Tuesday, October 29, 2013

មូលហេតុ​បាតុករ​ចូល​រួម​មហា​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ


បាតុកម្ម​ជា​ជម្រើស​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទង​នឹង​ការ​ទាមទារ​លទ្ធផល​បោះ​ឆ្នោត ដែល​គណបក្ស​នេះ​ចោទ​ប្រកាន់​ថា មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​អំពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ នោះ។

RFA/Mom Sophon
ដោយ ទីន ហ្សាការីយ៉ា 2013-10-29

ការ​ធ្វើ​មហា​បាតុកម្ម​កន្លង​មក​នេះ ក្រុម​បាតុករ​មួយ​ចំនួន​បាន​បង្ហាញ​ថា អ្វី​ដែល​ពួក​គាត់​មក​ចូល​រួម​ធ្វើ​បាតុកម្ម មិន​មែន​មក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុណ្ណោះ​ទេ អ្វី​ដែល​ពួក​គាត់​ចង់​បាន គឺ​ធ្វើ​ឲ្យ​សង្គម​មាន​ការ​ផ្លាស់​ប្ដូរ ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ដូច​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ប្រទេស​នៅ​តំបន់​អាស៊ាន​មួយ​ចំនួន​ទៀត។

បញ្ហា​អយុត្តិធម៌​កើត​មាន​នៅ​ក្នុង​សង្គម និង​ភាព​ក្រីក្រ ជា​មូលហេតុ​ដ៏​សំខាន់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ មាន​ផ្នត់​គំនិត​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​របៀប​ដឹក​នាំ​ប្រទេស​របស់​រដ្ឋាភិបាល​ថ្មី ដែល​ធានា​នូវ​ការ​រីក​ចម្រើន​ជីវភាព​របស់​ពួក​គាត់​យ៉ាង​ពិត​ប្រាកដ។

ការ​មក​ចូល​រួម​ធ្វើ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ តុលា របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ គឺ​ក្រៅ​ពី​ទាមទារ​យក​យុត្តិធម៌​លទ្ធផល​បោះ​ឆ្នោត​នោះ គឺ​ពួក​គាត់​ទាមទារ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​របៀប​គ្រប់គ្រង ដោយ​ចង់​បាន​ប្រទេស​កម្ពុជា ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។


ស្ត្រី​វ័យ​ចំណាស់​ជាង ៧០​ឆ្នាំ ឈ្មោះ យាយ កែ បាន​រៀប​រាប់​ថា ទោះ​បី​ជា​រូប​គាត់​មាន​វ័យ​ចំណាស់​ទៅ​ហើយ​ក្ដី ប៉ុន្តែ​កម្លាំង​អ្នកស្រី​នៅ​រឹងមាំ​ដដែល ដើម្បី​មក​ចូល​រួម​ធ្វើ​បាតុកម្ម​អហិង្សា​នេះ។ អ្នកស្រី​បញ្ជាក់​ថា អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​តស៊ូ​លក់​ស្រូវ ដើម្បី​យក​លុយ​ធ្វើ​សោហ៊ុយ​មក​ទីក្រុង​ភ្នំពេញ ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​មាន​រដ្ឋាភិបាល​ធានា​នូវ​ជីវភាព​ប្រជាពលរដ្ឋ មាន​ជីវភាព​ធូរធារ​ប្រហាក់​ប្រហែល​គ្នា។

អ្នកស្រី​បន្ថែម​ថា សង្គម​បច្ចុប្បន្ន​នេះ មាន​ការ​រឹតត្បិត មិន​បើក​សិទ្ធិ​សេរីភាព​ជូន​ប្រជាពលរដ្ឋ​ទេ ហើយ​អ្វី​ដែល​គាត់​ខំ​ទាមទារ​នោះ ទោះ​បី​ជា​អាយុ​គាត់​មិន​ទាន់​បាន​ឃើញ​សង្គម​មាន​ការ​ផ្លាស់​ប្ដូរ​ក្ដី ប៉ុន្តែ​គាត់​សង្ឃឹម​ថា ការ​ផ្លាស់​ប្ដូរ​នេះ​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ។

បាតុករ​ជាច្រើន​ទៀត បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា បញ្ហា​ចម្បង​ដែល​ពួក​គាត់​មក​ចូល​រួម​ធ្វើ​បាតុកម្ម​នេះ ដោយសារ​ពួក​គាត់​មិន​មាន​ជំនឿ​ទៅ​លើ​ការ​សន្យា​របស់​រដ្ឋាភិបាល​ថ្មី ដែល​បង្កើត​ឡើង​ដោយ​ឯក​បក្ស ថា​នឹង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ ដោយ​ហេតុ​ថា ក្រៅ​ពី​បញ្ហា​ជីវភាព​ដែល​ពួក​គាត់​ប្រឈម​នោះ គឺ​ពួក​គាត់​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ទៀត រួម​មាន ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី តុលាការ​មិន​ឯករាជ្យ ការ​គាប​សង្កត់​ពី​អាជ្ញាធរ​មូលដ្ឋាន។ល។

ស្ត្រី​ជនជាតិ​ចាម មួយ​រូប​មក​ពី​ស្រុក​ឈ្នួល ខេត្ត​ក្រចេះ បាន​មក​សម្ដែង​ពី​ការ​ឈឺ​ចាប់ ដែល​ក្រុមហ៊ុន​ឯកជន​បាន​រឹបអូស​យក​ដី​ចម្ការ​របស់​គាត់ និង​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ដី​ចម្ការ។ គាត់​បាន​និយាយ​នៅ​លើ​វេទិកា​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៥ តុលា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នោះ​ថា អ្វី​ដែល​គាត់​នាំ​គ្នា​មក​ធ្វើ​បាតុកម្ម​នេះ ដោយសារ​តែ​ការ​ឈឺ​ចាប់​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ ដែល​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្គម​គ្មាន​ការពារ​ដោយ​ច្បាប់។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កំពុង​រក​វិធីសាស្ត្រ​រៀងៗ​ខ្លួន ដើម្បី​ជួប​ចរចា​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​សមស្រប​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​មុន​នឹង​ជួប​ចរចា​ជា​ថ្មី​ក្ដី។

ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ អ្នក​វិភាគ​ពន្យល់​ថា រដ្ឋាភិបាល​ឯក​បក្ស​នេះ ត្រូវ​តែ​ទទួល​យក​លក្ខខណ្ឌ​របស់​គណបក្ស​ប្រឆាំង​ខ្លះ ដើម្បី​យក​ទៅ​ធ្វើ​កំណែ​ទម្រង់​រដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព និង​ជា​ក្ដី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ​ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​នីតិកាល​ទី​៥​នេះ។

គ្រូ​បង្រៀន​វិទ្យាល័យ បាកាន ខេត្ត​ពោធិ៍សាត់ ឈ្មោះ ឃុន វ៉ាត មាន​ប្រសាសន៍​ថា លោក​បាន​មក​ចូល​រួម​ធ្វើ​បាតុកម្ម​ចំនួន​បី​ថ្ងៃ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បញ្ជាក់​ថា លោក​បាន​ធ្វើ​គ្រូ​បង្រៀន​ជាច្រើន​ឆ្នាំ​មក​ហើយ មិន​ធ្វើ​ឲ្យ​ជីវភាព​គ្រូ​មាន​ការ​ផ្លាស់​ប្ដូរ​ទេ។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ជីវភាព​គាត់​ជួប​នឹង​បញ្ហា​លំបាក​ដដែល។ លោក​អះអាង​ថា លោក​គ្មាន​ជំនឿ​ទៅ​លើ​រដ្ឋាភិបាល ថា​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​នោះ​ទេ។ បើ​អាច​ធ្វើ​ទៅ​បាន​មែន​នោះ រដ្ឋាភិបាល​ដឹក​នាំ​ដោយ លោក ហ៊ុន សែន បាន​ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រី​រាជការ គ្រូ​បង្រៀន​បាន​ចំនួន​ច្រើន​ល្មម​អាច​ចំណាយ​គ្រប់គ្រាន់​សម្រាប់​គ្រួសារ​របស់​ពួក​គាត់​ហើយ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ពន្យល់​ថា រដ្ឋាភិបាល​ថ្មី​នេះ​នឹង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​សម្រាប់​ការ​ដឹក​នាំ​ប្រទេស​ចំនួន ៥​ឆ្នាំ​ទៅ​មុខ​ទៀត​នេះ។ លោក ផៃ ស៊ីផាន បន្ថែម​ថា រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន នេះ គឺ​ធ្វើ​ឲ្យ​ប្រទេស​មាន​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ និង​មាន​នីតិរដ្ឋ​ជាដើម។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ឈ្មោះ យន់ ប៊ុនធៀង មាន​ប្រសាសន៍​ថា លោក​បាន​ឆ្លៀត​ពេល​ល្ងាច​ទៅ​ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ តុលា នោះ។ លោក ប៊ុនធៀង លើក​ឡើង​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​មាន​យន្តការ​ច្បាស់​លាស់​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ឲ្យ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ទេ​នោះ ចលនា​មហា​ជន ឬ​យុវជន​នឹង​ផ្ទុះ​ឡើង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាន់​តែ​ខ្លាំង​ទៀត ដោយ​ហេតុ​ថា គម្លាត​អ្នក​មាន និង​ក្រ​កាន់​តែ​ច្រើន ហើយ​យុវជន​បញ្ចប់​ការ​សិក្សា​គ្មាន​ការងារ​ធ្វើ គួបផ្សំ​នឹង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម។

អ្នក​ជំនាញ​សេដ្ឋកិច្ច​លើក​ឡើង​ថា កម្ពុជា អាច​មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ ៧% ក្នុង​ឆ្នាំ​២០១៣ ប៉ុន្តែ​កំណើន​នោះ នឹង​អាច​ស្ថិត​នៅ​ទ្រឹង ឬ​គ្មាន​ឱកាស​ហក់​ឡើង​ទៅ​ប្រទេស​អភិវឌ្ឍន៍​ឡើយ ប្រសិន​បើ​កម្ពុជា មិន​ធ្វើ​កំណែ​ទម្រង់​លើ​គោល​នយោបាយ​កាត់​បន្ថយ​គម្លាត​អ្នក​មាន និង​អ្នក​ក្រ រួម​ទាំង​ពង្រឹង​មូលដ្ឋាន​ផលិត ដែល​មិន​បម្រើ​ប្រជាពលរដ្ឋ​ទូទៅ​ទេ​នោះ។

ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា អ្វី​ដែល​រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​បាន​នោះ បញ្ហា​អតិផរណា ពោល​គឺ​ទំនិញ​នៅ​លើ​ទីផ្សារ​កាន់​តែ​ឡើង​ថ្លៃ​ជា​បន្តបន្ទាប់ ហើយ​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​រក​បាន​តិច មិន​អាច​ទប់ទល់​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​បាន។ ម្យ៉ាង​ទៀត ផលិតផល​កសិផល កសិករ​លក់​ក្នុង​តម្លៃ​ថោក និង​គ្មាន​ទីផ្សារ​ជាដើម។

របាយការណ៍​របស់​ធនាគារ​ពិភពលោក (World Bank) និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ឆ្នាំ​២០១៣ បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​តិចតួច​បាន​ទទួល​ផល​ពី​កំណើន​សេដ្ឋកិច្ច​រៀង​រាល់​ឆ្នាំ។ អ្នក​មាន និង​អ្នក​ក្រ​នៅ​កម្ពុជា មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ខ្លាំង ហើយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ប្រមាណ ៨០% មាន​ដី​ធ្វើ​កសិកម្ម​តិច​ជាង​មួយ​ហិកតារ ស្រប​ពេល​ដែល​អ្នក​មាន​អំណាច​ប្រមាណ ២០% មាន​ដី​ច្រើន​ជាង ៥០០​ហិកតារ ដែល​គ្រប់គ្រង​ដី​ផលិត​កសិកម្ម​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ប្រទេស​កម្ពុជា។

ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ ៦​លាន​នាក់ ស្ថិត​នៅ​ក្រោម​បន្ទាប់​ភាព​ក្រីក្រ មាន​ន័យ​ថា ពួក​គាត់​មិន​អាច​រក​ចំណូល​បាន​ប្រមាណ ៥​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ។ បន្ថែម​ពី​លើ​នេះ​ទៀត ប្រជាពលរដ្ឋ​ប្រមាណ ៣​លាន​នាក់​ផ្សេង​ទៀត ងាយ​នឹង​ធ្លាក់​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​ដែរ ប្រសិន​បើ​កម្ពុជា មាន​វិបត្តិ​សេដ្ឋកិច្ច​បន្ថែម​ទៀត ដូច​ជា ទំនិញ​កាន់​តែ​ឡើង​ថ្លៃ និង​គ្រោះថ្នាក់​ធម្មជាតិ​ផ្សេង៕

3 comments:

Anonymous said...

Currently our country is not the same as before!

ស្រុកយើងឥឡូវនេះមិនដូចពីមុន។

ឥឡូវនេះស្រុកយើងមិនដូចពីមុន។

Anonymous said...

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!

Anonymous said...

អាតិរិច្ឆានជាម យៀបនិងអាសត្វធាតុឈាងវុននឹងត្រូវរន្ទះបាញ់ងាប់ធ្លាក់នរកទាំងពូជនៅពេលឆាប់ៗនេះហើយ ដូច្នេះកុំប្រកាន់សំដីឆ្កួតរបស់វាអី ម្យាងទៀតក្រុមបក្សពួកលួចបន្លំសន្លឹកឆ្នោតប្លន់ឆន្ទះរាស្រ្ត និងមេកើយរបស់វា កនឹងមានវាសនាដូចវាអព្ចាឹងដែរគឺត្រូវរន្ទះបាញ់ងាប់និងក្រឡាប់ឡានងាប់តៃហោងទាំងពូជ