...................................
ដោយ៖ ស៊ុន ណារិន | ថ្ងៃចន្ទ័ ទី5 ខែសីហា ឆ្នាំ2013 | 50 នាទី មុន VOD
លោម សម រង្ស៊ី ជួបជាមួយអ្នកគាំទ្រ នៅខេត្តព្រៃវែង/រូបថតពីហ្វេសប៊ុកលោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធាន លោក កឹម សុខា នៅថ្ងៃចន្ទនេះ បានប្រកាសទៅកាន់ប្រជាពលរដ្ឋ និងគាំទ្រក្នុងខេត្តព្រៃវែងថា គណបក្សលោកនឹងការពារជ័យជម្នះ មិនថយក្រោយ ដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំប្រទេស។
មេដឹកនាំគណបក្សប្រឆាំងទាំងពីរ ថ្លែងដូច្នេះនៅក្នុងវត្តខ្នា ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៥ ខែសីហា ២០១៣ ដោយមានការចូលរួមពីប្រជាពលរដ្ឋរាប់ពាន់នាក់។ គណបក្សសង្គ្រោះជាតិ បានទទួលការគាំទ្រជាសំឡេងឆ្នោត នៅក្នុងខេត្តព្រៃវែង ច្រើនជាងគណបក្សប្រជាជនកម្ពុជា។
លោក សម រង្ស៊ី មានប្រសាសន៍ថា៖«ជ័យជម្នះរបស់គណបក្សសង្គ្រោះជាតិ ជាស្នាដៃរបស់បងប្អូនម្នាក់ៗ យើងការពារជម្នះរបស់យើង អត់ឲ្យជនខិលខូចលួចបានទេ យើងអត់ថយក្រោយទេ ឈានដល់ដំណាក់កាលនេះហើយ ៥ឆ្នាំទៀត ជាតិយើងនឹងរលាយ»។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងចុះទៅសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ដូចជានៅខេត្តកណ្តាល កំពង់ចាម ព្រៃវែង កំពង់ស្ពឺ និងភ្នំពេញជាដើម។ ការចុះជួបប្រជាពលរដ្ឋ ក្រោយពេលគណបក្សមួយនេះ អះអាងថាខ្លួនឈ្នះការបោះឆ្នោត ដោយទទួលបានអាសនៈយ៉ាងតិចក៏៦៣អាសនៈដែរ ដែលអាចដឹកនាំរដ្ឋាភិបាលបាន។ គណបក្សមួយនេះថា មានភាពមិនប្រក្រតីជាច្រើនកើតឡើងអំឡុងពេលបោះឆ្នោត ដែលជាការលួចបន្លំមួយ។ គណបក្ស ទាមទារឲ្យបង្កើតគណៈកម្មការស៊ើបអង្កេតលើភាពមិនប្រក្រតីនេះ ដោយមានការចូលរួមពីសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ តែការទាមទារនេះ ត្រូវបានគជប បដិសេធ។
គណបក្សសង្គ្រោះជាតិ ធ្លាប់បានប្រកាសថានឹងធ្វើបាតុកម្មទូទាំងប្រទេស ប្រសិនបើលទ្ធផលនៃការបោះឆ្នោត ត្រូវបានប្រកាសជាផ្លូវការ មានភាពអយុត្តិធម៌។
កាលពីថ្ងៃទី០២ ខែសីហា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានធ្វើបាតុកម្មតបតនឹងគណបក្សសង្គ្រោះជាតិ ប្រសិនបើគណបក្សប្រឆាំងធំនេះ ដឹកនាំអ្នកគាំទ្រធ្វើបាតុកម្មទូទាំងប្រទេស មិនទទួលស្គាល់លទ្ធផលបោះឆ្នោត។លោក ហ៊ុន សែនថ្លែងថា៖«ខ្ញុំបានលឺវាជ្រេញត្រចៀកពេក ទៅរឿងបញ្ហាបាតុកម្ម អញ្ចឹងខ្ញុំសូមបញ្ជាក់ថា មានសិទ្ធិដូចគ្នា ម្ខាងទៀតប្រឆាំងលទ្ធផល ម្ខាងទៀតក៏មានសិទ្ធិធ្វើបាតុកម្មគាំទ្រលទ្ធផល ហើយលទ្ធផលចុងក្រោយទៅដល់ណា តើអាចប៉ាន់ស្មានបានទេនូវការខូចខាត ហើយការធ្វើបាតុកម្មដោយអង្គឯង ដោយគ្មានច្បាប់ទម្លាប់ ដោយអំពើហិង្សា តើនឹងនាំការបាត់បង់អ្វីខ្លះ? សូមប្រជាពលរដ្ឋវិនិច្ឆ័យរឿងហ្នឹងទៅចុះ»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេងថ្លែងប្រាប់អ្នកសារព័ត៌មានទៅនឹងគម្រោងធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតថា៖«ការតវ៉ាណាក៏ដោយ គឺត្រូវផ្អែកលើគោលការណ៍រក្សាសន្តិភាព និងគោលការណ៍ច្បាប់ មិនអាចថាធ្វើអ្វីដែលខុសបានទេ បើមិនដូច្នោះទេ នឹងប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋ»៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhontnews.com
2 comments:
ហ៊ុន សែន! មិនអាចបន្តកាន់អំណាចតាមការលួចបន្លំសន្លឹកឆ្នោតបានទេ នៅពេលអន្តរជាតិនិងរាស្ត្រខ្មែរឈរជាមួយគណបក្សសង្គ្រោះជាតិ
ពួកអស់លោកគួរឆ្អែតហើយ គួរដឹងខ្លួន អ្វីដែលគេ
ស្អប់ ត្រូវលះបង់ទៅ អស់លោកនឹងមានតម្លៃមាន
កេរ្ដិ៍ឈ្មោះល្អ តែបើអស់លោកចង់ទៅដេកនៅគុក
នាក្រុងឡាអេ ឬចង់ឲ្យគេព្យួរកដូចសាដាមហូសេន
ឬចងស្លាប់យ៉ាងវេទនាដូចហ្គាដាហ្វីក៏អញ្ជើញចុះ
បើអស់លោកមិនស្ដាយទ្រព្យធន ប្រពន្ធកូនទេនោះ
សូមអញ្ជើញតាមចិត្តអស់លោក។
Post a Comment