Tuesday, October 08, 2013

យ៉ាងហោច​មនុស្ស​៨៣​នាក់​ស្លាប់​ដោយសារ​ទឹកជំនន់​គិត​ត្រឹម​ថ្ងៃទី​៧​


............................
ដោយ៖​ ថុល ស្រី​លក្ខណ៍​ និង អ៊ឹង ប៊ុនថន​​ | ថ្ងៃចន្ទ ទី7 ខែតុលា ឆ្នាំ2013, ម៉ោង 06:00 PM​ VOD
​យ៉ាងហោច​មនុស្ស​ ៨៣​នាក់ ​ស្លាប់​ដោយសារ​ទឹកជំនន់ នៅ​គ្រា​ដែល​ខេត្ត​ចំនួន​៤​ក្នុង​ចំណោម​ខេត្ត​ចំនួន​១៥ កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ ដោយសារ​ទឹកជំនន់​គិត​ត្រឹម​ថ្ងៃទី​៧​ខែតុលា​។​
​អនុប្រធាន​ទី​១​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក ញឹម វណ្ណដា ប្រាប់​VOD​នៅ​រសៀល​ថ្ងៃ​ទី​៧​ខែ​តុលា​ថា មាន​មនុស្ស ៨៣​នាក់​ បាន​ស្លាប់​ក្នុងនោះ​ស្រី​២៦​នាក់ ​និង​កុមារ​៣៤​នាក់​។ លោក​ថា ទឹកជំនន់​បាន​វាយលុក​រាជធានី​-​ខេត្ដ​ចំនួន ១៥ ធ្វើឱ្យ​ប៉ះពាល់​ដី​ស្រែ ប្រមាណ១២​ម៉ឺន​ហិកតា ប៉ះពាល់ប្រជាជន៨​សែន​នាក់ ផ្ទះ​១២​ម៉ឺន​ខ្នង សាលារៀន ៦៧០​កន្លែង វត្ដ​អារាម៣៧០​កន្លែង មណ្ឌលសុខភាព ៤៧​កន្លែង ស្មើនឹង៥០​ភាគរយ នៃ​គ្រោះ​ទឹកជំនន់​ដែល បណ្ដាល​មក​ពី​ព្យុះ​កេត​សាណា កាលពី​ឆ្នាំ២០១១​ ៖ "​ទន្លេមេគង្គ​ពី រតនគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម ធម្មតា​ឡើងវិញ ប៉ុន្តែ​ខេត្ត​នៅ​ប៉ែក​ខាងលិច​ប្រទេស និង​ខាងជើង ពី​ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ទទួល​ការ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង អាច​ពីរ​បី​ថ្ងៃ​ទៀត មិនទាន់​អស់​ទេ​"​។​


អាជ្ញាធរ​មូលដ្ឋាន​ដទៃទៀត បានឲ្យដឹងថា ខេត្ត​ចំនួន​៤​រងគ្រោះ​ធ្ងន់​ជាងគេ គឺ​បាត់ដំបង សៀមរាប បន្ទាយមានជ័យ និង​ប៉ៃលិន។​

​​អធិការនគរបាល​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង លោក ឈឹម គីម​ហុង មានប្រសាសន៍ថា មក​ដល់​ម៉ោង​ជិត​៤​រសៀល​ថ្ងៃ​ចន្ទ ប្រជាជន​ជាង​២០០​នាក់ ដែល​ជាប់​នៅ​លើ​ដើមឈើ និង​ដំបូលផ្ទះ ត្រូវបាន​សង្គ្រោះ តែ​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​បាន​សន្លប់ ខណៈ​ចំនួន​អ្នកស្លាប់​សរុប និង​ការខូចខាត​មិនទាន់​ដឹង​ទេ​ ៖ "​ឥឡូវ​ដូចជា​ធូរស្រាល​ហើយ នៅ​កំរៀង នៅ​នេះ​ផ្លូវ​តា​គ្រៃ​នេះ យើង​កាយ​ផ្តាច់​ហើយ ដើម្បី​ទឹក​ហូរ​លឿន អញ្ជឹង​សូម​បងប្អូន​អ្នក​រត់​តាក់ស៊ី អ្នក​ដែល​ទៅ​ពី​កំរៀង​-​បាត់ដំបង កុំ​មក​តាម​ផ្លូវ​តា​គ្រៃ អ្នក​ដែល​ទៅ​ពី​បាត់ដំបង​ទៅ កុំ​ទៅ​តាម​ផ្លូវ​តា​គ្រៃ ព្រោះ​ឥឡូវ​យើង​កាយ​ផ្តាច់​ផ្លូវ​នេះហើយ​"​។​

​អ្នកស្រី ព្រិល ភួង ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ម្នា​ស់កាល ឃុំ​អូ​ដា ស្រុក​កំរៀង ដែល​អំពាវនាវ​រក​ជំនួយ​សង្គ្រោះ​បន្ទាន់​កាលពី​ព្រឹក​មិញ​បានឲ្យដឹងថា ទឹក​នៅ​ក្នុងភូមិ​របស់​គាត់​បា​នស្រក​ចុះ​កន្លះ​ម៉ែត្រ តែ​មេឃ​អួរ​អា​ប់រក​ភ្លៀង​បន្ថែមទៀត​។ អ្នកស្រី​ឲ្យដឹងថា ប្រជាជន​នៅក្នុង​ភូមិ​គាត់​ចំនួន​៣​នាក់​បាន​ស្លាប់​។​

​ដោយឡែក​ស្នងការ​នគ​របាល​ខេត្ត​ប៉ៃលិន លោក ឡី ចាន់​ឆាយ បានឲ្យ​VOD​ដឹង​នៅ​រសៀល​ថ្ងៃនេះ​ដែរ​ថា សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​ប្រជាជន ​ពី​ជំនន់​ទឹកភ្លៀង​ដែល​ធ្លាក់​មក​ពី​លើ​ភ្នំ​។ លោក​ថា ឃុំ​ដែល​លិច​ធ្ងន់​ជាងគេ គឺ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ តែ​មិន​មាន​មនុស្ស​បាត់បង់​ជីវិត​ទេ ហើយ​លោក​មិនទាន់​អាច​កំណត់​ពី​ទំហំ​ នៃ​ការខូចខាត​បាន​នៅឡើយ​ទេ​ ៖ "​គ្មាន​គ្រោះ​ថា្នក់​ដល់​អាយុជីវិត​អ្វី​ទេ គ្រាន់តែ​ថា​វា​ខូចខាត សម្ភារ​របស់​គាត់​ជា​ច្រើន ឃុំ​ផ្សេងៗ​ទៀត នៅ​មាន​ឃុំ​សាលា​ក្រៅ​មួយ​ដែល​កំពុង​នៅ​មាន​ការ​ប្រឈម​ដែរ នៅក្នុង​ភូមិ​ខ្ជាយ ច្រើន​ដែរ តែ​យើង​មិន​បាន​ចុះ​ទៅ​ដល់​"​។​

​សម្រាប់​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុក កែវ​រតនៈ អ្នកនាំពាក្យ​នៃ​ខេត្ត​នេះ​បានឲ្យដឹងថា ទឹកជំនន់​ពី​ប្រទេស​ថៃ​បាន​បន្ត​ជន់​លិច ជា​ពិសេស​ក្រុង​ប៉ោយ​ប៉ែត​។ លោក​ថា អាជ្ញាធរ​បាន​ជួយ​សង្គ្រោះ​ប្រជាជន​ជា​បន្តបន្ទាប់ តែ​លោក​ក៏​មិន​ទាន់​អាច​កំណត់​ពី​ទំហំ​នៃ​ផល​ប៉ះពាល់ ​និង​ចំនួន​អ្នក​ស្លាប់​បាន​នៅឡើយ​ទេ​៕

សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

3 comments:

Jendhamuni said...


Dear អ្នកស្រែ

The boys on tree look so lovely. I want to be there too.

~Jendhamuni

Apsaravideo said...

Kids are having a great time during flood !

Anonymous said...

yeah good time! on the tree especially kids get easily beaten by snakes. Flooding caused all the snakes go to tree, don't forget that!