បុគ្គលិកគណៈកម្មាធិការជាតិ |
មាស សុខជា ភ្នំពេញប៉ុស្តិ៍ 29 August 2013
ភ្នំពេញៈ ជាជម្រើសចុងក្រោយគណបក្សសង្គ្រោះជាតិ បានកំណត់កាលបរិច្ឆេទធ្វើមហាបាតុកម្មអហិង្សាប្រឆាំងនឹងលទ្ធផល បោះឆ្នោត នៅថ្ងៃទី ៧ ខែកញ្ញាខាងមុខនេះ ដោយសារថា ការទទូចម្តងហើយម្តងទៀត ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយុត្តិធម៌ជូនអ្នកបោះឆ្នោត មិនត្រូវបានគណបក្សប្រជាជនអើពើឡើយ។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៨ ខែសីហា គណបក្សសង្គ្រោះជាតិនៅតែអះអាងថា ជម្រើសចុងក្រោយនៃការកំណត់កាលបរិច្ឆេទធ្វើមហាបាតុកម្ម នៅថ្ងៃទី៧ ខែកញ្ញាខាងមុខនេះ ល្គឹកណានៅតែគ្មានដំណោះស្រាយ ក្នុងការបង្កើតគណៈកម្មការពិសេស សម្រាប់ដោះស្រាយភាពមិនប្រក្រតីពាក់ព័ន្ធនឹងការបោះឆ្នោត។
បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នេះ គណបក្សសង្គ្រោះជាតិបានអះអាងថា៖«ការបង្កើតគណៈកម្មការពិសេសនេះ គណបក្សសង្គ្រោះជាតិ បានទទូចម្តងហើយម្តងទៀត ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ប៉ុន្តែ រហូតមកដល់ពេលនេះគណបក្សប្រជាជនកម្ពុជា ដែលមានឥទ្ធិពលលើ គ.ជ.ប និង ក្រុមប្រឹក្សាធម្មនុញ្ញពុំមានសុច្ឆន្ទៈពិតប្រាកដក្នុងការចូល រួមបង្កើតគណៈកម្មការពិសេសនេះឡើយ»។
ជាមួយនឹងការអំពាវនាវ នេះកាលពីម្សិលមិញដែរលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតមួយជូនលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាដើម្បីសុំឲ្យមានកិច្ចប្រជុំ បន្តរវាងក្រុមការងារគណបក្សទាំងពីរ។
ក្នុងលិខិតនោះលោក សម រង្ស៊ី បញ្ជាក់ថា យោងលទ្ធផលកិច្ចប្រជុំរបស់ក្រុមការងារគណបក្សទាំងពីរចំនួន២លើក កន្លងមក (ពីថ្ងៃទី៩ និងទី ២០ ខែសីហា) គឺមិនមានទទួលបានលទ្ធផលជាក់លាក់ណាមួយឡើយ។ ក្រុមការងារគណបក្សទាំងពីរ គ្រាន់តែ បានស្វែងយល់ពីគោលបំណង និងគោលគំនិតរបស់គណបក្សទាំងសងខាង រួចរាយការណ៍ជូនមេដឹកនាំរៀងៗខ្លួន ដើម្បីឈានទៅរកការឯកភាពគ្នា និងបន្តជួបពិភាក្សាជាក្រោយប៉ុណ្ណោះ។
ក្នុងការឲ្យមានកិច្ច ប្រជុំក្រុមការងារគណបក្សទាំងពីរបន្ទាន់ ដែលមិនទាន់កំណត់កាលបរិច្ឆេទនេះ លោក សម រង្ស៊ី ទទូចថា៖«សមាសភាពដែលចូលរួម គឺជាតំណាងគណបក្ស ដែលមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចពាក់ព័ន្ធនឹងការ បង្កើតគណៈកម្មការឯករាជ្យមួយដោះស្រាយភាពមិនប្រក្រតីនៃការ បោះឆ្នោត»។
