Tuesday, October 15, 2013

អង្គការ​សង្គម​ស៊ីវិល​ និស្សិត​ និង​ព្រះសង្ឃ​ លើក​អនុសាសន៍​សុំ​​បង្កើត​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង


អង្គការ​សង្គម​ស៊ីវិល​ និស្សិត​ និង​ព្រះសង្ឃ​ ចូលរួមក្នុងវេទិកា​នៅ​ថ្ងៃ​ទី១៤​ ខែ​តុលា​ ឆ្នាំ២០១៣ ដើម្បី​សុំ​ឲ្យ​ព្រឹទ្ធ​សភា​ រដ្ឋ​សភា​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើត​ជា​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​។ RFA/Ouk Savborey

អ៊ុក សាវបូរី 2013-10-14

គ្រឿង​ស្រវឹង​កំពុង​ក្លាយ​ទៅ​ជា​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​ សំរាប់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សមាគម​យុវជន​ ជួប​ប្រជុំ​ប្រមូល​យក​អនុសាសន៍​ ពី​វេទិកា​នៅ​ថ្ងៃ​ទី១៤​ ខែ​តុលា​ ដើម្បី​សុំ​ឲ្យ​ព្រឹទ្ធ​សភា​ រដ្ឋ​សភា​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើត​ជា​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​។

មនុស្ស​ប្រមាណ​១០០​នាក់​ ភាគ​ច្រើន​ជា​និស្សិត​ ព្រះសង្ឃ​ បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ និង​មន្រ្តី​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល​ ប្រជុំ​គ្នា​ក្នុង​វេទិកា​ ផ្តល់​យោបល់​ ស្តី​ពី​វិធានការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ដើម្បី​ប្រមូល​អនុសាសន៍​ បញ្ជូន​ទៅ​រដ្ឋសភា​ ព្រឹទ្ធសភា​ សុំ​បង្កើត​ច្បាប់​គ្រប់គ្រង​ គ្រឿង​ស្រវឹង​។​

នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ ដើម្បី​សុខភាព​កម្ពុជា​ វេជ្ជ​បណ្ឌិត​ មុំ គង់​ ថ្លែង​ថា​ អនុសាសន៍​ប្រមូល​បាន​ពី​វេទិកា​ផ្តល់​អនុសាសន៍​ ស្តី​ពី​វិធានការ​កាត់បន្ថយ​គ្រឿង​ស្រវឹង​ នៅ​ថ្ងៃ​ទី១៤​ ខែ​តុលា​នេះ​ នឹង​បញ្ជូន​ទៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ព្រឹទ្ធសភា​ រដ្ឋសភា​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ នៅ​ល្ងាច​ថ្ងៃ​ដដែល​ ដើម្បី​ឈាន​ទៅ​បង្កើត​គោល​នយោបាយ​កាត់បន្ថយ​ ការប្រើប្រាស់​គ្រឿង​ស្រវឹង​ នៅ​កម្ពុជា​៖ «ល្ងាច​នេះ​ មាន​ការ​ចូលរួម​ប្រជុំ ​ពី​សភា​ ព្រឹទ្ធសភា​ ហើយ​និង​ក្រសួង​ដែល​ពាក់ព័ន្ធ​នឹង​ គឺ​មាន​គោលបំណង​ ពិភាក្សា​គ្នា​ថា​ តើ​ប្រទេស​កម្ពុជា​យើង​ គួរ​ធ្វើ​គោលនយោបាយ​អ្វី​មុន​គេ​ ដើម្បី​កាត់បន្ថយ​ ការប្រើប្រាស់​គ្រឿង​ស្រវឹង​។​ ពី​ព្រោះ​តាម​រយៈ​វិធានការ​ សកល​ របស់​អង្គការ​សុខភាព​ពិភពលោក ​បាន​លើក​ឡើង​នូវ​វិធានការ​៤​ ដែល​មាន​ប្រសិទ្ធិភាព​ ដើម្បី​កាត់​បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​៖ ទី១​ គឺ​ការ​តម្លើង​ពន្ធ​ លើ​ផលិតផល​គ្រឿងស្រវឹង​ ទី២​ គឺ​វិធានការ​ទៅ​លើ​ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ ទី៣​ គឺ​កំណត់​នូវ​កន្លែង​លក់​គ្រឿងស្រវឹង​ និង​ទី៤ ​ពាក់ព័ន្ធ​នឹង​អាយុ​នៃ​អ្នក​អាច​ទិញ​គ្រឿង​ស្រវឹង​បាន​។»

មន្រ្តី​បច្ចេកទេស​នៃ​អង្គការ​សុខភាពពិភពលោក​ ទទួល​បន្ទុក​ការងារ​ថ្នាំ​ជក់​ និង​គ្រឿងស្រវឹង​ វេជ្ជបណ្ឌិត​ យឹល​ ដារ៉ាវុធ​ ថ្លែង​ថា​ អនុសាសន៍​កាត់បន្ថយ​ ការប្រើប្រាស់​គ្រឿងស្រវឹង​ ត្រូវ​តម្លើង​ពន្ធ​ ផលិតផល​គ្រឿងស្រវឹង​ ហាម​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ កំណត់​កន្លែង​

លក់​គ្រឿងស្រវឹង​ និង​កំណត់​អាយុ​អ្នក​ប្រើប្រាស់​គ្រឿងស្រវឹង​។ អនុសាសន៍​ទាំង​៤​នេះ​ ត្រូវ​បញ្ជូន​ភ្លាមៗ​ ឲ្យ​តំណាង​រាស្រ្ត​អាណត្តិ​ទី​៥​ ពិចារណា​ ដើម្បី​ឈាន​ទៅ​បង្កើត​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​៖​​ «​ គួរ​តម្លើង​ពន្ធ​ទៅ​លើ​គ្រឿង​ស្រវឹង​។ ​ពន្ធ​ឥឡូវ​នេះ​ទាប​ណាស់​ មាន​តែ​២៥%​ នៃ​តម្លៃ​លក់​រាយ​ ដែល​ទាប​នៅ​ក្នុង​បណ្តា​ប្រទេស​ នៅ​តំបន់​អាស៊ាន​យើង​។​ អីចឹង​ពន្ធ​ទាប​នេះ​ហើយ​ ជា​ហេតុផល​ធ្វើ​ឲ្យ​យុវតី​ និង​យុវ​បុរស​យើង​ គឺ​អាច​មាន​លទ្ធភាព​ទិញ​គ្រឿង​ស្រវឹង​បាន​ ហើយ​ខ្មែរ​យើង​និយាយ​ឲ្យ​ចំ​ទៅ​ គឺ​ផឹក​គ្រឿង​ស្រវឹង​ខុស​ប្លែក​ពី​គេ​ គឺ​ថា​គាត់​ផឹក​ៗ​យក​តែ​ម៉ា​ឈ្នះ​តែ​ម្តង​ ម្នាក់​កន្លះ​កែស​អីចឹង​ អា​នេះ​ វា​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ណាស់ ​អីចឹង​បញ្ហា​ថ្លើម​ ដូច​គេ​មាន​ជំនឿ​ថា​ ផឹក​គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​ជួយ​បេះដូង​តិចតួច​ ប៉ុន្តែ​គេ​ភ្លេច​គិត​ថា​ គ្រឿង​ស្រវឹង​ប្រឈម​មុខ​ទៅ​នឹង​ថ្លើម​ខ្លាំងក្លា​ ហើយ​មហារីក​ដទៃ​ទៀត​។​ ស្រ្តី​ដែល​ប្រើប្រាស់​គ្រឿង​ស្រវឹង​ប្រឈម​មុខ​នឹង​មហារីក​ដោះ​មហារីក​មាត់​ស្បូន​ អីចឹង​ជា​បញ្ហា​សំខាន់​។ ​អីចឹង​ទី១ គឺ​ការ​តម្លើង​ពន្ធ​ឲ្យ​ខ្ពស់​ ទៅ​លើ​ផលិផល​គ្រឿង​ស្រវឹង​ ដែល​រដ្ឋ​ក៏​បាន​ប្រមូល​លុយ​ច្រើន​ អាច​ធ្វើ​ឲ្យ​អត្រា​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​អាច​ថយ​ចុះ​ ព្រោះ​ថា​លទ្ធភាព​ទិញ​ស្រា​ គឺ​ថា​មិនអាច​ទិញ​បាន​ច្រើន​ទេ​ ព្រោះ​ថា​តម្លៃ​ថ្លៃ​។»

ប្រធាន​មជ្ឈមណ្ឌល​ភីឌីភី​ លោក​ យ៉ង់ ​គឹមអេង ​ថ្លែង​ថា​ របាយការណ៍​ របស់​ក្រសួង​សុខាភិបាល​ កាល​ពី​ឆ្នាំ​២០១១​ បង្ហាញ​ថា​ គ្រោះថ្នាក់​ ចរាចរណ៍​បណ្តាល​មក​ពី​គ្រឿង​ស្រវឹង​នៅ​ប្រទេស​កម្ពុជា​ធ្វើ​ឲ្យ​មនុស្ស​ជាង​២​ពាន់​នាក់​ ស្លាប់​ របួស​ និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ គិត​ជា​ថវិកា​ ប្រមាណ​៤៤​លាន​ដុល្លារ​។​ លោក​ថា​ បច្ចុប្បន្ន​ ប្រព័ន្ធ​ផ្សព្វផ្សាយ​លក់​គ្រឿង​ស្រវឹង​កំពុង​បង្ហាញ​តាម​ទូរទស្សន៍​ អំពី​រង្វាន់​ ដែល​ផ្តល់​ទៅ​អ្នក​ផឹក​។​ ការ​ឃោសនា​នោះ​ ទាក់​ទាញ​កុមារ​ និង​យុវជន​ជំទង់​ ចង់​ផឹក​សាក​ ដើម្បី​ឈ្នះ​

រង្វាន់​។​ បញ្ហា​ទាំង​នេះ​ ទើប​យុវជន​ សិស្ស​ និស្សិត​ ព្រះសង្ឃ​ នាំ​គ្នា​ប្រមូល​អនុសាសន៍​ចំនួន​៤​ សំខាន់​ គឺ​ការ​តម្លើង​ពន្ធ​លើ​ផលិតផល​គ្រឿង​ស្រវឹង​ ដែល​អាច​នាំ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ចំណូល​ខ្ពស់​ ហើយ​អ្នក​ខ្លះ​ ដែល​ចង់​ផឹក​គ្រឿង​ស្រវឹង​ មិនអាច​រក​ទិញ​គ្រឿង​ស្រវឹង​មក​ផឹក​បាន​ងាយ​។​ មួយ​វិញ​

ទៀត ​កំណត់​កន្លែង​លក់​គ្រឿង​ស្រវឹង​ និង​អាយុ​អ្នក​ផឹក​គ្រឿង​ស្រវឹង​ និង​បិទ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ជាដើម ​ទើប​មាន​ប្រសិទ្ធភាព​ក្នុង​ការកាត់បន្ថយ​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​។ គ្រឿង​ស្រវឹង​នេះ​ទៀត​ គឺ​ជា​មូលហេតុ​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​ លើ​ពិភពលោក​ប្រមាណ​២,៥​លាន​នាក់​ ក្នុង​មួយ​ឆ្នាំ​ៗ​ និង​

បង្ក​ឲ្យ​មាន​ជំងឺ​ ជាង​២០០​មុខ​ ដូចជា​ មហារីក​បំពង់​អាហារ​ មហារីក​ថ្លើម​ ជំងឺ​ស្ទះ​សរសៃ​ឈាម​ ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង​ ដាច់​សរសៃ​ខួរក្បាល​ ជំងឺ​ក្រិនថ្លើម​ រលាក​លំពែង​ និងវិកល​វិបល្លាស​ជាដើម។ លោក​ថា​សង្គម​ស៊ីវិល​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ ចាំបាច់​ត្រូវ​បង្កើត​ច្បាប់​

គ្រប់គ្រង​គ្រឿង​ស្រវឹង​៖ «ខាង​សភា​ ខាង​ព្រឹទ្ធសភា​ មាន​ជំហរ​មួយ​ឯកភាព​គ្នា​ គឺ​ថា​ជម្រុញ​ឲ្យ​មាន​គោល​នយោបាយ​គ្រឿង​ស្រវឹង​នឹង​ ឲ្យ​បាន​ឆាប់​ នៅ​ក្នុង​អាណត្តិ​ទី​៥​នេះ​ ក៏​ប៉ុន្តែ​សង្គម​ស៊ីវិល​ក៏​ខំ​ប្រឹង​ដែរ​ គឺ​ប្រឹង​រុញ​។​ ប៉ុន្តែ​ក្នុង​នោះ​ដែរ​ យើង​នឹង​រៀបចំ​ឲ្យ​មាន​ក្រុម​ពិសេស​មួយ​ ដើម្បី​ធ្វើការ​ជាមួយ​ គាត់​(​សភា​ ព្រឹទ្ធសភា​ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​) ដើម្បី​ពន្លឿន​នូវ​គោល​នយោបាយ​គ្រឿង​ស្រវឹង​នឹង​។​ ប៉ុន្តែ​យើង​ឃើញ​ថា​ អ្វី​ដែល​សំខាន់​នឹង​ គឺ​ក្រសួង​សុខាភិបាល​ យើង​ឃើញ​ថា​ នៅ​មាន​ការ​យឺតយ៉ាវ​ ចំពោះ​ការ​រុញ​បញ្ហា​គ្រឿង​ស្រវឹង​នឹង​​ឲ្យ​ចេញ​ឆាប់​។​ យើង​ឃើញ​ថា​ មក​ដល់​ពេល​នេះ​ ទើប​នឹង​មាន​ផែនការ​យុទ្ធសាស្រ្ត​៥​ឆ្នាំ​ អីចឹង​យើង​អត់ទាន់​បាន​ឈាន​ទៅ​ដល់​ការ​ធ្វើ​សេចក្តី​ព្រាង​គោល​នយោបាយ​ទេ​ នេះ​ជា​បញ្ហា​។»

ព្រះសង្ឃ​មួយ​អង្គ​និមន្ត​ពី​វត្ត​នន្ទមុន្នី​ សង្កាត់​ស្ទឹងមានជ័យ​ មក​ចូលរួម​ក្នុង​វេទិកា​នោះ​ មាន​ថេរដីកា​បន្ថែម​ថា​ ដើម្បី​កាត់​បន្ថយ​ការ​សេព​គ្រឿង​ស្រវឹង​ រដ្ឋាភិបាល​គួរ​បង្កើត​ផលិតផល​ជំនួស​គ្រឿង​ស្រវឹង​វិញ​៖ «ពេលណា​មាន​អ្នក​ទៅ​ទិញ​ ឧបមា​ថា​ទិញ​ផ្លែប៉ោម​ ពេលណា​គ្មាន​ផ្លែប៉ោម​ គេ​នឹង​ប្តូរ​ចិត្ត​ ទៅ​ទិញ​ផ្លែ​សារី​វិញ​ម្តង​ ដើម្បី​ទទួល​ទាន​។​ នេះ​គឺ​ជា​លទ្ធផល​ជំនួស​។ ទាក់ទង​គ្រឿង​ស្រវឹង​ ក៏​អីចឹង​ដែរ​។»​

យុវនារី​មួយ​រូប​ផ្តល់​យោបល់​ថា​ បាវចនា​របស់​ប្រទេស​កម្ពុជា​ មាន​ជាតិ​ សាសនា​ និង​ព្រះ​មហាក្សត្រ​។​ ក្នុង​៣​នោះ​ គឺ​បាវចនា​ជាតិ​ កំពុង​ត្រូវ​បាន​អ្នក​ឃោសនា​គ្រឿង​ស្រវឹង​យក​ទៅ​ផ្សព្វផ្សាយ​ ហើយ​អ្នក​ទិញ​ គ្រឿង​ស្រវឹង​ផឹក​ កំពុង​តែ​យក​ពាក្យ​បាវចនា​ជាតិ​នោះ​ ទៅ​លេង​សើច​៖ «ហេតុ​អី​បាន​ជា​ជាតិ​របស់​យើង​ នៅ​លើ​កំប៉ុង​ប៊ីយែ​ នៅ​លើ​អីចឹង​?​ បេះដូង​ខ្ញុំ​មិនមែន​លើ​កំប៉ុង​ប៊ីយែ​ទេ​ បេះដូង​ខ្ញុំ​នៅ​កន្លែង​ផ្សេង​ទេ​ ហើយ​មោទនភាព​ខ្ញុំ​ក៏​មិនមែន​នៅ​លើ​ធុងប៊ីយែ​ដែរ​។ ​អីចឹង​ខ្ញុំ​មិន​ដឹង​ ថា​តើ​នៅ​ក្នុង​គោល​នយោបាយ​ ឬ​ក៏​វិធានការ​ អនុសាសន៍​អី​នឹង​យើង​អាច​ដាក់​បញ្ចូល​តែ​មួយ​ឃ្លា​ ហើយ​តើ​យើង​គួរ​មាន​បទ​ប្បញ្ញត្តិ​ ក្នុង​ការ​កំរិត​ការ​ដាក់​ឈ្មោះ​ និង​ពាក្យ​ស្លោក​ទាក់ទង​ទៅ​នឹង​ជាតិ​និយម​នឹង​ដែរ​ ឬ​អត់​!។»

របាយការណ៍​វេទិកា​ផ្តល់​យោបល់​ស្តី​ពី​វិធានការ​ កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ បង្ហាញ​ថា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឧស្សាហកម្ម​គ្រឿង​ស្រវឹង​ តែងតែ​លើក​ឡើង​ថា​ ការ​វិនិយោគទុន​គ្រឿង​ស្រវឹង​ផ្តល់​ដល់​រដ្ឋាភិបាល​ នូវ​ប្រាក់​ចំណូល​ពន្ធ​ច្រើន​។​ ប៉ុន្តែ​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ សុទ្ធ​តែ​បាន​ អះអាង​ថា​ ចំណូល​ពន្ធ​ពី​គ្រឿង​ស្រវឹង​ គឺ​មាន​ចំនួន​តិច​ជាង​ការខាតបង់​ទ្រព្យ​សម្បត្តិ​ ដែល​បង្ក​ដោយ​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​។​ ជាក់ស្តែង​នៅ​ប្រទេស​ថៃ​ ការ​ប្រមូល​ពន្ធ​ពី​គ្រឿង​ស្រវឹង​ បាន​៧០​ពាន់​ លាន​បាត​នៅ​ឆ្នាំ​២០០៦​។​ ប៉ុន្តែ​ប្រទេស​នោះ​ ត្រូវ​ចំណាយ​ទៅ​លើ​ការ​ដោះស្រាយ​ បញ្ហា​ដែល​បង្ក​ដោយ​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ដល់​ទៅ​១៥០​ពាន់​លាន​បាត​ គឺ​ក្នុង​១​ឆ្នាំ​ ប្រទេស​ថៃ​ខាត​ថវិកា​៨០​ពាន់​លាន​បាត​ ដោយសារ​បញ្ហា​គ្រឿង​ស្រវឹង​។​

ចំណែក​នៅ​ប្រទេស​កម្ពុជា​ ការ​ចំណូល​ពន្ធ​ពី​ផលិតផល​គ្រឿង​ស្រវឹង​ មិន​បាន​ប្រកាស​ជា​សាធារណៈ​ ហើយ​អ្នក​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ មិន​បាន​ត្រួត​ពិនិត្យ​ អ្នក​បញ្ជា​យានយន្ត​ មាន​ជាតិ​ស្រវឹង​ ឬ​អត់​ ទើប​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ ក្នុង​១​ថ្ងៃៗ​ ច្រើន​ជាង​៥​នាក់ ​និង​អ្នក​របួស​ច្រើន​នាក់​ផ្សេង​ទៀត​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

2 comments:

Anonymous said...

people in cambodia may not realize this, but drun and driving don't mixed. also drunk people are getting into vilence. cambodia should have law to curb drunk driving and violence related to drunk people. right now, traffic fatalities are higher than say hiv/aids and other diseases in cambodia. wake up, people, don't drink and drive, it kills!

Anonymous said...

វាជាទំលាប់ទៅហើយ!ពាក្យទំលាប់នេះស្ទើក្លាយ ជាប្រពៃណីយ៍ ដោយពិបាកកែ។ ធម្មតា ប្រទេស គេៗទប់ស្កាត់មុនហេតុការណ៍ដែលកើតឡើង។
ចំពោះប្រទេសខ្មែរគឺតែងទប់ស្កាត់ក្រោយហេតុការណ៍ រួចដើរទាល់ច្រកលោកធំៗខ្មែរ ពោលថា៖ ធ្វើម្តេចបើអង្ករក្លាយជាបាយទៅហើយ នេះជា ទំលាប់អាក្រក់នៃអ្នកដឹកនាំខ្មែរខ្វះសិលធម៌៕

ចេះតែងច្បាប់ តែមិនគោរពច្បាប់។
តំកល់ខ្លួនឯងជាធំ តែខ្វះសិលធម៌។ ទាំងអស់នេះ
កើតចេញពិលោកធំៗ សមដូចពាក្យខ្មែរដំណាល
តៗគ្នាថា មេឪធ្វើធំ កូនខ្លួនឡើងចាងស្រវឹងបាញ់
បោះគេឯងតាមអំពើចិត្ត។ល្មមដល់ពេលលាចេញ
ហើយលោកធំ ទុកឲ្យគេដឹកនាំម្តងទៅក្រែងស្តាមុខ
មាត់ប្រទេសជាតិបានខ្លះ៕