Tuesday, August 06, 2013

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​គួរ​លើក​ទឹក​ចិត្ត​យុវជន​ឲ្យ​ចូល​រួម​នយោបាយ






តុង សុប្រាជ្ញ ភ្នំពេញ ប៉ុស្តិ៍ MONDAY, 05 AUGUST 2013


មក​ដល់​ចាស់​សក់​ស្កូវ ក្បាល​ទំពែក​ម្នាក់ៗ​ហើយ គឺ​សុទ្ធ​តែ​ឆ្លង​កាត់​វ័យ​ជា​យុវជន​ទាំងអស់ តែ​មនុស្ស​ចាស់​ខ្លះ ច្រើន​តែ​ភ្លេច​ខ្លួន​ឯង​កាល​ពី​នៅ​ជា​យុវជន មិន​បាន​ធ្វើ​អ្វី​ជួយ​សង្គម​នោះ​ទេ។ ដូច​មាន​មនុស្ស​ចាស់​ជា​អ្នក​អត្ថាធិប្បាយ និង​មហាជន​ចាស់ៗ​ខ្លះ បែរ​ទៅ​ជា​ចំអក បន្តុះ​បង្អាប់​ទៅ​យុវជន​តាម​កញ្ចក់​ទូរទស្សន៍ ក្នុង​ស្រុក​សឹង​តែ​គ្រប់​ប៉ុស្តិ៍​ទៅ​វិញ នៅ​ពេល​ដែល​យុវជន យុវនារី​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ហែ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ថ្មីៗ​នេះ ថា ជា​ក្មេង​ទំនើង និង​អ្នក​ញៀន​ថ្នាំ​ញៀន​ទៅ​វិញ ដើម្បី​ផ្គាប់​ផ្គុន​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន។

សំណួរ​សួរ​ថា បើ​ចោទ​ប្រកាន់​យុវជន​ទាំង​នោះ​ថា ជា​ក្មេង​ទំនើង ឬ​ក៏​ញៀន​ថ្នាំ​នោះ តើមានបានគឹតនិងសួរខ្លួនឯងទេថា តើ​យុវជន​ទាំង​អស់នេះកើត និង​រស់​នៅ​សម័យ​ដឹក​នាំ​ដោយ​អ្នក​ណា​? បក្ស​សង្គ្រោះ​ជាតិ ឬ​បក្ស​ប្រជាជន​?


ការ​ផ្សព្វ​ផ្សាយ​បែប​លម្អៀង ជ្រុល​ហួស​ហេតុ ទៅ​គណបក្ស​កាន់​អំណាច​នេះ ដោយ​លាប​ពណ៌​ឲ្យ​គ្នា​ជា​យុវជន យុវនារី​បក្ស​ប្រឆំាង​ថា​ជា​ក្មេង​ទំនើង និង​អ្នក​ញៀន​ថ្នាំ ក្នុង​អំឡុង​យុទ្ធនា​ការ​រក​សំឡេង​ឆ្នោត​យ៉ាង​គគ្រឹក​គគ្រេង​ជាង​សព្វ​ដង ដូចគ្នា ហែហ៊ោ និង​ច្រៀង​ដូចគ្នា ទាំង ២ គណបក្ស​នោះ បែរ​ជា​បន្តុះ​បង្អាប់​តែ​យុវជន​បក្ស​ប្រឆាំង​ម្ខាង យុវជន​បក្ស​កាន់​អំណាច​ម្ខាង​ទៀត​មិន​លើក​យក​មក​អត្ថាធិប្បាយ​ទេ​។ ការ​ដែល​ចោទ​ប្រកាន់​ថា​ជា​ក្មេង​ទំនើង​បែប​នេះ គឺ​ខុស​ទៅ​នឹង​និយមន័យ​ដើម​របស់ «ក្មេង​ទំនើង​» ដែល​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ឈ្មោះ​នោះ គឺ​ក្មេង​ស្ទាវ​ទាំង​នោះ ត្រូវ​បាន​បែង​ចែក​ជា​បី​ក្រុម​គឺ៖ ១) ពួក​គេ​ជា​ក្រុម​ក្មេង​ស្ទាវ​មាន​មេ​កើយ (បង​ធំ)។ ២) ពួក​គេ​ធ្វើ​សកម្មភាព។ ៣) ពួក​គេ​គ្រាន់​អនុវត្ត​តាម​ក្មេង​ស្ទាវ។

តែ​ផ្ទុយ​ទៅ​វិញ មាន​ឈុត​ខ្លះ​ដែល​បង្ហោះ​នៅ​ក្នុង ហ្វេសប៊ុក គឺ​យុវជន​បក្ស​ប្រជាជន ដេញ​វ៉ៃ និង​កម្ទេច​ម៉ូតូ​របស់​យុវជន​បក្ស​សង្គ្រោះ​ជាតិ​ផង តែ​មិន​ត្រូវ​បាន​អ្នក​អត្ថាធិប្បាយ​អធិប្បាយ​នៅ​ក្នុង​ទូរទស្សន៍​ណា​មួយ ថា យុវជន​បក្ស​ប្រជាជន ជា​ក្មេង​ទំនើង​ឬ​ក៏​អ្នក​ញៀន​ថ្នាំ​នោះ​ឡើយ។ ការ​ដែល​ទៅ​វ៉ៃ​តប់​គ្នា​បែប​ហ្នឹង​បាន​គេ​ហៅ​ថា​ក្មេង​ទំនើង ហើយ​ការ​ប្រើ​ពាក្យ​ថា ក្មេង​ញៀន​ថ្នាំ គឺ​ក្មេង​ដែល​ប្រើ​ទាំង​នោះ សុទ្ធ​សឹង​ជា​ជន​រងគ្រោះ​ដោយ​សារ​តែ​មនុស្ស​ចាស់​ដែល​មាន​ស័ក្តិ គ្រាក់ៗ​ទៅ​វិញ​ទេ ជា​អ្នក​ជួញ​ដូរ​ថ្នាំ​ញៀន​ធំៗ​នោះ។

ឧទាហរណ៍​៖ ដូច​ទណ្ឌិត ម៉ឹក ដារ៉ា អតីត​អគ្គ​លេខាធិការ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន និង​ទណ្ឌិត ជា ឡេង អតីត​នាយ​ការិយាល័យ នគរបាល​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ ដែល​ជា​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ធំៗ​នោះ​ពោល​គឺ​មិន​មែន​យុវជន​ទេ​។

ហេតុ​អ្វី​បាន​ជា​មនុស្ស​ចាស់​មិន​ខិតខំ​ប្រដៅ​មនុស្ស​ចាស់ៗ​គ្នា​ឯង​វិញ​ផង កុំ​បំពុល​យុវជន​ក្មេងៗ​សម័យ​នេះ​? និយាយ​ជា​រួម​គឺ​យុវជន​ទាំង ២ បក្ស​សុទ្ធ​តែ​កើត និង​រស់​នៅ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ សែន ទាំងអស់ ករណី​វាយ​តម្លៃ​យុវជន​បែប​ហ្នឹង​គឺ​ហាក់បី​ដូច​ជា​ប្រមាថ​មើល​ងាយ​របប ដឹក​នាំ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទាំង​មូល​ទៅ​វិញ​ទេ។

កន្លង​មក​ក៏​ធ្លាប់​មាន​ការ​លាប​ពណ៌​ឲ្យ​យុវជន​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ពេល​មាន​បាតុកម្ម​ប្រឆំាង​នឹង​លទ្ធផល​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ ១៩៩៨ កាល​នោះ​មាន​យុវជន​មួយ​ក្រុម​ធំ ដែល​មាន​ដំបង និង​ដុំ​ថ្ម ដែល​ជា​អ្នក​គាំទ្រ​បក្ស​កាន់​អំណាច ទៅ​វាយ​បំបែក​ហ្វូង​បាតុកម្ម​យុវជន​របស់​បក្ស​ប្រឆាំង តាម​រយៈ​យក​ពិស​បន្សាប​ពិស​ដូច​ការ​បង្ក្រាប​បាតុកម្ម​នៅ​ពិភព​អារ៉ាប់ អ៊ីចឹង ហើយ​បក្ស​ប្រឆំាង ក៏​ដូច​ជា​មហាជន​ផង​ដែរ បាន​ហៅ​ក្រុម​យុវជន​ដែល​មាន​ដំបង និង​ដុំ​ថ្ម​ទាំង​នោះ​ថា​ជា​ក្រុម​ក្មេង​អន្ធពាល (ទំនើង) និង​ក្មេង​ញៀន​ថ្នាំ​ផង​ដែរ​។ ការ​ដែល​លាប​ពណ៌​ឲ្យ​យុវជន ថា​ជា​ក្មេង​បែប​នេះ ឬ​បែប​នោះ ធ្វើ​ឲ្យ​យុវជន​ខ្មែរ​ឃើញ​មុខ​គ្នា​ស្អប់​គ្នា គុំកួន​គ្នា​ទៅ​ជា​សត្រូវ​ដោយ​សារ​តែ​មនុស្ស​ចាស់​ក្បាល​ទំពែក​សក់​ស្កូវ ជា​អ្នក​គូរ​មុខ​គ្នា​ម្ខាង​ស ម្ខាង​ទៀត​ខ្មៅ លែង​ស្គាល់​គ្នា​ទៅ​ជា​ខាំ​គ្នា​ទៅ​វិញ។


ជា​ពិសេស​បណ្តាញ​ទូរទស្សន៍​ក្នុង​ស្រុក​វិញ មិន​មែន​ឃើញ​គ្នា​មាន​ការ​ឆ្គាំ​ឆ្គង ឬ​ក៏​មាន​បញ្ហា​ត្រង់​ណា​មួយ​មិន​ជួយ​អប់រំ និង​ឲ្យ​ឱវាទ​គ្នា​ទេ តែ​បែរ​ទៅ​ជា​ខំ​ពន្យុះ​បន្ថែម​ទៅ​វិញ​ហើយ​អ្នក​អត្ថាធិប្បាយ​ខ្លះ​ខំ​យក​មុខ​យក​មាត់​ជាមួយ​ថ្នាក់​ដឹក​នាំ​ចង់​គេ​ឲ្យ​លូន​ក្រាប លន់​តួ​ធ្វើ​អី​ក៏​ចេះ​តែ​ធ្វើ​ដែរ។

ជា​លទ្ធផល​នៃ​នយោបាយ​បំភិត​បំភ័យ​ទៅ​លើ​ក្រុម​យុវជន​កន្លង​មក​មុនៗ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​នៃ​ការ​ចូល​រួម​របស់​យុវជន​ក្នុង​ឆាក​នយោបាយ ដូច​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​សហ​ប្រជាជាតិ អភិវឌ្ឍន៍​កម្មវិធី​នៅ​ប្រទេស​កម្ពុជា​ឆ្នាំ ២០១០ បាន​បង្ហាញ​ថា ៧០ ភាគរយ​នៃ​យុវជន ដែល​បាន​ផ្តល់​ចម្លើយ​សរុប ២០០០ នាក់ គឺ​ពួក​គេ​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​នយោបាយ ហើយ​ក្នុង​ការ​សិក្សា​នេះ ក៏​បាន​បញ្ជាក់​ថា ៧៨ ភាគរយ​នៃ​យុវជន​សរុប​ទទូច​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​គួរ​តែ​មាន​ភាព​ស្មើ​គ្នា​នៅ​លើ​កញ្ចក់​ទូរទស្សន៍ និង​វិទ្យុ​ផង​ដែរ​។  


យ៉ាង​ណា​មិញ ក្នុង​នាម​ជា​មនុស្ស​ចាស់ ខ្លះ​មិន​ទាំង​ដឹង​ពី​តួនាទី​ខ្លួន​ឯង​ថា ជា​ស្អី​ផង​ទេ ឲ្យ​តែ​ផ្ទុយ​ទៅ​នឹង​គំនិត ឬ​ក៏​ទម្លាប់​របស់​ខ្លួន​ពី​បុរាណ​បន្តិច​គឺ​កុំ​នេះ កុំ​នោះ ប្រយ័ត្ន​នេះ ប្រយ័ត្ន​នោះ ហើយ​អ្វី​ដែល​យុវជន​ធ្វើ​សុទ្ធ​តែ​ខុស​។ គឺ​ហាក់​បី​ដូច​ជា​បំបិទ​សិទ្ធិ​ក្នុង​ការ​សម្តែង​មតិ និង​សិទ្ធិ​ចូល​រួម​ទៅ​តាម​គណបក្ស​នយោបាយ​ណា​ដែល​ខ្លួន​គេ​ពេញ​ចិត្ត។ ចំណែក​ឯ​មនុស្ស​ចាស់​ខ្លះ​វិញ មើល​ទៅ​បច្ចុប្បន្ន​ធ្វើ​ឫកពា​ហាក់​ដូចជា​គ្រាន់​បើ​ណាស់​អ៊ីចឹង តែ​ដល់​ពេល​សួរ​ចាស់ៗ​មិត្តភក្តិ​ដែល​ស្គាល់ ប្រវត្តិ​របស់​គាត់​កាល​នៅ​ពី​ក្មេង​គឺ​ទំនើង​ជាង​ក្មេង​ឥឡូវ​ទៀត​គឺ មាន​ខ្លះ​ជល់​តែ​មាន់ លេង​គប់​វង់ និង​ដើរ​លេង​វ៉ៃ​គេ​ឯង​តាម​ភូមិ​ទៀត​ផង។

តែ​ផ្ទុយ​ទៅ​វិញ សម្រាប់​យុវជន​មួយ​ចំនួន​ធំ​គឺ​គេ​ដឹង​ថា​ខ្លួន​គេ​ត្រូវ​ធ្វើ​អ្វី​ហើយ ដោយ​គេ​ត្រូវ​តែ​ដោះស្រាយ​ដោយ​ខ្លួន​គេ​ផ្ទាល់ ហើយ​បញ្ហា​ដែល​ធំ​នោះ​គឺ អត់​ការងារ​ធ្វើ ដែល​ពួក​គេ​មិន​អាច​បើក​ភ្នែក​ឡើង​លើក​ដៃ​សុំ​តែ​លុយ​ឪពុក ម្តាយ​ចាយ​រាល់​ថ្ងៃ​បាន​ទៀត​ទេ ហើយ​រាជ​រដ្ឋាភិបាល ក៏​គ្មាន​ប្រាក់​ខែ​សម្រាប់​អ្នក​អត់​មាន​ការងារ​ធ្វើ (Social Wealthfare) ដូច​នៅ​ប្រទេស​អភិវឌ្ឍន៍​នោះ​ដែរ។

ជា​ផល​វិបាក​ការ​ដែល​ចេះ​តែ​លាប​ពណ៌​យុវជន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​រក​ស៊ី​ផង​ដែរ ដូច​ទូរទស្សន៍ ហង្សមាស ដែល​បាន​ផ្សាយ​នូវ​វីដេអូ ឃ្លីប ១៥ នាទី​នោះ​ដែរ ធ្វើ​ឲ្យ​យុវជន​បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​តាម ហ្វេសប៊ុក ថា​ពួក​គេ​លែង ទិញ​ផលិត​ផល​បទ​ចម្រៀង​របស់​ផលិតកម្ម ហង្សមាស​ទៀត​ហើយ ហើយ​អ្នក​អត្ថាធិប្បាយ​តាម​កញ្ចក់​ទូរទស្សន៍​ឡេមឡឺម​បន្ថែម​បន្ថយ ល្បោយ​ខ្លះ ដែល​ម៉ៃ​យុវជន​បក្ស​សង្គ្រោះ​ជាតិ​សុទ្ធ​តែ​ក្មេង​ទំនើង និង​ញៀន​ថ្នាំ​យក​គាប់​គុណ​អ្នក​ធំ តែ​ប្រយ័ត្ន​ដល់​ពេល​ថ្ងៃ​ណា​មួយ​ដាច់​ហ្វូង​គឺ​យុវជន​ទាំង​នោះ​ចំអក​ឲ្យ មនុស្ស​ចាស់​នោះ​វិញ ហើយ​តិច​ថា​ខ្មាស​គេ ដូច​ករណី​លោក សយ សុភាព ត្រូវ​ក្រុម​យុវជន និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​មួយ​ក្រុម​ឈរ​ចំអក​ឲ្យ នៅ​ស្ថានីយ​បោះឆ្នោត ក្នុង​វត្ត សន្សំ​កុសល្យ​រឿង​កោរ​សក់ ប្រសិន​បើ​លោក សម រង្ស៊ី​ចូល​ស្រុក​វិញ បើ​ទោះ​បី​ជា​លោក បាន​អះអាង​ថា សម រង្ស៊ី​ចូល​ស្រុក ហើយ​ហ៊ាន​ចូល​គុក​នោះ​ក៏​ដោយ។ ហេតុ​ដូច​នេះ​ហើយ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​អស់​គួរ​លើក​ទឹក​ចិត្ត​យុវជន​ឲ្យ​ចូល​រួម​ក្នុង​ឆាក​នយោបាយ​បក្ស​ណា​ក៏​បាន​ដែរ ដើម្បី​អភិវឌ្ឍ​ជា​ជាង​អង្គុយ​ចាំ​តែ​ចំអក​ឡកឡឺយ​ទៅ​ពួក​គេ​ដែល​គ្មាន​អ្វី​រីក​ចម្រើន​សោះ​នោះ៕

ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ soprach.tong@phnompenhpost.com


3 comments:

Anonymous said...

yes, I know i'm old now but i'm not bald. I didn't do much for the country when I was young because I didn't have a chance. I was a teenager during the Khmer rouge. I worked so hard. I dug 3 cubic meters of dirt a day. now i'm an old man trying to retire in a few years in the us.

I admire many Khmer youth in Cambodia who have tried their best in promoting democracy in Cambodia. thank you for doing that, folks.

from an old teacher

Anonymous said...

បញ្ហាញប្រជាពលរដ្ឋដូចនេះ គិតថាប្រជាពលរដ្ឋ ឆោត នូវតែចាញ់បោកតរទៀតហើយមើលទៅ!!!!!

Anonymous said...

"Do whatever you decide to do, just make sure to do it consciously."

"Supreme being hears us; he that is not of Supreme being hears not us."

Teaching from a Saint