Friday, October 18, 2013

មន្ត្រី​បក្ស​ប្រឆាំង​នៅ​កំពង់ឆ្នាំង​ព្រមាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​រារាំង​ផ្ដិត​មេដៃ


នៅ​តាម​មូលដ្ឋាន​នៃ​ខេត្ត​កំពង់ឆ្នាំង អាជ្ញាធរ​នៅ​តែ​បន្ត​គំរាម​កំហែង​ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ដើរ​ប្រមូល​ស្នាម​មេដៃ ដើម្បី​គាំទ្រ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​នឹង​ដាក់​ជូន​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា នា​ថ្ងៃ​ទី​២៣ ខែ​តុលា។

ប្រជាពលរដ្ឋ​ចូល​រួម​ក្នុង​សមាជ​បក្ស​សង្គ្រោះ​ជាតិ ផ្ដិត​មេដៃ​គាំទ្រ​ញត្តិ​ទាមទារ​តវ៉ា​របស់​បក្ស​សង្គ្រោះ​ជាតិ នា​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០១៣។ Photo: RFA

ដោយ ជិន ជេដ្ឋា 2013-10-18

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមាន​ធ្វើ​បាតុកម្ម​ប្រឆាំង​ទៅ​នឹង​សកម្មភាព​រារាំង​របស់​អាជ្ញាធរ​នេះ ប្រសិន​បើ​នៅ​តែ​បន្ត​ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត។

គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​តុលា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង ប្រមូល​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ ដើម្បី​គាំទ្រ​ញត្តិ​បាន​ចំនួន ៦០% ហើយ ក្នុង​ចំណោម​ស្នាម​មេដៃ​ត្រូវ​ការ​សរុប​នៅ​ទូទាំង​ខេត្ត​ជាង ៩​ម៉ឺន​ស្នាម​មេដៃ បើ​ទោះ​បី​ជា​មាន​ការ​រារាំង​ពី​អាជ្ញាធរ​តាម​មូលដ្ឋាន​ក៏ដោយ។

មន្ត្រី និង​ជា​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ដួង ចន្ដ្រា ថ្លែង​ថា សកម្មភាព​រារាំង និង​គំរាម​កំហែង​របស់​អាជ្ញាធរ ហាក់​ធ្វើ​ឡើង​ជា​ប្រព័ន្ធ ជា​ពិសេស​នៅ​ស្រុក​ជលគីរី ស្រុក​កំពង់លែង និង​ស្រុក​រលាប្អៀរ។ លោក​បន្ត​ថា អាជ្ញាធរ​ភូមិ​ឃុំ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​នៃ​ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើ​ការ​គំរាម​កំហែង​ទៅ​លើ​សកម្មជន និង​ប្រជាពលរដ្ឋ​ដោយ​ចំហ តាម​រយៈ​ការ​ស្រែក​ដាក់​ឧបករណ៍​បំពង​សំឡេង​នៅ​តាម​មូលដ្ឋាន។




លោក ដួង ចន្ដ្រា៖ «យើង​បាន​រៀប​ជា​កម្លាំង​ចុះ​ជួយ​អន្តរាគមន៍​ភ្លាមៗ នៅ​ពេល​ដែល​សកម្មជន​យើង​ចុះ​ទៅ​ប្រមូល​ស្នាម​មេដៃ​មាន​បញ្ហា​នោះ យើង​មាន​ក្រុម​អន្តរាគមន៍​ក្នុង​មួយ​ស្រុក​ពី ១០​នាក់​ទៅ ១៥​នាក់ កិច្ច​អន្តរាគមន៍​ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់ យើង​ទៅ​ចរចា​ផ្ទាល់​ជា​មួយ​នឹង​សមត្ថកិច្ច​ដែល​មាន​មេ​ឃុំ មាន​ប៉ូលិស​ជា​ដើម ដែល​ជា​អ្នក​ឃាត់ឃាំង​នោះ ដើម្បី​ពន្យល់​ពី​ការ​តស៊ូ​មតិ​របស់​យើង​តាម​ញត្តិ ដើម្បី​ដាក់​ជូន​ទៅ​អង្គការ​សហប្រជាជាតិ»។



អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជុំវិញ​ករណី​នេះ​ទេ ក៏ប៉ុន្តែ លោក​ថា​សកម្មភាព​ដើរ​ប្រមូល​ស្នាម​មេដៃ ឬ​ធ្វើ​អ្វី​មួយ គេ​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត ឬ​ផ្ដល់​ព័ត៌មាន​ជា​មុន​ដល់​អាជ្ញាធរ បើ​មិន​ដូច្នោះ​ទេ សកម្មភាព​ទាំង​នោះ គឺ​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់៖ «បើ​សិន​មាន​អ្នក​ធ្វើ​ក៏ដោយ តែ​អត់​សុំ​ច្បាប់​វា​ខុស តែ​កាល​ណា​ខុស​ច្បាប់ អ្នក​ហ្នឹង​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ព្រោះ​អា​ពួក​អ្នក​ធ្វើ​ដែល​លោក​ឯង​និយាយ​រឿង​សង្គ្រោះ​ជាតិ វា​អត់​ដែល​រាយការណ៍​ឲ្យ​អាជ្ញាធរ​ឯណា»។

បន្ថែម​លើ​នេះ មន្ត្រី​នាំ​ពាក្យ​របស់​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ក្រសួង ឬ​អាជ្ញាធរ​មិន​ដែល​ហាម​ឃាត់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ដើរ​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​នោះ​ទេ ក៏ប៉ុន្តែ សកម្មភាព​នេះ​ត្រូវ​តែ​ធ្វើ​ឡើង​នៅ​តាម​ទីស្នាក់ការ​គណបក្ស​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​ខុស​ទៅ​នឹង​គោលការណ៍​បោះ​ឆ្នោត​ដោយ​សម្ងាត់។

ទាក់ទង​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា ពន្យល់​ថា ការ​សម្ដែង​មតិ ឬ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ ដើម្បី​សម្ដែង​នូវ​ការ​មិន​ពេញ​ចិត្ត​អ្វី​មួយ​នោះ គឺ​អាច​ធ្វើ​ឡើង​នៅ​ទី​កន្លែង​ណា​ក៏​បាន ហើយ​វា​ក៏​មិន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលការណ៍​បោះ​ឆ្នោត​ដោយ​សម្ងាត់​នោះ​ដែរ ពីព្រោះ​ថា គោលការណ៍​សម្ងាត់​នេះ​គេ​អនុវត្ត​តែ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ៖ «ការងារ​ហ្នឹង​ធ្វើ​ដោយ​សកម្មភាព​អាជ្ញាធរ ដោយ​មេ​ភូមិ ដោយ​មន្ត្រី​រាជការ​កង​កម្លាំង​ប្រដាប់​អាវុធ អា​ហ្នឹង​មាន​បញ្ហា បើ​គ្រាន់​ថា​សម្ដែង​មតិ​តាម​រយៈ​ហត្ថលេខា តាម​រយៈ​ការ​ផ្ដិត​មេដៃ​អី វា​ជា​រឿង​ដែល​អាច​ធ្វើ​បាន ទាល់​តែ​សុំ​ការ​អនុញ្ញាត​វីវរ ហើយ​រដ្ឋ​អំណាច​យើង​មាន​បញ្ហា​ហើយ»។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ម្ចាស់​ឆ្នោត ដើម្បី​គាំទ្រ​ញត្តិ​ដាក់​ជូន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឲ្យ​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ ដែល​កំពុង​តែ​កើត​មាន​នៅ​កម្ពុជា ត្រូវ​បាន​មេភូមិ មេ​ឃុំ និង​នាយ​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ឃុំ​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ឆ្នាំង រារាំង​ជា​បន្តបន្ទាប់៕

No comments: