Wednesday, October 30, 2013

លីកាដូ​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ពន្លឿន​ការ​ស៊ើប​ករណី​ប៉ុនប៉ង​រំលោភ​ស្ត្រី​បរទេស


មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho)
ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ខុន ខូយ ផ្ដល់​បទ​សម្ភាសន៍​
ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៣។
RFA/Chhin Chetha
មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) បាន​ជំរុញ​ឲ្យ​តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជួយ​ពន្លឿន និង​ចុះ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ​ចំពោះ​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ​ទៅ​លើ​ស្ត្រី​ជនជាតិ​អាមេរិក ម្នាក់ នៅ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង។

ដោយ ជិន ជេដ្ឋា 2013-10-30

មន្ត្រី ​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា ករណី​នេះ​សមត្ថកិច្ច​ត្រូវ​តែ​ស៊ើប​អង្កេត​ឲ្យ​បាន​ម៉ត់ចត់ និង​ផ្ដល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ ដើម្បី​កុំ​ឲ្យ​ប្រទេស​កម្ពុជា ទទួល​រង​នូវ​ការ​រិះគន់​ថា ជា​ប្រទេស​ពុំ​មាន​យុត្តិធម៌ ឬ​សន្តិសុខ​សុវត្ថិភាព​សម្រាប់​ជនជាតិ​បរទេស។

ការ​ អំពាវនាវ​របស់​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​ការ​និយាយ​តៗ​គ្នា​របស់​អ្នក​ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ថា ជន​សង្ស័យ​ត្រូវ​បាន​គ្រួសារ​ដាក់​ប្រាក់​តម្កល់ ដើម្បី​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ក៏ប៉ុន្តែ​ទាំង​ខាង​មន្ត្រី​តុលាការ និង​ពន្ធនាគារ ខេត្ត​កំពង់ឆ្នាំង បាន​ឆ្លើយ​បដិសេធ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ។


នាយក​ ក្រឡា​បញ្ជី​ព្រះរាជអាជ្ញា​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ហ៊ឹម ពុទ្ធាសុរិយៈ ថ្លែង​ថា ជន​សង្ស័យ​កំពុង​តែ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ហើយ​សំណុំ​រឿង​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​សួរ​រួច​ហើយ ក៏ប៉ុន្ដែ​លោក​មិន​បាន​ដឹង​ច្បាស់​ថា សំណុំ​រឿង​នេះ​កំពុង​តែ​នៅ​ក្នុង​ដៃ​ចៅក្រម​ណា​នោះ​ទេ៖ «អា​ហ្នឹង​បើ​អត់​មាន​ដីកា ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ ឲ្យ​គាត់​យក​ដីកា​ដោះ​លែង​ហ្នឹង ហើយ​គាត់​ថត ហើយ​គាត់​ផ្សព្វផ្សាយ​ទៅ បើ​សិន​ជា​មាន។ បើ​សិន​ជា​អត់​ទេ ខ្ញុំ​មិន​ដឹង​ថា​ម៉េច ហើយ​នៅ​អំឡុង​ពេល​ដែល​ចាត់​ការ​ហ្នឹង ខ្ញុំ​មាន​ការ​នៅ​ឯ​ស្វាយរៀង ខ្ញុំ​អត់​បាន​នៅ​ទេ​បង​មួយ​អាទិត្យ ហើយ​ខ្ញុំ​ទើប​មក​ថ្ងៃ​ច័ន្ទ នេះ​ទេ»។

វិទ្យុ ​អាស៊ីសេរី មិន​អាច​ស្វែង​រក​ប្រភព​ទាក់ទង​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​ កំពង់ឆ្នាំង ដែល​កាន់​សំណុំ​រឿង​នេះ និង​អធិការ​ប៉ូលិស​ស្រុក​បរិបូរណ៍ លោក ជាង សុវណ្ណរិទ្ធិ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ករណី​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​តុលា។

របាយការណ៍​ស៊ើប​អង្កេត​របស់​ មន្ត្រី​អង្គការ​សិទ្ធិ​លីកាដូ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​តុលា ស្ត្រី​ជនជាតិ​អាមេរិក ម្នាក់ អាយុ ២៣​ឆ្នាំ ជា​អ្នក​បម្រើ​ការងារ​ស្ម័គ្រចិត្ត​របស់​អង្គការ ភីស ខរ (Peace corp) បំពេញ​បេសកកម្ម​នៅ​ក្នុង​មណ្ឌល​សុខភាព​ពន្លៃ ត្រូវ​បាន​ជន​សង្ស័យ​ប៉ុនប៉ង​ចាប់​រំលោភ ខណៈ​ដែល​ស្ត្រី​រូប​នោះ​កំពុង​តែ​ជិះ​កង់​ហាត់​ប្រាណ​នៅ​តាម​បណ្ដោយ​ផ្លូវ​ ជាតិ​លេខ​៥។ ជន​ល្មើស​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពី​ក្រោយ​មក​ដល់​ចំណុច​អូរតាយស ក្នុង​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំងចាន់ ស្រុក​បរិបូរណ៍ ក៏​បាន​ឈប់​ម៉ូតូ​របស់​ខ្លួន​ពាំង​ពី​ខាង​មុខ​កង់​របស់​ស្ត្រី​រងគ្រោះ។ ភ្លាម​នោះ ជន​សង្ស័យ​ក៏​បាន​យក​ដៃ​ម្ខាង​លូក​ចាប់​ទ្រូង និង​ដៃ​ម្ខាង​ទៀត​ចាប់​ទាញ​ភ្លៅ បម្រុង​ផ្ដួល​ចាប់​រំលោភ ក៏ប៉ុន្តែ​មិន​បាន​សម្រេច ដោយ​ជន​រងគ្រោះ​បាន​ប្រតាយប្រតប់​រួច​ខ្លួន។ ហើយ​ក៏​បាន​ជិះ​កង់​ត្រឡប់​ក្រោយ​ទាំង​ភាព​ភ័យ​ខ្លាច ទៅ​កាន់​ផ្ទះ​ជួល​របស់​ខ្លួន​វិញ នៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់​ឆ្នាំង។

នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៣ សមត្ថកិច្ច​បាន​ស៊ើប​អង្កេត និង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ទៅ​លើ​ជន​សង្ស័យ​ម្នាក់​ឈ្មោះ លី ចាន់រិទ្ធិ ហៅ គារ អាយុ ៣៦​ឆ្នាំ មុខ​របរ​ជា​គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា សម្ដេច មុនី រស់​នៅ​ភូមិ​ដកព ឃុំ​ខុនរ៉ង ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង។

មន្ត្រី ​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ខុន ខូយ មាន​ប្រសាសន៍​ថា ក្រោយ​ការ​ចុះ​ស៊ើប​អង្កេត​របស់​លោក​ជាមួយ​មន្ត្រី​សមាគម​អាហុក លោក​សន្និដ្ឋាន​បាន​ថា ពិត​ជា​មាន​ករណី​ប៉ុនប៉ង​លើ​ជន​បរទេស​រូប​នោះ​មែន។ លោក​សូម​ឲ្យ​តុលាការ និង​នគរបាល​យុត្តិធម៌ ជួយ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ឲ្យ​បាន​ឆាប់៖ «ភ្ញៀវ​បរទេស​ដែល​គេ​បាន​ឮ ឬ​បាន​ដឹង​នូវ​ដំណឹង​ហ្នឹង គឺ​គេ​មាន​ការ​ភ័យ​ខ្លាច ឬ​ក៏​ព្រួយ​បារម្ភ។ អា​ហ្នឹង វា​ជា​កត្តា​មួយ​ដែល​ប៉ះពាល់​ទៅ​ដល់​ប្រទេស​របស់​យើង»។

របាយការណ៍ ​ស៊ើប​អង្កេត​របស់​សមាគម​អាដហុក (Adhoc) ខេត្ត​កំពង់ឆ្នាំង រយៈពេល ១០​ខែ ក្នុង​ឆ្នាំ​២០១៣ ខាង​សមាគម​ទទួល​បាន​ករណី​រំលោភ​សេពសន្ថវៈ​ចំនួន ៨​ករណី ហើយ​ករណី​ជួញ​ដូរ​មនុស្ស​មាន​ចំនួន ២៧​ករណី៕

1 comment:

Anonymous said...

It shame of regime Hun today.