Tuesday, October 15, 2013
អង្គការសង្គមស៊ីវិល និស្សិត និងព្រះសង្ឃ លើកអនុសាសន៍សុំបង្កើតច្បាប់គ្រប់គ្រងគ្រឿងស្រវឹង
អ៊ុក សាវបូរី 2013-10-14
គ្រឿងស្រវឹងកំពុងក្លាយទៅជាបញ្ហាចោទធ្ងន់ធ្ងរ សំរាប់ប្រទេសកម្ពុជាបច្ចុប្បន្ន ដែលអង្គការក្រៅរដ្ឋាភិបាល និងសមាគមយុវជន ជួបប្រជុំប្រមូលយកអនុសាសន៍ ពីវេទិកានៅថ្ងៃទី១៤ ខែតុលា ដើម្បីសុំឲ្យព្រឹទ្ធសភា រដ្ឋសភា និងក្រសួងស្ថាប័នពាក់ព័ន្ធបង្កើតជាច្បាប់គ្រប់គ្រងគ្រឿងស្រវឹង។
មនុស្សប្រមាណ១០០នាក់ ភាគច្រើនជានិស្សិត ព្រះសង្ឃ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល និងមន្រ្តីក្រសួងស្ថាប័នរដ្ឋាភិបាល ប្រជុំគ្នាក្នុងវេទិកា ផ្តល់យោបល់ ស្តីពីវិធានការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដើម្បីប្រមូលអនុសាសន៍ បញ្ជូនទៅរដ្ឋសភា ព្រឹទ្ធសភា សុំបង្កើតច្បាប់គ្រប់គ្រង គ្រឿងស្រវឹង។
នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា វេជ្ជបណ្ឌិត មុំ គង់ ថ្លែងថា អនុសាសន៍ប្រមូលបានពីវេទិកាផ្តល់អនុសាសន៍ ស្តីពីវិធានការកាត់បន្ថយគ្រឿងស្រវឹង នៅថ្ងៃទី១៤ ខែតុលានេះ នឹងបញ្ជូនទៅក្នុងកិច្ចប្រជុំរបស់ព្រឹទ្ធសភា រដ្ឋសភា និងក្រសួងស្ថាប័នពាក់ព័ន្ធ នៅល្ងាចថ្ងៃដដែល ដើម្បីឈានទៅបង្កើតគោលនយោបាយកាត់បន្ថយ ការប្រើប្រាស់គ្រឿងស្រវឹង នៅកម្ពុជា៖ «ល្ងាចនេះ មានការចូលរួមប្រជុំ ពីសភា ព្រឹទ្ធសភា ហើយនិងក្រសួងដែលពាក់ព័ន្ធនឹង គឺមានគោលបំណង ពិភាក្សាគ្នាថា តើប្រទេសកម្ពុជាយើង គួរធ្វើគោលនយោបាយអ្វីមុនគេ ដើម្បីកាត់បន្ថយ ការប្រើប្រាស់គ្រឿងស្រវឹង។ ពីព្រោះតាមរយៈវិធានការ សកល របស់អង្គការសុខភាពពិភពលោក បានលើកឡើងនូវវិធានការ៤ ដែលមានប្រសិទ្ធិភាព ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង៖ ទី១ គឺការតម្លើងពន្ធ លើផលិតផលគ្រឿងស្រវឹង ទី២ គឺវិធានការទៅលើ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ទី៣ គឺកំណត់នូវកន្លែងលក់គ្រឿងស្រវឹង និងទី៤ ពាក់ព័ន្ធនឹងអាយុនៃអ្នកអាចទិញគ្រឿងស្រវឹងបាន។»
មន្រ្តីបច្ចេកទេសនៃអង្គការសុខភាពពិភពលោក ទទួលបន្ទុកការងារថ្នាំជក់ និងគ្រឿងស្រវឹង វេជ្ជបណ្ឌិត យឹល ដារ៉ាវុធ ថ្លែងថា អនុសាសន៍កាត់បន្ថយ ការប្រើប្រាស់គ្រឿងស្រវឹង ត្រូវតម្លើងពន្ធ ផលិតផលគ្រឿងស្រវឹង ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមប្រព័ន្ធផ្សព្វផ្សាយ កំណត់កន្លែង
លក់គ្រឿងស្រវឹង និងកំណត់អាយុអ្នកប្រើប្រាស់គ្រឿងស្រវឹង។ អនុសាសន៍ទាំង៤នេះ ត្រូវបញ្ជូនភ្លាមៗ ឲ្យតំណាងរាស្រ្តអាណត្តិទី៥ ពិចារណា ដើម្បីឈានទៅបង្កើតច្បាប់គ្រប់គ្រងគ្រឿងស្រវឹង៖ « គួរតម្លើងពន្ធទៅលើគ្រឿងស្រវឹង។ ពន្ធឥឡូវនេះទាបណាស់ មានតែ២៥% នៃតម្លៃលក់រាយ ដែលទាបនៅក្នុងបណ្តាប្រទេស នៅតំបន់អាស៊ានយើង។ អីចឹងពន្ធទាបនេះហើយ ជាហេតុផលធ្វើឲ្យយុវតី និងយុវបុរសយើង គឺអាចមានលទ្ធភាពទិញគ្រឿងស្រវឹងបាន ហើយខ្មែរយើងនិយាយឲ្យចំទៅ គឺផឹកគ្រឿងស្រវឹងខុសប្លែកពីគេ គឺថាគាត់ផឹកៗយកតែម៉ាឈ្នះតែម្តង ម្នាក់កន្លះកែសអីចឹង អានេះ វាធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់ អីចឹងបញ្ហាថ្លើម ដូចគេមានជំនឿថា ផឹកគ្រឿងស្រវឹងធ្វើឲ្យជួយបេះដូងតិចតួច ប៉ុន្តែគេភ្លេចគិតថា គ្រឿងស្រវឹងប្រឈមមុខទៅនឹងថ្លើមខ្លាំងក្លា ហើយមហារីកដទៃទៀត។ ស្រ្តីដែលប្រើប្រាស់គ្រឿងស្រវឹងប្រឈមមុខនឹងមហារីកដោះមហារីកមាត់ស្បូន អីចឹងជាបញ្ហាសំខាន់។ អីចឹងទី១ គឺការតម្លើងពន្ធឲ្យខ្ពស់ ទៅលើផលិផលគ្រឿងស្រវឹង ដែលរដ្ឋក៏បានប្រមូលលុយច្រើន អាចធ្វើឲ្យអត្រានៃការប្រើប្រាស់គ្រឿងស្រវឹងអាចថយចុះ ព្រោះថាលទ្ធភាពទិញស្រា គឺថាមិនអាចទិញបានច្រើនទេ ព្រោះថាតម្លៃថ្លៃ។»
ប្រធានមជ្ឈមណ្ឌលភីឌីភី លោក យ៉ង់ គឹមអេង ថ្លែងថា របាយការណ៍ របស់ក្រសួងសុខាភិបាល កាលពីឆ្នាំ២០១១ បង្ហាញថា គ្រោះថ្នាក់ ចរាចរណ៍បណ្តាលមកពីគ្រឿងស្រវឹងនៅប្រទេសកម្ពុជាធ្វើឲ្យមនុស្សជាង២ពាន់នាក់ ស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិ គិតជាថវិកា ប្រមាណ៤៤លានដុល្លារ។ លោកថា បច្ចុប្បន្ន ប្រព័ន្ធផ្សព្វផ្សាយលក់គ្រឿងស្រវឹងកំពុងបង្ហាញតាមទូរទស្សន៍ អំពីរង្វាន់ ដែលផ្តល់ទៅអ្នកផឹក។ ការឃោសនានោះ ទាក់ទាញកុមារ និងយុវជនជំទង់ ចង់ផឹកសាក ដើម្បីឈ្នះ
រង្វាន់។ បញ្ហាទាំងនេះ ទើបយុវជន សិស្ស និស្សិត ព្រះសង្ឃ នាំគ្នាប្រមូលអនុសាសន៍ចំនួន៤ សំខាន់ គឺការតម្លើងពន្ធលើផលិតផលគ្រឿងស្រវឹង ដែលអាចនាំឲ្យប្រទេសកម្ពុជាមានចំណូលខ្ពស់ ហើយអ្នកខ្លះ ដែលចង់ផឹកគ្រឿងស្រវឹង មិនអាចរកទិញគ្រឿងស្រវឹងមកផឹកបានងាយ។ មួយវិញ
ទៀត កំណត់កន្លែងលក់គ្រឿងស្រវឹង និងអាយុអ្នកផឹកគ្រឿងស្រវឹង និងបិទការផ្សាយពាណិជ្ជកម្មជាដើម ទើបមានប្រសិទ្ធភាពក្នុងការកាត់បន្ថយអ្នកប្រើប្រាស់គ្រឿងស្រវឹង។ គ្រឿងស្រវឹងនេះទៀត គឺជាមូលហេតុបណ្តាលឲ្យមានអ្នកស្លាប់ លើពិភពលោកប្រមាណ២,៥លាននាក់ ក្នុងមួយឆ្នាំៗ និង
បង្កឲ្យមានជំងឺ ជាង២០០មុខ ដូចជា មហារីកបំពង់អាហារ មហារីកថ្លើម ជំងឺស្ទះសរសៃឈាម ជំងឺដាច់សរសៃឈាមបេះដូង ដាច់សរសៃខួរក្បាល ជំងឺក្រិនថ្លើម រលាកលំពែង និងវិកលវិបល្លាសជាដើម។ លោកថាសង្គមស៊ីវិលជម្រុញឲ្យរដ្ឋាភិបាលអាណត្តិថ្មី ចាំបាច់ត្រូវបង្កើតច្បាប់
គ្រប់គ្រងគ្រឿងស្រវឹង៖ «ខាងសភា ខាងព្រឹទ្ធសភា មានជំហរមួយឯកភាពគ្នា គឺថាជម្រុញឲ្យមានគោលនយោបាយគ្រឿងស្រវឹងនឹង ឲ្យបានឆាប់ នៅក្នុងអាណត្តិទី៥នេះ ក៏ប៉ុន្តែសង្គមស៊ីវិលក៏ខំប្រឹងដែរ គឺប្រឹងរុញ។ ប៉ុន្តែក្នុងនោះដែរ យើងនឹងរៀបចំឲ្យមានក្រុមពិសេសមួយ ដើម្បីធ្វើការជាមួយ គាត់(សភា ព្រឹទ្ធសភា ក្រសួងស្ថាប័នពាក់ព័ន្ធ) ដើម្បីពន្លឿននូវគោលនយោបាយគ្រឿងស្រវឹងនឹង។ ប៉ុន្តែយើងឃើញថា អ្វីដែលសំខាន់នឹង គឺក្រសួងសុខាភិបាល យើងឃើញថា នៅមានការយឺតយ៉ាវ ចំពោះការរុញបញ្ហាគ្រឿងស្រវឹងនឹងឲ្យចេញឆាប់។ យើងឃើញថា មកដល់ពេលនេះ ទើបនឹងមានផែនការយុទ្ធសាស្រ្ត៥ឆ្នាំ អីចឹងយើងអត់ទាន់បានឈានទៅដល់ការធ្វើសេចក្តីព្រាងគោលនយោបាយទេ នេះជាបញ្ហា។»
ព្រះសង្ឃមួយអង្គនិមន្តពីវត្តនន្ទមុន្នី សង្កាត់ស្ទឹងមានជ័យ មកចូលរួមក្នុងវេទិកានោះ មានថេរដីកាបន្ថែមថា ដើម្បីកាត់បន្ថយការសេពគ្រឿងស្រវឹង រដ្ឋាភិបាលគួរបង្កើតផលិតផលជំនួសគ្រឿងស្រវឹងវិញ៖ «ពេលណាមានអ្នកទៅទិញ ឧបមាថាទិញផ្លែប៉ោម ពេលណាគ្មានផ្លែប៉ោម គេនឹងប្តូរចិត្ត ទៅទិញផ្លែសារីវិញម្តង ដើម្បីទទួលទាន។ នេះគឺជាលទ្ធផលជំនួស។ ទាក់ទងគ្រឿងស្រវឹង ក៏អីចឹងដែរ។»
យុវនារីមួយរូបផ្តល់យោបល់ថា បាវចនារបស់ប្រទេសកម្ពុជា មានជាតិ សាសនា និងព្រះមហាក្សត្រ។ ក្នុង៣នោះ គឺបាវចនាជាតិ កំពុងត្រូវបានអ្នកឃោសនាគ្រឿងស្រវឹងយកទៅផ្សព្វផ្សាយ ហើយអ្នកទិញ គ្រឿងស្រវឹងផឹក កំពុងតែយកពាក្យបាវចនាជាតិនោះ ទៅលេងសើច៖ «ហេតុអីបានជាជាតិរបស់យើង នៅលើកំប៉ុងប៊ីយែ នៅលើអីចឹង? បេះដូងខ្ញុំមិនមែនលើកំប៉ុងប៊ីយែទេ បេះដូងខ្ញុំនៅកន្លែងផ្សេងទេ ហើយមោទនភាពខ្ញុំក៏មិនមែននៅលើធុងប៊ីយែដែរ។ អីចឹងខ្ញុំមិនដឹង ថាតើនៅក្នុងគោលនយោបាយ ឬក៏វិធានការ អនុសាសន៍អីនឹងយើងអាចដាក់បញ្ចូលតែមួយឃ្លា ហើយតើយើងគួរមានបទប្បញ្ញត្តិ ក្នុងការកំរិតការដាក់ឈ្មោះ និងពាក្យស្លោកទាក់ទងទៅនឹងជាតិនិយមនឹងដែរ ឬអត់!។»
របាយការណ៍វេទិកាផ្តល់យោបល់ស្តីពីវិធានការ កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង បង្ហាញថា នៅក្នុងប្រទេសកម្ពុជា ឧស្សាហកម្មគ្រឿងស្រវឹង តែងតែលើកឡើងថា ការវិនិយោគទុនគ្រឿងស្រវឹងផ្តល់ដល់រដ្ឋាភិបាល នូវប្រាក់ចំណូលពន្ធច្រើន។ ប៉ុន្តែប្រទេសជាច្រើនលើពិភពលោក សុទ្ធតែបាន អះអាងថា ចំណូលពន្ធពីគ្រឿងស្រវឹង គឺមានចំនួនតិចជាងការខាតបង់ទ្រព្យសម្បត្តិ ដែលបង្កដោយអ្នកប្រើប្រាស់គ្រឿងស្រវឹង។ ជាក់ស្តែងនៅប្រទេសថៃ ការប្រមូលពន្ធពីគ្រឿងស្រវឹង បាន៧០ពាន់ លានបាតនៅឆ្នាំ២០០៦។ ប៉ុន្តែប្រទេសនោះ ត្រូវចំណាយទៅលើការដោះស្រាយ បញ្ហាដែលបង្កដោយអ្នកប្រើប្រាស់គ្រឿងស្រវឹង ដល់ទៅ១៥០ពាន់លានបាត គឺក្នុង១ឆ្នាំ ប្រទេសថៃខាតថវិកា៨០ពាន់លានបាត ដោយសារបញ្ហាគ្រឿងស្រវឹង។
ចំណែកនៅប្រទេសកម្ពុជា ការចំណូលពន្ធពីផលិតផលគ្រឿងស្រវឹង មិនបានប្រកាសជាសាធារណៈ ហើយអ្នកអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មិនបានត្រួតពិនិត្យ អ្នកបញ្ជាយានយន្ត មានជាតិស្រវឹង ឬអត់ ទើបបង្កឲ្យមានអ្នកស្លាប់ ក្នុង១ថ្ងៃៗ ច្រើនជាង៥នាក់ និងអ្នករបួសច្រើននាក់ផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
Subscribe to:
Post Comments (Atom)
2 comments:
people in cambodia may not realize this, but drun and driving don't mixed. also drunk people are getting into vilence. cambodia should have law to curb drunk driving and violence related to drunk people. right now, traffic fatalities are higher than say hiv/aids and other diseases in cambodia. wake up, people, don't drink and drive, it kills!
វាជាទំលាប់ទៅហើយ!ពាក្យទំលាប់នេះស្ទើក្លាយ ជាប្រពៃណីយ៍ ដោយពិបាកកែ។ ធម្មតា ប្រទេស គេៗទប់ស្កាត់មុនហេតុការណ៍ដែលកើតឡើង។
ចំពោះប្រទេសខ្មែរគឺតែងទប់ស្កាត់ក្រោយហេតុការណ៍ រួចដើរទាល់ច្រកលោកធំៗខ្មែរ ពោលថា៖ ធ្វើម្តេចបើអង្ករក្លាយជាបាយទៅហើយ នេះជា ទំលាប់អាក្រក់នៃអ្នកដឹកនាំខ្មែរខ្វះសិលធម៌៕
ចេះតែងច្បាប់ តែមិនគោរពច្បាប់។
តំកល់ខ្លួនឯងជាធំ តែខ្វះសិលធម៌។ ទាំងអស់នេះ
កើតចេញពិលោកធំៗ សមដូចពាក្យខ្មែរដំណាល
តៗគ្នាថា មេឪធ្វើធំ កូនខ្លួនឡើងចាងស្រវឹងបាញ់
បោះគេឯងតាមអំពើចិត្ត។ល្មមដល់ពេលលាចេញ
ហើយលោកធំ ទុកឲ្យគេដឹកនាំម្តងទៅក្រែងស្តាមុខ
មាត់ប្រទេសជាតិបានខ្លះ៕
Post a Comment