Friday, October 18, 2013

គោល​នយោបាយ​ស្ដីពី​កំពង់ផែ​និង​ប្រព័ន្ធ​គ្រប់គ្រង​កំពង់ផែ


ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កម្ពុជា សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន ចៃកា (JICA) បាន​បើក​សិក្ខាសាលា​បង្ហាញ​អំពី​គោល​នយោបាយ​ជាតិ ស្ដីពី កំពង់ផែ និង​ប្រព័ន្ធ​គ្រប់គ្រង​កំពង់ផែ ដើម្បី​ផ្សព្វផ្សាយ​គោល​នយោបាយ​ស្ដីពី​ប្រព័ន្ធ​គ្រប់គ្រង​កំពង់ផែ ដែល​ទើប​បង្កើត​ថ្មី​នេះ ទៅ​ដល់​ក្រសួង និង​កំពង់ផែ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ត្រាំ អ៊ីវតឹក ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​គោល​នយោបាយ​ជាតិ ស្ដីពី​កំពង់ផែ និង​ប្រព័ន្ធ​គ្រប់គ្រង​កំពង់ផែ នា​សណ្ឋាគារ ឡឺ រ៉ូយាល់ (Le Royal) រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Vohar Cheath

ដោយ វោហារ ជាតិ 2013-10-18

គោល​នយោបាយ​ជាតិ​ថ្មី​នេះ មាន​បំណង​សំដៅ​ធានា​ការ​អភិវឌ្ឍ​វិស័យ​កំពង់ផែ ប្រកប​ដោយ​ចីរភាព និង​ប្រសិទ្ធភាព​ខ្ពស់។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កម្ពុជា ប្រកាស​ផ្សព្វផ្សាយ​អំពី​គោល​នយោបាយ​ជាតិ ស្ដីពី កំពង់ផែ និង​ប្រព័ន្ធ​គ្រប់គ្រង​កំពង់ផែ ស្រព​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា កំពុង​មាន​កំណើន​សេដ្ឋកិច្ច​ជា​បណ្ដើរៗ។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ត្រាំ អ៊ីវតឹក បាន​ប្រកាស​ប្រាប់​មន្ត្រី​រាជការ រួម​ទាំង​តំណាង​ក្រុមហ៊ុន​ឯកជន​នានា ដែល​ចូល​រួម​ពិធី​នោះ​ថា កំពង់ផែ មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ។ លោក​ថា ដើម្បី​ឲ្យ​កំពង់ផែ​កម្ពុជា អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ​បាន លុះត្រា​កម្ពុជា មាន​កំពង់ផែ ទំនើប និង​ប្រព័ន្ធ​គ្រប់គ្រង​ទាន់​សម័យ។

នៅ​ក្នុង​សិក្ខាសាលា​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​១៧ តុលា នៅ​សណ្ឋាគារ ឡឺ រ៉ូយ៉ាល់ (Le Royal) រាជធានី​ភ្នំពេញ ដែល​មាន​មន្ត្រី​រដ្ឋាភិបាល ភ្នាក់ងារ​ក្រុមហ៊ុន​ឯកជន​ជាតិ និង​អន្តរជាតិ ជាង ១០០​នាក់ ចូល​រួម​នោះ បាន​ពិភាក្សា​គ្នា​ផ្ដោត​លើ​ការ​រៀប​ចំ​កំពង់ផែ​ឲ្យ​មាន​ចីរភាព អាច​ផ្ដល់​សេវា​មួយ​ដែល​អ្នក​ប្រើប្រាស់​ទុក​ចិត្ត​បាន មាន​លក្ខណៈ​ងាយ​ស្រួល លើក​ដាក់​ទំនិញ​ឆាប់​រហ័ស តម្លៃ​សមរម្យ មាន​សន្តិសុខ និង​សុវត្ថិភាព​ដល់​នាវា ទំនិញ និង​អ្នក​ធ្វើ​ដំណើរ ព្រម​ទាំង​ចូល​រួម​ចំណែក​ការពារ​បរិស្ថាន ដើម្បី​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ជាមួយ​កំពង់ផែ​ផ្សេងៗ​ទៀត នៅ​ក្នុង​តំបន់ និង​អន្តរជាតិ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ក្រសួង​សាធារណការ លោក ចាន់ តារា ដែល​ដឹក​នាំ​កិច្ច​ពិភាក្សា​ក្នុង​សិក្ខាសាលា​នោះ បាន​បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​គោល​នយោបាយ​ជាតិ​ស្ដី​អំពី​ប្រព័ន្ធ​គ្រប់គ្រង​កំពង់ផែ នេះ ក៏​ជា​សារ​ថ្មី​មួយ​ដែល​រដ្ឋាភិបាល​បើក​ឱកាស​ឲ្យ​វិនិយោគិន​មាន​សិទ្ធិ​ចាប់​ផ្ដើម​វិនិយោគ​លើ​វិស័យ​កំពង់ផែ នៅ​កម្ពុជា បាន​ដែរ៖ «គឺ​ក្នុង​អត្ថន័យ​មួយ គឺ​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគទុន​ទាំងអស់​ដែល​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​កំពង់ផែ​ហ្នឹង ដែល​លោក​មាន​ទុន ហើយ​ចង់​វិនិយោគ​កំពង់ផែ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នេះ គឺ​ថា​លោក​អាច​ចូល​មក​វិនិយោគ​បាន ហើយ​យើង​បាន​គោល​នយោបាយ​នេះ គឺ​ថា​បង្កើត​បរិយាកាស​មួយ​ដែល​ឲ្យ​អ្នក​វិនិយោគ​អាច​ចូល​រួម​បាន ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​វិនិយោគ​កំពង់ផែ ធ្វើ​ប្រតិបត្តិការ​កំពង់ផែ ដើម្បី​រក​ផល​ចំណេញ​ទទួល​ទាន​បាន»។

កម្ពុជា សព្វថ្ងៃ​មាន​កំពង់ផែ​ពីរ គឺ​កំពង់ផែ​សមុទ្រ​ខេត្ត​ព្រះសីហនុ និង​កំពង់ផែ​ភ្នំពេញ ជា​របស់​រដ្ឋ ហើយ​ដាក់​ឲ្យ​ប្រតិបត្តិការ​ជា​ស្វយ័ត។ ក្រៅ​ពី​នេះ របាយការណ៍​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បង្ហាញ​ថា មាន​កំពង់ផែ​ឯកជន​ផ្សេង​ទៀត ដូច​ជា​កំពង់ផែ​សមុទ្រ​កែវផុស ស្ទឹងហាវ កំពត ស្រែអំបិល កោះកុង និង​កំពង់ផែ​តូចៗ​នៅ​តាម​ប្រព័ន្ធ​ទន្លេ​មេគង្គ​ជាច្រើន កំពុង​ប្រតិបត្តិការ​អាជីវកម្ម។

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ចៃកា លោក យូកូអិ ហ៊ីរូយូគី (Yokoi Hiroyuki) តំណាង ចៃកា បញ្ជាក់​ថា គម្រោង​ស្ដីពី កំពង់ផែ និង​ប្រព័ន្ធ​គ្រប់គ្រង​កំពង់ផែ នេះ ចៃកា បាន​ធ្វើ​ការ​ជាមួយ​ក្រសួង​សាធារណការ​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក​ម្ល៉េះ។ លោក​ថា គម្រោង​នេះ​អាច​ជួយ​ឲ្យ​កម្ពុជា មាន​ឱកាស​ចូល​រួម​ប្រកួត​ប្រជែង​ផ្នែក​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ​របស់​សហគ្រាស និង​ក្រុមហ៊ុន​ឯកជន​នានា នៅ​ពេល​កម្ពុជា ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន នៅ​ឆ្នាំ​២០១៥ ខាង​មុខ។ ក៏ប៉ុន្តែ លោក​ថា ប៉ុណ្ណេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ កម្ពុជា ត្រូវ​ការ​អភិវឌ្ឍ​លើ​ផ្នែក​ការងារ​កំពង់ផែ​ជាច្រើន​ទៀត ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​អាស៊ាន ជាពិសេស​ប្រទេស​ជឿន​លឿន​ជិត​ខាង ដូច​ជា វៀតណាម និង​ថៃ ដែល​មាន​ប្រព័ន្ធ​គ្រប់គ្រង​កំពង់ផែ​ទំនើប និង​យក​ថ្លៃ​សេវា​ថោក​ជាង​កម្ពុជា។ ត្រង់​នេះ លោក​ថា កម្ពុជា ងាយ​ប្រឈម​មុខ​ពីរ គឺ​បាត់​បង់​ឱកាស និង​មាន​ឱកាស។ បាត់​បង់​ឱកាស គឺ​ថា​បើ​សិន​ជា​ប្រព័ន្ធ​គ្រប់គ្រង​កំពង់ផែ​កម្ពុជា ទុក​នៅ​ដដែល​ដូច​សព្វថ្ងៃ​នេះ ឧបករណ៍ សម្ភារៈ​កំពង់ផែ មិន​ទំនើប យក​ថ្លៃ​សេវា​ថ្លៃ​ជាង​ប្រទេស​ជិត​ខាង ខ្វះ​ប្រព័ន្ធ​គមនាគមន៍​ជាដើម។ កម្ពុជា អាច​មាន​ឱកាស​ដណ្ដើម​យក​ទីផ្សារ​ដឹក​ជញ្ជូន​នៅ​ក្នុង​តំបន់​បាន លុះត្រា​តែ​កម្ពុជា ពង្រឹង​រចនាសម្ព័ន្ធ​រូបវន្ត និង​រចនាសម្ព័ន្ធ​សំណុំ​នៃ​ផ្នែក​នានា​ជា​សេវា សម្រាប់​បម្រើ​វិស័យ​ផលិតកម្ម ឬ​មិន​ផលិតកម្ម​នៃ​សេដ្ឋកិច្ច​ជាតិ។

នៅ​ក្នុង​សិក្ខាសាលា​នោះ​ដែរ តំណាង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ឯកជន​ក៏​បាន​ត្អូញត្អែរ​ដែរ​ថា តម្លៃ​សេវាកម្ម​កំពង់ផែ​អន្តរជាតិ​កម្ពុជា បាន​យក​ថ្លៃ​ខ្ពស់​ជាង​កំពង់ផែ​ប្រទេស​ជិត​ខាង ដូច​ជា​ប្រទេស​វៀតណាម ថៃ ជាដើម ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​បរទេស​ភាគ​ច្រើន បាន​ព្យាយាម​មិន​ដឹក​ទំនិញ​ចូល​ច្រក​កំពង់ផែ​កម្ពុជា បែរ​ជា​នាំ​គ្នា​ដឹក​ចូល​កំពង់ផែ​ប្រទេស​ជិត​ខាង ធ្វើ​ឲ្យ​បាត់​បង់​ប្រាក់​ចំណូល​ជាតិ​ច្រើន។ តំណាង​ក្រុមហ៊ុន​ឯកជន​ទាំង​នោះ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល ពិចារណា​ឡើង​វិញ​អំពី​តម្លៃ​ខ្ពស់​នេះ។

ទាក់ទង​ការ​យក​ថ្លៃ​សេវា​កំពង់ផែ​ថ្លៃ​នេះ លោក ចាន់ តារា បាន​លើក​ហេតុផល​ថា ការ​កំណត់​យក​ថ្លៃ​ខ្ពស់​នេះ មិន​មែន​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​តែ​ម្ខាង​នោះ​ទេ គឺ​មាន​ក្រុមហ៊ុន​ផ្សេងៗ​ទៀត រួម​ទាំង​វិនិយោគិន​បរទេស​មួយ​ចំនួន បាន​រួម​ចំណែក​ធ្វើ​ឲ្យ​សេវាកម្ម​នេះ​ឡើង​ថ្លៃ​ដែរ។

ចំពោះ​ការ​ទាមទារ​ឲ្យ​បញ្ចុះ​តម្លៃ​សេវាកម្ម​កំពង់ផែ​នេះ លោក ចាន់ តារា បាន​ឆ្លើយ​ថា លោក​នឹង​យក​រឿង​នេះ​ទៅ​ពិភាក្សា​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។ បន្ថែម​លើ​នេះ លោក​បញ្ជាក់​ថា តម្លៃ​សេវាកម្ម​កំពង់ផែ ក៏​នឹង​ធ្លាក់​ចុះ​ជា​ស្វ័យប្រវត្តិ​ដែរ នៅ​ពេល​គោល​នយោបាយ​ជាតិ ស្ដីពី កំពង់ផែ និង​ប្រព័ន្ធ​គ្រប់គ្រង​កំពង់ផែ ដំណើរ​ការ​ពេញ​លេញ៕

No comments: