តុង សុប្រាជ្ញ ភ្នំពេញ ប៉ុស្តិ៍ MONDAY, 05 AUGUST 2013
មកដល់ចាស់សក់ស្កូវ ក្បាលទំពែកម្នាក់ៗហើយ គឺសុទ្ធតែឆ្លងកាត់វ័យជាយុវជនទាំងអស់ តែមនុស្សចាស់ខ្លះ ច្រើនតែភ្លេចខ្លួនឯងកាលពីនៅជាយុវជន មិនបានធ្វើអ្វីជួយសង្គមនោះទេ។ ដូចមានមនុស្សចាស់ជាអ្នកអត្ថាធិប្បាយ និងមហាជនចាស់ៗខ្លះ បែរទៅជាចំអក បន្តុះបង្អាប់ទៅយុវជនតាមកញ្ចក់ទូរទស្សន៍ ក្នុងស្រុកសឹងតែគ្រប់ប៉ុស្តិ៍ទៅវិញ នៅពេលដែលយុវជន យុវនារីគាំទ្រគណបក្សសង្គ្រោះជាតិ កំពុងហែយុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្មីៗនេះ ថា ជាក្មេងទំនើង និងអ្នកញៀនថ្នាំញៀនទៅវិញ ដើម្បីផ្គាប់ផ្គុនថ្នាក់ដឹកនាំគណបក្សប្រជាជន។
សំណួរសួរថា បើចោទប្រកាន់យុវជនទាំងនោះថា ជាក្មេងទំនើង ឬក៏ញៀនថ្នាំនោះ តើមានបានគឹតនិងសួរខ្លួនឯងទេថា តើយុវជនទាំងអស់នេះកើត និងរស់នៅសម័យដឹកនាំដោយអ្នកណា? បក្សសង្គ្រោះជាតិ ឬបក្សប្រជាជន?
ការផ្សព្វផ្សាយបែបលម្អៀង ជ្រុលហួសហេតុ ទៅគណបក្សកាន់អំណាចនេះ ដោយលាបពណ៌ឲ្យគ្នាជាយុវជន យុវនារីបក្សប្រឆំាងថាជាក្មេងទំនើង និងអ្នកញៀនថ្នាំ ក្នុងអំឡុងយុទ្ធនាការរកសំឡេងឆ្នោតយ៉ាងគគ្រឹកគគ្រេងជាងសព្វដង ដូចគ្នា ហែហ៊ោ និងច្រៀងដូចគ្នា ទាំង ២ គណបក្សនោះ បែរជាបន្តុះបង្អាប់តែយុវជនបក្សប្រឆាំងម្ខាង យុវជនបក្សកាន់អំណាចម្ខាងទៀតមិនលើកយកមកអត្ថាធិប្បាយទេ។ ការដែលចោទប្រកាន់ថាជាក្មេងទំនើងបែបនេះ គឺខុសទៅនឹងនិយមន័យដើមរបស់ «ក្មេងទំនើង» ដែលក្រសួងមហាផ្ទៃបានឲ្យឈ្មោះនោះ គឺក្មេងស្ទាវទាំងនោះ ត្រូវបានបែងចែកជាបីក្រុមគឺ៖ ១) ពួកគេជាក្រុមក្មេងស្ទាវមានមេកើយ (បងធំ)។ ២) ពួកគេធ្វើសកម្មភាព។ ៣) ពួកគេគ្រាន់អនុវត្តតាមក្មេងស្ទាវ។
តែផ្ទុយទៅវិញ មានឈុតខ្លះដែលបង្ហោះនៅក្នុង ហ្វេសប៊ុក គឺយុវជនបក្សប្រជាជន ដេញវ៉ៃ និងកម្ទេចម៉ូតូរបស់យុវជនបក្សសង្គ្រោះជាតិផង តែមិនត្រូវបានអ្នកអត្ថាធិប្បាយអធិប្បាយនៅក្នុងទូរទស្សន៍ណាមួយ ថា យុវជនបក្សប្រជាជន ជាក្មេងទំនើងឬក៏អ្នកញៀនថ្នាំនោះឡើយ។ ការដែលទៅវ៉ៃតប់គ្នាបែបហ្នឹងបានគេហៅថាក្មេងទំនើង ហើយការប្រើពាក្យថា ក្មេងញៀនថ្នាំ គឺក្មេងដែលប្រើទាំងនោះ សុទ្ធសឹងជាជនរងគ្រោះដោយសារតែមនុស្សចាស់ដែលមានស័ក្តិ គ្រាក់ៗទៅវិញទេ ជាអ្នកជួញដូរថ្នាំញៀនធំៗនោះ។
ឧទាហរណ៍៖ ដូចទណ្ឌិត ម៉ឹក ដារ៉ា អតីតអគ្គលេខាធិការអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងទណ្ឌិត ជា ឡេង អតីតនាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ដែលជាអ្នកជួញដូរគ្រឿងញៀនធំៗនោះពោលគឺមិនមែនយុវជនទេ។
ហេតុអ្វីបានជាមនុស្សចាស់មិនខិតខំប្រដៅមនុស្សចាស់ៗគ្នាឯងវិញផង កុំបំពុលយុវជនក្មេងៗសម័យនេះ? និយាយជារួមគឺយុវជនទាំង ២ បក្សសុទ្ធតែកើត និងរស់នៅក្រោមការដឹកនាំរបស់សម្តេចតេជោ សែន ទាំងអស់ ករណីវាយតម្លៃយុវជនបែបហ្នឹងគឺហាក់បីដូចជាប្រមាថមើលងាយរបប ដឹកនាំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងមូលទៅវិញទេ។
កន្លងមកក៏ធ្លាប់មានការលាបពណ៌ឲ្យយុវជនគ្នាទៅវិញទៅមក នៅពេលមានបាតុកម្មប្រឆំាងនឹងលទ្ធផលការបោះឆ្នោតកាលពីឆ្នាំ ១៩៩៨ កាលនោះមានយុវជនមួយក្រុមធំ ដែលមានដំបង និងដុំថ្ម ដែលជាអ្នកគាំទ្របក្សកាន់អំណាច ទៅវាយបំបែកហ្វូងបាតុកម្មយុវជនរបស់បក្សប្រឆាំង តាមរយៈយកពិសបន្សាបពិសដូចការបង្ក្រាបបាតុកម្មនៅពិភពអារ៉ាប់ អ៊ីចឹង ហើយបក្សប្រឆំាង ក៏ដូចជាមហាជនផងដែរ បានហៅក្រុមយុវជនដែលមានដំបង និងដុំថ្មទាំងនោះថាជាក្រុមក្មេងអន្ធពាល (ទំនើង) និងក្មេងញៀនថ្នាំផងដែរ។ ការដែលលាបពណ៌ឲ្យយុវជន ថាជាក្មេងបែបនេះ ឬបែបនោះ ធ្វើឲ្យយុវជនខ្មែរឃើញមុខគ្នាស្អប់គ្នា គុំកួនគ្នាទៅជាសត្រូវដោយសារតែមនុស្សចាស់ក្បាលទំពែកសក់ស្កូវ ជាអ្នកគូរមុខគ្នាម្ខាងស ម្ខាងទៀតខ្មៅ លែងស្គាល់គ្នាទៅជាខាំគ្នាទៅវិញ។
ជាពិសេសបណ្តាញទូរទស្សន៍ក្នុងស្រុកវិញ មិនមែនឃើញគ្នាមានការឆ្គាំឆ្គង ឬក៏មានបញ្ហាត្រង់ណាមួយមិនជួយអប់រំ និងឲ្យឱវាទគ្នាទេ តែបែរទៅជាខំពន្យុះបន្ថែមទៅវិញហើយអ្នកអត្ថាធិប្បាយខ្លះខំយកមុខយកមាត់ជាមួយថ្នាក់ដឹកនាំចង់គេឲ្យលូនក្រាប លន់តួធ្វើអីក៏ចេះតែធ្វើដែរ។
ជាលទ្ធផលនៃនយោបាយបំភិតបំភ័យទៅលើក្រុមយុវជនកន្លងមកមុនៗនេះ ធ្វើឲ្យប៉ះពាល់សិទ្ធិនៃការចូលរួមរបស់យុវជនក្នុងឆាកនយោបាយ ដូចតាមរយៈការសិក្សាស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ អភិវឌ្ឍន៍កម្មវិធីនៅប្រទេសកម្ពុជាឆ្នាំ ២០១០ បានបង្ហាញថា ៧០ ភាគរយនៃយុវជន ដែលបានផ្តល់ចម្លើយសរុប ២០០០ នាក់ គឺពួកគេមិនចាប់អារម្មណ៍ទៅនឹងនយោបាយ ហើយក្នុងការសិក្សានេះ ក៏បានបញ្ជាក់ថា ៧៨ ភាគរយនៃយុវជនសរុបទទូចឲ្យគ្រប់គណបក្សនយោបាយទាំងអស់គួរតែមានភាពស្មើគ្នានៅលើកញ្ចក់ទូរទស្សន៍ និងវិទ្យុផងដែរ។
យ៉ាងណាមិញ ក្នុងនាមជាមនុស្សចាស់ ខ្លះមិនទាំងដឹងពីតួនាទីខ្លួនឯងថា ជាស្អីផងទេ ឲ្យតែផ្ទុយទៅនឹងគំនិត ឬក៏ទម្លាប់របស់ខ្លួនពីបុរាណបន្តិចគឺកុំនេះ កុំនោះ ប្រយ័ត្ននេះ ប្រយ័ត្ននោះ ហើយអ្វីដែលយុវជនធ្វើសុទ្ធតែខុស។ គឺហាក់បីដូចជាបំបិទសិទ្ធិក្នុងការសម្តែងមតិ និងសិទ្ធិចូលរួមទៅតាមគណបក្សនយោបាយណាដែលខ្លួនគេពេញចិត្ត។ ចំណែកឯមនុស្សចាស់ខ្លះវិញ មើលទៅបច្ចុប្បន្នធ្វើឫកពាហាក់ដូចជាគ្រាន់បើណាស់អ៊ីចឹង តែដល់ពេលសួរចាស់ៗមិត្តភក្តិដែលស្គាល់ ប្រវត្តិរបស់គាត់កាលនៅពីក្មេងគឺទំនើងជាងក្មេងឥឡូវទៀតគឺ មានខ្លះជល់តែមាន់ លេងគប់វង់ និងដើរលេងវ៉ៃគេឯងតាមភូមិទៀតផង។
តែផ្ទុយទៅវិញ សម្រាប់យុវជនមួយចំនួនធំគឺគេដឹងថាខ្លួនគេត្រូវធ្វើអ្វីហើយ ដោយគេត្រូវតែដោះស្រាយដោយខ្លួនគេផ្ទាល់ ហើយបញ្ហាដែលធំនោះគឺ អត់ការងារធ្វើ ដែលពួកគេមិនអាចបើកភ្នែកឡើងលើកដៃសុំតែលុយឪពុក ម្តាយចាយរាល់ថ្ងៃបានទៀតទេ ហើយរាជរដ្ឋាភិបាល ក៏គ្មានប្រាក់ខែសម្រាប់អ្នកអត់មានការងារធ្វើ (Social Wealthfare) ដូចនៅប្រទេសអភិវឌ្ឍន៍នោះដែរ។
ជាផលវិបាកការដែលចេះតែលាបពណ៌យុវជនឲ្យគ្នាទៅវិញទៅមក គឺធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅនឹងការរកស៊ីផងដែរ ដូចទូរទស្សន៍ ហង្សមាស ដែលបានផ្សាយនូវវីដេអូ ឃ្លីប ១៥ នាទីនោះដែរ ធ្វើឲ្យយុវជនបក្សសង្គ្រោះជាតិប្រកាសតាម ហ្វេសប៊ុក ថាពួកគេលែង ទិញផលិតផលបទចម្រៀងរបស់ផលិតកម្ម ហង្សមាសទៀតហើយ ហើយអ្នកអត្ថាធិប្បាយតាមកញ្ចក់ទូរទស្សន៍ឡេមឡឺមបន្ថែមបន្ថយ ល្បោយខ្លះ ដែលម៉ៃយុវជនបក្សសង្គ្រោះជាតិសុទ្ធតែក្មេងទំនើង និងញៀនថ្នាំយកគាប់គុណអ្នកធំ តែប្រយ័ត្នដល់ពេលថ្ងៃណាមួយដាច់ហ្វូងគឺយុវជនទាំងនោះចំអកឲ្យ មនុស្សចាស់នោះវិញ ហើយតិចថាខ្មាសគេ ដូចករណីលោក សយ សុភាព ត្រូវក្រុមយុវជន និងអ្នកគាំទ្របក្សប្រឆាំងមួយក្រុមឈរចំអកឲ្យ នៅស្ថានីយបោះឆ្នោត ក្នុងវត្ត សន្សំកុសល្យរឿងកោរសក់ ប្រសិនបើលោក សម រង្ស៊ីចូលស្រុកវិញ បើទោះបីជាលោក បានអះអាងថា សម រង្ស៊ីចូលស្រុក ហើយហ៊ានចូលគុកនោះក៏ដោយ។ ហេតុដូចនេះហើយ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់គួរលើកទឹកចិត្តយុវជនឲ្យចូលរួមក្នុងឆាកនយោបាយបក្សណាក៏បានដែរ ដើម្បីអភិវឌ្ឍជាជាងអង្គុយចាំតែចំអកឡកឡឺយទៅពួកគេដែលគ្មានអ្វីរីកចម្រើនសោះនោះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com
3 comments:
yes, I know i'm old now but i'm not bald. I didn't do much for the country when I was young because I didn't have a chance. I was a teenager during the Khmer rouge. I worked so hard. I dug 3 cubic meters of dirt a day. now i'm an old man trying to retire in a few years in the us.
I admire many Khmer youth in Cambodia who have tried their best in promoting democracy in Cambodia. thank you for doing that, folks.
from an old teacher
បញ្ហាញប្រជាពលរដ្ឋដូចនេះ គិតថាប្រជាពលរដ្ឋ ឆោត នូវតែចាញ់បោកតរទៀតហើយមើលទៅ!!!!!
"Do whatever you decide to do, just make sure to do it consciously."
"Supreme being hears us; he that is not of Supreme being hears not us."
Teaching from a Saint
Post a Comment