គណបក្សសង្គ្រោះជាតិក៏បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍កាលពីម្សិលមិញដែរថា ជាថ្មីម្តងទៀត គណបក្សប្រឆាំងនេះ នៅតែស្នើសុំដោយទទូចឲ្យគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងតុចរចា បង្កើតគណៈកម្មការពិសេសនេះ សម្រាប់ធ្វើការដោះស្រាយដោយតម្លាភាពនិងយុត្តិធម៌ នូវភាពមិនប្រក្រតីក្នងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ នេះជូនម្ចាស់ឆ្នោត។បើមិនដូច្នេះជម្រើសចុងក្រោយគឺ មានតែការរៀបចំធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទី៧ កញ្ញាចៀសមិនផុត។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងថា សេចក្តីថ្លែងការណ៍ពីម្សិលមិញចង់ បញ្ជាក់នូវភាពចាំបាច់នៃការចូលរួមរបស់គណបក្សប្រជាជន កម្ពុជា ក្នុងការស៊ើបអង្កេតដោយសារថា ការស៊ើបអង្កេតមិនអាចសង្គមស៊ីវិលអនុវត្តតែម្នាក់ឯងបានឡើយ។
លោកថ្លែងថា៖ «យើងមិនអាចបង្កើតគណៈកម្មការដោយគ្មានគណបក្សប្រជាជនទេ ព្រោះគណបក្សទាំងពីរត្រូវអង្គុយ និងរកដំណោះស្រាយដោយសន្តិភាព។ យើងនឹងទទួលយកលទ្ធផលស៊ើបអង្កេតធ្វើឡើងដោយគណៈកម្មការពិសេស។ ការឈ្នះឬចាញ់មិនសំខាន់ទេ។ អ្វីដែលសំខាន់ គឺរកយុតិ្តធម៌ជូនប្រជាជន។
លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំលើកទី១ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានថ្លែងថា លោកជឿថា បាតុកម្មនឹងមានលក្ខណៈសន្តិភាពជាទូទៅ ប៉ុន្តែក៏អាចមានបញ្ហាតិចតួច។
លោកបន្តថា ៖ «បើយើងមើលការប្រមូលផ្តុំកន្លងមក ក្នុងយុទ្ធនាការឃោសនា វាពិតជាធំ ហើយមានលក្ខណៈទូទៅ ប៉ុន្តែ វាមានសនិ្តភាព»។ ទោះជាយ៉ាងណា យើងពិតជាមានក្តីកង្វល់ចំពោះបញ្ហាតិចតួចដែរ»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងកាលពីម្សិលមិញថា គណបក្សសង្គ្រោះជាតិអាចធ្វើមហាបាតុកម្ម តាមដែលខ្លួនចង់ធ្វើ ប៉ុន្តែការធ្វើបាតុកម្មត្រូវស្ថិតក្រោមក្របខ័ណ្ឌច្បាប់ ហើយមិនត្រូវឲ្យប៉ះពាល់ដល់ទ្រព្យសាធារណៈទេ បើមិនដូច្នោះមេដឹកនាំគណបក្សប្រឆាំងត្រូវប្រឈមនឹងច្បាប់។
លោក ខៀវ សុភ័គ បន្ថែមថា៖ «វាមិនអីទេ ដរាបណាបាតុកម្មធ្វើឡើងដូចលើកមុន។ កុំឈានដល់ការបះបោរ ច្បាប់មិនអនុញ្ញាតទេ។ ខ្ញុំគាំទ្រឯកឧត្តម សម រង្ស៊ី រៀបចំធ្វើបាតុកម្មអហិង្សា»។
ទន្ទឹមគ្នានេះ កាលពីម្សិលមិញ ក្រសួងមហាផ្ទៃបានចែកឌីវីឌីចំនួន២ ជាសុន្ទរកថារបស់លោក សម រង្ស៊ី និងលោក កឹម សុខា ដែលកាត់យកខ្លឹមសារជំរុញឲ្យប្រជាជនចូលរួមក្នុងការធ្វើ បាតុកម្ម ប្រសិនគ្មានដំណោះស្រាយលើភាពមិនប្រក្រតី។ ជាមួយនឹងឌីវីឌីនេះ យ៉ាងហោចស្ថានទូតមួយបញ្ជាក់ថា បានទទួលរួចហើយ ខណៈលោក អ៊ូ វីរៈ គិតថា ខ្លឹមសារក្នុងនោះពុំមានអ្វីគួរឲ្យចាប់អារម្មណ៍ក៏ដោយ។
លោក អ៊ូ វីរៈ បានបញ្ជាក់ថា៖ «សុន្ទករថាមួយរបស់លោក សម រង្ស៊ី មួយទៀតរបស់លោក កឹម សុខា ក្រសួងប្រមូលបានពីសុន្ទរកថាលោកទាំងពីរនៅតាមខេត្ត។ វាត្រូវទាញយកពីទំព័រហ្វេសប៊ុករបស់មេដឹកនាំបក្សទាំងពីរ អំពីការថ្លែងអះអាងថា ឈ្នះការបោះឆ្នោតហើយអំពាវនាវឲ្យធ្វើបាតុកម្មការពារជ័យជម្នះ។ខ្ញុំគិតថា វាជាការព្យាយាមបង្ហាញក្រសួង»។
ប្រកាស ព័ត៌មានកំណត់កាលបរិច្ឆេទជាក់លាក់ក្នុងការរៀបចំធ្វើមហាបាតុកម្មអហិង្សាប្រឆាំងនឹងលទ្ធផលបោះឆ្នោត គឺធ្វើនៅចំថ្ងៃ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកកញ្ចប់សុវត្ថិភាព ៨ ការិយាល័យ ក្នុងមណ្ឌលខេត្តបាត់ដំបងពីម្សិលមិញ ដែលមន្រ្តីគណបក្សសង្គ្រោះជាតិ អះអាងថា ការបើកកញ្ចប់ទាំងនេះមិនអាចចាត់ទុកថា យុតិ្តធម៌និងមានតម្លាភាពទេ ព្រោះ គ.ជ.ប មិនអនុញ្ញាតឲ្យមន្រ្តីគណបក្សសង្គ្រោះជាតិប្តឹងតវ៉ាដើម្បី ផ្ទៀងផ្ទាត់តួលេខ។
ក្នុងការបើកកញ្ចប់សុវត្ថិភាពទាំង៨នេះ គ.ជ.ប មិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិប្តឹងតវ៉ាឲ្យផ្ទៀងផ្ទាត់ទេ ដោយសំអាងថា ពេលនេះមិនមែនជាពេលប្តឹងតវ៉ាឡើយ វាជាពេលដែល គ.ជ.ប បំពេញកាតព្វកិច្ចរបស់ខ្លួន។
ការបើកកញ្ចប់នីមួយៗ គឺស្ថិតក្រោមការត្រួតពិនិត្យពីសមាជិកបីនាក់នៃក្រុមប្រឹក្សាធម្មនុញ្ញ គឺព្រះអង្គម្ចាស់ នរោត្តម សេរីវុឌ្ឍ លោក អ៊ុត ឈន និងលោក មិន ស៊ាន ការបើកកញ្ចប់នេះត្រូវបានអង្កេតដោយសមាជិកគណបក្សប្រជាជន និងពីបក្សសង្គ្រោះជាតិ។
ដោយមើលឃើញថា ការបើកកញ្ចប់នីមួយៗនេះពុំបានបង្ហាញតួលេខឲ្យធ្វើការផ្ទៀងផ្ទាត់ ហើយទម្រង់មួយចំនួនក្នុងកញ្ចប់ឃើញមានភាពខុសគ្នា ដែលលោក គួយ ប៊ុនរឿន សមាជិកគណបក្សសង្គ្រោះជាតិទទួលបន្ទុកកិច្ចការបោះឆ្នោត ស្នើគ.ជ.បឲ្យបង្ហាញតួលេខដើម្បីធ្វើការផ្ទៀងផ្ទាត់ ប៉ុន្តែ មន្រ្តី គ.ជ.ប បដិសេធ។
លោក ហ៊ី រ៉ុង ប្រធានប្រតិបតិ្តការ គ.ជ.ប ប្រាប់លោក គួយ ប៊ុនរឿនថា៖«ឯកឧត្តមអាចប្តឹងតវ៉ាក្រោយបាន។ ខ្ញុំគ្រាន់តែធ្វើតាមក្រុមប្រឹក្សាធម្មនុញ្ញប៉ុណ្ណោះ»។
លោក គួយ ប៊ុនរឿន ប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីបើកកញ្ចប់នោះថា គណបក្សលោកស្នើក្រុមប្រឹក្សាធម្មនុញ្ញបើកកញ្ចប់សុវត្ថិភាពចំនួន ២៣៣ នៅខេត្ត-ក្រុងចំនួន១៥ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងរាប់សន្លឹកឆ្នោត ប៉ុន្តែ ក្រុមប្រឹក្សាធម្មនុញ្ញយកកញ្ចប់តែ៨ មកបើក ដូចនេះ បក្សសង្គ្រោះជាតិមិនអាចទទួលយកបានទេ ព្រោះកញ្ចប់តែ ៨ វានៅតែមានភាពមិនប្រក្រតីច្រើន។
លោកបន្ថែមថា ចំពោះការបើកកញ្ចប់នេះ មិនមានន័យថា ការរៀបចំបោះឆ្នោតនៅកម្ពុជាគឺសេរី ត្រឹមត្រូវ និងយុតិ្តធម៌ឡើយ ដែលនោះជាហេតុផលដែលគណបក្សសង្គ្រោះជាតិនៅតែទទូចឲ្យមាន គណៈកម្មការពិសេសធ្វើការស៊ើបអង្កេត ព្រោះភាពមិនប្រក្រតីមិនមែនមាននៅតែខេត្តក្រចេះនិងបាត់ដំបងទេ វាមានបញ្ហាច្រើន កើតឡើងទូទាំងប្រទេស។
លោក គួយ ប៊ុនរឿន បន្ថែមថា ការអនុញ្ញាតឲ្យ គ.ជ.ប ផ្ទៀងផ្ទាត់បែបនេះតាមទម្រង់ ១១០២ ហើយ១១០៨ មានតួលេខគណបក្សនយោបាយ សន្លឹកឆ្នោតប្រើនៅមណ្ឌលបោះឆ្នោត តួលេខសន្លឹកឆ្នោតក្នុងហឹប តួលេខសន្លឹកឆ្នោតមិនបានការ និងបានការរបស់គណបក្សនីមួយៗ និងតួលេខសរុប។
លោកថ្លែងថា៖ «ប៉ុន្តែ ប្រសិនបើគ.ជ.ប មិនអនុញ្ញាតបែបនេះទេ ខ្ញុំយល់ថាមានអីសំខាន់ ព្រោះតួលេខដែលខ្ញុំបានសរុបជាមួយនិងតួលេខក្នុងទម្រង់១១០២ ដែល គ.ជ.ប បង្ហាញ គឺខុសគ្នា ទាំងតួលេខនិងសន្លឹកឆ្នោតមិនបានការ។ នោះគឺជាមូលហេតុដែលខ្ញុំស្នើ គ.ជ.ប ឲ្យបង្ហាញតួលេខដើម្បីអាចផ្សព្វផ្សាយដល់មតិជាតិអន្តរជាតិ ហើយខ្ញុំនឹង បង្ហាញឯកសារដែលខុសគ្នា»។
សូមបញ្ជាក់ថា នៅក្នុងកញ្ចប់សុវត្ថិភាពទាំង ៨ មានកញ្ចប់សុវត្ថិភាព៦ យកមកពីការិយាល័យបោះឆ្នោតដែលគណបក្សសង្គ្រោះជាតិបានឈ្នះ ប៉ុន្តែ ពីរទៀតយកមកពីការិយាល័យបោះឆ្នោត ០២១៦ និង ១១២២ ក្នុងសង្កាត់ព្រែកព្រះស្តេចនិងសង្កាត់រតនៈ ដែលសំឡេងឆ្នោតគណបក្សមិនបានកត់ចូលក្នុងរបាយការណ៍រាប់សន្លឹក ឆ្នោតទេ។
លោក អ៊ុត ឈន អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងប្រាប់អ្នកយកព័ត៌មានថា ខ្លួននឹងព្យាយាមរៀបចំបើកកញ្ចប់សុវត្ថិភាព ក នៅខេត្តដទៃទៀតហើយសន្យាថា វានឹងបញ្ចប់មុនពេលប្រកាសលទ្ធផលបោះឆ្នោតចុងក្រោយ។
យោង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ លេខ ៣០/២០១៣ កបធ.សសរ ចុះថ្ងៃទី២៨ ខែសីហា បានសម្រេច អនុញ្ញាតឲ្យ គ.ជ.ប បើកកញ្ចប់សុវត្ថិភាព ក នៅ ១២ ការិយាល័យនៅក្នុងមណ្ឌលខេត្ត-ក្រុងសៀមរាប នៅម៉ោង ៨ព្រឹក ថ្ងៃទី៣០ កញ្ញា ខាងមុខបន្តទៀត នៅទីស្តីការ គ.ជ.ប។
លោក អ៊ុត ឈន បានថ្លែងដែរថា៖ «ក្រុមប្រឹក្សាធម្មនុញ្ញអនុវត្តតាមច្បាប់។ យើងព្យាយាមធ្វើការនេះ ដើម្បីឲ្យមានតម្លាភាពនិងសប្បាយចិត្តទាំងអស់គ្នា ព្រោះយើងជាអ្នកអនុវត្តច្បាប់។ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងយកការងារនេះទៅធ្វើការសម្រេច»។
ចំពោះភាពខុសគ្នានៃ ទម្រង់ និងតួលេខវិញ លោក អ៊ុត ឈន បានអះអាងថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងយកភាពមិនប្រក្រតីទាំងនេះទៅ សម្រេច ក្នុងសវនាការមុនពេលប្រកាសលទ្ធផលផ្លូវការ។
ទាក់ទង នឹងភាពមិនប្រក្រតីនេះដែរ លោក ហ៊ឺ រ៉ុង ប្រធាននាយកដ្ឋានប្រតិបត្តិការគ.ជ.ប បានអះអាងថា ភាពមិនប្រក្រតីនេះគឺមកពីការធ្វេសប្រហែសរបស់មន្រ្តីនៅការិយាល័យ ។
លោក ហ៊ី រ៉ុង បន្ថែមថា៖ «ការមិនកត់ត្រាសំឡេងឆ្នោតនេះវាអាចជាកំហុសរបស់មន្រ្តីនៅការិយាល័យ ប៉ុន្តែ ខ្ញុំសូមជម្រាបថា មន្រ្តីនៅការិយាល័យរបស់យើងដែលមានចំនួនលើសពី១០១ ពាន់នាក់ ហើយដែលការសរសេរ តួលេខនោះ គឺមិនល្អឥតខ្ចោះទេ ប៉ុន្តែ យើងមានទម្រង់១១០៨ ដែលអាចយកជាគោលការណ៍ ដូច្នេះ វាគ្មានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ទេ»។
លោក ស៊ិក ប៊ុនហុក តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ដែលចូលរួមសង្កេតការណ៍លើការបើកកញ្ចប់សុវតិ្ថភាព កាលពីម្សិលមិញបានថ្លែងថា អ្នករាល់គ្នាមិនអាចនិយាយថា ការបើកកញ្ចប់ វាបង្ហាញអំពីភាពមិនប្រក្រតី ដែលប៉ះពាល់ដល់លទ្ធផលបោះឆ្នោតឡើយ ដរាបណាក្រុមប្រឹក្សាធម្មនុញ្ញមិនទាន់បានបើកសវនាការ។ លោកអះអាងថា វាអាស្រ័យទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ព្រោះស្ថាប័ននេះសម្រេចទៅតាមច្បាប់បោះឆ្នោត៕ TK
3 comments:
Who is in that heavy and blue bag?
Tep Anatha and Im Sidey.
CC and NED stop lying to Khmer people. CPP stops making the assumption about the irregularities won't affect the results of the election. If you all are human and practice a religion, stop making false statements. Be ashamed of yourselves when you lie, cheat, or make false accusations because only animal have no shame.
ពួកអាCPPសុទ្ធតែជាពួកទុច្ចរិត បោកប្រាស់ទំាងអស់។ពេលវានិយាយដូចជាវាហ្នឹង
ត្រឹមត្រូវណាស់ អីឡើងលើកយកច្បាប់មកនិយាយ។
ច្បាប់អីវា ច្បាប់នៅលើបបូរមាត់វា ដូចជាវាលើក
ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត។ហើយចុះ
ហ់យចុះវាមានដែលគោរពច្បាប់រដ្ឋធម្មនុញ្ញ
បានដល់កំរិតណា?វាដែលបានការពារ
បូរណភាពទឹកដី ការពារឯករាជ្យជាតិទេ?
វាជាចោរលួចសន្លឹកឆ្នោត ម្ដេចច្បាប់បោះឆ្នោតចាប់វាផ្ដន្ទាទោសទៅ?
Post a Comment