Tuesday, October 15, 2013

អាជ្ញាធរ​រំខាន​ការ​ដើរ​ប្រមូល​ស្នាម​មេដៃ​របស់​បក្ស​ប្រឆាំង


គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​បោះ​ឆ្នោត សូម​ជួយ​ធ្វើ​សាក្សី​ដោយ​ផ្លិត​មេដៃ​ដើម្បី​យក​ទៅ​ប្ដឹង​អន្តរជាតិ ពី​ភាព​មិន​ត្រឹមត្រូវ​នៃ​ការ​បោះ​ឆ្នោត ដោយ​បាន​សង្ស័យ​ថា​មាន​ការ​បន្លំ​សន្លឹក​ឆ្នោត។

ប្រជាពលរដ្ឋ​ចូល​រួម​ក្នុង​សមាជ​បក្ស​សង្គ្រោះ​ជាតិ ផ្ដិត​មេដៃ​គាំទ្រ​ញត្តិ​ទាមទារ​តវ៉ា​របស់​បក្ស​សង្គ្រោះ​ជាតិ នា​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០១៣។ Photo: RFA


ដោយ អ៊ុក សាវបូរី រដ្ឋា វិសាល និង ម៉ម មុនីរតន៍ RFA 2013-10-15

ទាក់ទង​នឹង​បញ្ហា​ផ្ដិត​មេដៃ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ថា មេ​ភូមិ​ពងទឹក ឃុំ​គោកពោធិ៍ ខេត្ត​តាកែវ មិន​ធ្វើ​ជា​អាជ្ញាធរ​អព្យាក្រឹត​ទេ ព្រោះ​ដក​យក​ក្រដាស​ដែល​មាន​ស្នាម​មេដៃ​ប្រជាជន​ ផ្ដិត​គាំទ្រ​ឲ្យ​មាន​ការ​រក​យុត្តិធម៌​សន្លឹក​ឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ។

ប្រធាន​ប្រតិបត្តិ​ឃុំ​គោកពោធិ៍ ស្រុក​បូរីជលសារ ខេត្ត​តាកែវ លោក ផែង ទូច ថ្លែង​នៅ​ព្រឹក​ថ្ងៃ​១៥ ខែ​តុលា ថា មេ​ភូមិ​ពងទឹក បាន​មក​ដក​យក​ក្រដាស​ដែល​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ច័ន្ទ ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ថា បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ សុំ​ឲ្យ​សាក្សី​ជា​អ្នក​បោះ​ឆ្នោត​ផ្ដិត​មេដៃ គឺ​គ្រោង​យក​ស្នាម​មេដៃ​នោះ​ទៅ​ប្ដឹង​អង្គការ​សហប្រជាជាតិ ពីព្រោះ​ការ​ប្រកាស​អាសនៈ​សភា​កន្លង​ទៅ​របស់ គ.ជ.ប មាន​ការ​សង្ស័យ​ពី​ការ​បន្លំ​សំឡេង​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។



លោក ផែង ទូច ថ្លែង​ថា ការ​ដក​យក​ក្រដាស​ផ្ដិត​មេដៃ​នោះ​ជា​ការ​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ៖ «ខ្ញុំ​អត់​បង្ខំ​ទេ អ៊ីចឹង​ប្រជាពលរដ្ឋ​គេ​សួរ​ថា​ផ្ដិត​មេដៃ​នេះ​យក​ទៅ​ណា? ខ្ញុំ​ប្រាប់​ថា មេដៃ​នេះ​ផ្ដិត​យក​ទៅ​អង្គការ​សហប្រជាជាតិ ព្រោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​វា​មិន​ប្រក្រតី​មិន​យុត្តិធម៌ មាន​ការ​បន្លំ ហើយ​មេ​ភូមិ​គេ​ដក​ឯកសារ​ហ្នឹង ប៉ិន​ខ្ញុំ​ឲ្យ តែ​ឯកសារ​អត់​ទាន់​ផ្ដិត​មេដៃ។ គេ​សុំ​ទាំង​អស់ ប៉ុន្តែ​ខ្ញុំ​ឲ្យ​តែ​មួយ​សន្លឹក»។

