Sunday, 15 September 2013 10:08 ដោយ៖ ដើមអម្ពិល
- កឹម សុខា អំពាវនាវឲ្យអាជីវករតាមផ្សារបិទតូប និងគ្រូបង្រៀនឈប់បង្រៀន ចូលរួមតវ៉ា
- មេដឹកនាំគណបក្សសង្គ្រោះជាតិប្រកាសមិនចូលរួមប្រជុំសភាជាលើកដំបូង
ភ្នំពេញ ៖ មេដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រកាសថា ពុំមានការចរចាដើម្បីចែកអំណាច ជាមួយគណបក្សប្រជាជន កម្ពុជានោះឡើយ ប្រសិនជាគ្មានដំណោះស្រាយ ស្វែងរកយុត្តិធម៌ពិតប្រាកដ ជូនម្ចាស់ឆ្នោត ទេនោះ ហើយពួកគេ បានប្រកាសថា រាល់លទ្ធផលនៃការចរចា ឬសំណើផ្សេងៗជាមួយគណបក្សប្រជាជន គឺ យកមកពិគ្រោះសុំការអនុញ្ញាត ពីម្ចាស់ឆ្នោតទាំងអស់ ។
លោក កឹម សុខា បានប្រកាសទៅក្រុមបាតុករថា គណបក្សសង្គ្រោះជាតិ នឹងគោរពតាមសតិសម្បជញ្ញៈ របស់ក្រុម បាតុករយ៉ាងដាច់ខាត ។
ជាមួយគ្នានេះ លោក កឹម សុខា ក៏បានអំពាវនាវផងដែរ ឲ្យអាជីវករ តាមផ្សារបិទតូបលក់ដូរ រីឯគ្រូបង្រៀនឈប់បង្រៀន មកចូលរួមនៅទីលាន ប្រជាធិបតេយ្យ ដើម្បីតវ៉ាបន្តទៀត បើគ្មានដំណោះស្រាយពិតប្រាកដ។
សម្រាប់ការចូលរួមប្រជុំសភា លើកដំបូង នៅថ្ងៃទី២៣ ខែកញ្ញា នេះ តបតាមលិខិតរបស់ព្រះមហាក្សត្រនោះ មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ បានប្រកាសថា នឹងមិនចូលរួមប្រជុំជាដាច់ខាត ហើយលោក កឹម សុខា ប្រកាស ថា បើមានបេក្ខជនណាម្នាក់ លួចក្បត់ទៅចូលរួមប្រជុំសភានោះ បងប្អូនទាំងអស់ទៅទាមទារយកសំឡេងឆ្នោតពីផ្ទះរបស់គាត់មកវិញ។
ជាថ្មីម្តងទៀត លោក កឹម សុខា បានចាត់ទុកគ.ជ.បនិងក្រុមប្រឹក្សាធម្មនុញ្ញជាឧបករណ៍របស់គណបក្សប្រជាជនហើយប្រកាសលទ្ធផលតាមការប្រកាសទុកជាមុនរបស់អ្នកនាំពាក្យគណបក្សប្រជាជន គឺលោក ខៀវ កាញារីទ្ធ ស្តីពីចំនួនអាសនៈ របស់គណបក្សទាំងពីរ។
ដោយឡែក លោក សម រង្ស៊ី បានចាត់ទុក គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ដូចជា សត្វសេក និងសត្វសារិកាកែវ របស់គណបក្សប្រជាជន។
ឆ្លើយតបនឹងការលើកឡើងនេះ លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា នោះជាការ ស្រែកតាមខ្យល់ របស់មេដឹកនាំគណបក្សប្រឆាំង មិនដែលអនុវត្តតាមរូបមន្ត ដែលគេលើកឡើងនោះឡើយ ។
លោក សម រង្ស៊ី បានប្រកាសទៅក្រុមបាតុករ ឲ្យបន្តការតវ៉ានៅលើទីលានប្រជាធិបតេយ្យ ដោយមានតង់ និងរោង នៅទីនេះ ដោយលោកអះអាងថា នឹងផ្តល់បាយផ្តល់ទឹក ហើយអំពាវនាវឲ្យប្រជាពលរដ្ឋជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ នៅរាជធានីភ្នំពេញ ផ្តល់ និងឧបត្ថម្ភតាមទឹកចិត្តរៀងៗខ្លួន។
ក្រោយពីការប្រកាស របស់មេដឹកនាំគណបក្សទាំងពីរ មិនចូលរួមប្រជុំសភាជាលើកដំបូងនោះ លោក ប៉ុល ហំម បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត នៅខេត្តតាកែវ និងលោកស្រី កែ សុវណ្ណារ័ត្ន តំណាងរាស្ត្រជាប់ឆ្នោត នៅខេត្ត សៀមរាប បានឡើងមកប្តេជ្ញាប្រកាស ទៅក្រុមបបាតុករ មិនចូលរួមប្រជុំសភាជាលើកដំបូង បើគ្មានដំណោះស្រាយ ស្វែករកយុត្តិធម៌ពិតប្រាកដនោះ ៕
No comments:
Post a Comment