ត្រូវបាន​បក្សប្រឆាំង​ប្រមូល​បានជា​បន្តបន្ទាប់។ ក្នុង​យុទ្ធ​នា​ការស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត ​ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី៣១កក្កដា​មក គណ​បក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា ​បានទទួល​បណ្តឹង​ជាង២ពាន់​ករណី​ហើយ បណ្តឹង​ដែល​​ប្រជាពលរដ្ឋ​បាន​ដាក់​មក​​គណបក្ស​ដើម្បី​ស្វែងរក​យុត្តិធម៌។


គិត​ត្រឹម​ថ្ងៃទី៣សីហា មាន​ពាក្យបណ្តឹង​ពី​ភាព​មិន​ប្រក្រតី​ស្តីពី​ការបោះ​ឆ្នោត​ចំនួន​ជាង២ពាន់​ករណី​ហើយ ដែល​ម្ចាស់ឆ្នោត​បាន​ប្តឹង​មក​គណបក្ស​សង្គ្រោះ​ជាតិ។ ពាក្យបណ្តឹង​ទាំងនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដាក់​ទៅ​គណបក្សប្រឆាំង ​រយៈពេលតែ​៤​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​គណបក្ស​នេះ​បើក​យុទ្ធនាការ​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​ តាំង​ពី​ថ្ងៃ​ទី​៣១ កក្កដា​មក។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​អះអាងថា ពាក្យបណ្តឹង​ទាំងនោះ​​គឺ​ពាក់​ព​ន្ធ័​នឹង​ការបាត់​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត ការ​បោះឆ្នោត​ជំនួស និង​ករណី​អ្នក​ដែលមាន​ឯកសារ​​គ្រប់គ្រាន់​ ហើយ​មិនបាន​បោះ រួមទាំង​ករណី​លិខិត​បញ្ជាក់​ក្លែងក្លាយ​ជាដើម។ គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា ភាព​មិន​ប្រក្រតី​ទាំងនោះ​ប៉ះពាល់​ដល់​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត និង​ជាការ​បញ្ជាក់​ពី​ចន្លោះ​ប្រហោង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​​ដែល​មិនអាច​ទទួល​យក​បាន។

ចំណែកឯ​អង្គការ​អង្កេត​ការណ៍​បោះឆ្នោត ហៅ​កាត់​ថា និក​ហ្វិ​ក​​​ របស់លោក ហង្ស ពុទ្ធា វិញ ក៏បាន​បញ្ជាក់ដែរថា អង្គការ​របស់លោក​ក៏​ទទួលបាន​ភាពមិនប្រក្រតី​ស្តីពី​ការបោះឆ្នោត​រាប់ពាន់​ករ​ណី​មែន។ លោក​បន្តថា អង្គការ​របស់លោក កំពុងធ្វើការ​អង្កេត​យ៉ាង​យកចិត្ត​ទុកដាក់​​លើ​​​រាជធានី​​ភ្នំពេញ និង​ខេត្តធំៗចំនួន៧ ដូចជា​​កណ្តាល កំពង់ចាម និង​ព្រៃវែង ជាដើម​ ដែល​ភាពមិនប្រក្រតី​បាន​កើនឡើង​ខ្លាំង​ជាង​គេ។

 
លោក ហង្ស​ពុទ្ធា ក៏បាន​សង្កត់​ធ្ងន់​ថា ដើម្បី​ស្រាយ​បញ្ជាក់​ពី​ម​ន្ទិ​ល​សង្ស័យ ​ស្តី​ភាពមិនប្រក្រតី អង្គការ​​សង្គម​ស៊ីវិល​ទាំងអស់ ​បាន​ស្នើ​ឱ្យ​គ.ជ.ប. បង្ហាញ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​បាន​បោះ​រួចហើយ និង​លិខិតបញ្ជាក់​អត្តសញ្ញាណ សម្រាប់​ការបោះឆ្នោត តែ គ.ជ.ប បដិសេធ​មិន​ព្រម​បង្ហាញ​នោះទេ។ នេះ​គឺជា​ដើមចម​នៃ​បញ្ហា។

ប៉ុន្តែ លោក ទេព​នីថា ​អគ្គលេខាគ.ជ.ប. បាន​ឆ្លើយតប​ថា ការស្រាវជ្រាវ និង​ការរកឃើញ​ភាព​អសកម្ម​នានា គឺ​គ្រាន់តែ​ជា​អំណះអំណាង​របស់​គណបក្សប្រឆាំង និង​អង្គកា​រ​សង្គម​ស៊ីវិល តែប៉ុណ្ណោះ តែ​អ្វីដែល​សំខាន់​គឺ គ.ជ.ប. បានទទួល​ពាក្យបណ្តឹង​តិចតួច​ណាស់។ ម្យ៉ាងទៀត យន្តការ​ដោះស្រាយ​ពី​អំណះអំណាង​ ពី​ភាពមិនប្រក្រតី​ទាំងនោះ​ កំពុងតែ​ប្រសូត​ឡើង។


យ៉ាងណាក៏ដោយ គេ​សង្ឃឹមថា ក្តី​ម​ន្ទិ​ល​សង្ស័យ​ទាំងនេះ​ ទំនងជា​នឹង​ត្រូវបាន​ដោះស្រាយ​នៅពេលដែល​គណកម្មការ​ចម្រុះ​លេចចេញ​ជា​រូបរាង និង​ចាប់ផ្តើម​ធ្វើការ​លើ​ករណី​ទាំងនោះ​ក្នុងពេលឆាប់ៗនេះ។ នេះ​ប្រសិនបើ​គណ​កម្មការ​ចម្រុះ​នោះ​ ពិត​​ជា​អាច​កើតចេញ​ជា​រូបរាង​មែន​នោះ៕

3 comments:

Anonymous said...


If Hun Sen dares to kill his own people, he will be hunted down like a rat by the ICC.

Anonymous said...

Long Live VietNam and Hun Sen... Killing season start now to all the useless and stupid khmer...

Anonymous said...

គជប ធ្វើការមិនមានតម្លាភាព រាល់នីតិវិធីរបស់ គជប គឺមានមន្ទិលជាច្រើន។ នៅគ្រប់ការិយាល័យបោះឆ្នោតមិនមានកន្លែងសម្រាប់ជួយដោះស្រាយការលំបាកឬទទួលបណ្តឹងរបស់ពលរដ្ឋទេ ដូចនេះពលរដ្ឋចង់ប្តឹងរឿងអ្វីមួយ មិនដឹងជាទៅប្តឹងនៅឯណា។ តើមានអង្គភាពឯករាជ្យស៊ើបអង្កេត ឬធ្វើសវនកម្ម លើនីតិវិធី គជប ទេ? បើគ្មានទេ មាន័យថានីតិវិធី គជប ជានីតិវិធី គ្មានតម្លាភាព និងគ្មានឯករាជ្យយ៉ាងពិតប្រកដ។