Saturday, September 14, 2013

លោក ហ៊ុន សែន និងលោក សម រង្ស៊ី បញ្ចប់ការចរចាក្នុងរយៈពេលមិនដល់កន្លះម៉ោងផង


......................................
ដោយ៖ ណាត សុភាព និងស៊ុន ណារិន | ថ្ងៃសៅរ៍ ទី14 ខែកញ្ញា ឆ្នាំ2013 | 4 ម៉ោង មុន VOD
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី បានបញ្ចប់ការជួបគ្នា ក្នុងរយៈពេលមិនដល់កន្លះម៉ោងផង បន្ទាប់ពីចូលទៅដល់ព្រះបរមរាជវាំង។
VOD មិនទាន់មានសេចក្តីរាយការណ៍លម្អិតនៅឡើយទេ ថាតើមូលហេតុអ្វី? លោក ហ៊ុន សែន បានទៅដល់ព្រះបរមរាជវាំងនៅម៉ោង៨និង៥៥នាទី ចំណែកលោក សម រង្ស៊ី បានទៅដល់ព្រះបរមរាជវាង នៅម៉ោង៩និង៧នាទី។នេះគេហៅថា ជំនួបផ្លេកបន្ទោររវាងថ្នាក់ដឹកនាំទាំងពីរ។
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានកំពុងផ្តិតយករូបភាព និងរង់ចាំទទួលព័ត៌មាន ទាក់ទងនឹងជំនួបលើកដំបូងរវាងថ្នាក់ដឹកនាំទាំងពីរ ក្រោយការបោះឆ្នោត នៅខាងមុខព្រះបរមរាជវាំង។មន្ត្រីតំណាងគណបក្សទាំងពីរ មិនបានថ្លែងអ្វីទេ ទៅកាន់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃសៅរ៍ មុននឹងចូលរួមចរចាក្នុងព្រះបរមរាជវាំង។

ព្រះមហាក្សត្រព្រះបាទ នរោត្តមសីហមុនី កាលពីថ្ងៃព្រហស្បតិ៍ បានអញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកសម រង្ស៊ី ចូលប្រជុំគ្នា នៅថ្ងៃទី១៤ខែកញ្ញា ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ មុនការចូលប្រជុំសភាដំបូង។ ព្រះរាជសាររបស់ព្រះមហាក្សត្រ បង្ហាញថា សូមអញ្ជើញ លោក ហ៊ុន សែន និងសហការីចំនួនពីររូបទៀត និងលោក សម រង្ស៊ី ព្រមទាំងសហការីពីររូបទៀត ចូលរួមប្រជុំ ដោះស្រាយបញ្ហាប្រទេសជាតិ ក្រោមអធិបតីភាពរបស់ព្រះអង្គ នៅថ្ងៃទី១៤ខែកញ្ញា វេលាម៉ោង៩ព្រឹក នៅព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។

ភាគីទាំងពីរ បានឯកភាពក្នុងការជួបគ្នាតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបភ្លាមៗ នឹងព្រះរាជសាររបស់ព្រះមហាក្សត្រ ដោយនឹងដឹកនាំមន្ត្រីពីររូប គឺលោក ស ខេង និងលោក សាយ ឈុំ។ ចំណែក លោក សម រង្ស៊ី នឹងដឹកនាំគណៈប្រតិភូគណបក្ស រួមមាន អនុប្រធាន កឹម សុខា និងលោកគួយ ប៊ុនរឿន។

កាលពីថ្ងៃសុក្រ លោក ស ខេង បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនបានត្រៀមចំណុចណាមួយ ដើម្បីលើកឡើងនៅក្នុង កិច្ចប្រជុំនោះទេ តែគណបក្សកាន់អំណាចនេះនឹងគោរពតាមព្រះរាជតម្រាស់ព្រះមហាក្សត្រ ៖ "យើងត្រូវដឹងអញ្ចឹង ព្រះមហាក្សត្រលោកគង់ជាព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ហើយជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ហើយលោកមានព្រះរាជបន្ទូលថាម៉េច យើងទាំងអស់គ្នាត្រូវតែគោរពតាមលោក ដើម្បីធានានូវការឯកភាពជាតិ និងនិរន្តភាពជាតិ អញ្ចឹងហើយគណបក្សប្រជាជនអត់មានអីលើសពីហ្នឹងទេ"។

ក្នុងបទសម្ភាសន៍ជាមួយVODកាលពីថ្ងៃសុក្រ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបញ្ជាក់ថា ប្រសិនបើមិនមានគណៈកម្មការចម្រុះទេ ការចរចារឿងបែងចែកអំណាច មិនអាចមានទេ ៖ "គណបក្សសង្គ្រោះជាតិ នៅដដែល គឺការពារឆន្ទៈប្រជាពលរដ្ឋ រកយុត្តិធម៌ជូនប្រជាពលរដ្ឋ ហើយទាមទារឲ្យមានការផ្លាស់ប្តូរនៅក្នុងសង្គមកម្ពុជាយើងនេះ នេះហើយដែលជាជំហររបស់គណបក្សសង្គ្រោះជាតិ ដែលយើងនឹងចូលជជែកគ្នា ក្នុងក្របខណ្ឌហ្នឹង គឺយើងមិនទៅជជែកពីរឿងការចែកអំណាច មុនរំលងឆន្ទៈប្រជាពលរដ្ឋជាដាច់ខាត"។

តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលព្រៃវែងរបស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា កិច្ចចរចាក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រ នឹងមិនលើកពីការបង្កើតគណៈកម្មការចម្រុះទេ។ ដូច្នេះ វាមានន័យថា របៀបវារៈនៃភាគីទាំងពីរ គឺខុសគ្នាទាំងស្រុង៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

1 comment:

Anonymous said...

http://www.nationmultimedia.com/opinion/Cambodian-opposition-can-only-get-stronger-30214486.html

Today's protest could spell the end of Cambodia's Tyranny ...


Street protests might be a legitimate way to oppose the government, but such action could affect political stability. The country is peaceful at present, but there is always the possibility of such action ending in chaos and violence. Hun Sen has a record of using force to crack down on opposing voices. Of course he would be wrong to do so - and it could spell the end of his political career. Equally, such an outcome should not be permitted to weaken Cambodia's parliamentary system either.