លោក អិត ធន់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ភូមិ​ពងទឹក ថ្លែង​ថា ទោះ​បី​មេ​ភូមិ​ចាក់​មេក្រូ​ប្រកាស​មិន​ឲ្យ​ពលរដ្ឋ​ក្នុង​ភូមិ​ចូល​រួម​ផ្ដិត​មេដៃ ក៏​មាន​ប្រជាពលរដ្ឋ​ជាង ៣០០​នាក់​បាន​ផ្ដិត​រួច​ហើយ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ព្រម​ផ្ដិត​មេដៃ​ដោយ​គ្មាន​ការ​បង្ខំ​ ព្រោះ​ពួកគេ​នៅ​សង្ស័យ​ពី​សន្លឹក​ឆ្នោត​ដែល​បោះ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បែរ​ជា​បាន​ទៅ​គណបក្ស​ផ្សេង​វិញ។

មេ​ភូមិ​ពងទឹក លោក ជា ហាន បាន​ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​ដក​យក​ញត្តិ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មែន និង​បាន​ចាក់​មេក្រូ​ប្រកាស​ជម្រាប​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​កុំ​ឲ្យ​ផ្ដិត​មេដៃ។ លោក​បាន​ប្រកាស​ប្រាប់​អ្នក​ភូមិ​ថា មុន​ផ្ដិត​មេដៃ​ឲ្យ​ទៅ​អ្នក​យក​ក្រដាស​មក សុំ​ឲ្យ​ផ្ដិត​មេដៃ​ឲ្យ​នោះ ត្រូវ​សួរ​មុន​សិន តើ​គេ​យក​មេដៃ​នោះ​ទៅ​បម្រើ​ការ​លើ​បញ្ហា​អ្វី?

លោក​មេភូមិ​បញ្ជាក់​ថា ក្រដាស​ដែល​គាត់​បាន​ដក​យក​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ មិន​មាន​ស្នាម​មេដៃ​បាន​ផ្ដិត​នៅ​ឡើយ​ទេ៖ «ក្រែង​ជន​ឆ្លៀត​ឱកាស​ខិលខូច​អី យក​មេដៃ​យើង​ទៅ វា​អនុវត្ត​មិន​ត្រូវ​ច្បាប់ ហើយ​ឯកសារ​ខ្ញុំ​ដក​តម្កល់​ទុក​មួយ​ច្បាប់»។

ពលរដ្ឋ​នៅ​ភូមិ​ពងទឹក ដែល​បាន​ផ្ដិត​មេដៃ​រួច សុំ​មិន​បញ្ចេញ​ឈ្មោះ​ថ្លែង​ថា គាត់​ស្ម័គ្រ​ចិត្ត​ផ្ដិត​មេដៃ​ដើម្បី​ឲ្យ​ប្រទេស​ហត្ថលេខី​ទាំង​អស់​ដែល​បាន​ខំ​ស្វែង​រក​សន្តិភាព​ជូន​ប្រជាជន​កម្ពុជា តាំង​ពី​ដំបូង​មក​នោះ សុំ​ឲ្យ​ពួក​គេ​បាន​ដឹង​ថា ប្រជាពលរដ្ឋ​កម្ពុជា ដែល​បោះ​ឆ្នោត​ហើយ​នោះ មិន​ទទួល​យក​លទ្ធផល​ឆ្នោត​ដែល​ប្រកាស​ជា​ផ្លូវ​ការ​ដោយ គ.ជ.ប កន្លង​មក​ទេ ព្រោះ​ប្រជាពលរដ្ឋ​នៅ​មាន​ការ​សង្ស័យ​ច្រើន​ពី​ភាព​មិន​ប្រក្រតី ក្រោយ​ពី​បើក​កញ្ចប់​សុវត្ថិភាព​នៅ​ការិយាល័យ​មួយ​ចំនួន​តាម​ខេត្ត​ខ្លះ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​សុំ​បើក​កញ្ចប់​នោះ៖ «ខ្ញុំ​ទាំង​អស់​គ្នា​ហ្នឹង ផ្ដិត​មេដៃ​ជួន​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​យក​យុត្តិធម៌​ ព្រោះ​ការ​បោះ​ឆ្នោត​មិន​ប្រក្រតី គឺ​យក​ទៅ​បង្ហាញ​អង្គការ​សហប្រជាជាតិ នៅ​ខាង​លើ»។

ក្រុមប្រឹក្សា​ខេត្ត​តាកែវ គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ សុផល ថ្លែង​ថា អាជ្ញាធរ​មូលដ្ឋាន មាន​មេ​ភូមិ មេ​ឃុំ ប៉ូលិស ជាដើម ដែល​ជា​បេក្ខជន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មិន​សូវ​អនុវត្ត​ការងារ​ដោយ​ឈរ​លើ​ជំហរ​អព្យាក្រឹត​តាម​ការ​ណែនាំ​ពី​ក្រសួង​មហាផ្ទៃ​ទេ។ លោក​បន្ត​ថា ការ​ផ្ដិត​មេដៃ​នៅ​ក្នុង​ខេត្ត​តាកែវ គឺ​ក្នុង​គម្រោង​ឲ្យ​បាន​ស្នាម​មេដៃ​ជាង ២.៥​សែន​មេដៃ។ លោក​ឲ្យ​ដឹង​ទៀត​ថា រាល់​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ម្ចាស់​ឆ្នោត​នៅ​ស្រុក​ដទៃ​ទៀត​នៃ​ខេត្ត​តាកែវ មិន​មាន​អាជ្ញាធរ​ដក​យក​ក្រដាស​ញត្តិ​ដូច​នៅ​ភូមិ​ពងទឹក នោះ​ទេ។ តែ​មាន​ការ​ឃ្លាំមើល ហើយ​និង​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ផ្ដិត​មេដៃ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ។
សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពង់ស្ពឺ ត្រូវ​មេ​ប៉ុស្តិ៍​គំរាម​មិន​ឲ្យ​ដើរ​ផ្ដិត​មេដៃ

ដោយ ម៉ម មុនីរតន៍

ស្រប​ពេល​មហា​បាតុកម្ម​នៅ​សល់​ជាង ១​សប្ដាហ៍​ខាង​មុខ​ទៀត​នឹង​ត្រូវ​ចាប់​ផ្ដើម​ជា​លើក​ទី​៣ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​នៅ​ក្នុង​អាណត្តិ​ទី​៥ នេះ បាន​បើក​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​នៅ​តាម​សហគមន៍ មូលដ្ឋាន ដើម្បី​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល។ ការ​ផ្ដិត​មេដៃ​នេះ ដើម្បី​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​មួយ​ចំនួន​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត។ ទន្ទឹម​នឹង​នេះ​សកម្មភាព នៃ​ការ​ប្រមូល​ស្នាមមេដៃ ពី​អ្នក​គាំទ្រ នៅ​តាម​ភូមិ-ឃុំ កំពុង​ដំណើរ​ការ ប៉ុន្តែ​ពួក​គេ​ត្រូវ​រារាំង​ដោយ​អាជ្ញាធរ​មូលដ្ឋាន និង មន្ត្រី​នគរបាល ដោយ​ចាត់​ទុក​ថា ការ​អនុវត្ត​នេះ​គឺ​ប៉ះពាល់​ដល់​សន្តិសុខជាតិ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ចោទ​ប្រកាន់​នាយ​ប៉ុស្តិ៍​នគរបាល​ព្រៃរំដួល ថា​បាន​គំរាម​ដក​សម្ភារៈ​ប្រើប្រាស់​ផ្ទាល់​ខ្លួន និង​ព្រមាន​ចាត់​វិធាន​ការ​តាម​ច្បាប់​ប្រឆាំង​នឹង​សកម្មភាព​នៃ​ការ​ប្រមូល​ស្នាម​មេដៃ។

ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ព្រៃរំដួល និង​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ផង លោក សុខ ជីម និយាយ​ថា ក្រុម​ការងារ​របស់​លោក​ត្រូវ​បាន​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រៃរំដួល រំខាន និង​រារាំង​មិន​អនុញ្ញាត​ឲ្យ​ដើរ​ប្រមូល​ស្នាម​មេដៃ​ឡើយ។ ស្ថិត​នៅ​ក្នុង​វ័យ​ជាង ៥០​ឆ្នាំ លោក ជីម បន្ត​ថា លោក​ត្រូវ​បាន​នាយ​ប៉ុស្តិ៍​នគរបាល​យុត្តិធម៌ លោក អ៊ុក សុផា ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ប្រសិន​បើ​លោក​នៅ​តែ​ដើរ​ប្រមូល​ស្នាម​មេដៃ​បន្ត​ទៀត។ លើស​ពី​នេះ សម្ភារៈ​ដែល​មាន​ជាអាទិ៍ ម៉ូតូ និង​ឯកសារ​ពាក់ព័ន្ធ​ហ្នឹង ត្រូវ​ដក​ហូត។

របាយការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ស្នាម​មេដៃ​ដែល​ប្រមូល​បាន​មាន​ចំនួន​ជាង ១​លាន​ស្នាម​មេដៃ។ ដោយ​ឡែក លោក សុខ ជីម និយាយ​ថា ស្នាម​មេដៃ​ដែល​ប្រមូល​ក្នុង​រយៈពេល ២​ថ្ងៃ​មក​នេះ នៅ​ឃុំ​ព្រៃរំដួល បាន​ជាង ៨០​ស្នាម​មេដៃ។

បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយ​ប៉ុស្តិ៍​នគរបាល​ព្រៃរំដួល លោក អ៊ុក សុផា ថ្លែង​ថា លោក​ពុំ​បាន​ហាម​ឃាត់​ឡើយ។ ប៉ុន្តែ​ថា ការ​ប្រមូល​ស្នាម​មេដៃ​នេះ គួរ​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​បក្ស ជា​ជាង​ដើរ​ប្រមូល​ពាស​វាល​ពាស​កាល ដែល​នាំ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ ជា​ពិសេស ការ​រឹត​បន្តឹង​នេះ អនុវត្ត​ផែន​ការ​របស់​ថ្នាក់​ដឹក​នាំ​ដែល​បញ្ជា​ឲ្យ​ចុះ​ត្រួត​ពិនិត្យ។

បើ​ទោះ​ជា​បែប​ណា លោក សុខ ជីម អះអាង​ថា ក្រុម​ការងារ​របស់​លោក​បាន​ផ្អាក​បណ្ដោះ​អាសន្ន ដោយ​ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​ទីស្នាក់ការ​កណ្ដាល​នៃ​បក្ស​សង្គ្រោះ​ជាតិ សិន ថា​តើ​គួរ​បន្ត​កិច្ចការ​នេះ​ទៀត ឬ​យ៉ាង​ណា?

កិច្ច​ផ្ដួចផ្ដើម​នៃ​ការ​ប្រមូល​ស្នាម​មេដៃ​សម្រាប់​ដាក់​នៅ​ក្នុង​ថ្ងៃ​មហា​បាតុកម្ម ថ្ងៃ​ទី​២៣ ខែ​តុលា ខាង​មុខ​នេះ ត្រូវ​បាន​គណបក្ស​ជំទាស់​បញ្ជាក់​ថា គឺ​ដើម្បី​បង្ហាញ​ឲ្យ​អន្តរជាតិ​ដឹង​ថា លទ្ធផល​ឆ្នោត​ដែល​ប្រកាស​ដោយ គ.ជ.ប កន្លង​ទៅ​នេះ មិន​មាន​យុត្តិធម៌ និង​មិន​តម្លាភាព។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា លោក​លើក​ទឹក​ចិត្ត​ឲ្យ​សកម្មជន​នៅ​តាម​មូលដ្ឋាន បន្ត​កិច្ចការ​របស់​ខ្លួន​បន្ត​ទៀត ដោយ​មិន​ត្រូវ​រាថយ​ឡើយ។ លោក​គិត​ថា ការ​រារាំង​ទាំង​នេះ គឺ​ខុស​ច្បាប់។

ស្នាម​មេដៃ​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដាក់​នៅ​តាម​ការិយាល័យ​សំខាន់ៗ ដូច​ជា ការិយាល័យ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ប្រចាំ​កម្ពុជា ជាដើម។

ចំណែក​នៅ​ឯ​ខេត្ត​ក្រចេះ អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក រដ្ឋា វិសាល ធ្វើ​បទសម្ភាសន៍​ជាមួយ​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ​មណ្ឌល​នេះ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក កែវ ភិរម្យ ស្ដីពី​ស្ថានភាព​ប្រមូល​ស្នាម​មេដៃ​នៅ​ខេត្ត​ក្រចេះ តើ​កើត​មាន​បាតុភាព​អ្វី​ខ្លះ?


No comments: