Thursday, August 29, 2013

បក្ស​ប្រឆាំង​កំណត់​យក​ថ្ងៃ​៧​កញ្ញា​ធ្វើ​មហា​បាតុកម្ម



បុគ្គលិក​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ​អូស​កញ្ចប់​ឯក​សារ​បោះ​ឆ្នោត នៅខេត្ត​បាត់​ដំបង យក​​ទៅ​​ឲ្យ​មន្ត្រី​ជំនាញ​ពាក់​​ព័ន្ធ​បើក​​ត្រួត​ពិនិត្យ​។ រូប​ថត ហេង ជីវ័ន


មាស សុខជា ភ្នំពេញប៉ុស្តិ៍  29 August 2013


ភ្នំពេញៈ ជា​ជម្រើស​ចុង​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​កាល​បរិច្ឆេទ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​នឹង​លទ្ធផល បោះឆ្នោត នៅ​ថ្ងៃ​ទី ៧ ខែ​កញ្ញា​ខាង​មុខ​នេះ ដោយ​សារ​ថា  ​ការ​ទទូច​ម្តង​ហើយ​ម្តង​ទៀត ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិ​វិធី​ និង​យុត្តិធម៌​ជូន​អ្នក​បោះឆ្នោត មិន​ត្រូវ​បាន​គណបក្ស​ប្រជាជន​អើពើ​ឡើយ។


ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​២៨ ខែ​សីហា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​អះអាង​ថា ជម្រើស​ចុង​ក្រោយ​នៃ​ការ​កំណត់​កាល​បរិច្ឆេទ​ធ្វើ​មហា​បាតុកម្ម នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា​ខាង​មុខ​នេះ ​ល្គឹក​ណា​នៅ​តែ​គ្មាន​ដំណោះស្រាយ ក្នុង​ការ​បង្កើត​គណៈកម្មការ​ពិសេស សម្រាប់​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត។

បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា៖«ការ​បង្កើត​គណៈកម្មការ​ពិសេស​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទូច​ម្តង​ហើយ​ម្តង​ទៀត ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិ​វិធី ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ឥទ្ធិពល​លើ គ.ជ.ប និង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ពុំ​មាន​សុច្ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ចូល រួម​បង្កើត​គណៈកម្មការ​ពិសេស​នេះ​ឡើយ»។


ជាមួយ​នឹង​ការ​អំពាវនាវ នេះ​កាល​ពី​ម្សិលមិញ​ដែរ​លោក សម​ រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​មួយ​ជូន​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​សុំ​ឲ្យ​មាន​កិច្ច​ប្រជុំ​ បន្ត​រវាង​ក្រុម​ការងារ​​គណបក្ស​ទាំង​ពីរ​។


ក្នុង​លិខិត​នោះលោក សម រង្ស៊ី  បញ្ជាក់​ថា យោង​លទ្ធផល​កិច្ច​ប្រជុំ​របស់​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ចំនួន​២​លើក​ កន្លង​មក ​(ពី​ថ្ងៃ​ទី៩ និង​ទី ២០ ខែ​សីហា) គឺ​មិន​មាន​ទទួល​បាន​លទ្ធផល​ជាក់​លាក់​ណា​មួយ​ឡើយ​។ ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ គ្រាន់​តែ បាន​ស្វែង​យល់​ពី​គោល​បំណង​ និង​គោល​គំនិត​របស់​គណបក្ស​ទាំង​សងខាង ​រួច​រាយការណ៍​ជូន​មេ​ដឹក​នាំ​រៀងៗ​ខ្លួន ដើម្បី​ឈាន​ទៅ​រក​ការឯក​ភាព​គ្នា និង​បន្ត​ជួប​ពិភាក្សា​​ជា​ក្រោយ​ប៉ុណ្ណោះ​។


ក្នុង​ការ​ឲ្យ​មាន​កិច្ច​ ប្រជុំ​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​បន្ទាន់​ ដែល​មិន​ទាន់​​កំណត់​កាល​បរិច្ឆេទ​នេះ​ លោក ​សម ​រង្ស៊ី ទទូច​ថា៖​«សមាសភាព​ដែល​ចូល​រួម ​គឺជា​តំណាង​គណបក្ស ដែល​មាន​សិទ្ធិ​ក្នុង​ការ​​ធ្វើ​សេចក្តី​សម្រេច​ពាក់ព័ន្ធ​នឹង​ការ​ បង្កើត​គណៈ​កម្មការ​ឯករាជ្យ​មួយ​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​ បោះឆ្នោត​»។​

គណបក្ស​សង្គ្រោះជាតិ​ក៏​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ម្សិលមិញ​ដែរ​ថា ជាថ្មី​ម្តង​ទៀត​ គណបក្ស​ប្រឆាំង​នេះ នៅ​តែ​ស្នើ​សុំ​ដោយ​ទទូច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ចូល​រួម​ក្នុង​តុ​ចរចា បង្កើ​ត​គណៈ​កម្មការ​ពិសេស​នេះ សម្រាប់​ធ្វើ​ការ​ដោះ​ស្រាយ​ដោយ​តម្លា​ភាព​និង​យុត្តិធម៌ នូវ​ភាព​មិន​ប្រក្រតី​ក្នង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី៥​ នេះ​ជូន​ម្ចាស់​ឆ្នោត​។​បើ​មិន​ដូច្នេះ​ជម្រើស​ចុង​ក្រោយ​គឺ ​មាន​តែ​ការ​រៀប​ចំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នៅ​ថ្ងៃ​ទី៧ កញ្ញា​ចៀស​មិន​ផុត។


លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា សេចក្តី​ថ្លែង​ការណ៍​ពី​ម្សិលមិញ​ចង់ បញ្ជាក់​នូវ​ភាព​ចាំបាច់​នៃ​ការ​ចូល​រួម​របស់​គណបក្ស​ប្រជាជន កម្ពុជា ក្នុង​ការ​ស៊ើប​អង្កេត​ដោយ​សារ​ថា ការ​ស៊ើប​អង្កេត​មិន​អាច​សង្គម​ស៊ីវិល​អនុវត្ត​តែ​ម្នាក់​ឯង​បាន​ឡើយ​។

លោក​ថ្លែង​ថា៖ «យើង​មិន​អាច​បង្កើត​គណៈកម្មការ​ដោយ​គ្មាន​គណបក្ស​ប្រជាជន​ទេ ព្រោះ​គណបក្ស​ទាំង​ពីរ​ត្រូវ​អង្គុយ និង​រក​ដំណោះស្រាយ​ដោយ​សន្តិភាព។ យើង​នឹង​ទទួល​យក​លទ្ធផល​ស៊ើប​អង្កេត​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​ពិសេស​។ ការ​ឈ្នះ​ឬ​ចាញ់​មិន​សំខាន់​ទេ។ អ្វី​ដែល​សំខាន់​ គឺ​រក​យុតិ្តធម៌​ជូន​ប្រជាជន។




លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹក​នាំ​ប្រតិភូ​ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី១ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា លោក​ជឿ​ថា បាតុកម្ម​នឹង​មាន​លក្ខណៈ​សន្តិភាព​ជា​ទូទៅ ប៉ុន្តែ​ក៏​អាច​មាន​បញ្ហា​តិច​តួច។

លោក​បន្ត​ថា ៖ «​បើ​យើង​មើល​ការ​ប្រមូល​ផ្តុំ​កន្លង​មក ​ក្នុង​យុទ្ធនាការ​ឃោសនា វា​ពិត​ជា​ធំ ​ហើយ​មាន​លក្ខណៈ​ទូទៅ ប៉ុន្តែ វា​មាន​សនិ្តភាព»។ ទោះ​ជា​យ៉ាង​ណា យើង​ពិត​ជា​មាន​ក្តី​កង្វល់​ចំពោះ​បញ្ហា​តិច​តួច​ដែរ​»។

លោក ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​ធ្វើ​មហា​បាតុកម្ម​ តាម​ដែល​ខ្លួន​ចង់​ធ្វើ ប៉ុន្តែការ​ធ្វើ​បាតុកម្ម​ត្រូវ​ស្ថិត​ក្រោម​ក្រប​ខ័ណ្ឌ​ច្បាប់ ហើយ​មិន​ត្រូវ​ឲ្យ​ប៉ះពាល់​ដល់​ទ្រព្យ​សាធារណៈ​ទេ បើ​មិន​ដូច្នោះ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ត្រូវ​ប្រឈម​នឹង​ច្បាប់​។


លោក ខៀវ សុភ័គ បន្ថែម​ថា៖ «​វា​មិន​អី​ទេ ដរាប​ណា​បាតុកម្ម​ធ្វើ​ឡើង​ដូច​លើក​មុន។ កុំ​​ឈាន​ដល់​ការ​បះបោរ ​ច្បាប់​មិន​អនុញ្ញាត​ទេ។ ខ្ញុំ​គាំទ្រ​ឯក​ឧត្តម​ សម រង្ស៊ី ​រៀប​ចំ​ធ្វើ​បាតុកម្ម​អហិង្សា»។

ទន្ទឹម​គ្នា​នេះ កាល​ពី​ម្សិលមិញ ក្រសួង​មហា​ផ្ទៃ​បាន​ចែក​ឌីវីឌី​ចំនួន​២ ជា​សុន្ទរកថា​របស់​លោក​ សម រង្ស៊ី និង​លោក កឹម សុខា ដែល​កាត់​យក​ខ្លឹម​សារ​ជំរុញ​ឲ្យ​ប្រជាជន​ចូល​រួម​ក្នុង​ការ​ធ្វើ​ បាតុកម្ម ប្រសិន​គ្មាន​ដំណោះស្រាយ​លើ​ភាព​មិន​ប្រក្រតី​។ ជាមួយ​នឹង​ឌីវីឌី​នេះ យ៉ាង​ហោច​ស្ថាន​ទូត​មួយ​បញ្ជាក់​ថា​ បាន​ទទួល​រួច​ហើយ ​ខណៈ​លោក អ៊ូ វីរៈ គិត​ថា ​ខ្លឹម​សារ​ក្នុង​នោះ​ពុំ​មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក៏​ដោយ។ ​


លោក អ៊ូ វីរៈ បាន​បញ្ជាក់​ថា៖ «សុន្ទករថា​មួយ​របស់​លោក សម រង្ស៊ី មួយ​ទៀត​របស់​លោក កឹម​ សុខា ក្រសួង​ប្រមូល​បាន​ពី​សុន្ទរកថា​លោក​ទាំង​ពីរ​នៅ​តាម​ខេត្ត​។ វា​ត្រូវ​ទាញ​យក​ពី​ទំព័រ​ហ្វេសប៊ុក​របស់​មេ​ដឹកនាំ​បក្ស​ទាំង​ពីរ​ អំពី​ការ​ថ្លែង​អះអាង​ថា ​ឈ្នះ​ការ​បោះឆ្នោត​ហើយ​អំពាវ​នាវ​ឲ្យ​ធ្វើ​បាតុកម្ម​ការ​ពារ​ជ័យជម្នះ​។​ខ្ញុំ​គិត​ថា វា​ជា​ការ​ព្យាយាម​បង្ហាញ​ក្រសួង»។


ប្រកាស ព័ត៌​មាន​កំណត់​កាល​បរិច្ឆេទ​ជាក់​លាក់​ក្នុង​ការ​រៀប​ចំ​ធ្វើ​មហាបាតុកម្ម​អហិង្សា​ប្រឆាំង​នឹង​លទ្ធផល​​បោះ​ឆ្នោត គឺ​ធ្វើ​នៅ​ចំ​ថ្ងៃ ដែល​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បើក​កញ្ចប់​សុវត្ថិភាព ៨ ការិយាល័យ ក្នុង​មណ្ឌល​ខេត្ត​បាត់ដំបង​ពី​ម្សិលមិញ ដែល​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ការ​បើក​​កញ្ចប់​ទាំង​នេះ​មិន​អាច​ចាត់​ទុក​ថា យុតិ្តធម៌​និង​មាន​តម្លាភាព​ទេ ព្រោះ​ គ.ជ.ប មិន​អនុញ្ញាត​ឲ្យ​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ប្តឹង​តវ៉ា​ដើម្បី ផ្ទៀងផ្ទាត់​តួលេខ។

ក្នុង​ការ​បើក​កញ្ចប់​សុវត្ថិភាព​ទាំង​៨​នេះ គ.ជ.ប មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្តឹង​តវ៉ា​ឲ្យ​ផ្ទៀង​ផ្ទាត់​ទេ ដោយ​សំអាង​ថា ពេល​នេះ​មិន​មែន​ជា​ពេល​ប្តឹង​តវ៉ា​ឡើយ វា​ជា​ពេល​ដែល គ.ជ.ប បំពេញ​កាតព្វកិច្ច​របស់​ខ្លួន។


ការ​បើក​កញ្ចប់​នីមួយ​ៗ គឺស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​សមាជិក​បីនាក់​​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គឺ​ព្រះ​អង្គ​ម្ចាស់ នរោត្តម សេរីវុឌ្ឍ លោក អ៊ុត ឈន និង​លោក មិន ស៊ាន ការ​បើក​កញ្ចប់​នេះ​ត្រូវ​បាន​អង្កេត​ដោយ​សមាជិក​​គណបក្ស​ប្រជាជន និង​ពី​បក្ស​សង្គ្រោះ​ជាតិ​។

ដោយ​មើល​ឃើញ​ថា ការ​បើក​កញ្ចប់​នីមួយៗ​នេះ​ពុំ​បាន​បង្ហាញ​តួលេខ​ឲ្យ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់ ហើយ​ទម្រង់​មួយ​ចំនួន​ក្នុង​កញ្ចប់​ឃើញ​មាន​ភាព​ខុស​គ្នា ដែល​លោក គួយ ប៊ុនរឿន ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​បោះ​ឆ្នោត ​ស្នើ​គ.ជ.ប​ឲ្យ​បង្ហាញ​តួលេខ​ដើម្បី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់ ប៉ុន្តែ មន្រ្តី​ គ.ជ.ប បដិសេធ។

លោក ហ៊ី រ៉ុង ​ប្រធាន​ប្រតិបតិ្តការ គ.ជ.ប ​ប្រាប់​លោក គួយ ប៊ុន​រឿន​ថា៖«ឯក​ឧត្តម​អាច​ប្តឹង​តវ៉ា​ក្រោយ​បាន។ ខ្ញុំ​គ្រាន់​តែ​ធ្វើ​តាម​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប៉ុណ្ណោះ​»។


លោក គួយ ប៊ុនរឿន ​ប្រាប់​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​បើក​កញ្ចប់​នោះ​ថា គណបក្ស​លោក​ស្នើ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បើក​កញ្ចប់​សុវត្ថិភាព​ចំនួន ២៣៣ នៅ​ខេត្ត-ក្រុង​ចំនួន​១៥ ដើម្បី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់ និង​រាប់​សន្លឹក​ឆ្នោត ប៉ុន្តែ ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​យក​កញ្ចប់​តែ​៨ មក​បើក ដូច​នេះ បក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទទួល​យក​បាន​ទេ ​ព្រោះ​កញ្ចប់​តែ ៨ វា​នៅ​តែ​មាន​ភាព​មិន​ប្រក្រតី​ច្រើន។

លោក​បន្ថែម​ថា ចំពោះ​ការ​បើក​កញ្ចប់​នេះ មិន​មាន​ន័យ​ថា ការ​រៀប​ចំ​បោះឆ្នោត​នៅ​កម្ពុជាគឺ​សេរី ត្រឹម​ត្រូវ និង​យុតិ្ត​ធម៌ឡើយ ដែល​នោះ​ជា​ហេតុ​ផល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ទទូច​ឲ្យ​មាន​ គណៈកម្មការ​ពិសេសធ្វើ​ការ​​​ស៊ើប​​អង្កេត ព្រោះ​ភាព​មិន​ប្រក្រតី​មិន​មែន​​មាននៅ​តែ​ខេត្ត​ក្រចេះនិង​បាត់​ដំបង​ទេ វាមាន​បញ្ហា​​ច្រើន​ កើត​ឡើង​ទូទាំង​ប្រទេស។

លោក គួយ ប៊ុនរឿន បន្ថែម​ថា ​ការ​អនុញ្ញាត​ឲ្យ​ គ.ជ.ប ​ផ្ទៀង​ផ្ទាត់​បែប​នេះ​តាម​ទម្រង់ ១១០២ ហើយ​១១០៨​ មាន​តួ​លេខ​គណបក្ស​នយោបាយ ​សន្លឹក​ឆ្នោត​ប្រើ​នៅ​មណ្ឌល​បោះ​ឆ្នោត ​តួលេខ​សន្លឹក​ឆ្នោត​ក្នុង​ហឹប​ តួលេខ​សន្លឹក​ឆ្នោត​មិន​បាន​ការ និង​បាន​ការ​របស់​គណបក្ស​នីមួយៗ និង​តួលេខ​សរុប។

លោក​ថ្លែង​ថា៖ «​ប៉ុន្តែ ប្រសិន​បើ​គ.ជ.ប ​មិន​អនុញ្ញាត​បែប​នេះ​ទេ ខ្ញុំ​យល់​ថា​មាន​អី​សំខាន់ ព្រោះ​តួ​លេខ​ដែល​ខ្ញុំ​បាន​សរុប​ជាមួយ​និង​តួលេខ​ក្នុង​ទម្រង់​១១០២ ​ដែល​ គ.ជ.ប បង្ហាញ​ គឺ​ខុស​គ្នា​ ទាំង​តួលេខ​និង​សន្លឹក​ឆ្នោត​មិន​បាន​ការ​។ នោះ​គឺ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​ស្នើ​ គ.ជ.ប ឲ្យ​បង្ហាញ​តួ​លេខ​ដើម្បី​អាច​ផ្សព្វផ្សាយ​ដល់​មតិ​ជាតិ​អន្តរជាតិ ហើយ​ខ្ញុំ​នឹង  បង្ហាញ​ឯក​សារ​ដែល​ខុស​គ្នា»។


សូម​បញ្ជាក់​ថា នៅ​ក្នុង​កញ្ចប់​សុវត្ថិភាព​ទាំង​ ៨ មាន​កញ្ចប់​សុវត្ថិភាព​៦ យក​មក​ពី​ការិយាល័យ​បោះឆ្នោត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈ្នះ​ ប៉ុន្តែ​ ពីរ​ទៀត​យក​មក​ពី​ការិយាល័យ​បោះឆ្នោត ០២១៦ និង ១១២២ ក្នុង​សង្កាត់​ព្រែក​ព្រះ​ស្តេច​និង​សង្កាត់​​រតនៈ ​ដែល​សំឡេង​ឆ្នោត​គណបក្ស​មិន​បាន​កត់​ចូល​ក្នុង​របាយការណ៍​រាប់​សន្លឹក ឆ្នោតទេ។

លោក អ៊ុត ឈន អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ខ្លួន​នឹង​ព្យាយាម​រៀបចំ​បើក​កញ្ចប់​សុវត្ថិភាព​ ក នៅ​ខេត្ត​ដទៃ​ទៀត​ហើយ​សន្យា​ថា វា​នឹង​បញ្ចប់​មុន​ពេល​ប្រកាស​លទ្ធផល​បោះឆ្នោត​ចុង​ក្រោយ។

យោង សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ លេខ ៣០/២០១៣ កបធ.​សសរ​ ចុះ​ថ្ងៃ​ទី​២៨ ខែ​សីហា ​បាន​សម្រេច អនុញ្ញាត​ឲ្យ គ.ជ.ប បើក​កញ្ចប់​សុវត្ថិភាព ក​ នៅ ១២ ការិយាល័យ​នៅ​ក្នុង​មណ្ឌល​ខេត្ត-ក្រុង​សៀមរាប  នៅ​ម៉ោង ៨​ព្រឹក​ ថ្ងៃទី​៣០ កញ្ញា ខាង​មុខ​បន្ត​ទៀត ​នៅ​ទីស្តីការ គ.ជ.ប។


លោក អ៊ុត ឈន បាន​ថ្លែង​ដែរ​ថា៖ «ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អនុវត្ត​តាម​ច្បាប់​។ យើង​ព្យាយាម​ធ្វើ​ការ​នេះ ដើម្បី​ឲ្យ​មាន​តម្លាភាព​និង​សប្បាយ​ចិត្ត​ទាំង​អស់​គ្នា ព្រោះ​យើង​ជា​អ្នក​អនុវត្ត​ច្បាប់​។ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ នឹង​យក​ការងារ​នេះ​ទៅ​ធ្វើ​ការ​សម្រេច​»។

ចំពោះ​ភាព​ខុស​គ្នា​នៃ​ ទម្រង់ និង​តួ​លេខ​វិញ លោក អ៊ុត ឈន បាន​អះអាង​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​យក​ភាព​មិន​ប្រក្រតី​ទាំង​នេះ​ទៅ សម្រេច ក្នុង​សវនាការ​មុន​ពេល​ប្រកាស​លទ្ធផល​ផ្លូវ​ការ។

ទាក់ទង នឹង​ភាព​មិន​ប្រក្រតី​នេះ​ដែរ​ លោក ហ៊ឺ រ៉ុង ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​គ.ជ.ប បាន​អះអាង​ថា ភាព​មិន​ប្រក្រតី​នេះ​គឺ​មក​ពី​ការ​ធ្វេស​ប្រហែស​របស់​មន្រ្តី​នៅ​ការិយាល័យ ។

លោក ហ៊ី រ៉ុង ​បន្ថែម​ថា៖ «​ការ​មិន​កត់ត្រា​សំឡេង​ឆ្នោត​នេះ​វា​អាច​ជា​កំហុស​របស់​មន្រ្តី​នៅ​ការិយាល័យ ប៉ុន្តែ ខ្ញុំ​សូម​ជម្រាប​ថា មន្រ្តី​នៅ​ការិយាល័យ​របស់​យើង​ដែល​មាន​ចំនួន​លើស​ពី១០១ ពាន់​នាក់ ហើយ​ដែល​ការ​សរ​សេរ តួ​លេខ​នោះ គឺ​មិន​ល្អ​ឥតខ្ចោះ​ទេ ប៉ុន្តែ​ យើង​មាន​ទម្រង់​១១០៨ ​ដែល​អាច​យក​ជា​គោលការណ៍ ដូច្នេះ ​វា​គ្មាន​បញ្ហា​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ទេ​»។

លោក ស៊ិក ប៊ុនហុក ​តំណាង​រាស្រ្ត​គណបក្ស​ប្រជា​ជន​កម្ពុជា ដែល​ចូល​រួម​សង្កេតការណ៍​លើ​ការ​បើក​កញ្ចប់​សុវតិ្ថភាព​ កាល​ពី​​ម្សិល​មិញបាន​ថ្លែង​ថា អ្នក​រាល់​គ្នា​មិន​អាច​និយាយ​ថា ការ​បើក​កញ្ចប់​​ វា​បង្ហាញ​អំពីភាព​មិន​ប្រក្រតី ដែល​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​ឡើយ ដរាប​ណា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​ទាន់​បាន​បើក​សវនា​ការ។ លោក​អះអាង​ថា វា​អាស្រ័យ​ទៅ​លើ​​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ព្រោះ​ស្ថាប័ន​នេះ​សម្រេច​ទៅ​តាម​ច្បាប់​បោះ​ឆ្នោត​៕ TK

3 comments:

Anonymous said...

Who is in that heavy and blue bag?
Tep Anatha and Im Sidey.

Anonymous said...

CC and NED stop lying to Khmer people. CPP stops making the assumption about the irregularities won't affect the results of the election. If you all are human and practice a religion, stop making false statements. Be ashamed of yourselves when you lie, cheat, or make false accusations because only animal have no shame.

Anonymous said...

ពួកអាCPPសុទ្ធតែជាពួកទុច្ចរិត បោកប្រាស់ទំាងអស់។ពេលវានិយាយដូចជាវាហ្នឹង
ត្រឹមត្រូវណាស់ អីឡើងលើកយកច្បាប់មកនិយាយ។
ច្បាប់អីវា ច្បាប់នៅលើបបូរមាត់វា ដូចជាវាលើក
ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត។ហើយចុះ
ហ់យចុះវាមានដែលគោរពច្បាប់រដ្ឋធម្មនុញ្ញ
បានដល់កំរិតណា?វាដែលបានការពារ
បូរណភាពទឹកដី ការពារឯករាជ្យជាតិទេ?
វាជាចោរលួចសន្លឹកឆ្នោត ម្ដេចច្បាប់បោះឆ្នោតចាប់វាផ្ដន្ទាទោសទៅ?