កម្លាំងប៉េអឹមជាច្រើនរយនាក់ ត្រូវបានដាក់តម្រៀបណែនពេញផ្លូវដើម្បីទប់កម្មករកាលពីថ្ងៃសុក្រ។ រូបថត ហេង ជីវ័ន |
Sean Teehan Monday, 30 September 2013
ភ្នំពេញៈ មេដឹកនាំសហជីព មានការព្រួយបារម្ភខ្លាចមានការវាយបង្ក្រាបទៅលើកម្មករ ខណៈដែលកម្មកររាប់ពាន់នាក់នៃរោងចក្រ SL នឹងដើរដង្ហែក្បួនទៅកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះ បន្ទាប់ពីអាជ្ញាធរបានដាក់កម្លាំងជាច្រើនរយនាក់ និងឡានទឹក ធ្វើការទប់ស្កាត់ការដើរដង្ហែក្បួនរបស់កម្មករ កាលពីថ្ងៃសុក្រ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) បាន ថ្លែងកាលពីម្សិលមិញថា៖ «យើងភ័យខ្លាចថា នគរបាលនឹងបង្ក្រាបលើក្រុមកម្មករ»។
ចាប់តាំងពីនិយោជិត នៅរោងចក្រកាត់ដេរ SL Garment Processing (Cambodia) Ltd ដែលតំណាងដោយ ស៊ីខៅឌូ បានចាប់ផ្តើមដើរចេញពីការងារកាលពីមួយខែមុន បាតុកម្មរបស់កម្មករមានលក្ខណៈសន្តិភាពជាទូទៅ ហើយពុំមានការជ្រៀតជ្រែកពីអាជ្ញាធរឡើយ។ ប៉ុន្តែ បាតុកម្មរបស់កម្មករ SL នាពេលថ្មីៗនេះ ដែលបានក្លាយជាអំពើហិង្សា ហើយវត្តមានកងរាជអាវុធហត្ថជាច្រើននាក់ដែលបានបញ្ឈប់ការដើរដង្ហែ ទៅផ្ទះលោកនាយករដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ ឥឡូវនេះបានធ្វើឲ្យអ្នកសង្កេតការណ៍ព្រួយបារម្ភថា អាជ្ញាធរ កំពុងប្រើវិធីសាស្រ្តថ្មីចំពោះកម្មករចំនួនប្រហែល ៦ ពាន់នាក់ដែលធ្វើកូដកម្ម។
លោក គង់ អាទិត្យ អនុប្រធាន ស៊ីខៅឌូ បានថ្លែងថា កម្មករប្រហែល ៤ ពាន់នាក់បានប្រមូលផ្តុំគ្នានៅរោងចក្រ SL កាលពីព្រឹកថ្ងៃសុក្រ។ ដោយមានញត្តិដែលលម្អិតនូវការទាមទាររបស់កម្មករទាំង ១១ ចំណុច ដោយក្រុមកម្មករ បានដើរឆ្ពោះទៅភូមិគ្រឹះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្បែរវិមានឯករាជ្យ ប៉ុន្តែ ត្រូវបានបញ្ឈប់ដោយកងរាជអាវុធហត្ថប្រហែល ១ ពាន់នាក់និងឡានទឹកចំនួន ៧ គ្រឿង។
ទីបំផុត កងរាជអាវុធហត្ថបានអនុញ្ញាតឲ្យបាតុករចំនួន ៣០ នាក់ ឆ្លងកាត់ និងប្រគល់ញតិ្តរបស់ខ្លួនជូនសមាជិកខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ប៉ុន្តែការបញ្ឈប់របស់អាជ្ញាធរ គឺផ្ទុយស្រឡះពីបាតុកម្មកាលពីដើមខែនេះ ដែលកងរាជអាវុធហត្ថបានឈរមើលកូដកររោងចក្រ SL ដែលមានចំនួនប្រហែលគ្នារាំងស្ទះមហាវិថីព្រះមុនីវង្សនៅមុខសាលា ក្រុងអស់ពេលប្រហែល ៣ ម៉ោង។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានថ្លែងថា៖ «ខ្ញុំគិតថា ក្នុងអំឡុងក្រោយពេលបោះឆ្នោត រដ្ឋាភិបាលបានយកពេលវេលាខ្លះសម្រាប់កម្មករកាត់ដេរ។ ឥឡូវនេះ គេអាចគិតថា ពួកគេមានអំណាចគេមានអារម្មណ៍សុខស្រួលជាង ១ ខែមុន»។
លោក មឿន តុលា ប្រធានកម្មវិធីការងារ នៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានថ្លែងថា ការឆ្លើយតបរបស់កងរាជអាវុធហត្ថកាលពីថ្ងៃសុក្រក៏បានគូសបញ្ជាក់ អំពីការងាកចេញពីការថ្លែងរបស់រដ្ឋាភិបាលកាលពីសប្តាហ៍មុន ដែលលោក ហ៊ុន សែន និងរដ្ឋសភា បានសន្យាធ្វើកំណែទម្រង់លើប្រព័ន្ធយុតិ្តធម៌ និងដីសម្បទានសេដ្ឋកិច្ច។ លោក តុលា បានលើកឡើងកាលពីម្សិលមិញថា៖ «ការឆ្លើយតបរបស់កងរាជអាវុធហត្ថកាលពីថ្ងៃសុក្រគឺជាភ័ស្តុតាងមួយ ថា [គណបក្សប្រជាជន] ពុំមានឆន្ទៈធ្វើកំណែទម្រង់រដ្ឋាភិបាលរបស់ខ្លួនទេ។ ពួកគេចង់ធានាថា គ្មានក្រុមណាអាចក្រោកឈរ និងធ្វើបាតុកម្មបានឡើយ»។
ម្យ៉ាងទៀត លោក តុលា បានបន្ថែមថា ការទាមទាររបស់កម្មករ SL ដែលចំណុចសំខាន់គឺការបណ្តេញលោក មាស សុត្ថា ម្ចាស់ភាគហ៊ុន ដែលបានដាក់កងរាជអាវុធហត្ថដើម្បីយាមក្នុងរោងចក្រ ប្រាក់ថ្លៃអាហារ ៣ ដុល្លារក្នុងមួយថ្ងៃនិងការបើកប្រាក់ខែពេញជូនកម្មករដែលបានធ្វើ កូដកម្ម និងការរំសាយកងរាជអាវុធហត្ថក្នុងរោងចក្រ អាចបំពេញបានយ៉ាងងាយ ប្រសិនបើថ្នាក់គ្រប់គ្រងធ្វើការចរចាជាមួយនឹង ស៊ីខៅឌូ។
ថ្នាក់គ្រប់គ្រងនៅរោងចក្រ SL បានអះអាងថា ការទាមទាររបស់កម្មករដែលបានវិលចូលធ្វើការវិញក្នុងរយៈពេលដ៏ ខ្លី បន្ទាប់មក បានធ្វើកូដកម្មវិញ បន្ទាប់ពីកងរាជអាវុធហត្ថដែលយាមក្នុងរោងចក្របានវាយដំយ៉ាងធ្ងន់ មកលើកម្មករម្នាក់ ក្នុងអំឡុងបាតុកម្មដ៏តូចមួយកាលពីថ្ងៃទី ២០ ខែ កញ្ញា គឺជាការទាមទារមិនសមហេតុផល។
មន្រ្តីរដ្ឋបាលម្នាក់ដែលស្នើមិនបញ្ចេញឈ្មោះ បានថ្លែងថា កម្មកររោងចក្រ SL ភាគច្រើន ដែលចូលរួមក្នុងកូដកម្ម គឺដោយសារតែសមាជិក ស៊ីខៅឌូ បានគំរាម និងដាក់សម្ពាធមកលើពួកគេ។
មន្ត្រីរដ្ឋបាលម្នាក់នោះបានបញ្ជាក់ថា៖ «កម្មករ គេមកធ្វើការវិញ ប៉ុន្តែ ស៊ីខៅឌូ បានដាក់សម្ពាធលើពួកគេ។ ពួកគេតែងតែបំភ័យ ហើយគេពុំផ្តល់អត្ថប្រយោជន៍អ្វីដល់កម្មករទេ»។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងថា ការជាប់គាំងរវាងថ្នាក់គ្រប់គ្រង SL និងកម្មករអាចជាសញ្ញាបង្ហាញអំពីការបញ្ចប់នៃការដោះស្រាយដោយក្រុម ប្រឹក្សាអាជ្ញាកណ្តាល។ លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា ពេលចរចាបានផុតទៅហើយ។ ខ្ញុំគិតថា អាជ្ញាធរចាំបាច់ត្រូវធ្វើអន្តរាគមន៍»៕ TK
រាយការណ៍បន្ថែមដោយ សែន ដាវិត
No comments:
Post a Comment